អង្គការសង្គមស៊ីវិលនៅកម្ពុជាបានសម្តែងក្តីព្រួយបារម្ភអំពីដំណើរការចុះបញ្ជីគ្មានដំណើរការបណ្តឹងឧទ្ធរណ៍ និងការកំណត់និយមន័យមិនច្បាស់លាស់នៅក្នុងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក្តី អង្គការសង្គមស៊ីវិលនឹងធ្វើការប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដោយប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យ។
អង្គការ និងសមាគមមិនមែនរដ្ឋាភិបាលជាង៣០០បានប្រកាន់ជំហរប្រឆាំងសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលចុងក្រោយ ដែលរឹតបន្តឹងសិទ្ធិសេរីភាព និងគំរាមកំហែងដល់សកម្មភាពនានារបស់អង្គការសង្គមស៊ីវិល។
អង្គការមិនមែនរដ្ឋាភិបាលទាំងនេះបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍រួមថា អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ត្រៀមរួចជាស្រេចក្នុងគោលបំណងប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យ ដើម្បីសម្តែងនូវការមិនពេញចិត្តរបស់យើងតាមមធ្យោបាយប្រជាធិបតេយ្យ និងមធ្យោបាយប្រកបដោយសន្តិភាពដទៃទៀត។
សេចក្តីថ្លែងការណ៍រួមនេះបានបន្ថែមថា «យើងទាំងអស់គ្នាមានជំហររួម។ បើទោះបីជាយើងមានវិធីសាស្ត្រផ្សេងៗគ្នាក្នុងការរកដំណោះស្រាយការព្រួយបារម្ភជុំវិញសេចក្តីព្រាងច្បាប់នេះក៏ដោយ ក៏យើងបានឯកភាពគ្នាថា សេចក្តីព្រាងច្បាប់ដែលស្ថិតក្នុងទម្រង់បែបនេះ គឺមិនអាចទទួលយកបានឡើយ»។
លោកសុក សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា សេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
«ខ្ញុំគិតថា វាអាចប៉ះពាល់ដល់សេរីភាពក្នុងការបង្កើតសមាគមដែលមានការធានាដោយរដ្ឋធម្មនុញ្ញ និងសេរីភាពក្នុងការបញ្ចេញមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ វាមិនស្របទៅតាមរដ្ឋធម្មនុញ្ញ»។
លោកសុក សំអឿនបានបន្ថែមថា តាមរដ្ឋធម្មនុញ្ញ ការបង្កើតសមាគម និងសហជីពគឺជាសេរីភាព។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «យើងបានគូសបញ្ជាក់អំពីក្តីបារម្ភចំនួនបីចំណុចសំខាន់ៗក្នុងសេចក្តីព្រាងច្បាប់បច្ចុប្បន្ននេះ ទាក់ទងនឹងការចុះបញ្ជី ដែលត្រូវបានធ្វើឡើងជាកាតព្វកិច្ច និងមានភាពស្មុគស្មាញ ពុំមានដំណើរការបណ្តឹងឧទ្ធរណ៍សម្រាប់ការបដិសេធការចុះបញ្ជី និងពុំមានការកំណត់និយមន័យទៅលើវាក្យស័ព្ទសំខាន់ៗនៅក្នុងច្បាប់ និងផ្នែកជាច្រើនពុំមានភាពច្បាស់លាស់ ព្រមទាំងបានផ្តល់សិទ្ធិអំណាចយ៉ាងទូលំទូលាយដល់អាជ្ញាធរ ដើម្បីត្រួតពិនិត្យសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការប្រមូលផ្តុំ និងអនុវត្តន៍សិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល»។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា «ក្នុងអំឡុងពេលនៃដំណើរការពិគ្រោះយោបល់អង្គការសង្គមស៊ីវិលបានគូសបញ្ជាក់យ៉ាងច្បាស់លាស់អំពីចំណុចខ្សោយទាំងនេះ ប៉ុន្តែហាក់ដូចជាពុំបានលទ្ធផល។ យើងមានការខកចិត្តដែលសេចក្តីព្រាងច្បាប់លើកទីពីរនេះ ពុំបានដោះស្រាយក្តីបារម្ភធំៗទាំងនោះ»។
«អង្គការមិនមែនរដ្ឋាភិបាល និងសមាគម ដែលមានចុះហត្ថលេខា សូមអំពាវនាវជាសមូហភាពដោយការគោរពចំពោះរាជរដ្ឋាភិបាលកម្ពុជា ឱ្យធ្វើការពិចារណាឡើងវិញទៅលើសំណើសំខាន់ៗរបស់យើង និងបញ្ចូលសំណើទាំងនោះទៅក្នុងសេចក្តីព្រាងច្បាប់លើកទីបី។
លោកនុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកនៅតែទទួលយកសំណើ ឬអនុសាសន៍ពីអង្គការសង្គមស៊ីវិល ហើយបន្ទាប់មកជូនទៅលោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការពិចារណា មុននឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅទីស្តីការគណៈរដ្ឋមន្ត្រី៕