នៅថ្ងៃពុធនេះអង្គការសង្គមស៊ីវិលនិងសហគមន៍ដែលប្រឈមនឹងការបណ្តេញចេញនៅកម្ពុជាបានទាមទារឱ្យរដ្ឋាភិបាលផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ដល់ពួកគាត់ដើម្បីកុំឱ្យមានបញ្ហាជម្លោះដីធ្លីនិងការបណ្តេញចេញដោយបង្ខំ។
តំណាងសហគមន៍ប្រមាណ៣០០នាក់មកពីទូទាំងប្រទេសបានជួបប្រជុំគ្នានៅក្នុងសិក្ខាសាលារយៈពេលពីរថ្ងៃនៅសណ្ឋាគារ Sunwayដើម្បីលើកឡើងអនុសាសន៍ ការព្រួយបារម្ភ ការឈឺចាប់ចំពោះការរំលោភដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរើសអើងក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់និងការប្រើប្រព័ន្ធតុលាការប្រឆាំងនឹងអ្នកតវ៉ារឿងដីធ្លី ជូនរដ្ឋាភិបាលនិងរដ្ឋសភាឱ្យជួយដោះស្រាយ។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថាតំណាងសហគមន៍បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលពន្លឿនសកម្មភាពចុះបញ្ចីដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធិនិងការដោះស្រាយវិវាទដីធ្លី។
សេចក្តីថ្លែងការណ៍រួមនេះបានត្អូញត្អែរថាមានការរើសអើងក្នុងការចេញប័ណ្ណកម្មសិទ្ធិ។ ការរំលោភយកដីដោយបណ្តេញចេញដោយបង្ខំ និងផ្តល់សំណងមិនសមរម្យក្នុងការផ្លាស់ប្តូរព័ត៌មានលំនៅដ្ឋាន។ មានការប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការចោទប្រកាន់និងការចាប់ខ្លួនប្រជាពលរដ្ឋ ដែលការពារសិទ្ធិរស់នៅលើដីធ្លីរបស់ខ្លួន។
លោក ឌួង ស៊ីបុណ្ណថុល តំណាងសហគមន៍ដីធ្លី លំនៅដ្ឋាន និងសម្បទានដីសេដ្ឋកិច្ចប្រចាំខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ជនរងគ្រោះដោយជម្លោះដីធ្លីទំនងជាកើតមានជំងឺផ្លូវចិត្ត ឬ ជំងឺភ័យព្រួយចំពោះការខ្លាចបាត់បង់ដីធ្លីរបស់គាត់។
«ប្រជាពលរដ្ឋបារម្ភបំផុតអំពីកម្មសិទ្ធិមិនច្បាស់លាស់របស់គាត់ និងការគំរាមកំហែងចាប់គាត់ដាក់ពន្ធនាគារ។ បញ្ហានេះសំខាន់មែនទែន»។
លោក សុខ ហេង តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ បានថ្លែងថា ជម្លោះដីធ្លី នៅកម្ពុជាបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែការដោះស្រាយរបស់រដ្ឋាភិបាលមានតិចតួចណាស់។
«យើងឃើញមានការចោទប្រកាន់ ឬ ការចាប់ខ្លួន (អ្នកតវ៉ារឿងជម្លោះដីធ្លី) នៅប្រទេសកម្ពុជាច្រើនមែនទែន។ យើងប្រមូលបានរយៈពេលជិត១០ឆ្នាំនេះ ប្រហែលជាង៥០០នាក់»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេត នៃសមាគមសិទ្ធិមនុស្សអាដហុក បានលើកឡើងថា អ្នកតវ៉ារឿងជម្លោះដីធ្លីចំនួន២០១នាក់ ត្រូវបានចោទប្រកាន់ និង២៩នាក់ កំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។
«ក្នុងឆ្នាំ២០១១នេះ ចំនួនដីធ្លីដែលសមាគមអាដហុកទទួលបាន គឺតិចជាងឆ្នាំ២០១០។ ក៏ប៉ុន្តែ អ្វីដែលយើងកត់សម្គាល់ គឺចំនួនប្រជាពលរដ្ឋ ដែលប៉ះពាល់កើនឡើងជាងឆ្នាំ២០១០ និងទំហំដីដែលប៉ះពាល់ មានចំនួនច្រើនជាងឆ្នាំ២០១០»។
នៅក្នុងរយៈពេល៩ខែនេះ សមាគមសិទ្ធិមនុស្សអាដហុកទទួលបានពាក្យបណ្តឹងអំពីជម្លោះដីធ្លីជាង១៨០ករណី ហើយអង្គការសិទ្ធិមនុស្សលីកាដូទទួលបានបណ្តឹងរឿងជម្លោះដីធ្លីចំនួន៧៥ករណី។
ក្រុមមន្ត្រីរដ្ឋាភិបាលដែលបានចូលរួមនៅក្នុងសិក្ខាសាលានេះ បានថ្លែងថារដ្ឋាភិបាលនឹងយកអនុសាសន៍ និងក្តីកង្វល់របស់ប្រជាពលរដ្ឋមកពិចារណានិងដោះស្រាយ៕