អង្គការឃ្លាំមើលការប្រមូលពន្ធយានយន្តប្រចាំឆ្នាំ២០១០ទទួលបានបណ្តឹងចំនួន៩០ករណីទាក់ទងនឹងភាពមិនប្រក្រតីក្នុងការប្រមូលពន្ធរបស់ភ្នាក់ងារពន្ធដារចំនួន៨០នាក់ រវាងពីថ្ងៃទី១៦ ខែសីហាដល់ថ្ងៃទី២០ ខែកញ្ញាពីខេត្តក្រុងចំនួន១៤ ដើម្បីបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយធ្វើការស៊ើបអង្កេតបន្ថែម។ អង្គភាពប្រឆាំងអំពើពុករលួយនឹងទទួលយករាល់ពាក្យបណ្តឹងគ្រប់ប្រភេទមកធ្វើការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយដោយគ្មានការរើសអើង។
អង្គការឃ្លាំមើលបានបញ្ចូនពាក្យបណ្តឹងចំនួន៩០ករណីពីប្រជាពលរដ្ឋខ្មែរប្រមាណ២.៧០០នាក់ នៅក្នុងខេត្តចំនួន១៤ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រឆាំងនឹងភ្នាក់ងារពន្ធដារចំនួន៨០នាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការលក់សន្លឹងពន្ធយានយន្តលើសតម្លៃរដ្ឋកំណត់។
យានយន្តចំនួន១.៣៩១.៥៦៥គ្រឿង ដែលរួមមានម៉ូតូចំនួន១.១៣៥.៦៣៨គ្រឿងត្រូវបានចុះបញ្ចី និង អនុញ្ញាតឱ្យធ្វើចរាចរណ៍នៅកម្ពុជា ហើយត្រូវមានកាតព្វកិច្ចបង់ពន្ធ។
បណ្តឹងទាំងនេះទាក់ទងនឹងការលក់សន្លឹកពន្ធយានយន្តលើសតម្លៃរដ្ឋកំណត់ ដូចជាសម្រាប់ម៉ូតូតម្លៃរដ្ឋកំណត់៣.០០០រៀល ប៉ុន្តែភ្នាក់ងារពន្ធដារលក់តម្លៃ៥.០០០រៀល និងតម្លៃរដ្ឋកំណត់៤.៥០០ រៀល ប៉ុន្តែភ្នាក់ងារពន្ធដារលក់តម្លៃ៦.០០០រៀល ហើយសម្រាប់រថយន្ត ភ្នាក់ងារពន្ធដារបានលក់ លើសតម្លៃរដ្ឋកំណត់ពី១០.០០០រៀលទៅ២០.០០០រៀលក្នុងមួយគ្រឿង នេះបើយោងតាមសេចក្តីថ្លែងការណ៍។
លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្រុមការងារទទួលបានបណ្តឹងចំនួន៩០ករណីទាក់ទងនឹងភាពមិនប្រក្រតីក្នុងការប្រមូលពន្ធរបស់ភ្នាក់ងារពន្ធដារចំនួន៨០នាក់រវាងពីថ្ងៃទី១៦ ខែសីហាដល់ថ្ងៃទី២០ ខែកញ្ញា ពីខេត្តបាត់ដំបង់ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្តពោធិសាត់ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងរាជធានីភ្នំពេញ។
លោកសន ជ័យ បានបញ្ជាក់ថា ខេត្តដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងការលក់សន្លឹកពន្ធលើសតម្លៃរដ្ឋកំណត់នេះគឺខេត្តកំពង់ចាមមាន១៨ករណី ខេត្តតាកែវជាប់លេខពីរមាន១៧ករណី និងខេត្តកណ្តាល ខេត្តព្រៃវែង និងរាជធានីភ្នំពេញជាប់លេខបីមាន៩ករណី។
លោកសន ជ័យ បានបន្ថែមថា ក្នុងចំណោមពាក្យបណ្តឹង៩០នេះមាន១៨ករណីនិយាយអំពីភ្នាក់ងារពន្ធដារលក់សន្លឹកពន្ធមិនបានពាក់ឯកសណ្ឋានដោយខ្លាចប្រជាពលរដ្ឋកត់ឈ្មោះ និងអត្តលេខ ហើយ១០ករណីទៀតនិយាយអំពីស្មៀនឃុំ ប៉ូលិស អាជីវករ កូនរបស់ភ្នាក់ងារពន្ធដារ មេភូមិ និង អនុប្រធានភូមិ ដែលមិនមែនជាភ្នាក់ងារពន្ធដារបានលក់សន្លឹកពន្ធ។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បញ្ជាក់ថា ពាក្យបណ្តឹង៩០នេះមានអ្នកប្តឹងរហូតដល់២.៧០០នាក់ ដោយបណ្តឹងនីមួយៗមានអ្នកប្តឹងរហូតដល់៣០នាក់។
លោកសន ជ័យ អ្នកសម្របសម្រួលបណ្តាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និង ប៉ាស៊ីហ្វិក បានថ្លែងថា អង្គការឃ្លាំងមើលរបស់លោកចង់ឱ្យអគ្គនាយកដ្ឋានពន្ធដារនិងអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតលើពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋអំពីការប្រព្រឹត្តអំពើពុក រលួយនៅក្នុងការលក់សន្លឹកពន្ធយានយន្តនេះ។
«យើងចង់ឱ្យមានការដាក់ពិន័យផ្នែករដ្ឋបាល ដូចជាការហៅមកសាកសួរ ឬបើកការស៊ើបអង្កេត។ យើងចង់ឱ្យមានការផ្តល់ឱកាសមួយសម្រាប់ការស៊ើបអង្កេត ជាជាងយើងដាក់ឈ្មោះចំៗ ទោះបីជាយើងមានឈ្មោះ និងអត្តលេខក៏ដោយនៅពេលនេះ»។
លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានបញ្ជាក់ថា អង្គភាពរបស់លោក នឹងទទួលយករាល់ពាក្យបណ្តឹងគ្រប់ប្រភេទមកធ្វើការស៊ើបអង្កេតទាក់ទងនឹងអំពើពុករលួយ ដោយគ្មានការរើសអើងឡើយ។
លោកអោម ចន អនុប្រធាននៃនាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ភ្នាក់ងារទាំងអស់ត្រូវតែគោរពច្បាប់ និងការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ។
លោកសន ជ័យ បានបញ្ជាក់ថា អង្គការឃ្លាំមើលរបស់លោកនឹងជួបជាមួយលោកឱម យិនទៀង ប្រធានអង្គការភាពប្រឆាំងអំពើពុករលួយនៅសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាបណ្តឹងទាក់ទងនឹងភាពមិនប្រក្រតីក្នុងការប្រមូលពន្ធលើយានយន្តគ្រប់ប្រភេទ៕