ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បឹងកក់​បោះជំហាន​អភិវឌ្ឍន៍​ដោយ​មិន​ចាំបាច់​មាន​ដំណោះស្រាយ


ក្មេងៗ​កូន​អ្នក​ភូមិ​បឹងកក់​អង្គុយ​លើ​ដំបូង​ផ្ទះ​មើល​ក្រុមហ៊ុន​ប៊ូម​ដី​ចាក់​បឹងកក់​លិច​ផ្ទះ​អ្នកភូមិ។​
ក្មេងៗ​កូន​អ្នក​ភូមិ​បឹងកក់​អង្គុយ​លើ​ដំបូង​ផ្ទះ​មើល​ក្រុមហ៊ុន​ប៊ូម​ដី​ចាក់​បឹងកក់​លិច​ផ្ទះ​អ្នកភូមិ។​

ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​បឹងកក់​ហើយ​នៅថ្ងៃច័ន្ទ​នេះ​ ខណៈ​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើសុំ​ផ្ទះល្វែង​ទំហំ​៤​ម៉ែត្រ​គុណ​១៦​ម៉ែត្រ ​របស់​អ្នកភូមិ​បឹងកក់​ដែល​ប្រឈមនឹង​ការ​បណ្តេញ​ចេញ។

ការ​បដិសេធ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អ្នកភូមិ​បឹងកក់​បាន​ធ្វើការ​តវ៉ា​អំពី​ការ​អភិវឌ្ឍ​បឹងកក់​ ដោយ​រួមមាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ ស្ថានទូត​អង់គ្លេស​ សហគមន៍​អឺរ៉ុប​ជា​បន្តបន្ទាប់​ ដើម្បី​សុំ​ឱ្យ​ជួយ​គាំទ្រ​នៅក្នុង​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍។

សាលា​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ចំពោះ​សំណើ​សុំ​ផ្ទះល្វែងដែល​មាន​ចំនួន​ជាង​១.០០០​ល្វែង​នោះ​ពុំមាន​លទ្ធភាព​ដោះស្រាយ​ជូន​ទេ។

អ្នកស្រី​ ទេព វណ្ណី​ តំណាង​សហគមន៍​បឹងកក់​ បាន​និយាយ​ថា ​សហគមន៍​បឹងកក់​មាន​ការ​រន្ធត់​ និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការ​ប្រែក្រឡាស់​របស់​សាលាក្រុង​ភ្នំពេញ​នេះ។

«ខ្ញុំ​នៅតែ​ជំរុញ​ឱ្យ​ខាង​សាលាក្រុង​គិត​ពិចារណា​ឱ្យបាន​ល្អិតល្អន់​ម្តងទៀត​ដើម្បី​រក​ដំណោះស្រាយ​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ស្នើសុំ​ផ្ទះល្វែង​៤ម៉ែត្រ​គុណ​១៦ម៉ែត្រ​កន្លង​មក​បន្ត​ទៀត»។

លោក​ស៊ូ សុផល​ អាយុ​៣៣ឆ្នាំ ​រស់នៅ​ភូមិ​២០​ក្នុង​សហគមន៍​បឹងកក់​បាន​បញ្ជាក់​ថា​ លោក​បាន​សម្តែង​នូវ​ការ​អស់​ជំនឿ​ចិត្ត​ទៅលើ​រដ្ឋាភិបាល​និង​អាជ្ញាធរ។

«ខ្ញុំ​មាន​អារម្មណ៍​ខកចិត្ត​ ចំពោះ​អាជ្ញាធរ​ដែនដី​ ដែល​ពួកខ្ញុំ​ជា​និច្ចកាល​តែងតែ​មាន​ទំនុកចិត្ត​ទៅលើ​គាត់​ក្នុង​ការដោះស្រាយ​វែកញែក​ឱ្យ​ពួកខ្ញុំ។ ឥឡូវ​ គាត់​ឆ្លើយ​បដិសេធ​គ្រប់​សំណើ​របស់​ពួកខ្ញុំ។ ខ្ញុំ​អស់​មាន​ជំនឿ​ចិត្ត​ហើយៗ​ ក្នុង​ចិត្តខ្ញុំ​ក៏​មិនដឹង​ថា​រត់​ទៅចង់​ពឹង​អ្នកណាទេ​ ដើម្បី​ឱ្យ​គេ​ជួយ​ដោះស្រាយ ​បញ្ហា​នេះ​ឱ្យខ្ញុំ»។

អ្នកស្រី​ ប៉ុល ស្រីពៅ​ អាយុ​៣៦ឆ្នាំ​ រស់នៅ​ភូមិ​២៤​ក្នុង​សហគមន៍​បឹងកក់​ បាន​ថ្លែង​ថា​ អាជ្ញាធរ​បាន​ធ្វើ​ឱ្យ​អ្នកស្រី​មាន​ការ​ឈឺចាប់​យ៉ាងខ្លាំង​ចំពោះ​ការបដិសេធ​សំណើ​សុំផ្ទះល្វែង​ នេះ​ ហើយ​នេះ​ជា​ការ​មិនទទួល​ខុសត្រូវ​របស់​អាជ្ញាធរ។

«ខ្ញុំ​យល់​ថា​ទង្វើ​របស់​គាត់​នេះ​ល្មើសនឹង​ច្បាប់​ភូមិបាល​ទាំងស្រុង​ដែល​ខ្ញុំ​ជាម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់។ គាត់​អភិវឌ្ឍ​តែ​ជាមួយ​អ្នក​មាន​ទេ ​ចំណែក​ពួកខ្ញុំ​អ្នកក្រ​ គាត់​បដិសេធ​ចោល​ទាំងអស់។​ ខ្ញុំ​យល់ថា ​គាត់​គ្មាន​ភាពយុត្តិធម៌ ​ចំពោះ​ខ្ញុំ​ផ្ទាល់​ និង​ប្រជា​ពលរដ្ឋ​ផ្ទាល់។ វា​គ្មាន​តម្លាភាព​ទាល់តែសោះ​ក្នុង​ការអភិវឌ្ឍ​នេះ»។

សេចក្តី​ថ្លែងការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ​បាន​និយាយ​ថា​ សាលា​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​ក្នុង​ការឱ្យ​បងប្អូន​រស់នៅ​នឹង​កន្លែង ​ក្រោយពេល​ក្រុម​មន្ត្រី​ជំនាញ​សាលា​រាជធានី​ភ្នំពេញ​បញ្ចប់​ការវាស់វែង។

លោក​កែប ជុតិមា ​អភិបាល​រាជ​ធានីភ្នំពេញ ​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ​សាលា​រាជធានី​ភ្នំពេញ​មិនបាន​ធ្វើ​អ្វី​ខុស​ពីការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ឡើយ ​ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​ទទួល​ស្គាល់​ថា ​មាន​បញ្ហា​ដែល​សាលា​រាជធានី​កំពុង​ដោះស្រាយ។

«ការចាក់​បំពេញ​បឹងកក់​មិនមែន​ជារឿង​ចម្លែក​និង​រឿង​គួរឱ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ។ យើង​ទទួល​ស្គាល់​ថា​ប្រាកដ​ជា​មាន​បញ្ហា។ បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ហើយ​យើង​បាន​ដោះស្រាយ​ស្ទើ​ររួចរាល់។​ យើង​នឹង​បន្ត​ដោះស្រាយ​នៅសល់​បញ្ហា​មួយ​ចំនួន​ជាមួយ​បងប្អូន​ទៀត។ ខ្ញុំ​និង​មន្ត្រី​របស់​ខ្ញុំ​មិនបាន​ធ្វើអ្វី​ខុស​ពី​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ឡើយ »។

លោក​ឡាវ វ៉ាន់ ​តំណាង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​តំបន់​បឹងកក់​ថា ​ការដោះស្រាយ​ផល​ប៉ះពាល់​អស់រយៈពេល​បួនឆ្នាំ​ចាប់ពី​ឆ្នាំ២០០៧​ រហូតដល់​ ពិធី​សម្ពោធ​បើក​ការដ្ឋាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​បឹងកក់​នៅ​ថ្ងៃ​នេះ។

«ក្រុមហ៊ុន​មាន​គម្រោងអភិវឌ្ឍ​ន៍​តាម​ផែនការ​មេ ​រួមមាន​អាគារ​ពាណិជ្ជកម្ម ​ផ្សារ​ទំនើប​ សាល​សន្និសីទ​ មណ្ឌល​កម្សាន្ត​ ក្លឹប​កម្សាន្ត ​សណ្ឋាគារ ​សាកល​វិទ្យាល័យ​ មន្ទីរ​ពហុព្យាបាល ​ លំនៅដ្ឋាន​ រមណីយដ្ឋាន​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ»។

រដ្ឋាភិបាល​បាន​ជួល​ដី​តំបន់​បឹងកក់​ទៅឱ្យ​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​ ធ្វើ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​សម្រាប់​រយៈពេល​៩៩ឆ្នាំ​និង​មាន​ទឹកប្រាក់​ចំនួន​៧៩​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG