ជនមិនស្គាល់អត្តសញ្ញាណបានវាយប្រហារចូលក្នុងផ្ទះរបស់យោធាដែលកំពុងឈរជើងនៅ ខ្សែត្រៀម ខេត្តព្រះវិហារ កាលពីយប់ថ្ងៃអង្គារ។ ប៉ូលិសមិនទាន់ស្រាវជ្រាវរកឃើញមូលហេតុនៃការវាយប្រហារនេះនៅឡើយ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖
បុរសម្នាក់បានស្លាប់បាត់បង់ជីវិត និងអ្នកភូមិចំនួន១៦នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកមួយ ទៅលើផ្ទះរបស់នាយទាហាននៅតំបន់ជួរមុខម្នាក់។ ការវាយប្រហារបានកើតឡើងនៅវេលាម៉ោងប្រមាណជា១០យប់ ថ្ងៃអង្គារម្សិលមិញនេះ ខណៈ ដែលប្អូនស្រីរបស់នាយទាហានរូបនោះ បានធ្វើពិធីបង្កក់កូន ដោយមានការរាំរែកក្នុងភូមិទួលគ្រួស ចម្ងាយប្រមាណ៧គម ភាគខាងកើតទីរួមស្រុកអន្លង់វែង ដែលជាអតីតតំបន់ឈរជើងរបស់ពួកខ្មែរ ក្រហមក្រុមចុងក្រោយ នេះបើយោងតាមប្រភពពីមន្ដ្រីប៉ូលិសមូលដ្ឋាន ដែលបានឲ្យដឹងនៅថ្ងៃពុធ នេះ។
លោក អុល រុន ប្រធានប៉ូលិសប៉ុស្តិ៍ ឃុំផ្លាត ដែលជាកន្លែងកើតហេតុ បានឲ្យដឹងថា ប៉ូលិសមិនទាន់ អាចកំណត់អត្តសញ្ញាណនៃជនវាយប្រហារ និងមិនទាន់អាចរកឃើញពីមូលហេតុនៃអំពើឃោរឃៅ នេះនៅឡើយ។
“កម្មវិធីនេះតូចតាចទេ អត់មានលើករោង លើកអ្វីទេ។ គ្រាន់តែហូបក្រោមផ្ទះ និងមុខផ្ទះហ្នឹង។ គាត់ដាក់បាស់ រាំកម្សាន្តបន្ដិចទៅ។ ចោលគ្រាប់បែកហ្នឹង យើងអត់ដឹងមុខ។ ចោលពីខាងក្រៅរបងទៅ"។
មន្ដ្រីប៉ូលិសមូលដ្ឋានដដែលបញ្ជាក់ថា ជនវាយប្រហារបានចោលគ្រាប់បែកពីចម្ងាយប្រមាណជា ១២ម ពីគុម្ពោតព្រៃមួយ។ លោកអុល រុនបញ្ជាក់ថា សាក្សីនិយាយថា បុរសពីរនាក់បានជិះម៉ូតូមួយ គ្រឿង ចេញពីទិសដៅនៃកន្លែងកើតហេតុ ដោយមិនបើកភ្លើងបំភ្លឺផ្លូវនោះទេ។
ប៉ូលិសចាត់ទុកថា នេះគឺជាអំពើប៉ុនប៉ងធ្វើមនុស្សឃាត ប៉ុន្ដែមិនបានធ្វើការសន្និដ្ឋានទុកជាមុនថា ការវាយប្រហារអាចកើតឡើងដោយសារមូលហេតុអ្វីនោះទេ។
លោកអនុសេនីយ៍ត្រី រស់ លី នៃកងពលលេខ៨ ដែលកំពុងឈរជើងនៅខ្សែត្រៀម នៅតំបន់ព្រះ វិហារ ហើយដែលពិធីបង្កក់កូនរបស់ប្អូនស្រីរបស់លោក រងការវាយប្រហារនោះ មានប្រសាសន៍ថា គ្រួសាររបស់លោកមិនមាន ដែលមានបញ្ហាទំនាស់អ្វីមួយឡើយកាលពីមុនមក។
កងទ័ពខ្មែរក្រហមនៅក្នុងតំបន់អន្លង់វែង គឺជាក្រុមខ្មែរក្រហមចុងក្រោយ ដែលបានចុះចូលជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៨។ លោក សួន ណារិន អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក ដែលបានចុះអង្កេតនៅកន្លែងកើតហេតុ មានប្រសាសន៍ថា អាវុធនិងសព្វាវុធ មួយចំនួនមិន ទាន់ត្រូវបានប្រមូលអស់នៅឡើយទេ នៅក្នុងអតីតតំបន់សង្រ្គាមនេះ។ លោក ប្រធានប៉ូលិសប៉ុស្តិ៍ អុល រុន អះអាងថា ពាក់កណ្ដាលនៃអ្នកភូមិដែលរស់នៅជុំវិញតំបន់នៃការវាយប្រហារ ដោយគ្រាប់បែក គឺជាក្រុមគ្រួសារយោធា។
នៅប្រទេសកម្ពុជា ពិធីរាំរែកកម្សាន្ត ក្នុងពេលរាត្រី គឺជាឱកាសនៃការវាយប្រហារគ្នា។ អំពើហិង្សា មួយចំនួនបានកើតឡើងដោយក្រុមក្មេងស្ទាវ រីឯការវាយប្រហារខ្លះទៀត គឺជាការវាយប្រហារដោយគ្រាប់បែកដៃ ឬដោយការបាញ់ប្រហារដោយគ្រាប់កាំភ្លើង។
លោក សួស ណារិន អ្នកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា អាជ្ញាធរគួរតែតាមចាប់ជនឃោរឃៅ នៅក្នុងរឿងនេះយកមកផ្ដន្ទាទោសតាមច្បាប់៕