ភ្នំពេញ៖ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានធានាដល់សហរដ្ឋអាមេរិកថាសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសនោះនឹងជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនិងការពារទប់ស្កាត់ប្រឆាំងទៅនឹងអំពើភេរវកម្មនៅក្នុងប្រទេសកម្ពុជា។
សេចក្តីធានានេះធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានលើកឡើង កាលពីថ្ងៃទី១២ខែមករាអំពីកង្វល់ជាខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការអនុម័តសេចក្តីព្រាងច្បាប់នេះដោយអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកយល់ឃើញថាសេចក្តីព្រាងច្បាប់នេះនិងដាក់កម្រិតសកម្មភាពរបស់ អង្គការក្រៅរដ្ឋាភិបាល។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកដដែលបានជំរុញឲ្យរដ្ឋាភិបាលខ្មែរពិភាក្សាឲ្យបានជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិលនិងភាគីដែលជាប់ពាក់ព័ន្ធអំពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះហើយពិចារណាអំពីវិធានការចាំបាច់។
លោកគួយ គួង អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរមានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីបានផ្ញើលិខិតមួយច្បាប់ទៅជូនលោកស្រីហ៊ីលឡារី គ្លីនតុនរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញដោយពន្យល់ថាសេចក្តីព្រាងច្បាប់របស់កម្ពុជាបង្កើតឡើងដើម្បីឲ្យមានតម្លាភាពនិងភាពរលូនរបស់អង្គការក្រៅរដ្ឋាភិបាលនិងជាសេចក្តីព្រាងច្បាប់ដែលអនុលោមទៅតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា អនុលោមទៅតាមអនុស្សរណៈនៃការយោគយល់គ្នានានា និងអនុវត្តទៅតាមអនុសញ្ញាស្តីពីសិទ្ធិនយោបាយនិងសិទ្ធិរបស់ប្រជាពលរដ្ឋផងដែរ។
លោកគួយ គួង បានស្រង់ខ្លឹមសារលិខិតរបស់លោកប្រមុខការទូតខ្មែរទៅកាន់សមភាគីរបស់លោកថា សេចក្តីព្រាងច្បាប់នេះបានឆ្លងកាត់ការពិភាក្សាយ៉ាងទូលំទូលាយមិនត្រឹមតែសម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យនោះទេថែមទាំងសម្រាប់ទប់ស្កាត់អំពើភេរវកម្មផងដែរ។
«លិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីចុះថ្ងៃទី១៣ខែមករាឆ្នាំ២០១១ ជូនលោកជំទាវហ៊ីលឡារី គ្លីនតុនបានបញ្ជាក់ថាច្បាប់នេះបានឆ្លងកាត់ដំណើរការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយភាគីជាប់ពាក់ព័ន្ធនានាផងដែរ។ ដូច្នេះចាំបាច់ត្រូវឲ្យមានច្បាប់មួយសម្រាប់ឲ្យមានការសម្របសម្រួលការងារនិងប្រសិទ្ធភាពរបស់អង្គការនេះឲ្យកាន់តែប្រសើរឡើងថែមទៀតហើយនឹងធានានូវតម្លាភាពនិងទប់ស្កាត់នូវសកម្មភាពជ្រុល និយមផ្សេងៗដែលពេលខ្លះអាចស្ថិតនៅក្រោមរូបភាពនៃអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល ឬក៏ សមាគម»។
សូមបញ្ជាក់ថាសេចក្តីព្រាងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលត្រូវបង្កើតឡើងដោយក្រសួងមហាផ្ទៃ។
សេចក្តីព្រាងច្បាប់នេះ បានបង្កឲ្យមានប្រតិកម្មនិងកង្វល់ជាច្រើនពីអង្គការសង្គមស៊ីវិលនៅក្នុងស្រុកនិងអង្គការអន្តរជាតិនានាផងដែរ។
ក្រុមអង្គការទាំងនោះបានលើកឡើងថាច្បាប់នេះបានដាក់កម្រិតលើសេរីភាពរបស់ពួកគេ មានពាក្យពេចន៍ មិនច្បាស់លាស់ ហើយសេចក្តីព្រាងច្បាប់នេះបង្កឲ្យមានភាពស្មុគស្មាញនៅក្នុងការចុះបញ្ជីនិងនៅក្នុងការ ប្រកាសអំពីហិរញ្ញវត្ថុជាដើម។
ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ លោកស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានលើកទឹកចិត្តឲ្យអង្គការសង្គមស៊ីវិលផ្តល់យោបល់ជាបន្ថែមទៀតសម្រាប់ធ្វើការកែលម្អសេចក្តីព្រាងច្បាប់នេះ៕