ក្រុមកម្មការិនីរោងចក្រកាត់ដេរ បានស្វាគមការដំឡើងប្រាក់ឈ្នួលប្រចាំខែដល់ពួកគេ ក៏ប៉ុន្ដែពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលបន្ថែមនេះមិនទាន់ធ្វើឲ្យជីវភាពពួកគេល្អប្រសើរនៅឡើយទេ។
នៅតាមដងមហាវិថីព្រះនរោត្តមឆ្ពោះទៅកាន់ខេត្តកណ្ដាល កម្មករ កម្មការិនី បានឈរជាក្រុមតូចៗនៅពីមុខទ្វារចូលរោងចក្រកាត់ដេររបស់ពួកគេ។ ពួកគេហាក់បីដូចជាពុំមានការភ្ញាក់ផ្អើលនៅពេលដែលពួកគេបានទទួលដំណឹងពីការដំឡើងប្រាក់ឈ្នួលប្រចាំខែចំនួនប្រាំដុល្លារពីលើប្រាក់ខែដែលពួកគេទទួលបានក្នុងពេលបច្ចុប្បន្ននេះទេ។
អ្នកស្រី សាន សុភក្ដ្រ័ កម្មការីនីនៃរោងចក្រសាន់លីហ្វុង ដែលស្ថិតនៅក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌ័មានជ័យ ជាយទីក្រុងភ្នំពេញទើបតែបានដឹងតាមប្រពន្ធ័ផ្សព្វផ្សាយនានាអំពីការដំឡើងប្រាក់ខែនេះ។ នាងពោលដោយក្ដីត្រេកអរ ប៉ុន្ដែប្រកបទៅដោយទឹកមុខស្ងួតថា ការតំឡើងប្រាក់ខែនេះនឹងជួយសម្រួលដល់ការចាយវាយរបស់កម្មករបានបន្ដិចបន្ដួចតែប៉ុណ្ណោះ ប៉ុន្ដែកម្មករទាំងអស់នៅតែមិនអាចគេចផុតពីការលំបាកបានទេ នៅពេលដែលទំនិញសព្វសារពើឡើងថ្លៃកប់ពពកនោះ។
“ខ្ញុំថា មិនសមស្របព្រោះអីទំនិញទីផ្សារ ខ្ពស់ជាងប្រាក់ខែហ្នឹងច្រើន។ ទោះបីបានប៉ុណ្ណឹងមកក៏ទប់ទល់មិនរួច ប៉ុន្ដែវាធូរស្រាលជាងយើងបានប្រាក់ខែ ៥០ដុល្លារ"។
អ្នកស្រី សាន សុភក្ដ្រ័ មានប្រាក់ខែក្នុងរង្វង់ ៨០ ដុល្លារក្នុងមួយខែ ប៉ុន្ដែអ្នកស្រីត្រូវធ្វើការបន្ថែមម៉ោងជារៀងរាល់ថ្ងៃទើបអាចទទួលបា្រក់ខែនេះ។ អ្នកស្រី សាន សុភក្រ្ដ័ មានប្រសាសន៍ដោយត្អូញត្អែរថា ប្រាក់ទាំងនោះមិនអនុញ្ញាត្តឲ្យអ្នកស្រីធ្វើការសន្សំទុកបានទេ ដោយសារតែទំនិញនិង ចំណីអាហារឡើងថ្លៃ ព្រមទាំងតម្លៃផ្ទះឈ្នួលក៏ត្រូវឡើងថ្លៃផងដែរ។
កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ទទួលប្រាក់ខែទាបបំផុតជាផ្លូវការត្រឹម ៤៥ ដុល្លារ ក្នុងមួយខែសម្រាប់កម្មករសាកល្បងរយៈពេលបីខែដំបូង និងកម្មករពេញសិទ្ធិទទួលបានប្រាក់ខែ អប្បបរមា ឬប្រាក់ខែតិចបំផុតជាផ្លូវការ ចំនួន៥០ ដុល្លារ។ កាលពីឆ្នាំ ២០០៧ ក្រុមថៅកែរោងចក្រ បានបដិសេធដំឡើងប្រាក់ខែជាផ្លូវការដល់កម្មករ ប៉ុន្ដែបានយល់ព្រមផ្ដល់លុយទ្រទ្រង់ជីវភាពចំនួន ៦ដុល្លារក្នុងមួយខែ បន្ថែមពីលើប្រាក់ខែរបស់ពួកគេ ក្នុងពេលដែលវិបត្តិសេដ្ឋកិច្ចទើបនឹងលេចចេញ ជារូបរាង។
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន គណកម្មការប្រឹក្សាការងារ ដែលមានតំណាងមកពីខាងរដ្ឋាភិបាល ពីខាងថៅកែរោងចក្រកាត់ដេរ និងតំណាងមកពីសហជីពកម្មករ សរុបមានសមាជិក ចំនួន ២៦នាក់ បានសម្រេចដំឡើងប្រាក់ខែទាបបំផុតដល់កម្មកររោងចក្រកាត់ដេរ ចំនួនប្រាំដុល្លារជាបន្ថែមទៀត ហើយប្រាក់ឧបត្ថម្ភសម្រាប់ទ្រទ្រង់ជីវភាពចំនួន ៦ដុល្លារក្នុងមួយខែ ត្រូវកាត់បញ្ចូលជាផ្លូវការឲ្យទៅជាប្រាក់ខែវិញ។ ដូច្នេះកម្មករដែលស្ថិតក្នុងដំណាក់កាលសាកល្បងនឹងទទួលបានប្រាក់ខែអប្បបរមាចំនួន ៥៦ ដុល្លារ និងកម្មករដែលពេញសិទ្ធិ នឹងទទួលបានប្រាក់ខែអប្បបរាចំនួន ៦១ ដុល្លារក្នុងមួយខែ។
គណកម្មការប្រឹក្សាការងារ បានចែងថា ការដំឡើងប្រាក់ខែអប្បបរិមាដល់កម្មកររោងចក្រកាត់ដេរនេះ នឹងត្រូវអនុវត្តជាផ្លូវការចាប់ពីខែតុលាឆ្នាំ២០១០ នេះតទៅ ដោយអនុញ្ញាតឲ្យមានការធ្វើការតវ៉ា ទាមទារការដំឡើងប្រាក់ខែឡើងវិញនៅឆ្នាំ ២០១៤។
កញ្ញា កែ សុធារិទ្ធ កម្មការីនីរោងចក្រម្នាក់ទៀត និយាយថា នាងនៅតែចង់ឲ្យមានការដំឡើងប្រាក់ខែនេះបន្ថែមទៀត ដើម្បីឲ្យកម្មកររោងចក្រមានជីវភាពសមរម្យ។
“សម្រាប់កម្មករ ប្រាំដុល្លារហ្នឹងវាមិនច្រើនទេ គ្រាន់តែថា ប្រាំដុល្លារហ្នឹងវាអាចច្រើនជាងមុនបន្ដិច មិនដឹងថាត្រូវធ្វើម៉េចឲ្យបានប្រាក់ខែច្រើន ចង់ឲ្យខាងក្រសួងស្នើដល់ថៅកែរោងចក្រសុំឲ្យដំឡើងប្រាក់ខែកម្មករទាំងអស់"។
នៅតាមផ្ទះជួលកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ត្រូវរស់នៅដោយប្រជ្រៀតគ្នាក្នុងស្ថានភាព ពុំមានផាសុខភាពគ្រប់គ្រាន់នោះទេ។ ពួកគេចែករំលែកគ្នាក្នុងបន្ទប់តូចៗដែលមានគ្នាចាប់ពីពីរនាក់ ឬរហូតដល់បួននាក់។ ការរស់នៅជុំគ្នា គឺដើម្បីជួយពួកគេអាចកាត់បន្ថយការចំណាយច្រើនលើ ប្រាក់ឈ្នួលផ្ទះ ដែលមានតម្លៃចាប់ពី ២០ដុល្លារក្នុងមួយខែ ឬស្មើនឹងមួយភាគបីនៃប្រាក់ខែអប្បបរមារបស់ពួកគេ។
បន្ថែមពីនោះក្រុមកម្មករត្រូវធ្វើការចាយវាយយ៉ាងត្បិតត្បៀតបំផុត ដើម្បីគេចវេះពីវិបត្តិអស់ប្រាក់ខែមុនដំណាច់ខែថ្មីមកដល់។
កញ្ញា កែ សុធារិទ្ធ រៀបរាប់ថា កម្មករឬកម្មការីនីម្នាក់ជាមធ្យមធ្វើការចាយវាយត្រឹមតែ ២០០០ រៀល ឬស្មើនឹងប្រហាក់ប្រហែល ៥០សេនអាមេរិក សម្រាប់ការបរិភោគអាហារមួយពេល ដែលកម្មករមួយចំនួនប្រឈមនឹង បញ្ហាសុខភាពនៅពេលពួកគេធ្វើការច្រើនម៉ោង។
លោក អ៊ុំ មាន អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលកម្មករត្រឹមប្រាំដុល្លារនេះ ដោយយោងតាមកម្រិតសេដ្ឋកិច្ចបច្ចុប្បន្ន ខណៈដែលរោងចក្រកាត់ដេរទើបនឹងងើបពីវិបត្តិសេដ្ឋកិច្ចបានបន្ដិច។
“ដំឡើងប្រាក់ឈ្នួលអប្បបរមានេះ វាទៅតាមស្ថានភាពសេដ្ឋកិច្ចដែលទើបនឹងងើបឡើងវិញខ្លះៗ ដូច្នេះបើសិនជាយើងធ្វើមិនស្រួល ការប្រកួតប្រជែងរបស់យើងជាមួយនឹងអ្នកផលិតទំនិញនៃប្រទេសផ្សេងៗទៀត គឺយើងត្រូវបរាជ័យ។ កាលណាទំនិញកម្ពុជា ត្រូវបរាជ័យក្នុងការលក់នៅក្នុងទីផ្សារអន្តរជាតិ រោងចក្រក៏ដួល។ កាលណារោងចក្រ(ក៏)បិទកម្មករក៏អត់ការងារធ្វើ"។
ដោយឡែក លោក ជាតិ ខេមរា មន្ដ្រីជាន់ខ្ពស់នៃសមាគមរោងចក្រកាត់ដេរកម្ពុជា ទទួលបន្ទុក សម្របសម្រួលនិងដោះស្រាយវិវាទការងារ អះអាងថា ភាគីនិយោជកបានពិនិត្យអស់លទ្ធភាព សម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ នៅពេលដែលក្រុមថៅកែទាំងនេះមានលទ្ធភាពតំឡើងប្រាក់ឈ្នួលកម្មករបន្ថែមត្រឹមតែ ៤ ដុល្លារតែប៉ុណ្ណោះ។
ក៏ប៉ុន្ដែរបាយការណ៍និងអ្នកជំនាញមួយចំនួននិយាយថា ការដំឡើងប្រាក់ខែច្រើនជាងនេះ ដើម្បីឲ្យកម្មករមានជីវភាពបានសមរម្យ នឹងមិនធ្វើឲ្យកម្ពុជាប៉ះពាល់ដល់ការប្រកួតប្រជែងរបស់រោងចក្រនៅកម្ពុជានោះទេ។
ក្រុមសហជីពកម្មករនានាបានទាមទារឲ្យមានការដំឡើងប្រាក់ខែគោលដល់កម្មករ ចន្លោះពីជាង ៧០ ដុល្លារដល់ជាង ៩០ដុល្លារក្នុងមួយខែ។ រីឯវិទ្យាសា្ថនកម្ពុជាដើម្បីការសិក្សាអភិវឌ្ឍន៍ ដែលបានធ្វើការសិក្សាដោយឯករាជ្យមួយបានរកឃើញថា កម្មកររោងចក្រកាត់ដេរនៅកម្ពុជាត្រូវការប្រាក់ឈ្នួលយ៉ាងហោចណាស់ពី ៩០ ទៅ ១២០ ដុល្លារក្នុងមួយខែ ដើម្បីទ្រទ្រង់ជីវភាពពួកគេរស់នៅឲ្យបានសមរម្យ។ ហើយបើធៀបនឹងប្រាក់ចំណេញនៃរោងចក្រកាត់ដេរទទួលបាននៅប្រទេសកម្ពុជា ក្រុមថៅកែរោងចក្រ មានលទ្ធភាពដំឡើងប្រាក់ខែទាបបំផុតដល់កម្មកររហូតដល់ជាង ៧០ ដុល្លារក្នុងមួយខែ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា CCAWDU លើកឡើងថា ការសម្រេចតំឡើងប្រាក់ឈ្នួលកម្មករត្រឹមតែមួយខែ ៥ ដុល្លារជាបន្ថែមទៀតនេះ មិនបានឆ្លងកាត់ការពិភាក្សាគ្នាឲ្យគ្រប់ភាគីដោយល្អិតល្អន់នោះទេ។ ហើយលោកនៅតែមិនពេញចិត្ដនៅឡើយ។
“យើងមិនពេញចិត្តនៅក្នុងការដំឡើងនេះទេ។ ដោយសារតែទីមួយវាជាចំនួនតិចដែលមិនអាចធានា ទៅដល់ការរស់នៅបាន អញ្ចឹងយើងនឹងបន្ដធ្វើការជជែកជាមួយនឹងកម្មករទៀតថា តើភាគីច្រើនយល់ព្រម ឬភាគច្រើនមិនយល់ព្រម។ បើមិនយល់ព្រមទេ យើងនឹងធ្វើការតវ៉ាដូចជាការធ្វើកូដកម្មបាតុកម្ម ដើម្បីទាមទារចរចាបន្ថែមទៀតទៅលើប្រាក់ដែលបានតិចនេះ"។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា យល់ស្របដូចគ្នានេះដែរ។ លោក ជា មុន្នី គ្រោងនឹងស្វែងរកការចរចាជាមួយក្រុមថៅកែរោងចក្រដើម្បីស្វែងរកផលប្រយោជន៍បន្ថែមទៀត។
បច្ចុប្បន្ននេះ វិស័យកាត់ដេររបស់ប្រទេសកម្ពុជាដែលប្រមូលផ្តុំដោយរោងចក្រតូចធំ ប្រហែល៣០០ បានផ្តល់ការងារឲ្យប្រជាជនជាង ៣០ ម៉ឺននាក់។ គឺជាវិស័យដែលតំណាងឲ្យការនាំចេញយ៉ាងធំបំផុតរបស់ប្រទេសកម្ពុជា៕