ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល និង សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានព្រមព្រៀងគ្នាបង្កើតក្រុមការងារមួយដើម្បីធ្វើការស៊ើបអង្កេតលើករណីជម្លោះដីធ្លី ដែលកំពុងតែកើតមានយ៉ាងចម្រូងចម្រាស់នៅក្នុងប្រទេសកម្ពុជា។
លោក ឱម យិនទៀង ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្ននៃបញ្ហាដីធ្លី និងយន្តការដោះស្រាយនៅសណ្ឋាគារកាំបូឌីយ៉ាណា (Cambodiana) ថា ក្រុមការងារនេះមានភារកិច្ចចុះទៅស្រាវជ្រាវរកការពិតក្នុងករណីជម្លោះដីធ្លីនីមួយៗសម្រាប់ធ្វើជាជំនួយការដល់អ្នកមានអំណាចដោះស្រាយ។
«ខ្ញុំបានព្រមព្រៀងជាមួយលោក ធន សារ៉ាយ ថា គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនិងសមាគមសិទ្ធិមនុស្ស Adhoc របស់លោក ធន សារ៉ាយ រួមគ្នាជាក្រុមការងារ ចុះដោះស្រាយ ចុះពិនិត្យករណីទំនាស់ដីធ្លីនីមួយៗ ហើយយើងធ្វើរបាយការណ៍រួមគ្នា។ ការយល់ឃើញរបស់សមាគមសិទ្ធិមនុស្ស Adhoc និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ចុះក្នុងរបាយការណ៍រួមគ្នានេះ។ វាមិនមែនមានន័យថា ធ្វើក្រុមការងារជាមួយគ្នាត្រូវតែនិយាយភាសាតែមួយទេ។ ប៉ុន្តែក្រុមការងារនេះចុះទៅមើលបញ្ហាដូចគ្នា»។
លោក ឱម យិនទៀង បានបន្តថា នេះជាវិធីដោះស្រាយជាក់ស្តែងលើជម្លោះដីធ្លីនេះ ហើយការរកឃើញ អំពីមូលហេតុនៃជម្លោះដីធ្លីនេះ នឹងដាក់ជូនគណៈកម្មាធិការដោះស្រាយជម្លោះដីធ្លីរដ្ឋាភិបាលនិង តុលាការ ដើម្បីពិចារណា។
«យើងធ្វើកាតព្វកិច្ចរបស់យើងចប់។ ប៉ុន្តែយើងមិនតម្រូវឱ្យគេគោរពតាមការសម្រេចរបស់យើង ពីព្រោះ យោបល់របស់យើងមិនមែនជាសាលក្រមទេ។ ការសម្រេចចិត្តរបស់យើងគឺជាពន្លឺ»។
ការបង្ក្រាបហិង្សារបស់ប៉ូលីសទៅលើអ្នកភូមិបឹងកក់កាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០១១៖
ជនរងគ្រោះពីទំនាស់ដីធ្លីក្នុងខេត្តព្រះសីហនុ៖
លោក ធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា ការធ្វើការរួមគ្នានេះ គឺជាការល្អជាងការវាយប្រហារគ្នាទៅវិញទៅមក។
លោក ធន សារ៉ាយ បានបញ្ជាក់ថា យើងចង់ផ្តល់ឱ្យអាជ្ញាធរនូវការរកឃើញ សក្ខីកម្ម និង អនុសាសន៍ របស់យើងក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លី។ យើងទុកឱ្យតុលាការឬអាជ្ញាធរដោះស្រាយជម្លោះដីធ្លី ឬ រដ្ឋាភិបាលដោះស្រាយនូវអ្វីដែលយើងបានរកឃើញ។
«យើងរួមគ្នាដើម្បីរកការពិតមួយ។ យើងបានជួយដល់រឿងករណីដ៏ស្មុគស្មាញខ្លះដែលវាជាការល្អ។ កិច្ចសហការនេះខ្ទប់មាត់របស់យើងមិនឱ្យនិយាយទេ។ យើងនៅតែរក្សាសិទ្ធិក្នុងការនិយាយអ្វីនោះទេ។ បើក្រុមការងារនេះដំណើរការល្អ វាចំណេញដល់ជនរងគ្រោះ»។
លោកតំណាងរាស្ត្រ យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស បានថ្លែងថា ក្រុមការងារនេះ ជាជំហ៊ានល្អ ហើយវាអាចមានប្រសិទ្ធិភាព បើភាគីទាំងពីរមានឆន្ទៈពិតប្រាកដដើម្បី ដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ។
«យើងទុកឱកាសឱ្យគាត់ (ភាគីទាំងពីរ) ធ្វើការមួយជំហ៊ានសិន ប៉ុន្តែក្តីសង្ឃឹមរបស់យើងហាក់ដូចជា មានតិចតួចណាស់ ដោយសារមូលហេតុមិនទទួលស្គាល់ការពិតនៃបញ្ហា»។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc បានថ្លែងថា បញ្ហាជម្លោះដីធ្លីគឺជាកង្វល់ដ៏ធំនៅកម្ពុជា ដោយសមាគមសិទ្ធិមនុស្សទទួលបានបញ្ហាជម្លោះដីធ្លីប្រមាណ២០០ករណីនិងការចាប់ខ្លួនអ្នកតវ៉ារឿងជម្លោះដីធ្លីជាង៣០០នាក់នៅក្នុងឆ្នាំ២០១០៕