ចម្លាក់ស្នាដៃសំរិទ្ធខ្មែរចំនួន៣៦រូបកំពុងដាក់តាំងបង្ហាញនៅសារៈមន្ទីរ Sackler Gallery នៃស្ថាប័ន Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលជាការដាក់តាំងស្នាដៃសំរិទ្ធទ្រង់ទ្រាយធំលើកដំបូងបំផុតនៅសហរដ្ឋអាមេរិក។
ពិព័រណ៍នេះមានឈ្មោះថា “អាទិទេពក្រុងអង្គរ៖ ស្នាដៃសំរិទ្ធមកពីសារៈមន្ទីរជាតិកម្ពុជា"។ ក្រុមអ្នករៀបចំសង្ឃឹមថា ពិព័រណ៍នេះនឹងធ្វើឱ្យអន្តរជាតិយល់កាន់តែច្បាស់ថែមទៀតពីភាពសម្បូរបែបនៃស្នាដៃសិល្បៈខ្មែរហើយនឹងទាក់ទាញឱ្យមានទេសចរជាច្រើនទៅទស្សនាប្រទេសកម្ពុជា។
លោក ជា សុជាតិ អនុប្រធានការិយាល័យអភិរក្សនៃនាយកដ្ឋានសារៈមន្ទីរដែលបានមករៀបចំពិព័រណ៍នេះបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកថា៖
“រូបដែលយើងយកមកនេះមានពីរសម័យ ទោះបីជានៅទីនេះយើងដាក់ប្រធានបទថា អាទិទេពនៃក្រុងអង្គរ ប៉ុន្តែមុននៃការចាប់ផ្តើមនៃអារ្យធម៌អង្គរហ្នឹងបានន័យថា យើងមានការរីកចម្រើនខាងផ្នែកសំរិទ្ធហ្នឹងម្តងរួចទៅហើយ អញ្ចឹងគឺយើងមានពីរផ្នែកគឺថា វត្ថុដែលបុរេប្រវត្តិសាស្រ្តដែលមានអាយុកាលប្រហែលជា៣ឬ៤រយឆ្នាំមុនគ្រឹស្តសករាជ ហើយនឹងវត្ថុដែលជាប្រវត្តិសាស្រ្តនោះគឺវត្ថុដែលចាប់ផ្តើមពីសម័យអង្គរមកគឺចាប់ផ្តើមពីសតវត្សរ៍ទី៩រហូតដល់ទី១២និង១៣”។
ក្នុងកម្មវិធីបើកឱ្យចូលទស្សនាជំហានដំបូងសម្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃពុធ លោក Julian Raby នាយកសារៈមន្ទីរ Freer and Sackler បានបញ្ជាក់ថា ពិព័រណ៍នេះក៏ជាការអបអរដល់ស្នាដៃជាងចម្លាក់សំរិទ្ធខ្មែរនិងក្រុមបុគ្គលិកសារៈមន្ទីរជាតិកម្ពុជាដែលបានអភិរក្សសមិទ្ធិផលទាំងនេះ។
ក្នុងចម្លាក់ទាំង៣៦រូប ដែលយកមកដាក់តាំងពិព័រណ៍មានរូបតំណាងឱ្យព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនា។ រូបចម្លាក់ទាំងនេះត្រូវបានដាក់នៅក្នុងសាលចំនួនបី ហើយមានរូបដូចជា រូបកោដិ កណ្តឹងព្រះពុទ្ធប្រក់នាគ ព្រះគនេហ ព្រះសិវៈ ព្រះសិអាមេត្រី និង ស្រ្តីលត់ជង្គង់ថ្វាយបង្គំ ព្រមទាំងវត្ថុសំរិទ្ធផ្សេងៗសម្រាប់ពិធីសាសនា ហើយក៏មានរូបចម្លាក់សំរិទ្ធមួយចំនួនទើបតែដាក់បង្ហាញសាធារណៈជាលើកដំបូងផងដែរក្នុងនោះ គឺរូបចម្លាក់សំរិទ្ធចំនួន៧ដែលទើបជីកបានក្នុងឆ្នាំ២០០៦។
ពិព័រណ៍នេះនឹងបើកឱ្យសាធារណជនបានចូលទស្សនាចាប់ពីថ្ងៃទី១៥ ខែឧសភានេះដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១១ មុននឹងយកទៅដាក់តាំងបន្តទៀតនៅសារៈមន្ទីរ J. Paul Getty ក្នុងក្រុង Los Angeles ក្នុងខែកុម្ភៈ ឆ្នាំ២០១១។
លោក ជា សុជាតិ បានបន្ថែមទៀតថា ក្រៅពីបទពិសោធន៍ដែលរូបលោកទទួលបានពីរបៀបនៃការដាក់តាំងបែបអន្តរជាតិនេះ លោកក៏សង្ឃឹមថា ការដាក់តាំងពិព័រណ៍នេះនឹងជួយដល់ការផ្សព្វផ្សាយនិងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាផងដែរ។
"យើងមានចិត្តរំភើប ដោយសារបង្ហាញអារ្យធម៌របស់ប្រទេសកម្ពុជាឱ្យគេបានយល់ឱ្យគេបានដឹង ហើយផលចំណេញនេះនឹងនាំឱ្យកើនភ្ញៀវទេសចរ”។
តាមអ្នកឯកទេសនានាឱ្យដឹងថា សារៈមន្ទីរជាតិកម្ពុជាក្នុងទីក្រុងភ្នំពេញមានចម្លាក់ដែលធ្វើពីសំរិទ្ធជាង៧០០០រូបផ្សេងៗទៀតដែលដាក់តាំងបង្ហាញដល់ភ្ញៀវដែលចូលទស្សនា៕