អង្គការ Friends-International និងអង្គការ "មិត្តសំឡាញ់" ប្រារព្ធខួប១៥ឆ្នាំរបស់ខ្លួនជាមួយការតាំងពិព័រណ៍សិល្បៈគំនូររបស់សិស្ស និងពិធីជប់លៀងនៅភោជនីយដ្ឋាន "រំដេង" ដែលមានអាស័យដ្ឋាននៅផ្ទះលេខ៧៤ ផ្លូវ១៧៤ ក្រុងភ្នំពេញ នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១០នេះ នៅម៉ោង៧ល្ងាច។
អង្គការ Friends-International និង "មិត្តសំឡាញ់" បានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ១៩៩៤ ក្នុងគោលបំណងជួយកុមារាកុមារីនិងយុវជនយុវនារីងាយរងគ្រោះ ជាពិសេសក្រុមកុមារអានាថាដែលរស់នៅតាមថ្នល់។ លោក គុជ ភារុណ ប្រធានគ្រប់គ្រងខាងទំនាក់ទំនងសាធារណៈ បានថ្លែងប្រាប់វីអូអេថា ពិធីខួប១៥ឆ្នាំរបស់អង្គការ Friends-International និង "មិត្តសំឡាញ់" នេះ មានចំណងជើងថា “រសជាតិនៃអាហារជួបជាមួយរសជាតិនៃសិល្បៈគំនូរ”។ ខួប១៥ឆ្នាំនេះមានតាំងពិព័រណ៍ ដែលបង្ហាញភាពឆ្នៃប្រឌិត និងទេពកោសល្យរបស់សិស្សតាមរយៈផ្ទាំងគំនូរ ការចំអិនម្ហូបអាហារ និងបដិសណ្ឋារកិច្ចរបស់សិស្ស។
“ការតាំងពិព័រណ៍គំនូរនេះ យើងបានជ្រើសយកគំនូររបស់សិស្សដែលរៀននៅក្នុងអង្គការមិត្តសំឡាញ់ តាំងពី១៥ឆ្នាំមុន គឺមានទាំងគំនូរចាស់និងគំនូរទើបនឹងគូរថ្មី។ ទន្ទឹមនឹងការបង្ហាញគំនូរ ក្រុមសិស្សខាងចំអិនអាហារនឹងបញ្ចេញស្នាដៃម្ហូបអាហាររបស់ខ្លួននៅភោជនីយដ្ឋាន "រំដេង" ដែលជាកន្លែងសិក្សាវិជ្ជាធ្វើម្ហូបនិងបដិសណ្ឋារកិច្ចរបស់អង្គការមិត្តសំឡាញ់”។
អង្គការមិត្តសំឡាញ់បានជួយកុមារាកុមារីនិងយុវជនយុវនារីចំនួន ១៩,០០០ នាក់ក្នុងមួយឆ្នាំៗ ដោយមានក្រុមបុគ្គលិកខ្មែរធ្វើការចំនួន ២៥០ នាក់។ អ្នកស្រី ម៉ប់ សូម៉ាយ៉ា ប្រធានកម្មវិធីនៃអង្គការមិត្តសំឡាញ់និយាយថា កម្មវិធីរបស់ "មិត្តសំឡាញ់" ចាប់ផ្តើមធ្វើការតាំងពីការងារតាមថ្នល់ រហូតដល់ការងារអប់រំផ្តល់វិជ្ជាជីវៈនៅមជ្ឈមណ្ឌល។
“យើងធ្វើការជាមួយក្មេងអានាថា និងកុមារនិងយុវវ័យខ្មែរ ដែលសង្គមបោះបង់ចោល។ យើងការពារក្មេងទាំងនេះឲ្យរួចផុតពីគ្រោះថ្នាក់ពីការរំលោភបំពាន ពីការឆ្លងមេរោគអេដស៍ និងពីការប្រព្រឹត្តគ្រឿងញៀន។ យើងផ្តល់ជម្រកផ្តល់ការអប់រំ ការសិក្សា ឬវិជ្ជាជីវៈដល់ក្មេងដែលរើសពីផ្លូវថ្នល់ និងក្មេងដែលងាយរងគ្រោះថ្នាក់”។
មជ្ឈមណ្ឌលសិក្សាមួយរបស់អង្គការមិត្តសំឡាញ់នៅទីក្រុងភ្នំពេញ មានថ្នាក់រៀនសំរាប់សិស្សបឋមសិក្សាចំនួន ៧៥០ នាក់ និងមានថ្នាក់បណ្តុះវិជ្ជា ១១ មុខដែលមានសិស្សកំពុងសិក្សាចំនួន ៨៥០ នាក់។
“ក្នុងវិជ្ជាជីវៈទាំង ១១ មុខនោះ មានការសិក្សាខាងចំអិនអាហារនិងបដិសណ្ឋារកិច្ចដែលចែកចេញជាបីថ្នាក់។ ថ្នាក់បឋម សិស្សរៀនធ្វើម្ហូបនៅក្នុងមជ្ឈមណ្ឌលផ្ទាល់ ហើយចំអិនអាហារថ្ងៃត្រង់ឲ្យដល់សិស្សអង្គការ "មិត្តសំឡាញ់" ទាំង៧៥០នាក់ជារៀងរាល់ថ្ងៃ។ ថ្នាក់មធ្យម សិស្សនឹងសិក្សានៅភោជនីយដ្ឋាន "រំដេង" ហើយចំអិនអាហារជូនអតិថិជន”។
អ្នកស្រី រតនា គ្រូបង្ហាត់ខាងបដិសណ្ឋារកិច្ចនៅភោជនីយដ្ឋាន "រំដេង" ដែលជាភោជនីយដ្ឋានរបស់អង្គការមិត្តសំឡាញ់ និយាយថា សិស្សនៅក្នុងភោជនីយដ្ឋាន "រំដេង" ជាសិស្សជម្រើសថ្នាក់មធ្យមដែលធ្វើតែម្ហូបខ្មែរសុទ្ធ។ រីឯសិស្សថ្នាក់ឧត្តមនឹងសិក្សាអំពីម្ហូបអន្តរជាតិ។
“សិស្សដែលសិក្សានៅទីនេះត្រូវចេះទាំងធ្វើម្ហូបនិងទាំងសេវាកម្មក្នុងភោជនីយដ្ឋាន” ។
យុវជន សុផុន ជាកេ្មងកំព្រាឪពុកម្តាយ រស់អានាថាតាមផ្លូវ ត្រូវបានអង្គការមិត្តសំឡាញ់ផ្គត់ផ្គង់ការសិក្សានិងការស្នាក់នៅ។ សព្វថ្ងៃនេះ សុផុន ដែលជាចុងភៅចំណានម្នាក់នៅភោជនីយដ្ឋាន "រំដេង" និយាយថា ម្ហូបចំណីទាំងអស់ដែលចំអិននៅក្នុងភោជនីយដ្ឋាន "រំដេង" មិនប្រើប៊ីចេងទេ។
“ភ្ញៀវដែលហូបអាហារនៅក្នុងហាងនេះ ទាំងភ្ញៀវខ្មែរនិងភ្ញៀវបរទេស និយមពិសារ អាម៉ុកសាច់ត្រី សម្លការីសារម៉ាន់ និងឆាក្តៅសាច់គោជាមួយអង្ក្រង។ យើងប្រើគ្រឿងទេសធម្មជាតិទាំងអស់ ព្រោះយើងគិតដល់សុខភាពរបស់ភ្ញៀវយើង។ ការចំអិនម្ហូប ការលាងបន្លែនិងសាច់ សុទ្ធតែធ្វើតាមក្បួនអនាម័យ”។
រូបគំនូររបស់កុមារី ឈួន វត្តី កាលពីអាយុ៩ឆ្នាំ និងរូបគំនូររបស់យុវជន ង៉ែត តារា កាលពីអាយុ១២ឆ្នាំ បានទទួលរង្វាន់លើកទឹកចិត្តពីគ្រូ។ ក្មេងទាំងពីរនាក់នេះ កំព្រាឪពុកម្តាយ។ នាង វត្តី គូររូបផ្កា យុវជន តារា គូររូបរៀបរាប់ពីជីវិតកំសត់របស់ខ្លួន ស្ទូចត្រីពីរនាក់ប្អូនប្រុស។
សាខាមួយកន្លែងទៀតរបស់អង្គការ Friends-International មានបង្កើតនៅក្នុងខេត្តសៀមរាប មានឈ្មោះថាអង្គការកល្យាណមិត្ត។ សព្វថ្ងៃ "កល្យាណមិត្ត" ធ្វើការជាមួយកុមារចំនួន១,៤០០នាក់ ដែលជាកុមារនៅតាមផ្លូវថ្នល់ កុមារនៅក្នុងនិងនៅជុំវិញប្រាសាទអង្គរ កុមាររើសសំរាម និងកុមារងាយរងគ្រោះថ្នាក់៕