ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រូបថត​នៅ​គុក​ទួលស្លែង​អាច​ជា​រូបថត​អ្នកទោស​ពី​គុក​ខ្មែរក្រហម​ផ្សេងទៀត​


អ្នកទេសចរណ៍បរទេសម្នាក់ដើរកាត់រូបថតអតីតអ្នកទោសដែលគេតាំងក្នុងសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងក្នុងទីក្រុងភ្នំពេញ។
អ្នកទេសចរណ៍បរទេសម្នាក់ដើរកាត់រូបថតអតីតអ្នកទោសដែលគេតាំងក្នុងសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងក្នុងទីក្រុងភ្នំពេញ។

ស្ត្រីម្នាក់​បាន​រក​ឃើញ​រូបថត​របស់​ខ្លួន​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​ក្នុង​គុក​ទួលស្លែង​ ឬ​របស់​ខ្មែរ​ក្រហម​ ក្រោយ​រយៈ​ពេល​បី​ទសវត្សរ៍។

មន្ត្រី​ផ្លូវការ​សាលាក្តី​ខ្មែរក្រហម​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ អ្នកស្រី​មុំ គឹមសេន​ដែល​ជា​ជន​រងគ្រោះ​ជាប់គុក​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៧​បាន​ប្រទះ​ឃើញ​រូបថត​របស់​អ្នកស្រី​ដ៏គួរ​ឲ្យ​ភ្នាក់ផ្អើល​ក្នុង​សារមន្ទីរ​ទួលស្លែង​ឬមន្ទីរ​ស២១​ របស់​ខ្មែរក្រហម​នៅ​ថ្ងៃអង្គារ​នេះ​ ខណៈពេល​ដែល​មាន​ទស្សនកិច្ច​សិក្សា​មួយ​រៀបចំ​ដោយ​សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ឌឹម សុវណ្ណារុំ​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម។

«តាមពិត​គាត់នៅ​រស់ទេ។​ គាត់​នៅ​រស់​ អញ្ចឹង​គាត់​ជា​សាក្សី​រស់​មួយ​មិនមែន​មានន័យ​ថា​ ឲ្យ​តែ​ឃើញ​រូបថត​នៅ​គុក​ទួលស្លែង​សុទ្ធ​សឹង​តែជា​អ្នក​បាន​ស្លាប់​នោះ​ទេ​ គឺ​មិនមែន​ទេ។​ គាត់​នៅ​រស់រាន​មាន​ជីវិត​នៅ​ឡើយ​ទេ។​ គាត់​មិនមែន​ត្រឹមតែ​រកឃើញ​រូបថត​របស់ខ្លួន​គាត់តែ​ប៉ុណ្ណឹងទេ​ គាត់​រក​ឃើញ​រូបថត​ម្តាយ​របស់គាត់​ដែល​នៅ​រស់​នៅឡើយ​ មាន​អាយុ​៨២​ឆ្នាំ​ ហើយ​រក​ឃើញ​រូបថត​ ប្អូនស្រី​របស់​គាត់​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​៥០​ឆ្នាំ​ ហើយ​រស់នៅ​ខេត្ត​ពោធិសាត់»។

លោក​សុវណ្ណារុំ​បាន​អះអាង​ថា​ នេះ​ជា​ការណ៍​ពិតមួយ​ដែល​បាន​រក​ឃើញ​អ្នក​ ដែល​នៅ​រស់រាន​មាន​ជីវិត​ជាង​៣០​ឆ្នាំ។

«ទើប​តែ​រក​ឃើញ។​ គាត់រក​ឃើញ​នៅ​ថ្ងៃ​នេះ។​ មាន​ន័យ​ថា​ គាត់​បាន​ជម្រាប​យើង​ថា​ រូបថត​នេះ​ជា​រូបថត​គាត់​ ហើយ​ខ្ញុំ​បាន​ចូលរួម​ជាមួយ​គាត់។​ ខ្ញុំ​ឃើញ​រូបថត​ គឺ​ពិត​ជា​រូបថត​របស់​គាត់​មួយរយ​ភាគរយ​តែម្តង។​ហើយ​គាត់​នៅ​ចាំ​ព្រោះ​គាត់​ថត​ពេល​ដែល​គាត់​នៅ​អាយុ​២៧​ឆ្នាំ»។

អ្នកស្រី​មុំ គឹមសេន​ អាយុ​៥៧​ឆ្នាំ​ធ្លាប់​ជា​អ្នកទោស​នៃគុក​ស២៤ ​ឬហៅ​ថា​គុក​ព្រៃស​ ដែល​មាន​ទីតាំង​នៅ​ជាយ​ក្រុងភ្នំពេញ។ ​អ្នកស្រី​បាន​ទទួល​រង​ទារុណ​កម្ម ​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ បង្អត់​អាហារ។​ ទោះជា​យ៉ាង​ណា​ក៏ដោយ​ អ្នកស្រី​បាន​រស់រាន​មាន​ជីវិត​ពី​ការ​កាប់​សម្លាប់​សម័យ​ខ្មែរក្រហម។ ​អ្នកស្រី​បាន​ចូល​រួម​ទស្សនា​ជាមួយ​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៤០០​នាក់​មកពី​ស្រុក​ភូមិ​របស់​អ្នកស្រី​គឺ​ស្រុក​កោះ​សូទិន​ ខេត្ត​កំពង់ចាម​ តាម​កម្ម​វិធី​ធម្មតា​របស់​សាលាក្តី​ដែល​មាន​រៀង​រាល់​សប្តាហ៍​នៅ​ថ្ងៃ​អង្គារ។ ​អ្នកស្រី​ បាន​រក​ឃើញ​រូបថត​អ្នកស្រី​ដែល​គេ​ព្យួរតាំង​នៅ​លើ​ជញ្ជាំង​ ពេល​ទស្សនា​នោះ។​ កម្ម​វិធី​នេះ​ត្រូវ​គេ​រាយ​ការណ៍​មក​ថា​ ជា​ដំណើរ​ការ​ផ្សះផ្សារ​ផ្លូវ​ចិត្ត​ដល់​ជន​រងគ្រោះ​ និង​ធ្វើ​ឡើង​ដើម្បី​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មកពី​តំបន់​ផ្សេងៗ​ពាសពេញ​ប្រទេស​បាន​ចូលរួម​ទស្សនា​សារមន្ទីរ​ទួលស្លែង​ ដែល​មាន​មនុស្ស​ជាង​១២០០០​នាក់​ត្រូវ​ខ្មែរក្រហម​កាប់​សំឡាប់​តាម​រូបភាព​ដ៏​ឃោរ​ឃៅ​ជាច្រើន។​ សារមន្ទីរ​ទួលស្លែង​មាន​តាំង​រូបភាព​ ឬ​គំនូរ​រូបថត​ ដែល​ពួក​ខ្មែរក្រហម​បានប្រើ​ទារុណកម្ម​ សំឡាប់​អ្នកទោស​ក្នុង​ទសវត្ស​១៩៧០។

លោកឆាំង​ ​យុគ​ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បានថ្លែង​ថា​ មានការ​ច្រឡំ​ច្រើន​ចំពោះ​រូបថត​ដោយសារ​ថា​ មិនមាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​លាស់​តាំង​ពី​ដំបូង។​ ការ​យល់​ច្រឡំ​នោះ​រាប់​បញ្ជូល​ទាំង​ការ​សន្និដ្ឋាន​ថា​ មនុស្ស​ក្នុង​រូបថត​ដែល​គេ​ឃើញ​ក្នុង​សារមន្ទីរ​ទួលស្លែង​សុទ្ធ​តែ​ជា​អ្នក​ស្លាប់។​ ហើយ​ថា​ អ្នកទោស​ក្នុង​គុក​ទួលស្លែង​ក៏​សុទ្ធ​តែ​ត្រូវ​សម្លាប់​ដែរ។​ លោក​ឆាំង​ យុគ​បាន​អះអាង​ថា​ ការ​សន្និដ្ឋាន​នេះ​កើត​ឡើង​ដោយសារ​ទម្ងន់​នៃ​ការ​ឃោសនា​ជាង​៣០​ឆ្នាំ​ ដែល​បាន​គ្រប​ដណ្តប់​ ធ្ងន់ហួស​កម្រិត។

«ព័ត៌មាន​ទាំងអស់​នេះ​មិន​អាច​ទប់​នឹង​ព័ត៌មាន​ដែល​លាប​ពណ៌​ថា​ មន្ទីរ​ស ២១​សុទ្ធសឹង​តែ​ជា​អ្នកទោស។​ មន្ទីរ​ស២១​ចូល​ទៅ​ហើយ​មិនអាច​រស់​រាន​មាន​ជីវិត​ទេ។​ ព័ត៌មាន​ទាំងអស់​នេះ​ផ្សព្វផ្សាយ​អស់រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។​ នៅ​មន្ទីរ​ស២១​ក៏មាន​អ្នកទោស​ជាង​១០០​នាក់​ត្រូវ​បាន​ដោះលែង​ដែរ»។

លោក​ឆាំង យុគ​បានថ្លែង​ថា​ រូបថត​ទាំងអស់​ក្នុង​គុក​ស២១គ​ នៅ​តាខ្មៅ​ គុក ស​២៤​ គឺ​ប្រមូល​មក​ដាក់​នៅ​គុក​ទួលស្លែង​ស​២១​ទាំងអស់​ ពេល​កងទ័ព​ វៀតណាម​ចូល​ឈ្លានពាន​ទឹក​ដី​កម្ពុជា​ដើម្បី​បណ្តេញ​កងទ័ព​ខ្មែរក្រហម។​ក្រោយមក​រូបថត​ទាំងនោះ​ត្រូវ​គេ​ផ្តិត​ចេញ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​របប​ខ្មែរក្រហម។​ លោក​ចាត់ទុក​ថា​ ការ​រក​ឃើញ​រូបថត​កាល​ពី​ថ្ងៃ​អង្គារ​ម្នាក់​ទៀត​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដោយ​លោក​ថ្លែង​ថា​ មាន​មនុស្ស​ជាង​៦០​នាក់ ​ដែល​បាន​ស្គាល់​រូបថត​របស់​ខ្លួន​ដូច​គ្នា​នេះ។

លោក​ទទូច​ឲ្យ​សាលាក្តី​ខ្មែរក្រហម​អប់រំ​អំពី​រឿងនេះ​ដើម្បី​កុំឲ្យ​មាន​ការ​យល់ ច្រឡំ​ ឬ​ភ្ញាក់ផ្អើល។​ លោក​បាន​បន្ថែម​ថា​ អ្នកទោស​ដែល​ជាប់​នៅ​គុក​ស២៤​ មាន​ចំនួន​តិច​ជាង​ស២១​ ហើយ​ទោស​នៅ​ទីនោះ​ក៏មាន​កម្រិត​ស្រាល​ជាង​ទោស​នៅស​២១​ដែរ៕

XS
SM
MD
LG