នៅកម្ពុជា មេធាវីការពារក្តីអតីតមេដឹកនាំខ្មែរក្រហមបីនាក់ដែលត្រូវឡើងតុលាការនៅចុងឆ្នាំនេះ បានអំពាវនាវដល់តុលាការអន្តរជាតិ ក្នុងទីក្រុងភ្នំពេញឲ្យដោះលែងពួកគេ។
ថ្ងៃច័ន្ទទី ៣១ ខែ មករា ត្រូវបានសម្គាល់ថា ជាលើកទី១ដែលអតីតមេដឹកនាំខ្មែរក្រហមបានបង្ហាញមុខព្រមគ្នានៅតុលាការអន្តរជាតិ ។ មេធាវីរបស់ពួកគេ បានសុំឲ្យតុលាការដោះលែងពួកគេមុនពេលកាត់ទោសដែលត្រូវគេ រំពឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ។
មេធាវីការពារក្តីបានប្រាប់តុលាការថា កូនក្តីចាស់ជរារបស់ខ្លួនបានស្ថិតក្នុងការឃុំឃាំងមុនកាត់ទោសយូរជាងច្បាប់តុលាការកំណត់។ អ្នកទាំង៣ដែលបានរងការចោទប្រកាន់ក្នុងតុលាការគឺ នួន ជា ប្រធានមនោគមវិជ្ជារបស់ចលនានោះដែលគេស្គាល់ថា ជាបងធំទី២ ខៀវ សំផន ជាប្រមុខរដ្ឋរបស់ចលនានោះ និងអៀង ធារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ។
ចុងចោទទី៤ គឺអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអៀង សារី មិនបានប្តឹងឧទ្ធរណ៍ចំពោះការកាត់សេចក្តីនាពេលថ្មីៗនេះរបស់តុលាការដែលតម្រូវឲ្យជនទាំង៤នាក់ត្រូវតែស្ថិតនៅក្នុងការឃុំឃាំងមុនពេលការកាត់ទោសរបស់ពួកគេទេ។
លោក អ៊ែឌ្រូ ខាយលី (Andrew Cayley) រដ្ឋអាជ្ញាអន្តរជាតិ និយាយកាលពីថ្ងៃច័ន្ទថា សំណើសុំដោះលែងរបស់នួន ជា ផ្ទុយនឹងយុត្តិសាស្រ្តអន្តរជាតិ។
លោកនិយាយថា បញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗ នួន ជាត្រូវតែស្ថិតនៅក្នុងការឃុំឃាំងពីព្រោះលោកបានបង្ហាញនូវសមត្ថភាពបំភិតបំភ័យដល់មនុស្សនៅក្រោមគាត់ក្នុងឋានានុក្រមខ្មែរក្រហម។
មានមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ដែរក្នុងចំណោមមនុស្សទាំងនោះ ដែលមានគម្រោងផ្តល់កសិណសាក្សីប្រឆាំងនួន ជា ហើយលោកខាយលីនិយាយថា សាក្សីផ្សេងទៀតក៏មានការភ័យខ្លាចក្នុងការផ្តល់កសិណសាក្សីនេះដែរ ។ លោកខាយលីថ្លែងថា៖
«តុលាការជាទីគោរព ដោយសារតួនាទីរបស់ចុងចោទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គាត់អាចដាក់សម្ពាធលើសាក្សី។ ជាពិសេស មនុស្សណានៅក្រោមអំណាចរបស់គាត់ ហើយជាការពិត មានភ័ស្តុតាងខ្លះរួចទៅហើយ»។
រដ្ឋអាជ្ញាក៏បានព្រមានដែរថា ពួកចុងចោទបានដឹងឈ្មោះសាក្សី។
តុលាការត្រូវគេរំពឹងថា នឹងធ្វើការសម្រេចលើសំណើដោះលែងក្នុងរយៈពេល៣០ថ្ងៃ។ នៅដើមខែនេះ ចុងចោទទាំង៤នាក់នោះ បានត្រូវរងការចោទប្រកាន់ពីអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មផ្សេងៗទៀតនៅក្រោមច្បាប់កម្ពុជា។ ពួកគេ បានបដិសេធការចោទប្រកាន់ទាំងនោះ។
មានមនុស្សយ៉ាងច្រើនរហូតដល់២លាននាក់ បានស្លាប់នៅក្រោមការគ្រប់គ្រងរបស់ចលនាខ្មែរក្រហមនៅកម្ពុជាពីចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
ប៉ុល ពតមេដឹកនាំចលនានោះបានស្លាប់នៅឆ្នាំ១៩៩៨ ហើយកាលពីឆ្នាំទៅ តុលាការបានកាត់ទោសសមមិត្តឌុច អតីតប្រធានសន្តិសុខរបស់ចលនានោះឲ្យជាប់ពន្ធនាគារ៣០ឆ្នាំ។ ទាំងរដ្ឋអាជ្ញា និងមេធាវីឌុច បានប្តឹងឧទ្ធរណ៍ ដែលនឹងត្រូវធ្វើសវនាការនៅចុងខែមិនា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន