អ្នករស់រានមានជីវិតពីគុកទួលស្លែង ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរបបខ្មែរក្រហម ព្រមទាំងមន្រ្តីអង្គការសង្គមស៊ីវិលប្រាថ្នាចង់ឃើញសាលាក្តីប្រល័យពូជសាសន៍កាត់ទោសពួកខ្មែរក្រហមផ្តន្ទាទោសចំពោះមេដឹកនាំកំពូលៗរបស់ខ្មែរក្រហមចំនួនបួនរូបឲ្យបានធ្ងន់ធ្ងរបំផុតទៅតាមទោសកំហុសដែលខ្លួនបានប្រព្រឹត្ត។
ការលើកឡើងនេះ បានកើតមានឡើងនៅក្នុងខណៈពេលដែលសាលាក្តីខ្មែរក្រហម បានបើកសវនាការជាបឋម ចំពោះសំណុំរឿង០០២ ដែលមានជនជាប់ចោទជាមេដឹកនាំខ្មែរក្រហមចំនួនបួនរូប គឺលោកខៀវ សំផន អតីតប្រមុខរដ្ឋ លោកនួន ជា អតីតប្រធានរដ្ឋសភា លោកអៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងភរិយារបស់លោក គឺអ្នកស្រីអៀង ធីរិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ដើរចុះពីអគារនៃអង្គជំនុំជម្រះរបស់សាលាក្តីខ្មែរក្រហម លោកវ៉ាន់ ណាត អាយុ៦៦ឆ្នាំមានសក់ពណ៌ស ជាអ្នករស់រានមានជីវិតមួយរូបពីគុកទួលស្លែង បានផ្តល់បទសម្ភាសន៍ជាមួយនឹងអ្នកកាសែតថា លោកសង្ឃឹមថា ទីបញ្ចប់ក្នុងសំណុំរឿង០០២នេះ នឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
«ចំាស្តាប់ការរៀបចំជាបឋមយើងសង្ឃឹមថា ទីបញ្ចប់យើងនឹងបានយុត្តិធម៌អំពីជំនុំជម្រះ០០២»។
កញ្ញាសេង ធារី ប្រធានសមាគមជនរងគ្រោះរបបខ្មែរក្រហមកម្ពុជា បានមានប្រសាសន៍ថា កញ្ញា មានភាពរន្ធត់នៅពេលដែលចូលរួមសវនាការកាត់ទោសជាបឋមរបស់សាលាក្តីខ្មែរក្រហមក្នុងសំណុំរឿង០០២ ដែលបានទន្ទឹងរង់ចាំជាយូរយាណាស់មកហើយ។
កញ្ញាបាននិយាយទៀតថា សវនាការថ្ងៃនេះ មានសារៈសំខាន់ ដែលយើងកំពុងទាមទារកយុត្តិធម៌ និងការណ៍ពិតចំពោះជនរងគ្រោះ។
«ថ្ងៃនេះខ្ញុំរីករាយ ដែលបានចូលរួមជាក់ស្តែងជាជនរងគ្រោះ ជាដើមបណ្តឹងរដ្ឋប្បវេណីនូវក្នុងការផ្តន្ទាទោសលើលោកនួន ជា លោកអៀង សារី លោកខៀវ សំផន ហើយលោកស្រី អៀង ធីរិទ្ធ។ អញ្ចឹងជាថ្ងៃអស្ចារ្យ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលខ្ញុំហើយជនរងគ្រោះផ្សេងៗទៀតរីករាយក្នុងការចូលរួម»។
នៅថ្ងៃដំបូងនៃសវនាការជាបឋម ជនជាប់ចោទដែលជាមេដឹកនាំខ្មែរក្រហមកំពូលៗទាំងបួនរូប មានវត្តមាននៅក្នុងបន្ទប់សវនាការ។ ក៏ប៉ុន្តែលោកនួន ជា បងធំទី២ នៅក្នុងរបបខ្មែរក្រហម បានដើរចេញពីបន្ទប់សវនាការបន្ទាប់ពីលោកបានសម្តែងការមិនពេញចិត្តចំពោះសាលាក្តីខ្មែរក្រហម។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូប បាននិយាយថា លោកសប្បាយចិត្តជាងករណីជំនុំជម្រះលោកកាំង ហ្កេកអ៊ាវ ហៅ ឌុច ទៅទៀត ដោយហេតុថា មេដឹកនាំនៅក្នុងរបបមួយត្រូវបាននាំយកមកកាត់ទោស។
លោកឡៅ ម៉ុងហៃ នៅពេលដែលលោករំលឹកដល់ការស្លាប់បាត់បង់ជីវិតរបស់បង ប្អូនពីរនាក់នៅក្នុងរបបខ្មែរក្រហមលោកបានសម្តែងការក្តុកក្តួលនិងប្រាថ្នាចង់ឲ្យសាលាក្តីខ្មែរក្រហមដាក់ទោសទណ្ឌមេដឹកនាំខ្មែរក្រហមទាំងបួនរូបឲ្យបានធ្ងន់ធ្ងរបំផុត។
«អាហ្នឹងធ្ងន់ជាងគេបង្អស់ពីព្រោះអ្នកទទួលខុសត្រូវខ្ពស់ជាងគេទាំងអស់។ បើចិត្តខ្លួនឯង អ្នកទទួលខុសត្រូវខ្ពស់ៗអញ្ចឹង គឺត្រូវដាក់ទណ្ឌកម្មឲ្យខ្ពស់បំផុត»។
លោក ជុំ មី អាយុ៨០ឆ្នាំ អ្នករស់រានមានជីវិតមួយរូបផ្សេងទៀតពីមន្ទីរឃុំឃាំងស២១ បាននិយាយថា លោករង់ចាំថ្ងៃសវនាការនេះជាយូរណាស់មកហើយ។ ហើយក្នុងចិត្តរបស់លោកមានការរីករាយតាំងពីលោកចូលរួមនៅក្នុងពិធីបួងសួងនៅវាលពិឃាតបឹងជើងឯកកាលពីសប្តាហ៍មុន។
«ថ្ងៃនេះ អារម្មណ៍របស់យើងសប្បាយចិត្តណាស់ យើងចូលរួមស្តាប់ ដើម្បីតើចៅក្រមព្រះរាជអាជ្ញា ហើយជនជាប់ចោទ គាត់មានប្រសាសន៍យ៉ាងម៉េច យើងចង់ដឹង»។
លោកស៊ុំ រិទ្ធី អាយុ៥៨ឆ្នាំ អតីតអ្នកទោសនៅភូមិភាគឧត្តរនៅមន្ទីរឃុំឃាំងគុកធំនៃខេត្តសៀមរាបបាននិយាយថា លោកចង់ដឹងការណ៍ពិតពីមេដឹកនាំខ្មែរក្រហមទាំងបួនរូបថាតើការកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់នៅក្នុងរបបខ្មែរក្រហមបានកើតមានឡើងដោយសារអ្វី។
«សូមមេដឹកនាំខ្មែរក្រហមទាំងបួនរូបនេះ និយាយការណ៍ពិត និងបង្ហាញការណ៍ពិតឲ្យជាតិ និងអន្តរជាតិ បានដឹងថា តើការកាប់សម្លាប់ពូជសាសន៍ឯង ដែលពិភពលោកគេមិនដែលដឹង គេមិនដែលឮ តើរឿងហ្នឹង វាចេញពីណាមក ហើយខ្ញុំសូមឲ្យគាត់និយាយពីការណ៍ពិត»។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យរបស់សាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ថា សវនាការថ្ងៃនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តមួយសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជនពិភពលោកទាំងមូលពីព្រោះសវនាការលើសំណុំរឿង០០២នេះ មានសារៈសំខាន់បំផុតបន្ទាប់ពីសវនាការរបស់ណាស៊ី ក្រោយពីសង្គ្រាមលោកលើកទីពីរ។
«សវនាការនេះ យើងគិតថា ជាដំណាក់កាលមួយដ៏សំខាន់បំផុតសម្រាប់ប្រជាជនកម្ពុជា ដោយសារថា ប្រជាជនកម្ពុជារង់ចាំជាយូរឆ្នាំមកហើយ នៅក្នុងការទន្ទឹងរង់ចាំនូវយុត្តិធម៌ ហើយឥឡូវនេះ ដំណើរការនៃការស្វែងរកយុត្តិធម៌នោះបានមកដល់ហើយ»។
សវនាការជាបឋម លើសំណុំរឿង០០២នឹងប្រព្រឹត្តទៅរយៈពេលចំនួនបួនថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៧ និងបញ្ចប់នៅថ្ងៃទី៣០ ខាងមុខនេះ។
ជនជាប់ចោទ មេដឹកនាំខ្មែរក្រហមទាំងបួនរូប ត្រូវបានចោទប្រកាន់ដូចៗគ្នា ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ មនុស្សឃាត ការធ្វើទារុណកម្ម និងការធ្វើទុកបុកម្នេញខាងផ្នែកសាសនា៕