ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​សម្លាប់​មនុស្ស​ជិត​២៥០​នាក់​និង​បន្ថយ​កំណើន​សេដ្ឋកិច្ច​


បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០១១។
បុរស​ម្នាក់​អូស​ពាង​កាត់​ទឹក​ជំនន់​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ខេត្ត​កណ្តាល​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០១១។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ ចំនួន​មនុស្ស​ស្លាប់​ដោយ​ទឹក​ជំនន់​បាន​កើន​ឡើង​ដល់​ប្រមាណ​២៥០​នាក់​រហូត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ដែល​ដំណាំ​ស្រូវ​ជាង​ ៣៩០.០០០​ហិកតា ​និង​ផ្លូវ​ជាតិ​ ផ្លូវ​លំ​ ប្រវែង​ជាង​២.៧០០​គីឡូម៉ែត្រ​ត្រូវ​បាន​ទទួល​រង​ការ​ខូចខាត។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ជាង​ទឹក​ជំនន់​ដែល​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០០០។

«រហូត​មក​ដល់​ពេល​នេះ ​តួលេខ​ខូចខាត​នៃ​ផ្នែក​ដំណាំ​ស្រូវ​ដោយ​មិនទាន់​គិត​ពី​ដំណាំ​កសិកម្ម​ដទៃ​ទៀត​ជាង​ ៣៩០.០០០​ហិកតា ​ដោយ​ស្មើ​នឹង​ ១៦​ភាគរយ​ នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ​របស់​យើង។​ ឯ​ការខូចខាត​ប៉ាន់ស្មាន​ជំហាន​បឋម​នេះ​ នឹង​ខូច​អស់​ជាង​ ១៩០.០០០​ហិកតា ​ស្មើនឹង​៧,៧៤ ​ភាគរយ។​ ផ្លូវ​លំ​មាន​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​មាន​ចំនួន​ ១.៩៧០​គីឡូម៉ែត្រ ​ការ​ខូច​តួ​ផ្លូវ​ចំនួន​៥៨៣​គីឡូម៉ែត្រ​ ការ​ដាច់​តួផ្លូវ​ចំនួន​៨៧​គីឡូម៉ែត្រ​ ...ចំនួន​មនុស្ស​ស្លាប់​មក​ដល់​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មាន​ចំនួន​កើន​ឡើង​ដល់​២៤៧​នាក់»។

លោក​នាយក​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ថា​ការ​ខូចខាត​នេះ​បាន​កាត់​បន្ថយ​កំណើន​សេដ្ឋកិច្ច​កម្ពុជាដែល​បាន​ព្យាករណ៍​ថា​ នឹង​មាន​ប្រមាណ​៧​ភាគរយ​ កាល​ពី​ពេល​មុន​នោះ​ បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦​ភាគរយ។

ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ជា​ប្រាក់​ប្រមាណ​៨​លាន​ដុល្លារ​អាមេរិក​ ប្រទេស​ជប៉ុន​ប្រមាណ​៣៣០.០០០​ដុល្លារ​អាមេរិក​ និង​សហរដ្ឋអាមេរិក​ចំនួន​ ៥០.០០០​ដុល្លារ​អាមេរិក​ សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​ថ្លែង​ថា​រដ្ឋាភិបាល​បាន​បម្រុង​ទុក​ថវិកា​ជាង​១០០​លាន​ដុល្លារ​អាមេរិក ​ដើម្បី​ធ្វើ​ការ​ស្តារ​ឡើង​វិញ​នូវ​ការ​ខូចខាត​ដោយ​ទឹក​ជំនន់​សម្រាប់​ឆ្នាំ​នេះ ​និង​ឆ្នាំ​ក្រោយ។

«ដោយឡែក​ឆ្នាំ​នេះ ​ថវិកា​ដែល​បាន​ត្រៀម​បម្រុង​ទុក​សម្រាប់​សង្គ្រោះ​ការ​ស្តារ​ឡើងវិញ ​គឺ​មាន​ចំនួន​ ២២១ ០០០ ០០០ ០០០​រៀល ​ស្មើនឹង​ជាង​ ៥៥​លាន​ដុល្លារ​អាមេរិក ​សម្រាប់​រយៈពេល​ពីរ​ខែ​នៃ​ទឹក​សម្រក​ចុង​ឆ្នាំ។ ​ប៉ុន្តែ​យើង​នឹង​ដាក់​ទៅ​ក្នុង​ថវិកា​ជាតិ​របស់​យើង​សម្រាប់​ឆ្នាំ​ក្រោយ​ ចំនួន​ទឹក​ប្រាក់​ ២០០ ០០០ ០០០ ០០០​រៀល ​ស្មើនឹង​ប្រហែល​៥០​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត​បូក​ជា​មួយ​នឹង​មូលនិធិ​ទ្រទ្រង់​ថវិកា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ប្រមាណ​ជា​ ១៦០ ០០០ ០០០ ០០០​រៀល​ ស្មើនឹង​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ថែម​ថា​ គិត​រហូត​មក​ដល់​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ ​រដ្ឋាភិបាល​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ ​បាន​ចំនួន​ ៧៦.៥៩៥​គ្រួសារ ​ហើយ​គណៈរដ្ឋមន្ត្រី​បាន​សម្រេច​បញ្ចេញ​ថវិកា​ និង​អង្ករ​សម្រាប់​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ ៤០.០០០​គ្រួសារ​បន្ថែម​ទៀត​ដែល​កំពុង​ត្រូវការ​ជំនួយ។

យ៉ាងណាក៏ដោយ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​ក្រុម​គណបក្ស​ប្រឆាំង​រិះគន់​ថា​មាន​ភាពយឺតយ៉ាវ។

លោក​ យ៉ែម ​បុញ្ញឫទ្ធិ ​អគ្គលេខាធិការ​គណបក្ស​សិទ្ធិ​មនុស្ស ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖​ «យើង​ឃើញ​ថា​ការជួយ​សង្គ្រោះ​នេះ​ហាក់​ដូច​ជា​មិន​ទាន់​មាន​ប្រសិទ្ធភាព​ ដែល​ទាន់​ពេលវេលា​នៅ​ឡើយ​ទៅ​តាម​សេចក្តី​ត្រូវការ​របស់​ជន​រងគ្រោះ។​ យើង​ឃើញ​វិធាន​ការ​មួយ​ចំនួន​ដែល​លោក​បាន​ចាត់ចែង​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ហ្នឹង ​ហាក់​បីដូច​ជា​មាន​ការយឺត​យ៉ាវ​ច្រើន​ ហើយ​រហូត​ដល់​ពេល​នេះយើង​មាន​ការ​ព្រួយ​បារម្ភ​មែនទែន​អំពី​ការខ្វះខាត​ស្បៀង​អាហារ ​ហើយ​នឹង​ថ្នាំ​សង្កូវ​ទៅ​ថ្ងៃ​អនាគត​ទៀត»។

លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ សម​ រង្ស៊ី ​បាន​ស្តី​បន្ទោស​វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការផ្តល់​ជំនួយ​យឺតយ៉ាវ​ដល់​ជន​រងគ្រោះ​ទឹក​ជំនន់ ​និង​ជំនួយ​អន្តរជាតិ​មាន​តិចតួច​ សម្រាប់​ជួយ​ដល់​ជន​រង​គ្រោះ។

«យើង​ត្រូវ​តែ​បង្កើន​យន្តការ ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស។​ ​បើ​សិន​ជា​យើង​ចាត់ការ​យឺតយ៉ាវ​របៀប​នេះ ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទទួល​រងគ្រោះ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត»។

លោក​ យឹម ​សុវណ្ណ ​បាន​បន្ថែម​ថា​ជំនួយ​របស់​រដ្ឋាភិបាល​ គឺ​ជា​ជំនួយ​ចេញ​ពី​ថវិកា​ជាតិ ​ហើយ​ជំនួយ​នេះ​មិន​ត្រូវ​យក​ទៅ​ធ្វើ​ប្រជា​ភិថុតិ​ ដើម្បី​កេង​ចំណេញ​នយោបាយ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​កំពុង​រង​គ្រោះ​ទឹក​ជំនន់​នេះ​ទេ៕

XS
SM
MD
LG