សៀមរាប៖ អាជ្ញាធរអះអាងថា ព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាប កំពុងត្រូវបានបំផ្លាញហួសពីទំហំដែលត្រូវរក្សាទុកទៅហើយ ដោយសារតែសកម្មភាពកាប់រានព្រៃយកដីធ្វើស្រែ និងយកដីទុកលក់ពីសំណាក់អ្នកមានលុយ មានអំណាចមួយចំនួន។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភាគខាងជើងមាត់បឹងទន្លេសាបក្នុងភូមិចុងឃ្នាស សង្កាត់ចុងឃ្នាស ចម្ងាយ១៨គីឡូម៉ែត្រពីក្រុងសៀមរាប គឺសុទ្ធតែជាវាលស្រែដែលគ្រប់ដណ្តប់ដោយដីល្បប់ពណ៌ខ្មៅ។
គ្របដណ្តប់ដោយដីល្បប់គឺដោយសារវាលស្រែទាំងនេះស្ថិតក្នុងតំបន់ព្រៃលិចទឹក ដែលអាជ្ញាធរមូលដ្ឋានអះអាងថា ត្រូវបានកាប់បំផ្លាញជាហូរហែ ដើម្បីយកធ្វើជាដីស្រែ។
លោកឯម ម៉ាន ចៅសង្កាត់ចុងឃ្នាស មានប្រសាសន៍នៅលើផ្ទះរបស់លោកថា ព្រៃលិចទឹកជាច្រើនរយហិកតាក្នុងចំណោមព្រៃលិចទឹកទំហំជាង៨ពាន់ហិកតាក្នុងឃុំរបស់លោក ត្រូវបានដុតបំផ្លាញនិងកាប់រានពីសំណាក់អ្នកមានលុយកាក់ និងអ្នកមានខ្នងបង្អែកធំៗមួយចំនួន នៅក្រៅឃុំរបស់លោក ដើម្បីយកដីព្រៃលិចទឹកទាំងនេះទុកលក់និងជួលឲ្យកសិករធ្វើស្រែចម្ការ។
«បទល្មើសវានៅតែមាន ពិសេសគឺអ្នកដែលមានអំណាចហ្នឹងហើយដែលបង្ករលក្ខណៈនេះ។ អញ្ចឹងហើយបានជារដ្ឋាភិបាលកំពុងទប់ស្កាត់បញ្ហាហ្នឹង។ បើអ្នកស្រុកសុទ្ធសាធមិនហ៊ានទេ។ គាត់ខ្លាច ប៉ុន្តែវាមានអ្នកអស់ទាំងហ្នឹងហើយគឺអ្នកមានលុយ មានអំណាចហ្នឹងឯង»។
លោកឯម ម៉ាន មានប្រសាសន៍បន្ថែមទៀតថា ការបាត់បង់ព្រៃលិចទឹកនៅជាប់នឹងមាត់បឹងទន្លេសាបនេះកាន់តែមានទំហំធំឡើង ដោយសារតែអាជ្ញាធរត្រឹមថ្នាក់មូលដ្ឋានរបស់លោកពុំអាចដោះស្រាយបញ្ហានេះបានទេ។
«សហគមន៍ខ្ញុំបង្កើតនេះថោកទាបណាស់ ព្រោះនិយាយអត់ឈ្នះគេ។ ដំបូងស្រែអ្នកឯងតែ១ហិកតាបួនជ្រុងទេ។ យើងទទួលស្គាល់ ថ្នាក់លើទទួលស្គាល់។ ដល់ចុងក្រោយមក វាចេះតែរាល លួចកាប់រាលដល់ទៅ៤ឬ៥ហិកតា។ យើងដោះស្រាយអត់បាន អត់មានអ្នកណាដោះស្រាយ។ អញ្ចឹងរហូតដល់សុទ្ធតែស្រែគេទាំងអស់ មានម្ចាស់ តែមិនមែនជាអ្នកចុងឃ្នាសទេ។ អ្នកចុងឃ្នាសជាអ្នកការពារ តែការពារមិនឈ្នះ»។
សូមបញ្ជាក់ថា ព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបគឺជាជម្រកដ៏សំខាន់បំផុតសម្រាប់ត្រីពងកូន នៅរដូវវស្សា ហើយក៏ជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះផ្សេងទៀតដែរ ដូចជាប្រភេទសត្វល្មូនជាង៤០ប្រភេទ បក្សីជាង២០០ប្រភេទ និងថនិកសត្វជាង៤០ប្រភេទផងដែរ ដែលរស់នៅក្នុងបឹងទន្លេសាបនេះ។ បឹងទន្លេសាប ដែលជាបឹងដ៏ធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះគឺជាប្រភពផ្តល់ត្រីដ៏សំខាន់បំផុតមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ៣លាននាក់។
ប៉ុន្តែរហូតមកដល់ពេលនេះ ព្រៃលិចទឹកទំហំប្រមាណ៣៧ម៉ឺនហិកតាហើយក្នុងចំណោមព្រៃលិចទឹកសរុបប្រមាណ១លានហិកតានៅជុំវិញបឹងទន្លេសាបនេះ ត្រូវបានកាប់និងដុតបំផ្លាញ។ ទំហំនៃការបាត់បង់នេះ បានឈានហួសពីកម្រិតអប្បបរមាដែលរដ្ឋាភិបាលបានកំណត់ទៅទៀត ពោលគឺទំហំព្រៃលិចទឹកយ៉ាងហោចណាស់៦៤ម៉ឺនហិកតាត្រូវបានរដ្ឋាភិបាលប្រកាសថា ត្រូវតែរក្សាទុកនៅជុំវិញបឹងទន្លេសាបដែលព័ទ្ធជុំវិញដោយខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងសៀមរាបនេះ ដើម្បីរក្សានិរន្តរភាពនៃបឹងដ៏ធំនេះ នេះបើយោងតាមអាជ្ញាធរទន្លេសាបដែលទើបបង្កើតថ្មីកាលពីខែមិថុនាឆ្នាំ២០០៩។
លោកចាន់ យុត្ថា អគ្គលេខាធិការនៃអាជ្ញាធរទន្លេសាបនេះមានប្រសាសន៍ថា អាជ្ញាធររបស់លោក បានចុះកំណត់ និងបោះបង្គោលព្រំផ្ទៃដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនេះ បានជិតចប់សព្វគ្រប់ហើយ ហើយនឹងដកហូតដីស្រែទាំងឡាយណា ដែលស្ថិតនៅក្នុងតំបន់ព្រៃលិចទាំងនេះ។
«ទោះបីជាកាប់ហើយ ហើយដីហ្នឹងក្លាយជាដីស្រែហើយក៏ដោយ ក៏យើងត្រូវតែដកហូតយកមកវិញដែរ។ អញ្ចឹងក្នុងការបោះបង្គោលព្រំដីព្រៃលិចទឹក ដែលអាជ្ញាធរទន្លេសាបនិងក្រសួងធនធានទឹកចុះធ្វើនេះ មានផ្ទៃដីមួយចំនួនបានក្លាយជាស្រែទៅហើយ ប៉ុន្តែដោយសារទីនោះ យើងមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថា ជាតំបន់ព្រៃលិចទឹក យើងត្រូវដកហូតយកមកវិញ»។
លោកណៅ ធួក ប្រធានរដ្ឋបាលជលផល មានប្រសាសន៍ថា លោកកំពុងស្រាវជ្រាវរកអ្នកមានអំណាចដែលនៅពីក្រោយខ្នងនៃការកាប់រានព្រៃលិចទឹកដើម្បីយកដីលក់ ឬធ្វើអាជីវកម្មផ្សេងៗ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ។
«ខ្ញុំកំពុងចាត់ឲ្យមន្រ្តីរបស់ខ្ញុំចុះធ្វើការស្រាវជ្រាវរកអ្នកណានៅពីក្រោយខ្នង ហើយវាអញ្ចឹងមែន។ អ្នកមានអំណាច ចៅហ្វាយខេត្តខ្លះហ្នឹងគាត់ឲ្យធ្វើតែម្តង។ យើងកំពុងតែស្រាវជ្រាវអាហ្នឹងដើម្បីចាត់វិធានការ»។
សូមរំឭកថា កាលពីខែមុន អាជ្ញាធរទន្លេសាបនិងក្រសួងធនធានទឹកបានបើកយុទ្ធនាការវាយកម្ទេចទំនប់អាងស្តុកទឹកបានចំនួន៣៥អាងក្នុងចំណោមអាងស្តុកទឹកសរុបចំនួន២៣៩អាង ដើម្បីរក្សាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបនេះ។
ហើយនៅថ្ងៃពុធ និងថ្ងៃព្រសហ្បតិ៍ទី១១ និងទី១២ ខែសីហានេះ អាជ្ញាធរទន្លេសាបដែលដឹកនាំដោយរដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមគឺលោក លឹម គានហោ នឹងបើកកិច្ចប្រជុំមួយនៅក្នុងទីក្រុងភ្នំពេញ ស្តីពីវិធានការការពារតំបន់ជុំវិញបឹងទន្លេសាប ដោយមានអភិបាលខេត្តទាំង៦នៅជុំវិញបឹងទន្លេសាបចូលរួមផងដែរ៕