អ្នកស្រី ហែម ព្រឿង កំពុងអង្គុយអែបនឹងជង្រុកស្រូវមួយធ្វើពីឈើប្រក់ស័ង្កសីទំហំប្រមាណ៣x ៦ម៉ែត្រនៅក្នុងភូមិព្រះធាតុនៃស្រុកកណ្តាលស្ទឹងចម្ងាយប្រមាណ៨គីឡូម៉ែត្រពីក្រុងតាខ្មៅក្នុងខេត្តកណ្តាល។
ជាកសិករស្ថិតក្នុងវ័យ៦២ឆ្នាំ អ្នកស្រីហែម ព្រឿងបានយកស្រូវរបស់អ្នកស្រីចំនួន១៥គីឡូក្រាមជារៀងរាល់ឆ្នាំមកសន្សំទុកក្នុងជង្រុកស្រូវរួមក្នុងភូមិនេះអស់រយៈពេល៥ឆ្នាំមកហើយចាប់តាំងពីជង្រុកនេះត្រូវបានបង្កើតឡើង។ ជង្រុកស្រូវរួមនេះ ផ្ទុកទៅដោយស្រូវដែលគេច្រកក្នុងការ៉ុងសរុបប្រមាណជាង៤តោន។
នៅក្នុងកិច្ចប្រជុំមួយរបស់សមាគមកសិករក្នុងភូមិស្តីពីការគ្រប់គ្រងជង្រុកឬដែលពួកគេហៅថា«ធនាគារស្រូវ»កាលពីចុងសប្តាហ៍កន្លងទៅ អ្នកស្រីហែម ព្រឿង ដែលជាសមាជិកម្នាក់ក្នុងសមាគមនេះបានមានប្រសាសន៍ថា អ្នកស្រីយកស្រូវមកសន្សំក្នុង«ធនាគារស្រូវ»នេះគឺដើម្បីបង្កើនជីវភាពរបស់អ្នកស្រីផងនិងដើម្បីដោះស្រាយស្ថានភាពលំបាក នៅពេលដែលគ្រួសារអ្នកស្រីជួបប្រទះការខ្វះខាតផង។
«ពីមុនដូចថា វាខ្វះខាត។ ឥឡូវដល់យើងសន្សំទៅដើម្បីកើនជីវភាពរបស់យើង។ សន្សំៗទៅស្រូវរបស់យើងកើនច្រើនទៅៗ»។
ដូចសមាជិកចំនួន២៥គ្រួសារផ្សេងទៀតដែរនៅក្នុងសមាគមកសិករគ្រប់គ្រង«ធនាគារស្រូវ»ក្នុងភូមិព្រះធាតុ គ្រួសាររបស់អ្នកស្រី ហែម ព្រឿងអាចទទួលបានការជាស្រូវចំនួន២០%បន្ថែមលើចំនួនស្រូវដែលអ្នកស្រីបានដាក់សន្សំក្នុង«ធនាគារស្រូវ»នេះនៅពេលដែលអ្នកស្រីសម្រេចចិត្តដកយកស្រូវសន្សំរបស់ខ្លួនវិញនោះ។ អ្នកស្រី ហែម ព្រឿងក៏អាចខ្ចីស្រូវពី«ធនាគារស្រូវ»នេះ យកទៅធ្វើពូជឬផ្គត់ផ្គង់ជីវភាពគ្រួសាររបស់អ្នកស្រីនៅពេលខ្វះខាតបានដែរ ដោយបង់ការជាស្រូវវិញក្នុងមួយឆ្នាំចំនួន២០%នៃចំនួនស្រូវដែលត្រូវខ្ចីនោះ។ នេះបើផ្អែកតាមប្រធានគណៈកម្មការគ្រប់គ្រង«ធនាគារស្រូវ»នេះគឺលោកឈឺន ផាត។
លោក ឈឺន ផាតដែលគ្រប់គ្រង«ធនាគារស្រូវ»ចំនួន៥ក្នុងស្រុកកណ្តាលស្ទឹងនេះមានប្រសាសន៍ថា ការបង្កើត«ធនាគារស្រូវ»សម្រាប់ទទួលសន្សំស្រូវរបស់កសិករនិងផ្តល់ស្រូវឲ្យពួកគេខ្ចីក្នុងអត្រាការស្រូវទាបនេះគឺដើម្បីទប់ស្កាត់ការខ្ចីបុលក្នុងអត្រាការប្រាក់ដ៏ខ្ពស់និងការកំណត់តម្លៃស្រូវពីឈ្មួញកណ្តាល។
«យើងបង្កើតឡើងដើម្បីទប់ស្កាត់ហ្នឹង។ ទី១យើងទប់ស្កាត់ការបុលបណ្តាក់ពីឈ្មួញដែលមានតម្លៃខ្ពស់។ ទី២គឺយើងសម្រាប់ទប់ស្កាត់នៅរដូវដែលយើងច្រូតកាត់ហ្នឹងដែលឈ្មួញទម្លាក់តម្លៃផលស្រូវដែលកសិករយើងធ្វើបានហ្នឹងឲ្យវាទាប»។
ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍកសិកម្មកម្ពុជាឬហៅថាអង្គការCEDAC នៅត្រឹមចុងឆ្នាំ២០០៤ អង្គការក្រៅរដ្ឋាភិបាលចំនួន១២០អង្គការ បានគាំទ្រ«ធនាគារស្រូវ»តាមភូមិចំនួនជាង៣.០០០ក្នុងខេត្តចំនួន១៨នៅទូទាំងប្រទេសកម្ពុជារួមមានជាអាទិ៍ ខេត្តកំពង់ធំ កំពង់ស្ពឺ ព្រៃវែង បាត់ដំបងនិងខេត្តកណ្តាលនេះជាដើម។ ប៉ុន្តែរហូតមកដល់ពេលនេះពុំមានតួលេខជាក់លាក់អំពីចំនួន«ធនាគារស្រូវ»នេះទេ។
យ៉ាងណាក៏ដោយ ប្រជាកសិករខ្មែរដែលមានចំនួនប្រមាណ៨០%នៃចំនួនពលរដ្ឋសរុប១៤លាននាក់ភាគច្រើននាំគ្នាលក់ស្រូវចេញក្រោយពីរដូវច្រូតកាត់រួច ដើម្បីយកប្រាក់ទៅសងថ្លៃជីនិងបំណុលផ្សេងៗទៀតដែលពួកគេបានខ្ចីពីឈ្មួញក្នុងពេលរដូវធ្វើស្រែ។ ការសម្រុកលក់ស្រូវចេញភ្លាមៗក្រោយពីប្រមូលផលនេះ បានធ្វើឲ្យឈ្មួញមួយចំនួនឆ្លៀតឱកាសទម្លាក់តម្លៃស្រូវរបស់ពួកគេនៅក្រោមតម្លៃទីផ្សារពិតប្រាកដ។
លោក ឆាយ ម៉េង នាយកកម្មវិធីអភិវឌ្ឍន៍សហគមន៍របស់អង្គការ ការីតាស់កម្ពុជា (Caritas Cambodia) ប្រចាំខេត្តកណ្តាល ដែលបានជួយសមាគមកសិករក្នុងការបង្កើត«ធនាគារស្រូវ»ក្នុងភូមិចំនួន១៧នៅក្នុងខេត្តនេះ មានប្រសាសន៍ថា ក្រៅពីដើម្បីជួយទប់ការទម្លាក់តម្លៃស្រូវពីសំណាក់ឈ្មួញកណ្តាលហើយនោះ«ធនាគារស្រូវ»ក្នុងភូមិនេះក៏ជួយទប់ស្កាត់ការហូរស្រូវចេញទៅកាន់ប្រទេសជិតខាងពោលគឺប្រទេសថៃនិងប្រទេសវៀតណាមផងដែរ។
«អាហ្នឹងវាអាចចូលរួមចំណែកក្នុងការប្រមូលស្រូវមួយ ដើម្បីជៀសពីការណ៍ដែលស្រូវរបស់យើងហូរចេញទៅប្រទេសជិតខាងរបស់យើងបាន»។
ប្រជាកសិករខ្មែរផលិតស្រូវបានប្រមាណ៨លានតោនក្នុងឆ្នាំ២០១០។ ក្នុងនោះជិតពាក់កណ្តាលឬប្រមាណ៣,៥លានតោនជាទិន្នផលលើសពីសេចក្តីត្រូវការក្នុងស្រុក។ នេះបើយោងតាមក្រសួងកសិកម្មកម្ពុជា។
ប៉ុន្តែ ចំនួនស្រូវរហូតដល់ជាង២,៥លានតោនឬស្មើនឹងប្រមាណ៧០%នៃផលស្រូវលើសពីសេចក្តីត្រូវការនោះបានហៀរចេញទៅប្រទេសជិតខាងជាពិសេសគឺប្រទេសវៀតណាមនិងថៃតែម្តងដោយសារកម្ពុជាមិនទាន់មានទុននិងសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឲ្យបានច្រើនសម្រាប់ស្តុកទុកក្នុងស្រុកនៅឡើយ។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។ ការហូរស្រូវចេញដ៏ច្រើនសន្ធឹកសន្ធាប់ទៅក្រៅប្រទេសនេះ បានធ្វើឲ្យប្រទេសកម្ពុជាខាតបង់ប្រាក់រាប់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ បើគិតពីតម្លៃបន្ថែមដូចជាអង្កាម កន្ទក់និងចុងអង្ករដែលបានក្រោយពីការកិនស្រូវទាំងនោះ។
របាយការណ៍សេដ្ឋកិច្ចរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាដែលបានចេញផ្សាយក្នុងខែមករាឆ្នាំ២០១១នេះបានលើកឡើងថា ការបង្កើត«ធនាគារស្រូវ»ក្នុងទ្រង់ទ្រាយធំជាលក្ខណៈផ្លូវការអាចជាដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយចំពោះបញ្ហានៃការហូរស្រូវចេញទៅប្រទេសជិតខាងនេះបាន។ របាយការណ៍បានបរិយាយថា ការធ្វើបែបនេះនឹងអាចឈានទៅសម្រេចឲ្យបានជោគជ័យតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសយ៉ាងតិចឲ្យបាន១លានតោនត្រឹមឆ្នាំ២០១៥។
គិតត្រឹម១០ខែដើមឆ្នាំ២០១០ កម្ពុជានាំអង្ករចេញបានចំនួនជិត៤សែនតោន។ នេះបើផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា។
លោក នៅ សីហា នាយកគ្រប់គ្រងការស្រាវជ្រាវនៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជាមានប្រសាសន៍ថា ថ្វីត្បិតតែបច្ចុប្បន្ន មានអង្គការក្រៅរដ្ឋាភិបាលជាច្រើនបានជួយបង្កើត«ធនាគារស្រូវ»តូចៗតាមភូមិក៏ដោយក៏«ធនាគារស្រូវ»ដែលមានស្រាប់ទាំងនេះមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រូបយកស្រូវក្នុងចំនួនច្រើនពីប្រជាកសិករបានទេ។
មិនទាន់មានលទ្ធភាពគ្រប់គ្រាន់គឺនៅត្រង់ថាសមាគមកសិករដែលគ្រប់គ្រង«ធនាគារស្រូវ»ខ្នាតតូចទាំងនេះមានទុនតិចតួចប៉ុណ្ណោះសម្រាប់ប្រមូលទិញស្រូវពីកសិករហើយពួកគេក៏គ្មានឧបករណ៍ធ្វើឱ្យស្រូវស្ងួតនិងកន្លែងទុកដាក់ស្រូវតាមស្តង់ដាបច្ចេកទេសខ្ពស់ដើម្បីរក្សាគុណភាពស្រូវឲ្យនៅល្អបានយូរនោះដែរ។
ដូច្នេះ លោក នៅ សីហា មានប្រសាសន៍ថា ការបង្កើត«ធនាគារស្រូវ»ខ្នាតធំជាលក្ខណៈប្រព័ន្ធដែលមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវនិងមានឧបករណ៍ចាំបាច់គ្រប់គ្រាន់នឹងជួយធានាដល់ការទប់ស្កាត់ការហូរស្រូវចេញទៅប្រទេសជិតខាងផងនិងជួយរក្សាតម្លៃស្រូវឲ្យបានសមរម្យសម្រាប់ប្រជាកសិករផង។
«ធនាគារស្រូវហ្នឹងគឺគាត់ជួយអញ្ចេះ។ គឺពេលស្រូវសម្បូរអញ្ចឹងទៅ កសិករជៀសវាងការលក់បង្ខំៗ ហើយយកស្រូវហ្នឹងទៅដាក់ធនាគារហ្នឹងទៅហើយបើថាគាត់ត្រូវការលុយគាត់អាចខ្ចីពីធនាគារហ្នឹងទៅសងបំណុលអីផ្សេងៗឬក៏ប្រើប្រាស់អីផ្សេងៗដែលដាក់ស្រូវហ្នឹងជារបស់ប្រចាំទៅគាត់វិញ»។
បច្ចុប្បន្នធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋាភិបាលដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនឯកជនមានទុនត្រឹមតែ៣៦លានដុល្លារសហរដ្ឋអាមេរិកឬស្មើនឹងប្រមាណ១០%ប៉ុណ្ណោះនៃចំនួនទុនសរុបដែលគេត្រូវការសម្រាប់ប្រមូលទិញស្រូវដែលលើសសេចក្តីត្រូវការពីប្រជាកសិករទាំងអស់។ រហូតមកដល់ពេលនេះ ប្រាក់ទុនចំនួន២០លានដុល្លារត្រូវបានបញ្ចេញទៅឲ្យក្រុមហ៊ុនឬសមាគមរោងម៉ាស៊ីនកិនស្រូវខ្ចីដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ។ នេះបើយោងតាមលោក ស៊ុន គន្ធ ប្រធានធនាគារអភិវឌ្ឍន៍ជនបទនេះ។
លោក ភួ ពុយ ប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវនិងជាប្រធានក្រុមហ៊ុនបៃតងផងដែរនោះមានប្រសាសន៍ថា សមាគមរោងម៉ាស៊ីនកិនស្រូវត្រូវការទុនច្រើនថែមទៀតដើម្បីមានលទ្ធភាពប្រមូលទិញស្រូវបន្ថែមឲ្យបានច្រើនពីកសិករនិងដើម្បីអភិវឌ្ឍម៉ាស៊ីនកិនស្រូវនិងឃ្លាំងស្តុកស្រូវឲ្យមានលក្ខណៈស្តង់ដាខ្ពស់ដើម្បីធានាដល់គុណភាពអង្ករសម្រាប់នាំចេញ។
«ដំណាក់ទី១ចាប់ផ្តើមពីឆ្នាំ២០១១ហ្នឹងទៅ យើងត្រូវការពី១០០ទៅ១៥០លានអញ្ចឹង។ សម្រាប់នាំចេញដែលយើងប្រមូលស្តុក កែច្នៃហ្នឹង ត្រូវតែ ត្រូវការថែមទៀតក្នុងការប្រមូលទិញហ្នឹង»។
លោកសាន វណ្ណទី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលបានគ្រោងថវិកាបន្ថែមដើម្បីផ្តល់ឲ្យសមាគមរោងម៉ាស៊ីនកិនស្រូវខ្ចីសម្រាប់ប្រមូលទិញស្រូវស្តុកទុកហើយ។
លើសពីនេះទៀត លោក សាន វណ្ណទី មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលក៏មានគោលនយោបាយទប់ស្កាត់ការហូរស្រូវចេញទៅប្រទេសជិតខាងរួចហើយដែរ តាមរយៈការបង្កើតយុទ្ធសាស្ត្រ«ទីផ្សារស្រូវបើកទូលាយ» ឬ «Open-Paddy Market» ដែលមានលក្ខណៈប្រហាក់ប្រហែលនឹង«ធនាគារស្រូវ»ដែរ ពោលគឺអនុញ្ញាតឲ្យប្រជាកសិករយកស្រូវមកផ្ញើក្នុងឃ្លាំងសហគមន៍ធំមួយដែលត្រូវបានរៀបចំតាមស្តង់ដាបច្ចេកទេសត្រឹមត្រូវដើម្បីធានាកុំឲ្យខូចគុណភាពស្រូវនោះ។
«Open-Paddy Market នេះចង់និយាយថា កសិករគាត់អាចប្រមូលស្រូវគាត់មកដាក់ដូចជាធនាគារស្រូវអញ្ចឹង។ គាត់ផ្ញើទៅដល់ខែថ្ងៃគាត់យកវិញ យកទៅលក់ ប៉ុន្តែ យើងមាន ដូចថាជាការបន្តិចបន្តួចសម្រាប់សហគមន៍គាត់ទេ។ អាហ្នឹងបម្រើសហគមន៍តែម្តង»។
លោក យ៉ង សាំងកុមារ នាយកមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជាឬហៅថាអង្គការCEDAC មានប្រសាសន៍ថា ខណៈដែលទីផ្សារនាំចេញបានកំពុងបើកទូលាយសម្រាប់អង្ករកម្ពុជា ប្រទេសកម្ពុជាត្រូវការជំរុញការនាំចេញអង្ករនេះបន្ថែមទៀត ដោយសារការធ្វើបែបនេះធ្វើឲ្យកម្ពុជាចំណេញច្រើនជាងការនាំចេញស្រូវ។
ប៉ុន្តែ លោកយ៉ង សាំងកុមារ មានប្រសាសន៍បន្ថែមថា ដើម្បីជំរុញការនាំអង្ករចេញបាន លុះត្រាតែកម្ពុជាមានកន្លែងស្តុកស្រូវទុកដោយខ្លួនឯង សម្រាប់កិនដើម្បីនាំអង្ករចេញ ដូច្នេះ ការរៀបចំកន្លែងស្តុកស្រូវទុកដូចជាការបង្កើត«ធនាគារស្រូវ»ជាដើមនេះគឺជាគំនិតដ៏ល្អមួយដែលគួរតែពិចារណា៕