ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចំពោះ​ការ​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ ផ្តល់​ដី​ដល់​អ្នក​ភូមិ​បឹងកក់


ក្នុង​រូបថត​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នេះ ក្មេងៗ​អង្គុយ​លើ​ដំបូល​​ផ្ទះ​ដែល​លិច​ទឹក​​​ក្នុង​តំបន់​បឹងកក់ ជា​​ទី​ដែល​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីងក៍ (Shukaku, Inc.) បាន​មូប​ខ្សាច់​​បំពេញ​បឹង​នេះ។ ប៉ុន្តែ​ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហ
ក្នុង​រូបថត​កាល​ពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​នេះ ក្មេងៗ​អង្គុយ​លើ​ដំបូល​​ផ្ទះ​ដែល​លិច​ទឹក​​​ក្នុង​តំបន់​បឹងកក់ ជា​​ទី​ដែល​ក្រុមហ៊ុន​ស៊ូកាគូ​អ៊ីងក៍ (Shukaku, Inc.) បាន​មូប​ខ្សាច់​​បំពេញ​បឹង​នេះ។ ប៉ុន្តែ​ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហ

ក្រុម​អ្នកវិភាគ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ក្នុង​ការ​ប្រគល់​ដី​ជាង​១២​ហិកតា​ទៅ​ឲ្យ​អ្នក​ភូមិ​បឹងកក់​ច្រើន​រាប់រយ​គ្រួសារ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ បាន​ទទួល​ផលចំណេញ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គមកិច្ច​ពី​សហគមន៍​ជាតិ​ និង​អន្តរជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចុះហត្ថ​លេខា​លើ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១១​ ខែ​សីហា​ ប្រគល់​ដី​ទំហំ​១២,៤៤​ហិកតា​ដល់​អ្នក​ភូមិ​ បឹងកក់​ប្រមាណ​១.០០០គ្រួសារ​សម្រាប់​កសាង​ផ្ទះ​សម្បែង​ បន្ទាប់​ពី​ធនាគារ​ពិភព​លោក​បាន​បង្កក​មូលនិធិ​ដល់​កម្ពុជា​ទាក់ទង​នឹង​ការបណ្តេញ​អ្នក​ភូមិ​បឹងកក់​ រហូត​ដល់​រដ្ឋាភិបាល​មាន​កិច្ចព្រមព្រៀង​សមហេតុ​សមផល​ជាមួយ​អ្នក​ភូមិ​បឹងកក់។

លោក សុក​ សំអឿន​ នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​បញ្ជាក់​ថា សេចក្តីសម្រេច​នេះ​ បាន​ចំណេញ​ផ្នែក​ការទូត​ នយោបាយ​ សេដ្ឋកិច្ច​ ជំនួយ​ហិរញ្ញវត្ថុ​ ពី​ធនាគារ​ពិភពលោក​ និង​សហគមន៍​ផ្តល់​ជំនួយ​អន្តរ​ជាតិ។ លោក​សំអឿន​ បាន​ប្រាប់​វីអូអេខ្មែរ​ថា៖

«ការ​ទទួល​ជំនួយ​ធនាគារ​ពិភពលោក​មាន​ជំនួយ​ផង​ និង​មាន​ប្រាក់​កម្ចី​ផង។​ យើង​ត្រូវ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ធនាគារ​ពិភពលោក​ច្រើន​ ហើយ​ធនាគារ​ពិភពលោក​បាន​ជួយ​យើង​ច្រើន។​ ដូច្នេះ​រឿង​អ្វី​មិន​ចំណេញ។​ ខ្ញុំ​ថា​សេចក្តី​សម្រេចគឺ​ជា​ការ​ឆ្លាត​វ៉ៃ។​ សេចក្តី​សម្រេច​មួយ​នេះ​មាន​ចំណេញ​ច្រើន​ណាស់​ គឺ​ចំណេញ​ទាំង​នយោបាយ​ ចំណេញ​ទាំង​ការទូត​ ចំណេញ​ទាំង​ហិរញ្ញវត្ថុ​ ចំណេញ​ទាំង​សេដ្ឋកិច្ច​ទាំង​អស់​ ហើយ​ចំណេញ​ទាំង​ការ​ទិញ​ទឹកចិត្ត​ពី​ប្រជាពលរដ្ឋ»។

លោក​ សៀ​ ភារម្យ​ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំ​នៅ​ឋាន​ បាន​ថ្លែង​ថា​ ប្រជាពលរដ្ឋ​បឹងកក់​បាន​ប្រើប្រាស់​យន្តការ​អន្តរជាតិ​ដើម្បី​គាបសង្កត់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​ដី​១២,៤៤​ហិកតា​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​នៅ​នឹង​កន្លែង។​ លោក​បន្តថា៖

«យើង​យល់​ឃើញ​ថា​ ការ​សម្រេច​ចិត្ត​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ផ្តល់​ដី​១២,៤៤​ហិកតា​នេះ​ គឺ​មាន​ការ​ដាក់​សម្ពាធ​ពី​ខាង​អន្តរជាតិ​ ជា​ពិសេស​អ្វី​ដែល​ជា​ទម្ងន់​ខ្លាំង​មែន​នោះ​ គឺ​ប្រជាពលរដ្ឋ​បែរ​ទៅ​រក​អន្តរជាតិ​វិញ​ ដោយសារ​ប្រជាពលរដ្ឋ​អត់​ជំនឿ​ទៅ​លើ​យន្តការ​របស់​រដ្ឋាភិបាល»។

លោក​ ចាន់​ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវ​ការ​ជំនួយ​ពី​ធនាគារ​ពិភពលោក​ដែល​ជា​ប្រភព​គួរ​ឲ្យ​ជឿជាក់​បាន​សម្រាប់​ម្ចាស់​ជំនួយ​ផ្សេង​ៗ​ទៀត​ ហើយ​រាល់​អនុសាសន៍​របស់​ធនាគារ​ពិភពលោក​មាន​ឥទ្ធិពល​ទៅ​លើ​ម្ចាស់​ជំនួយ​ និង​ប្រទេស​ទទួល​ជំនួយ។​ លោក​សុផល ថ្លែង​ថា៖

«ខ្ញុំ​យល់​ឃើញ​ថា​ សេចក្តី​សម្រេច​របស់​សម្តេច​នាយក​ស្រប​ទៅនឹង​គោល​បំណង​របស់​ធនាគារ​ពិភពលោក​ដែល​បាន​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ ទទួល​បាន​កម្មសិទ្ធិ​ដី​ធ្លី​ស្រប​ទៅ​តាម​គម្រោង​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី​ដែល​ធនាគារ​ពិភពលោក​បាន​ជួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​ ធនាគារ​ពិភពលោក​មាន​ឥទ្ធិពល​មួយ​ចំនួន។ ខ្ញុំ​ជឿជាក់​ថា ​មាន​ហេតុផល​ច្រើន​នាំ​ឲ្យ​មាន​ការសម្រេចចិត្ត​ ហេតុផល​ខាង​នយោបាយ​ ហេតុផល​ខាង​សេដ្ឋកិច្ច​ ហេតុផល​ខាង​សង្គមកិច្ច»។

លោក​ ចាន់​ សាវ៉េត​ ប្រធាន​ផ្នែក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ការ​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ នេះ​មាន​សម្ពាធ​ពី​ ធនាគារ​ពិភពលោក​ ប៉ុន្តែ​វា​ជា​ការ​បង្កើន​ជំនឿ​ទុក​ចិត្ត​ពី​សហគមន៍​អន្តរជាតិ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ ហើយកម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣។ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«យើង​មើល​ឃើញ​ថា ការ​លើក​ស្ទួយ​សិទ្ធិ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ និង​ការ​ចូល​រួម​ដោះស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ ប៉ុន្តែ​រឿង​ទំនាស់​ដី​ធ្លី​មាន​ច្រើន​ មិនមែន​មាន​តែ​ករណី​បឹងកក់​មួយ​ទេ​ ត្រូវ​តែ​មាន​ការ​ផ្តល់​ការ​ដោះស្រាយ​ឲ្យ​បាន​សមស្រប​ស្មើភាព​គ្នា»៕

XS
SM
MD
LG