អ្នកថតរូបខ្មែរវ័យក្មេងចំនួន៤នាក់ បានរួមគ្នាដាក់តាំងស្នាដៃរូបថតរបស់គេស្តីអំពីការវិវត្តរបស់ទីក្រុងភ្នំពេញ។ ការតាំងពិព័រណ៍រូបថតទាំងនេះ មានគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ឲ្យចូលរួមពិចារណាលើការវិវត្តយ៉ាងលឿននៃទីក្រុងរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។
រូបថតរាប់រយផ្ទាំងនៃអគារចាស់ៗដែលកំពុងត្រូវបានវាយកម្ទេចចោល និងអគារថ្មីៗដែលកំពុងត្រូវបានសាងសង់ឡើងខ្ពស់ត្រដែត នៅចំកណ្ដាលទីក្រុងភ្នំពេញ កំពុងត្រូវបានដាក់តាំងបង្ហាញជាសាធារណៈនៅក្នុងមជ្ឈមណ្ឌលបុប្ផាណា ក្នុងទីក្រុងភ្នំពេញ។
ពិព័រណ៍រូបថតនេះកើតចេញពីស្នាដៃរបស់យុវជនខ្មែរចំនួន៤នាក់ដែលបានចំណាយពេលអស់ជាង១ឆ្នាំ ក្រោមការណែនាំពីអ្នកថតរូបអាជីពជនជាតិស្វីសម្នាក់ ដើម្បីផ្តិតយកទិដ្ឋភាពនៃការវិវត្តនៃទីក្រុងភ្នំពេញនេះ តាមរយៈម៉ាស៊ីនថតរូបរបស់ពួកគេ។ រូបថតទាំងនេះ បង្ហាញពីការផ្លាស់ប្តូរសំណង់អគារនៅតាមទីតាំងល្បីៗមួយចំនួនក្នុងទីក្រុងដូចជាតំបន់បុរីកីឡា តំបន់មាត់ទន្លេ ពហុកីឡាដ្ឋានជាតិអូឡាំពិក និងនៅផ្លូវលេខ១៩ ជាដើម។
លោកព្រំ សិលា អ្នកថតរូបវ័យ២៣ឆ្នាំ ដែលបានដាក់តាំងបង្ហាញស្នាដៃរូបថតរបស់លោក ជាលក្ខណៈខ្សែភាពយន្ត បានថ្លែងនៅក្នុងពិធីបើកសម្ពោធពិព័រណ៍រូបថតរបស់លោក កាលពីថ្ងៃទី២ ខែកញ្ញានេះថា រូបថតរបស់លោក គឺចង់បង្ហាញអំពីការវិវត្តនៃស្ថាបត្យកម្មសំណង់របស់ខ្មែរ នាពេលបច្ចុប្បន្ននេះ។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំចង់បង្ហាញថា ភ្នំពេញគឺជាទីក្រុងមួយដែលចាស់ ប៉ុន្តែក្រោយមកទៀត វាមានកំណើនមនុស្សច្រើនឡើងៗ។ ពេលដែលមានមនុស្សច្រើនឡើងៗ វាមានបញ្ហាលំនៅដ្ឋាន ដូចជាអ្នកខ្លះចាប់ផ្តើមសាងសង់ផ្ទះល្វែងច្រើន ហើយផ្ទះល្វែងហ្នឹងមើលទៅដូចជារោងចក្រផលិតផ្ទះល្វែងនៅក្នុងទីក្រុងភ្នំពេញយើងអញ្ចឹង វាដូចៗគ្នា គ្រាន់តែដាក់ដំបូលពីលើមក វាទៅជាផ្ទះមួយនឹងគេដែរ។ វាអត់មានជា Architecture ឬ ស្ថាបត្យកម្មសិល្បៈដែលយើងអត់បានគិតអំពីថ្ងៃអនាគតថាតើកូនចៅរបស់យើងបានទទួលប្រយោជន៍អីពីហ្នឹង។»
អ្នកថតរូបម្នាក់ទៀតគឺលោកលីម សុខចាន់លីណា ដែលបានដាក់តាំងស្នាដៃរូបថតរបស់លោក បង្ហាញអំពីរបងស័ង្កសីដែលព័ទ្ធជុំវិញដីឬតំបន់អភិវឌ្ឍនានាក្នុងទីក្រុង មានប្រសាសន៍ថា ស្នាដៃរបស់លោកនេះ មានគោលដៅជួយបំផុសស្មារតីប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញឲ្យពិចារណាអំពីអនាគតនៃតំបន់ដែលព័ទ្ធជុំវិញដោយរបងស័ង្កសីទាំងនោះ ពោលគឺជួយឲ្យពួកគេគិតថាតើនឹងមានអ្វីកើតឡើងនៅទីនោះនៅពេលខាងមុខ។ លោកបន្តថា៖
«ការងាររបស់ខ្ញុំ ធ្វើឲ្យគាត់គិតអំពីការអភិវឌ្ឍក្រុងបន្ថែមទៀត ព្រោះធម្មតាយើងរស់នៅក្នុងទីក្រុងរបស់យើង យើងត្រូវដឹងថា ទីក្រុងរបស់យើងវាអភិវឌ្ឍដល់ណា អភិវឌ្ឍរបៀបម៉េច យើងត្រូវតែមានសិទ្ធិក្នុងការនិយាយថាតើទីក្រុងរបស់យើងគួរតែត្រូវអភិវឌ្ឍយ៉ាងម៉េច ហើយយើងក៏ត្រូវស្វែងយល់ផងដែរថាតើយើងពេញចិត្តក្រុងយើងឲ្យមានការអភិវឌ្ឍរបៀបណា។ ក្នុងការងាររបស់ខ្ញុំគឺអាចលើកជាសំណួរឲ្យពួកគាត់គិត រិះគិតពិចារណាអំពីការអភិវឌ្ឍទីក្រុងរបស់ពួកគាត់ផងដែរ។»
ទីក្រុងភ្នំពេញ ដែលគេធ្លាប់ស្គាល់ថាជា«គ្រាប់គុជនៅអាស៊ី»នេះ បានផ្លាស់ប្តូរក្នុងល្បឿនមួយយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារលំហូរនៃវិនិយោគទុនបរទេស និងស្ថិរភាពនយោបាយក្នុងប្រទេស។ បច្ចុប្បន្ន ទីក្រុងនេះ ស្ថិតនៅក្នុងរបត់ដ៏សំខាន់មួយ នៃការរៀបចំនគរូបនីយកម្មរបស់ខ្លួនដើម្បីឲ្យដូចទីក្រុងជឿនលឿននានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ប៉ុន្តែ របត់ដ៏លឿននេះ អាចជាគ្រោះថ្នាក់មួយសម្រាប់ស្ថាបត្យកម្មខ្មែរ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញនេះផងដែរ។ នេះបើតាមការអះអាងរបស់អ្នកនាង អាណា កាតារីណា សេដេចឺ (Anna Katharina Scheidegger) អ្នកថតរូបជនជាតិស្វីស ដែលបានដឹកនាំនិងរៀបចំឲ្យមានពិព័រណ៍រូបថតស្តីពីការវិវត្តនៃទីក្រុងភ្នំពេញនេះ។
អ្នកនាង អាណា កាតារីណា សេដេចឺ បានមានប្រសាសន៍ដោយមានការបកប្រែភាសាថា គ្រោះថ្នាក់សម្រាប់ស្ថាបត្យកម្មខ្មែរគឺដោយសារការវាយកម្ទេចអគារចាស់ៗដែលរចនាប្លង់ដោយស្ថាបត្យករខ្មែរ ហើយផ្លាស់ជំនួសវិញដោយអគារថ្មីៗដែលភាគច្រើនស្ថាបនាឡើងដោយក្រុមហ៊ុនបរទេស។ អ្នកនាងបន្តថា៖
«ឧទារហណ៍មួយដែលថា វាជាគ្រោះថា្នក់ចំពោះអគារចាស់ៗ។ តើយើងគួរធ្វើយ៉ាងណាចំពោះអគារចាស់ៗទាំងនោះ ពីព្រោះនៅពេលដែលយើងវាយរំលំឬវាយកម្ទេចអាគារទាំងនោះទៅ អគារចាស់ៗដែលជាប្រវត្តិសាស្ត្រ និងជាការចងចាំក៏ត្រូវបានបាត់បង់ ហើយប្រជាជនដែលរស់នៅទៅនោះ ក៏ត្រូវផ្លាស់ប្តូរទីកន្លែង។ ដូច្នេះ អគារចាស់ដែលត្រូវវាយចោលឬប្រជាជនដែលត្រូវជម្លៀសពីទីនោះ មិនអាចជួសជុលឬកែលម្អឲ្យមកដូចដើមបានទេ ហើយចំណុចសំខាន់តើយើងអាចរក្សាបាននូវអត្តសញ្ញាណ និងការចងចាំរបស់ខ្លួនឯងបានដែរឬទេប្រសិនបើយើងកម្ទេចអគារចាស់ៗទាំងនោះ។»
អ្នកនាង អាណាកាតារីណា សេដេចឺ មានប្រសាសន៍បន្ថែមទៀតថា ឆ្លងតាមពិព័រណ៍រូបថតនេះ ប្រជាជនកម្ពុជាអាចនឹងចោទជាសំណួរថាតើ ការផ្លាស់ប្តូរដ៏លឿននៃទីក្រុងភ្នំពេញនេះ គឺដើម្បីនរណាឲ្យពិតប្រាកដនោះ។
ពិព័រណ៍រូបថតស្តីពី«ការវិវត្តនៃទីក្រុងភ្នំពេញ»នេះ នឹងបើកជូនសាធារណជនចូលទស្សនាដោយសេរីនៅឯមជ្ឈមណ្ឌលបុប្ផាណារហូតដល់ថ្ងៃទី៣០ខែកញ្ញានេះ។
លោកសៅ សុភ័ក្រ្ត ប្រជាពលរដ្ឋម្នាក់នៅក្នុងទីក្រុងភ្នំពេញដែលបានទស្សនាពិព័រណ៍រូបថតនេះ មានប្រសាសន៍ថា ពិព័រណ៍នេះ បានធ្វើឲ្យលោកមានអារម្មណ៍សោកស្តាយចំពោះការបាត់បង់អគារចាស់ៗ ដែលជាកេរ្តិ៍ដំណែលពីបុរាណរបស់ខ្មែរ ដោយសារតែការអភិវឌ្ឍដ៏លឿននៃទីក្រុងភ្នំពេញ។ លោកថ្លែងថា៖
«វត្ថុទាំងអស់នោះ បើនៅស្រុកគេ គេថែរក្សា ហើយគេឲ្យតម្លៃមែនទែន ព្រោះថាវាបង្ហាញអំពី អ្វីៗដែលយើងមានពីមុន លក្ខណៈសម្បត្តិរបស់យើង។ ដល់ពេលបាត់បង់អស់ មិនដឹងថាយើងមានស្អីពីមុនទេ ដូចថាបាត់អត្តសញ្ញាណរបស់យើងមួយផ្នែក។ ដូច្នេះ យើងទាំងអស់គ្នាគួរតែចូលរួមថែរក្សា ដើម្បីរក្សាទុកវាបន្តទៅឲ្យកុលបុត្រខ្មែរយើងជំនាន់ក្រោយបានដឹងថាក្នុងសម័យកាលនេះ យើងមានអគារបែបនេះ យើងមានរចនាបទបែបនេះ។»
លោកសរ កុសល អ្នករៀបចំព្រឹត្តិការណ៍វប្បធម៌នៃមជ្ឈមណ្ឌលបុប្ផាណា មានប្រសាសន៍ថា បន្ទាប់ពីព័រណ៍រូបថតនេះ ត្រូវបិទបញ្ចប់ទៅនៅត្រឹមចុងខែ កញ្ញានេះ រូបថតទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យរបស់មជ្ឈមណ្ឌលរបស់លោក ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយ ឲ្យស្វែងយល់ពីសំណង់អគាររបស់ទីក្រុងភ្នំពេញនៅឆ្នាំ២០១០នេះ។