គេហទំព័រជាភាសាខ្មែរមួយទើបត្រូវបានបង្កើតឡើងក្នុងសប្ដាហ៍នេះដើម្បីផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពឲ្យបានទូលំទូលាយ។
ដោយសហការជាមួយគ្រូពេទ្យមួយក្រុមដែលមានគ្នាចំនួនប្រាំរូប អ្នកយកព័ត៌មានអាជីពមួយរូបបានសម្រេចបង្កើតគេហទំព័រឬវេបសាយ (website) ពិសេសមួយកាលពីថ្ងៃច័ន្ទដើម្បីជួយបម្រើដល់ផលប្រយោជន៍ផ្នែកសុខាភិបាលដែលកំពុងអន់ខ្សោយនៅក្នុងប្រទេសកម្ពុជា។
គេហទំព័រនេះមានឈ្មោះថាសុខភាពសម្រាប់ទាំងអស់គ្នានិងមានអាស័យដ្ឋាន www.health.com.kh។ គឺជាគេហទំព័រដែលនឹងផ្ដោតទៅលើការអប់រំផ្នែកសុខភាព ការស្រាវជ្រាវវេជ្ជសាស្ដ្រ និងព័ត៌មាននានា ដែលទាក់ទងទៅនឹងបញ្ហាផ្លូវភេទ ការថែរក្សាសម្រស់និងរបៀបជួយសង្រ្គោះមនុស្សនៅក្នុងគ្រាអាសន្នជាដើម។
លោកវេជ្ជបណ្ឌិត ងួន សេរ័ត្ន ជានាយកគ្រប់គ្រងវេបសាយសុខភាពនេះនិងជានិពន្ធរបស់កាសែតរស្មីកម្ពុជាមានប្រសាសន៍ថាការរួមគ្នាបង្កើតគេហទំព័រនេះឡើងនៅក្នុងគោលបំណងឆ្លើយតបទៅនឹងសេចក្តីត្រូវការធនធានវេជ្ជសាស្រ្តនិងសុខភាពជាភាសាខ្មែរ តាមរយៈការផ្តល់ព័ត៌មានសុខភាពដែលត្រឹមត្រូវដល់ប្រជាពលរដ្ឋកម្ពុជា។
លោកបានបញ្ជាក់ថា ការទទួលបានព័ត៌មានត្រឹមត្រូវពីបញ្ហាសុខភាពនឹងជួយដល់ប្រជាពលរដ្ឋកម្ពុជាអាចសន្សំសំចៃថវិកាសម្រាប់ការថែទាំសុខភាពបាន។
«មនុស្សយើងនៅពេលដែលមានព័ត៌មានកាន់តែច្រើនការសម្រេចចិត្តកាន់តែត្រឹមត្រូវ យល់ព័ត៌មាន ច្រើនអំពីសុខភាពបានន័យថាវាធ្វើឱ្យសុខភាពប្រសើរឡើងជាងមុខសម្រាប់គាត់កាលណាគាត់ យល់ដឹងពីការថែទាំសុខភាពរបស់គាត់ គឺពេលនោះគាត់អាចកាត់បន្ថយបានការចំណាយមិនចាំបាច់ សម្រាប់ព្យាបាលជំងឺដែលអាចនឹងកើតមានពីព្រោះវិធានការណ៍បង្ការមាននិងមានប្រសិទ្ធភាពជាង វិធានការព្យាបាល»។
នៅក្នុងការផ្សាយជាលើកដំបូងគេហទំព័រសុខភាពសម្រាប់ទាំងអស់គ្នាបានបង្ហាញអំពីគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតនៃការវះកាត់ពង្រីកសុដន់ ចំណុចសំខាន់ដែលគួរប្រតិបត្តិតាមសម្រាប់ការ ប្រើប្រាស់ឱសថដោយគ្មានវេជ្ជបញ្ជា បញ្ហានៃជំងឺក្រពះ ឬគ្រោះថ្នាក់សម្រាប់ក្មេងជំទង់មិនទាន់ពេញ វ័យក្នុងការញៀនការប្រើប្រាស់សារ ឬអ៊ិនធើណេតជាដើម។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការបង្កើតគេហទំព័រអំពីសុខភាពនេះត្រូវតែមានមានវិជ្ជាជីវៈ ការយល់ដឹងឱ្យបានខ្ពស់ និងត្រូវប្រយ័ត្នប្រយែងបំផុតពីព្រោះ កាលបើផ្តល់ព័ត៌មានណាមួយមិនបានត្រឹមត្រូវធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់សុខភាពរបស់ប្រជាពលរដ្ឋ។
«មិនមែនតែអ្នកណាចេះតែសរសេបានទេ។ ដូច្នេះសំខាន់ណាស់អាចសរសេរខុសអាចសរសេរលើស អាចសរសេរខ្វះ។ ដូច្នេះជាការងារមួយត្រូវពិនិត្យឱ្យបានច្បាស់លាស់អំពីជំនាញខាងពេទ្យនេះមិន មែនចេះតែសរសេរទេ។ សរសេរជួនកាលវាធ្វើឱ្យគ្រោះថ្នាក់ដល់ប្រជាជន»។
ផ្អែកតាមលោក ងួន សេរ័ត្ន ក្រុមគ្រូពេទ្យដែលចូលរួមបង្កើតគេហទំព័រ នេះសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាលនៅក្រៅប្រទេស ដូចជានៅប្រទេសបារាំង ប្រទេសបែលហ្ស៊ីក កូរ៉េខាងត្បូង និងប្រទេសវៀតណាមជាដើម។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការបង្កើតគេហទំព័រនេះគឺ ជាផ្នែកមួយបង្កើនការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
«ជាផ្នែកមួយក្នុងការជួយផ្សព្វផ្សាយដែរ ជាពិសេសនៅស្រុកខ្មែរយើងសារព័ត៌មានដោយការបោះពុម្ភ វាមានការលំបាកក្នុងការដឹកជញ្ជូន។ ដូច្នេះការប្រើអ៊ីនធើណេត គឺជាការសម្រួលមួយដែរដោយសារ យើងឃើញថានៅតាមខេត្ត វិទ្យាល័យ សាលារៀន ភាគច្រើនមានការភ្ជាប់អ៊ីនធើណេត ហើយអញ្ចឹង វាជាផ្នែកមួយបើកទូលាយដល់អ្នកដែលមានការយល់ដឹងឬចង់ដឹងពីបញ្ហានេះគឺអាចគេរកព័ត៌មានបានប៉ុន្តែនោះក៏វាទាមទារឱ្យផ្នែកជំនាញទាំងអស់សំខាន់ គឺយើងជួយមើលថាតើមានចំណុចខុសទេដើម្បី យើងកែកុំឱ្យមានការភាន់ច្រឡំបន្តគ្នាទៀត»។
ប្រទេសកម្ពុជាមានប្រជាពលរដ្ឋសរុបចំនួនប្រមាណ១៤លាននាក់។ ដោយឡែកប្រជាពលរដ្ឋដែលមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត មានចំនួនប្រមាណជាង៥០ម៉ឺននាក់។ ដូច្នេះការទទួលព័ត៌មានតាមប្រព័ន្ធអ៊ីនធើណេតនៅមានកម្រិតនៅឡើយ។
លោកងួន សេរ័ត្ន សង្ឃឹមថាប្រជាពលរដ្ឋដែលមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតនឹងជួយចែករំលែកព័ត៌មានដែលពួកគេទទួលបានទៅដល់ប្រជាពលរដ្ឋខ្មែរដទៃទៀតដែលមិនមានប្រព័ន្ធ អ៊ីនធើណេតប្រើប្រាស់ ឬអ្នកដែលមិនទាន់ចេះប្រើអ៊ីនធើណេត៕