ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​រដ្ឋ​សភា​កម្ពុជា ឡាវ និង​វៀតណាម​ពិភាក្សា​គម្រោង​អភិវឌ្ឍ​តំបន់​ត្រី​កោណ


ភ្នំពេញ៖ នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​អ្នក​ជំនាញ​បាន​អំពាវនាវ​ដល់​សមាជិក​សភា​នៃ​ប្រទេស​កម្ពុជា​ឡាវ និង​វៀតណាម​ឱ្យ​ធ្វើ​ការ​ពិភាក្សា​ដោយ​ប្រុង​ប្រយ័ត្ន​បំផុតលើ​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ ​ដើម្បី​ជៀស​វាង​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​និរន្តរភាព​បរិស្ថាន និងសង្គម។

ការ​អំពាវ​នាវ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុន​ពេល​ដែល​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា ឡាវ និង​វៀតណាម​ ​នឹង​ចាប់​ផ្តើម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​២​នៅ​ខេត្ត​ក្រចេះ​ចាប់​ពី​ថ្ងៃ​ទី​៧ ដល់​ទី​៨ ខែ​កក្កដា​នេះ ដើម្បី​ត្រួត​ពិនិត្យ​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​របស់​រដ្ឋាភិបាល​របស់​ខ្លួន។ តំបន់​ត្រីកោណ​មាន​ព្រំដែន​រួម ដែល​ក្នុង​នោះ​ប្រទេស​កម្ពុជា​មាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគីរី និងខេត្តរតនគីរី ប្រទេស​ឡាវ​មាន​ខេត្ត​អាត់តាពើ ខេត្តសារាវ៉ាន់ និង​ខេត្ត​សេកុង ហើយ​ប្រទេស​វៀតណាម​មានខេត្ត​ដាក់លាក ខេត្ត​ដាក់ណុង ខេត្ត​ចាឡៃ និង​ខេត្ត​កន្ទុំ។

លោក​ឈិត សំអាត នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ការ​ពិភាក្សា​របស់​សមាជិក​សភា​នៃ​ប្រទេស​ទាំង​៣​នេះ ត្រូវ​តែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​តំបន់​ត្រីកោណ​របស់​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ធានា​និរន្តរភាព​បរិស្ថាន និង​សង្គម​ព្រម​ទាំង​ទាមទារ​ឱ្យ​មាន​ការ​ចូល​រួម​ពី​សាធារណជន ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍ និង​មិន​ផ្តល់​ផល​អវិជ្ជមាន​ច្រើន​ ដល់​ប្រជាពល​រដ្ឋ​ក្រីក្រ​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ។ លោក​បន្ត​ទៀត​ថា៖

«យើង​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​៣​ធ្វើ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​គួរ​តែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​ការ​ចូល​រួម ​ជាពិសេស​ប្រជាពល​រដ្ឋ​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ទាំង​៣​ ដើម្បីធានា​ថា​ ការ​អភិវឌ្ឍ​របស់​យើង​នឹង​ធ្វើ​ឱ្យ​កាត់​បន្ថយ​ផល​ប៉ះពាល់ ហើយ​បង្កើន​ផល​ចំណេញ​ឱ្យ​បាន​ច្រើន និង​ដើម្បី​ធានា​សន្តិសុខ​នៅ​ក្នុង​តំបន់​ទាំង​៣​នេះ​ផង»។

លោក​នូវ សីហា សេដ្ឋវិទូ​នៃ​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​បញ្ជាក់​ថា លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​គម្រោង​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ​ដែល​មាន​សក្តានុពល​ទេសចរណ៍​ធម្មជាតិ​សម្រាប់​ជំរុញ​សកម្មភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ។ លោក​ថ្លែង​ថា៖

«បើ​គម្រោង​អភិវឌ្ឍ​ដំណើរ​ការ​មែន ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វា​នឹង​ផ្តល់​ផលវិជ្ជមាន​ទៅ​ដល់​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​យើង»។

លោក​ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​កម្ពុជា​ដែល​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​កម្ពុជា ឡាវ និង​វៀតណាម បាន​បញ្ជាក់​ថា៖

«យើង​គាំទ្រ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី នៅ​ក្នុង​តំបន់​ត្រីកោណ​នេះ​សំដៅ​ជំរុញ​ការ​កសាង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ដឹក​ជញ្ជូន​ត​ភ្ជាប់​គ្នា​គមនាគមន៍​ត​ភ្ជាប់​គ្នា ភ្លើង​អគ្គីសនី​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​តំបន់​សន្តិភាព​រួម។ ​សភា​ទាំង​បី​បាន​សម្រេច​ធ្វើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ក្នុង​គោល​បំណង​ពង្រឹង​ថែម​ទៀត​នូវ​ការ​គាំទ្រ​ដល់​នយោបាយ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ ដើម្បី​ដោះស្រាយ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ភាគតិច​នៅ​ក្នុង​តំបន់​នោះ»។

លោក​ឈាង វុន បាន​បន្ថែម​ថា នៅ​ក្នុង​ឆ្នាំ​២០០៧​ លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ឡាវ ​និង​វៀតណាម បាន​ផ្តួច​ផ្តើម​គំនិត​អភិវឌ្ឍន៏​តំបន់​ត្រីកោណ​ ហើយ​រដ្ឋសភា​នៃ​ប្រទេស​ទាំង​បី​បាន​ជួយ​សម្រប​សម្រួល និង​គាំទ្រ​ការ​ផ្តួច​ផ្តើម​គំនិត​នេះ។

XS
SM
MD
LG