ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបោះឆ្នោត​ជិតមក​ដល់​តែ​ការចូលរួម​របស់​លោក​សម រង្ស៊ី​នៅមិន​ច្បាស់​លាស់


មេដឹកនាំគណបក្សជំទាស់លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
មេដឹកនាំគណបក្សជំទាស់លោក សម រង្សី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។

វ៉ាស៊ីនតោន៖ តំណាង​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​ចង់​ឃើញ​មេដឹកនាំ​គណបក្ស​ជំទាស់​លោក សមរង្ស៊ី​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ចូលរួម​ក្នុង​ឆាក​នយោបាយ​កម្ពុជា​ដោយ​បាន​សង្កត់​ធ្ងន់​ពីសារៈ​ប្រយោជន៍​ដល់​នយោបាយ​របស់​ប្រទេស។

ក្តីក្តាំ​តុលាការ​រឿង​ពាក់ព័ន្ធ​នឹង​ការដក​បង្គោល​ព្រំដែន​ដែល​ឈាន​ទៅដល់​ការ​កាត់​ទោស​កំបាំង​មុខ​ឲ្យ​លោក​ សម រង្ស៊ី​ជាប់​គុក​១២​ឆ្នាំ​នោះ​បាន​រារាំង​មិន​ឲ្យ លោក ​សម រង្ស៊ី​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​នានា ប្រកួត​ប្រជែង​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។

លោក រ៉ាហ្វាអែល ដូចាវ ម៉ូរ៉េណូ (​Rafael ​Dochao​ Moreno)​ ភារៈធារី​នៃ​គណៈ​ប្រតិភូ​សហគមន៍​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​សារ​អេឡិច​ត្រូនិក​ថា៖

«យើង​ជឿថា​នយោបាយ​កម្ពុជា​នឹង​មាន​ផល​ប្រយោជន៍​ពី​ការបន្ត​ចូលរួម​ពាក់ព័ន្ធ​របស់​គាត់​(សម រង្សី)នៅ​ថ្ងៃ​អនាគត»។

ការថ្លែង​យ៉ាង​ដូច្នេះ​ដោយ​បញ្ជាក់​ថា​លោក ​សម រង្ស៊ីមាន​តួនាទី​យ៉ាង​លេច​ធ្លោ ក្នុង​នយោបាយ​កម្ពុជា​តាំងពី​ប្រទេស​នេះ​បាន​វិល​ត្រឡប់​ទៅ​កាន់​របប​នយោបាយ​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​១៩៩៣​ម្ល៉េះ។

លោក ម៉ូរ៉េណូ​អះអាង​ថា៖

«រាល់​អ្នក​នយោបាយ​ដែល​បំពេញ​តាម​លក្ខណៈ​ សម្បត្តិ​ច្បាប់​ដើម្បី​ក្លាយ​ជា​បេក្ខ ជន​ក្នុង​ពេល​បោះឆ្នោត​នានា​ ជា​ការណ៍​ពិត​គួរ​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការចូល​រួម»។

ក្រុម​អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​អះអាង​ថា​ការបោះឆ្នោត​មួយ​នឹង មិនមាន​ដំណើរ​ទៅមុខ​តាម​លក្ខណៈ​គតិយុត្តិ​ពេញលេញ​ទេ​ប្រសិន​បើ​គ្មាន​មេដឹកនាំ​គណបក្ស​ជំទាស់​ចូលរួម​តាម​ដំណើរការ​ប្រជាធិបតេយ្យ។

លោក​ ស្រី​ ​ជា វណ្ណាត​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា​និង​ជា​អតីត​នាយិការ​មជ្ឈ មណ្ឌល​អភិវឌ្ឍន៍​សង្គម​បាន​ថ្លែង​ថា​ទោះជា​ការបោះឆ្នោត​មាន​ភាព​ត្រឹម​ត្រូវ សុចរិត​ យុត្តិធម៌​យ៉ាងណា​ក៏​ដោយ​ក៏​ឃើញ​ថា​ មិន​ពេញ​លក្ខណៈ​ដោយសារ​មិន​មាន​វត្តមាន​របស់​មេដឹកនាំ​គណបក្ស​សម រង្ស៊ី​ផង​ហើយ​ការបោះឆ្នោត​នោះ​នឹង​ត្រូវ​បង្ហាញ​ថា​គណបក្ស​មួយ​មាន​ប្រៀប​ជាង​គណបក្ស​មួយ។

«ហើយ​បើ​កាលណា​ក្នុង​ការឃោសនា​បោះឆ្នោត ​ គណបក្ស​មួយ​មាន​ប្រៀប​ជាង គណបក្ស​មួយ​ ម្ល៉ោះ​ហើយ​លទ្ធផល​ អាចថា​មាន​លទ្ធផល​ខុស​គ្នា​ដោយ​សារ ដំណើរការ​ឃោសនា​បោះឆ្នោត​ហ្នឹង​មិន​ស្មើភាព​គ្នា»។

គណបក្ស​សម រង្ស៊ី​ជា​គណបក្ស​ជំទាស់​ធំ​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ទទួល បាន​អាសនៈ​២៦​ក្នុង​រដ្ឋសភា​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០០៨​ បើ​ប្រៀប​ធៀប​នឹង

គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​៩០ ​ក្នុង​ចំណោម​អាសនៈ​សរុប​ក្នុង រដ្ឋសភា​ចំនួន​១២៣។

លោក ​សម រង្ស៊ីត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​គុក​១២ឆ្នាំ​ក្រោយ​ពេល​ដែល ​លោក​បាន​ដក​បង្គោល​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​ពលរដ្ឋ​បាន​មកប្តឹង​រូប​លោក​ថា​អាជ្ញាធរ​ វៀតណាម​បាន​ដាំ​បង្គោល​នៅ​លើដី​ស្រែ​របស់​កសិករ។​ ប៉ុន្តែ​ប្រទេស​វៀត ណាម​ បាន​បដិសេធ​ហើយ​បាន​ស្នើសុំ​ឲ្យ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​សម រង្ស៊ី។

តាម​ច្បាប់​បោះឆ្នោត​ជន​ដែល​មាន​បទល្មើស​មិន​អាច​ឈរ​ឈ្មោះ​ជា​បេក្ខជន​បាន​ទេ​ ក៏​ប៉ុន្តែ​លោក​ សម រង្ស៊ី​បាន​អះអាង​ថា​ក្តីក្តាំ​លោក​ជា​ករណី​នយោបាយ​អាច​នឹង​ដោះស្រាយ​តាម​ផ្នែក​នយោបាយ​មុនការបោះឆ្នោត​ឈាន​មក​ដល់។

លោក​ ជៀម យាប​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​អ្នកតំណាង រាស្ត្រ​បាន​អះអាង​ថា​ករណី​លោក​សម រង្សី​គឺ​ច្រក​ចេញ​អាច​មាន​ គឺ​ត្រូវ​ធ្វើតាម​ច្បាប់​អាច​នាំ​ទៅ​ដល់​ការ​លើក​លែង​ទោស​ដែល​សភា​ត្រូវធ្វើ​ និង​តាម​សំណើ​នាយក​រដ្ឋមន្ត្រី​ទៅកាន់​ព្រះ​មហាក្សត្រ​លើក​លែង​ទោស។

«យើង​មិន​មែន​ចង់​ឲ្យ​ខ្មែរ​បែក​បាក់​គ្នា​នោះ​ទេ​ ឲ្យ​ខ្មែរ​មើល​មុខ​គ្នា​មិន​ត្រង់​នោះ​ទេ​ ប៉ុន្តែ​ក្នុង​កាលៈ​ទេសៈ​ខ្លះ​គឺថា​យើង​ត្រូវ​តែ​សម្រប​សម្រួល​មិន​ ថា​ឲ្យ​ទៅ​ធ្វើ​ខុស​នោះ​ទេ»។

លោក​ ជៀម យាប​បាន​ចាត់​ទុក​ការដក​បង្គោល​ព្រំដែន​និង​ការផ្សព្វ​ផ្សាយ ឯកសារ​ព្រំដែន​ជា​ទង្វើ​ធ្ងន់ធ្ងរក្រៅពី​បាន​បញ្ជាក់​ថា​លោក ​សម រង្ស៊ី​គួរ​ជ្រើស យក​របៀប​ប្រឆាំង​ផ្សេង​វិញ​ ក៏​ប៉ុន្តែ​លោក ​សម រង្ស៊ី​ធ្លាប់​អះអាង​ថា​លោក​គ្រាន់ តែ​បំពេញ​តួនាទី​របស់​លោក​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ដែនដី​និង​ជួយប្រជា​ពលរដ្ឋ​ដែល​មក​ប្តឹង​លោក។

លោក​ ហង្ស ឆាយា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ បាន​អះអាង​ថា​ដៃគូ​នយោបាយ​គួរ​ត្រូវ​ពិភាក្សា​គ្នា​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​ឲ្យ​មេដឹកនាំ​ប្រឆាំង​ដែល​ពលរដ្ឋ​បោះឆ្នោត​ជូន​ផងនោះ​បាន​ចូលរួម​ក្នុង​ការបោះឆ្នោត។ លោក​ឆៃយា​បាន​អះអាង​ថា​បើ​ពុំ​ដូច្នោះ​ទេ​មិនអាច​ចាត់ទុក​ថា​កម្ពុជា​ជា​ប្រទេស​ប្រជា​ធិបតេយ្យ​ទេ។

«ហើយ​អ្នក​ដឹកនាំ​ទាំងអស់​ដែល​បាន​ជ្រើស​ទៅ​បោះឆ្នោត​នោះ​គឺថា​ត្រូវ​ធ្វើការ​រួមគ្នា​ដើម្បី​ដឹកនាំ​ប្រទេស​ បើមួយ​បែក​នៅ​ក្រៅ​ប្រទេស​ធ្វើការ​ហ្នឹង​ម៉េច​បាន? ម្ល៉ោះ​ហើយ ​រឿងនេះ​ហើយ​ដែល​ហៅ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​យើង​ចង់​ឲ្យ​បាន​ មាន​ការពេញលេញ​ មាន​ការពិគ្រោះ​គ្នា​ មាន​ការពិភាក្សា​គ្នា​ បើ​មួយ​ជា​គណបក្ស​ប្រឆាំង​ដែល​ប្រជាជន​ស្រឡាញ់​ ប្រជា​ពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ ហើយ​គាត់​ នៅ​ក្រៅ​ប្រទេស​គាត់​ធ្វើការ​ម៉េច​កើត»។

លោក​ ឆៃយា​បាន​បន្ត​ថា​អ្នក​នយោបាយ​គួរ​ចាប់ផ្តើម​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ប្រសើរ​វិញ​ហើយ​ពុំ​គួរ​ទុក​ឲ្យ​ស្ថាន​ការណ៍​បាក់បែកបន្ត​អូសបន្លាយពេល​យូរ​តទៅ​ទៀត​ទេ។

«ត្រូវតែ​មាន​ការយោគ​យល់​គ្នា​ទៅវិញ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​បាន​ប្រទេស​កម្ពុជា​យើង​ហ្នឹង​ផ្នែក​ដឹកនាំ​ហ្នឹង​ផ្នែក​នយោបាយ​ហ្នឹង​ឲ្យ​បាន​មាន​ស្ថេរភាព​ឡើង​ដើម្បី ឲ្យ​ការបោះឆ្នោត​ទៅក្នុង​ពេល​ឆាប់ៗ​នេះ​ មិនយូរ​ប៉ុន្មាន​ទេ​ហ្នឹង​ឲ្យ​មានប្រសិទ្ធ ភាព​ឡើង​ ហើយ​សហគមន៍​អន្តរជាតិ​និង​មើលមក​ឃើញថា​ប្រទេស​កម្ពុជា​វា លែង​មាន​ជម្លោះ​ដូចមុន​ជា​ប្រវត្តិសាស្ត្រ​នោះ​ មានន័យ​ថា​យើងអាច​ធ្វើការ ជាមួយ​គ្នា​បាន​ជា​មួយ​គណបក្ស​ទាំងអស់​ដើម្បី​ប្រទេស​ជាតិ​ វាសនា​ប្រទេស​ ជាតិ»។

លោក ​រ៉ាហ្វាអែល ដូចាវ ម៉ូរ៉េណូ​ មាន​ជំនឿថា​សង្គម​កម្ពុជា​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មានភាព​នឹងនរ​ហើយ​នឹងមាន​ភាព​ចាស់ទុំ​ល្មម​ក្នុងការ​ដោះស្រាយ​ការខ្វែង​យោបល់​គ្នា​ទាក់ទង​នឹង​ករណី​លោក​ សម រង្ស៊ី​ដែលបញ្ហា​នោះ​គឺ​ការពិភាក្សា​ផ្នែក​នយោបាយ​ជា​ការតម្រូវ​យ៉ាងចាំ​បាច់។ លោក​បន្ថែម​សេចក្តី​ថា​សហគមន៍​អឺរ៉ុប​មិន​ដើរ​តួរ​សម្របសម្រួល​ នយោបាយ​ក្នុង​ស្រុក​របស់​កម្ពុជា​ទេ​ គឺ​សម្រេច​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស។ លោក​ម៉ូរ៉េណូ​គ្រាន់​តែ​អះអាង​ថា៖

«ទោះ​ជា​យ៉ាងណា​ក៏​ដោយ​, មាន​ឱកាស​ជា​ច្រើន​, យើង​បាន​បញ្ជូន​សារ ​ទៅកាន់​គណបក្ស​ទាំងអស់​ ក្នុង​ប្រទេស​កម្ពុជា​អំពី​ជំនឿ​របស់​យើងថា​កិច្ចសន្ទនា​ ប្រកប​ដោយ​ស្ថាបនា​ និង​ បើក​ចំហរ​គឺ​ជា​ចំណុច​សំខាន់​ដើម្បី​ការពិភាក្សា​នយោបាយ​ក្នុង​ប្រទេស​នានា»។

ក្រៅពី​រំពឹង​ថា​នឹងមាន​ការធ្វើឲ្យ​ប្រសើរ​ចំពោះ​ប្រព័ន្ធ​បោះឆ្នោត​ តុល្យភាព​នៃ ប្រព័ន្ធ​ផ្សព្វផ្សាយ​ ការ​ក្លែង​បន្លំ​ឯកសារ​បោះឆ្នោត​ជាដើម​នៅពេល​បោះឆ្នោត​ខាង មុខ​នោះ​ លោក​ម៉ូរ៉េណូ​បាន​កោតសរសើរ​ពី​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ថា​ បាន​បោះ​ជំហាន​ទៅមុខ​ក្នុង​រយៈពេល​១៨ឆ្នាំ​ចុង​ក្រោយ។ លោក​បាន​ចង្អុល​បង្ហាញ​ពី​ការ​បំបាត់ ​អំពើ​ហិង្សា​ពី​ដំណើរការ​នយោបាយ​និង​ការកើន​ឡើង​នូវ​វិជ្ជាជីវៈ​នៃ​អ្នកនយោបាយ​កម្ពុជា​ក្នុង​ការទទួល​ខុស​ត្រូវ​របស់​ពួកគេ​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន៕

XS
SM
MD
LG