ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្រករបៀង​សេដ្ឋកិច្ច​ផ្តល់​ផលប្រយោជន៍​និង​ក្តីកង្វល់


ក្រុម​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​ភ្ជាប់​បណ្តាញ​ផ្លូវជន​បទ​ទៅ​ទី​ក្រុង​និង​ឆ្លង​កាត់​ព្រំ​ដែននេះ នឹង​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជន​​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​នេះ។
ក្រុម​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​ភ្ជាប់​បណ្តាញ​ផ្លូវជន​បទ​ទៅ​ទី​ក្រុង​និង​ឆ្លង​កាត់​ព្រំ​ដែននេះ នឹង​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជន​​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​នេះ។

ប្រទេស​កម្ពុជា​កំពុង​បង្កើត​ច្រក​របៀង​សេដ្ឋកិច្ច​មួយ​ទៅ​តាម​គំនិត​ផ្តួច​ផ្តើម​របស់​បណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ប្រយោជន៍​គឺ​ដើម្បី​ជំរុញ​សេដ្ឋ​កិច្ច​របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ឡើង។ ប៉ុន្តែ ការធ្វើ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ឆ្លង​កាត់​ព្រំដែន​នេះ​បាន​នាំ​មកនូវ​ទាំង​ការ​អភិវឌ្ឍ​ផង​ទាំង​ការព្រួយ​បារម្ភ​ផងសម្រាប់ប្រជា​សហគមន៍​ជនបទ​នៃ​ប្រទេស​នេះ។

ប្រទេស​កម្ពុជា​កំពុង​ព្យាយាម​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ខ្លួន​បន្ថែម​ទៀត​ជាពិសេស​គឺ​បណ្តាញ​ផ្លូវ​ថ្នល់​នៅ​តាម​ជនបទ​ ដើម្បី​ភ្ជាប់​ខ្លួន​ទៅ​នឹង​បណ្តា​ប្រទេស​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​រួម​មាន​ថៃ ឡាវ​ និង​វៀត​ណាមជាដើម។

ការភ្ជាប់​ខ្លួនទៅក្នុង​តំបន់​នេះគឺដើម្បី​បង្កើត​ច្រក​របៀង​សេដ្ឋ​កិច្ច​ដ៏​ធំ​មួយ​ប្រយោជន៍​គឺ​ទាញ​យក​ផល​ចំណេញ​ពីវិស័យ​ទេសចរណ៍ ​ពាណិជ្ជកម្ម​និងការ​វិនិយោគ​ឆ្លងកាត់​ព្រំដែននៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​នេះ។

តួយ៉ាង ប្រជា​ពលរដ្ឋ​មួ​យ​ចំនួន​ដែល​រស់​នៅ​ក្នុង​ស្រុកប្រាសាទ​សំបូរ​ក្នុង​ខេត្ត​កំពង់ធំ​នេះ កំពុង​ទទួល​បាន​ផល​ចំណេញ​នេះជា​បណ្តើរៗ​ហើយ​ បន្ទាប់​ពី​ផ្លូវ​មួយ​ខ្សែ​ចូល​មក​កាន់​តំបន់​រម្មណីយ៍​ដ្ឋាន​ទេសចរណ៍​នេះ ត្រូវ​បាន​កែ​លម្អ​ឡើង​វិញ​នៅ​ពេល​ថ្មី​ៗ​នេះ។

អ្នកស្រី គង់ សុភី គឺ​ជា​ម្ចាស់ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុហ៍​នេះ។

«កាល​ពី​ផ្លូវ​លំបាក ភ្ញៀវ​អត់​សូវ​មក ដល់​ឥឡូវ​ផ្លូវ​គេ​ធ្វើ​ស្រួល​អញ្ចេះ​ទៅ ភ្ញៀវ​គេ​មក​ច្រើន មក​ច្រើន​ទៅ ខ្ញុំ​លក់​ដូរ​ក៏​ដាច់​ដែរ»។

ផលប្រយោជន៍​នៃ​ការកសាង​ឬស្តារ​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ​ថ្នល់​ជនបទ​នេះ ក៏​ត្រូវ​បាន​បន្ទរ​ផង​ដែរ​ដោយ​លោក តែម​ ប៊ុន​តេង​ ជា​អ្នក​នាំ​ភ្ញៀវ​នៅ​ក្នុង​តំបន់​ទេសចរណ៍​នេះ។

«ប្រជា​ជន​នៅ​ទីនេះ គំនិតនីមួយៗ​គឺ​នៅ​សហគមន៍​ខ្ញុំ​ផ្ទាល់​ គាត់​ចង់​ឲ្យផ្លូវ​ហ្នឹង​ល្អ ពី​ព្រោះ​បើ​ផ្លូវ​ហ្នឹង​គ្រលុក វា​ធ្វើ​ឲ្យ​ភ្ញៀវ​ជួនកាល​គាត់​ចង់​មកអត់​បាន​មក ហើយ​ទី​២​ អ្នក​ដែល​មក​ទីនេះ ជិះឡាន​មក វា​កោស​ឡាន​គាត់ឬ​ក្រុមហ៊ុន​ឡាន​ធំៗ កោស​ឡាន​គាត់​ក្រពិត​អស់​អី​ទៅ គាត់​ត្រូវ​ការ​បក​ត្រឡប់​ទៅ​វិញ ម្ល៉ោះ​ហើយ​បើ​ផ្លូវ​កាន់​តែ​ល្អ ភ្ញៀវ​មក​កាន់​តែ​ច្រើន​ សហគមន៍​របស់​ខ្ញុំ​ក៏​ទទួល​ផល​បាន​ច្រើន»។

អ្នក​ស្រី អ៊ីនហ្គ្រីដ អូវស្តេហ្គិន(​Ingrid Overstegen) គឺជា​អ្នក​ទេសចរណ៍​មក​ពី​ប្រទេស​ហុល្លង់ មាន​ប្រសាសន៍​ថា៖

«វា​មាន​សារៈ​សំខាន់​ណាស់ ដោយ​សារ​ទី​នេះ​គឺ​ជា​កន្លែង​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​ទេសចរណ៍​ចង់​មក​មើល​ទីនេះ ហើយ​ពួកគេ​នាំយកលុយ​ចូល​មក​ប្រទេស​របស់​អ្នក ។ អញ្ចឹង​ វា​ជា​ការ​ប្រសើរ​ណាស់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​របស់​អ្នក»។

ក្រុម​អ្នក​សេដ្ឋកិច្ច​លើក​ឡើង​ថា ការ​ភ្ជាប់​បណ្តាញ​ផ្លូវជន​បទ​ទៅ​ទី​ក្រុង​និង​ឆ្លង​កាត់​ព្រំ​ដែននេះ នឹង​សម្រួល​ដល់​ការ​ចេញ​ចូល​របស់​ប្រជាជននៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ​នេះ។ ជាលទ្ធផល ចលនានេះ​នឹង​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ឋ​របស់​ប្រទេស​នៅ​ក្នុង​តំបន់នេះ​ទាំងមួល។

លោក អាជុន ហ្គោសស្វាមី(Arjun Goswami) នាយក​ផ្នែក​សហការ​និងប្រតិបត្តិការ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​VOA ផ្នែក​ខេមរភាសា​នៅ​ឯ​សន្និសីទ​មហា​អនុ​តំបន់​ទន្លេមេគង្គ​សម្រាប់​ការអភិវឌ្ឍ​ច្រក​របៀង​សេដ្ឋ​កិច្ច​ភាគ​ខាង​ត្បូងដែល​ធ្វើ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ កាល​ពី​សប្តាហ៍​មុន។

«មាន​សក្តានុពល​យ៉ាង​ធំ​ធេង​ខាង​វិស័យ​ទេសចរណ៍​និង​កសិកម្ម។ ឥឡូវវិស័យ​ទាំង​ពីរ​នេះ​ទាក់​ទង​នឹង​បម្លាស់ទី​របស់​ប្រជា​ជនឬ​បម្លាស់ទីនៃ​ទំនិញ​និង​ផលិតផល​កសិកម្មឆ្លង​កាត់​ព្រំដែនពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​គឺ​អាស្រ័យ​ទៅ​លើ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិឲ្យ​បាន​ល្អ​ប្រសើរ»។

ប៉ុន្តែ ទន្ទឹម​នឹង​ផល​វិជ្ជមាន​ទាំង​នេះ ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​ឆ្លងកាត់ព្រំដែនក្នុង​ច្រក​របៀង​សេដ្ឋ​កិច្ច​របស់​មហាអនុតំបន់​ទន្លេមេគង្គនេះ ក៏​នាំ​មក​នូវ​ទុក្ខកង្វល់​សម្រាប់​ប្រជា​សហ​គមន៍​មូល​ដ្ឋានមួយ​ចំនួនផងដែរ ជា​ពិសេស​ទាក់​ទង​ទៅ​នឹង​បញ្ហា​រំលោភ​យកដីធ្លី​និង​ការ​ផ្តល់​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ឯកជនដើម្បី​អភិវឌ្ឍ​ដំណាំ​កសិឧស្សាហកម្ម​ជាដើម។

ជាក់​ស្តែង​ ប្រជា​ពលរដ្ឋ​ប្រមាណ​៥០០​នាក់​មក​ពី​ខេត្ត​ចំនួន​៤ដែល​ព័ទ្ធ​ជុំវិញ​តំបន់​ព្រៃ​ឡង់​រួមមានខេត្ត​ព្រះវិហារ ស្ទឹងត្រែង ក្រចេះ និង​ខេត្ត​កំពង់ធំ​នេះ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​វេទិការ​សាធារណៈ​មួយក្នុង​ស្រុក​សណ្តាន់​កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ដើម្បី​សម្តែង​ក្តី​ព្រួយ​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​កាប់​ព្រៃ​ឈើ​ដែលពួកគេ​ពឹង​អាស្រ័យ​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​អស់​រយៈ​ពេល​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ។

លោក រស់ សៀនវ័យ​៧៧​ឆ្នាំ គឺ​ជា​អ្នក​ភូមិ​ម្នាក់​នៅ​ទី​នេះ មាន​ប្រសាសន៍​ថា៖

«នៅ​សល់​២០​ក្រុង​ខេត្ត​ទៀត ក៏ស្គាល់​ច្បាស់​ដែរថា​ដី​នេះ​ចុះ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​នៅ​ស្រុក​ខ្មែរ​គ្មាន​ព្រៃ​ឯណា​ទៀត​ទេ មាន​តែ​ព្រៃ​ឡង់​ហ្នឹង​ហើយ​ដែល​សេសសល់​បន្តិច​ តើ​អ្នក​លោក​ចង់​បំផ្លាញ​ឲ្យ​អស់​ឬអី ហើយ​ឲ្យ​រាស្ត្រ​នៅ​ឯណា? យក​ទៅ​ឲ្យ​ក្រុមហ៊ុន​សុទ្ធ​តែ​រាប់លាន​ហិកតា ប្រជារាស្ត្រ​ជាម្ចាស់ និ​ង​កូន​ចៅ​របស់​ឯង​អត់ៗ​ចុះ ឲ្យ​បាន​គេ​ពី​ក្រៅ​មក​អភិវឌ្ឍ អភិវឌ្ឍ​យក​ទៅ​ណា​ទៀត​ បើ​រាស្ត្រ​យំ​ថ្ងូរ​ដូច​នៅ​បឹង​កក់​ អា​៤.២០០​គ្រួសារកំពុង​ហូរ​ទឹក​ភ្នែក​នេះ»។

យ៉ាង​តិច​មាន​ក្រុម​ហ៊ុន​វិនិយោគ​ទុន​វៀតណាម​ចំនួន​២​ដែល​ទទួល​បាន​សម្បទាន​ព្រៃ​ឡង់​នេះ​ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោល​បំណង​យក​ដី​ដាំ​ដំណាំ​កៅស៊ូ។

លោក Arjun Goswami នៃ​ធនាគារ​អភិវធ្ឍន៍​អាស៊ី​មាន​ប្រសាសន៍​ថា៖

«ជា​ការណ៍​ពិតណាស់​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​តែង​តែ​ចង់​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះ​ដើម្បី​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន ហើយ​ប្រទេស​ដទៃ​ទៀត​ក៏​ចង់​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ធនធាន​ទាំង​នោះដែរ។ បញ្ហា​គឺ​មិន​មែន​ជា​ការព្យាយាម​បញ្ឈប់​ប្រទេស​ទាំង​នោះ​ទេ តែ​ជា​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​ហានិភ័យ​ទាំង​ឡាយ​ត្រូវ​បាន​កាត់​បន្ថយឲ្យ​បាន​ល្អ​បំផុត»។

ជា​ការណ៍​ពិតណាស់ ប្រសិន​បើ​ការ​ព្រួយ​បារម្ភ​របស់​ប្រជា​ជន​ត្រូវ​បាន​ដោះ​ស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ​នោះច្រក​របៀង​សេដ្ឋកិច្ច​ក្នុង​មហាអនុតំបន់​ទន្លេមេគង្គ​នឹង​ក្លាយ​ជា​ពរ​ជ័យ​សម្រាប់​ប្រជា​ពលរដ្ឋ​ទាំង​នេះ។ តែ​ផ្ទុយ​ទៅវិញ​ ប្រសិន​បើ​កង្វល់​របស់​ពួកគេ​ត្រូវ​គេ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ការភ្ជាប់​បណ្តាញ​ផ្លូវ​ដើម្បី​ជំរុញ​វិនិយោគ​ឆ្លង​ព្រំដែន​នេះ នឹងប្រែ​ក្លាយ​ទៅ​ជា​បណ្តាសា​សម្រាប់​សហគមន៍​មូលដ្ឋាន​ជាក់​ជា​ពុំខាន៕

XS
SM
MD
LG