វ៉ាស៊ីនតោន៖ បន្ទាប់ពីកាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែងរបស់ខ្មែរក្រហម ត្រូវបានតុលាការកាត់ទោសឱ្យជាប់ ពន្ធនាគារមក ក្រុមអ្នកស្រាវជ្រាវស្នើថា ដល់ពេលដែលពលរដ្ឋកម្ពុជាឈប់បន្តរស់នៅក្នុងស្ថានភាពជាជនរងគ្រោះរបស់ឌុចតទៅទៀត។
លោកម៉ែន គឹមសេង សូមជូនសេចក្តីរាយការណ៍ពិនិត្យមើលពីកិច្ចខិតខំប្រឹងប្រែងដើម្បីផ្សះផ្សាររបួសផ្លូវចិត្តរបស់ពលរដ្ឋខ្មែរនេះ។
ក្រុមអ្នកស្រាវជ្រាវស្តីពីរបបខ្មែរក្រហមស្នើឡើងថា ប្រជាពលរដ្ឋកម្ពុជាគួរខិតខំស្វែងរកវិធីផ្សះផ្សាររបួសផ្លូវចិត្តដើម្បីចេញឱ្យផុតពីអារម្មណ៍ជាជនរងគ្រោះ ព្រោះជនប្រព្រឹត្តល្មើសត្រូវបានច្បាប់ដាក់ទោសចំពោះអំពើឧក្រិដ្ឋរបស់គេហើយ បើទោះបីជាកម្រិតនៃការដាក់ទោសនោះនៅមានការជំទាស់ក៏ដោយ។
លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានទទួលស្គាល់ថា មានការលំបាកសម្រាប់អតីតជនរងគ្រោះខ្លះក្នុងការទទួលយកភ្លាមៗនូវសាលក្រមរបស់តុលាការខ្មែរក្រហមដែលបានដាក់ទោសឌុចឱ្យជាប់ពន្ធនាគារ៣៥ឆ្នាំ ហើយបន្ថយមកនៅតែ១៩ឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែលោកបានលើកទឹកចិត្តឱ្យប្រជាជនខ្មែរត្រូវខិតខំផ្សះផ្សារបួសផ្លូវចិត្តដោយប្រើប្រាស់នូវវិធីជាច្រើនដែលមាន។
“ការដែលយើងបន្តនៅជាជនរងគ្រោះដូចយើងបន្តឱ្យឌុចនៅគ្រប់គ្រងអារម្មណ៍ក្នុងជីវិតយើងអញ្ចឹង។ យើងត្រូវចាកចេញពីភាពជាជនរងគ្រោះ។ យើងសព្វថ្ងៃជាវេជ្ជបណ្ឌិត ជាកម្មករ ជាកសិករ ជាពេទ្យ ជាសាស្រ្តាចារ្យ យើងត្រូវតែកសាងជីវិតរបស់យើង ហើយនេះក៏ជាវិធីមួយដាក់ទណ្ឌកម្មលើឌុចបន្ថែមទៀតដែរ។ បង្រៀនកូនចៅយើងជាដើមក៏ជាវិធីមួយដែរ។ ការដែលយើងនៅបន្តទទួលស្គាល់ ឬគិតថា យើងជាជនរងគ្រោះ ដូចយើងបន្តខ្លួនយើងឱ្យរស់នៅក្នុងសម័យខ្មែរក្រហមអញ្ចឹង”។
លោកឆាំង យុ យល់ឃើញថា ទោះបីជាសាលក្រមប្រភេទណាក៏ដោយ ហើយដាក់ទោសទណ្ឌឌុចច្រើនយ៉ាងណាក៏មិនអាចជួសជុលស្តារនូវការបាត់បង់ជីវិតប្រជាជនខ្មែរដែលឌុចបានសម្លាប់ដែរ តែការសំខាន់គឺថា ការកាត់ទោសនេះមានលក្ខណៈត្រឹមត្រូវតាមបទដ្ឋានច្បាប់ ហើយជាសញ្ញាដែលបញ្ជាក់យ៉ាងច្បាស់ថា ជនដែលប្រព្រឹត្តល្មើសមិនអាចគេចចេញពីការជាប់ទោសទណ្ឌបានទេ។
ដូចគ្នានេះដែរ លោកស្រីបណ្ឌិត នូ លក្ខិណា សាស្ត្រាចារ្យនៃសាកលវិទ្យាល័យទីក្រុងឡងប៊ិច រដ្ឋកាលីហ្វញ៉ានិងជាប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអនុវត្តន៍សង្គមកម្ពុជាដែលបានចូលរួមក្នុងអង្គសវនាការរបស់ឌុច បានបញ្ជាក់ថា ពុំមានការដាក់ទោសណាមួយដែលអាចសងមកវិញនូវអ្វីដែលជនរងគ្រោះបានបាត់បង់នោះឡើយ។
“ការដាក់ទោសរយៈពេល១៩ឆ្នាំគឺពិតជាមិនជាច្រើនឆ្នាំទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ គឺយើងទទួលបាននូវសាលក្រមមួយដែលបញ្ជាក់ឱ្យដឹងថា ជនប្រព្រឹត្តល្មើសនិងជនដែលមានបំណងនឹងប្រព្រឹត្តល្មើសនឹងទទួលទោសចំពោះអំពើឧក្រិដ្ឋដែលពួកគេប្រព្រឹត្តលើជនស៊ីវិលស្លូតត្រង់និងការបំផ្លាញសង្គមជាតិ”។
លោកស្រីសាស្រ្តាចារ្យទទួលស្គាល់ថា ដំណើរការនៃការកាត់ក្តីមានលក្ខណៈច្បាប់ស្មុគស្មាញ ហើយតុលាការមិនបានធ្វើការងារបានល្អទាក់ទងនឹងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណីទេ បើទោះបីមានការចូលរួមពីអង្គការក្នុងស្រុកមួយចំនួនក៏ដោយ។ លោកស្រីបានផ្តល់អនុសាសន៍ថា សម្រាប់ជនរងគ្រោះគួរស្វែងយល់ឱ្យបានកាន់តែច្បាស់ថែមទៀតចំពោះតំណាក់កាលនៃការរៀបចំសាលក្រមនេះ។
“ដូច្នេះអនុសាសន៍របស់ខ្ញុំដល់អ្នកដែលនៅរស់រានមានជីវិតគឺសូមកុំឱ្យធ្វើការសម្រេចចិត្តណាមួយដោយមិនយល់ថា តើសាលក្រមនេះសម្រេចចេញដោយផ្អែកលើបរិបទអ្វី ហើយស្របពេលជាមួយគ្នានោះដែរ ថាតើពួកគេធ្វើអ្វីដើម្បីធានាថា សាលក្រមដ៏គួរឱ្យភ្ញាក់ផ្អើលរបៀបនេះនឹងមិនកើតមានចំពោះករណីលេខ ០០២ ទេ។ ខ្ញុំគិតថា ជារឿយៗ អ្នកនៅរស់រានមានជីវិតហាក់ដូចជាបញ្ចេញប្រតិកម្មដោយផ្អែកលើមនោសញ្ចេតនា ដោយមិនបានសំឡឹងមើលស្ថានភាពជុំវិញនោះប្រកបដោយហេតុផលទេ ហើយបើយើងផ្សំគ្នា ទាំងហេតុផល និងមនោសញ្ចេតនា ខ្ញុំគិតថា នឹងមានអត្ថន័យល្អ មិនគ្រាន់តែសម្រាប់ពួកគេទេ ប៉ុន្តែនឹងជួយលើកទឹកចិត្តតុលាការឱ្យធ្វើការងារគេបានល្អ ហើយឱ្យគេទទួលខុសត្រូវក្នុងការស្វែងរកយុត្តិធម៌ មិនគ្រាន់តែសម្រាប់អ្នកនៅរស់រានមានជីវិតនៅកម្ពុជាទេ ប៉ុន្តែចំពោះសង្គមកម្ពុជាទាំងមូល"។
ក្រោយពីបានដំណើរការសវនាការអស់រយៈពេល៧៧ថ្ងៃ ដោយមានសាក្សីជាង៣០នាក់ចូលរួមផ្តល់សក្ខីកម្ម ក្នុងនោះមានអតីតជនរងគ្រោះ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រាវជ្រាវនានាមកនោះ សាលាក្តីខ្មែរក្រហមបានប្រកាសកាលពីថ្ងៃទី២៦ ខែកក្កដា សម្រេចថា ឌុចពិតជាមានពិរុទ្ធភាពចំពោះការធ្វើឱ្យស្លាប់បាត់បង់ជីវិតអ្នកទោសជាង១២.០០០នាក់ ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់ពីឆ្នាំ១៩៧៥ដល់១៩៧៩ ហើយបានដាក់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ។
សាលក្រមនេះបាននាំឱ្យមានប្រតិកម្មចម្រុះក្នុងចំណោមជនរងគ្រោះ។
លោកវ៉ាន់ ណាត អតីតអ្នកទោសនៃមន្ទីរឃុំឃាំងស២១ ទទួលបានអារម្មណ៍ស្ងប់ស្ងាត់និងពេញចិត្តជាមួយនឹងសាលក្រមរបស់ឌុច។
“ខ្ញុំថាប៉ុណ្ណឹង ខ្ញុំទទួលយក ហើយមិនអាចមានអ្វី ដែលអាចយកលើសពីប៉ុណ្ណឹងទៀតទេ។ ខ្ញុំថា ខ្ញុំសុខចិត្តយក។ ខ្ញុំសប្បាយចិត្តណាស់។ គាត់អាយុ៦៨ ឬ៦៩ឆ្នាំ ហើយថែម១៩ឆ្នាំទៀតមិនដឹងថាគាត់ទទួលបានទៀតឬអត់ទេ។ ខ្ញុំថា ខ្ញុំយក ខ្ញុំសប្បាយចិត្ត នឹងទទួលយក។ ដល់អញ្ចឹងទៅអារម្មណ៍របស់ខ្ញុំក៏វារាងធូរស្រាលដែរណា៎”។
ប៉ុន្តែលោកវ៉ាន់ ណាតក៏នៅចង់ដឹងថា តើមេដឹកនាំដទៃទៀតដែលកំពុងជាប់មន្ទីរឃុំឃាំងរង់ចាំការកាត់ទោស ក្នុងនោះមាន នួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធ នឹងមានការទទួលខុសត្រូវយ៉ាងណានៅក្នុងករណីលេខ០០២ ដែលនឹងត្រូវដំណើរការនៅចុងឆ្នាំ២០១០ ឬដើមឆ្នាំក្រោយនេះ។
“០០២ដែលគេនឹងត្រូវចាប់ផ្តើមបន្តិចទៀតពេលដែលគេត្រូវបញ្ចូលរឿងក្តីថ្មីទៀត។ យើងរង់ចាំមើលថា កាលពីករណី០០១ ឌុចគាត់អត់ទទួលខ្លួនឯងទាំងអស់ទេ គាត់ឆ្លើយដាក់ថ្នាក់លើ។ ថ្នាក់លើគឺជាអ្នកបញ្ជាគាត់។ ឥឡូវចាំមើល០០២មើល តើថ្នាក់លើឆ្លើយដាក់អ្នកណាទៀត?”
លោករ៉ូននី យឹមសុទ្ធ ជាអ្នកនិពន្ធនិងជាសកម្មជនសម្រាប់សិទ្ធិពលរដ្ឋខ្មែរអាមេរិកាំង បានបញ្ជាក់ថា លោកមានអារម្មណ៍ចម្រុះទាក់ទងនឹងសាលក្រមរបស់ឌុច គឺមានទាំងពីរ ការសប្បាយដោយសារទីបំផុតឌុចត្រូវបានគេដាក់ទោស និងមិនសប្បាយដោយសារតែទំហំនៃការដាក់ទោសមិនសមនឹងទោសទណ្ឌរបស់គាត់។ បើទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើថា៖
“ខ្ញុំយល់ថា បងប្អូនខ្មែរយើងទាំងអស់គ្នា ទាំងរូបខ្ញុំផ្ទាល់គឺថា យើងត្រូវតែទទួលការអនុវត្តរបស់តុលាការ ព្រោះគេកាត់ក្តីតាមការយល់ឃើញរបស់គេ។ យើងមិនអាចប្រឆាំងបានទេ ប៉ុន្តែយើងត្រូវតែបញ្ចេញមតិរបស់យើងតាមការយល់ដឹងរបស់យើង ពីព្រោះប្រទេសសេរី យើងអាចនិយាយបានតាមតែយើងយល់ឃើញ កុំឱ្យតែយើងប៉ះពាល់ទៅលើគេច្រើនពេក។ ខ្ញុំយល់ថា បងប្អូនខ្មែរយើងគួរតែបន្តតាមដាន ព្រោះនៅករណីធំមួយទៀតគឺលេខ០០២ ដែលគេកាត់ទោសមេខ្មែរក្រហមធំៗនោះ ដែលសំខាន់ជាងលោកឌុចនេះទៅទៀត។ ឌុចនេះសំខាន់ ប៉ុន្តែមិនសំខាន់ណាស់ណាទេ។ គាត់តូចទេ។ គាត់ជាអាម៉ីអាថោងទេ។ អ្នកធំជាងគេដែលត្រូវទទួលខុសត្រូវច្រើនជាងគេ ហើយខ្ញុំយល់ថា លោកឌុចនឹងជួយបកស្រាយរឿងបួននាក់ទៀតដែលនៅអង្គុយចាំ”។
រីឯលោកជុំ ម៉ី អតីតអ្នកទោសម្នាក់ទៀតដែលនៅរស់រានមានជីវិតពីមន្ទីរស ២១ បានបញ្ចេញប្រតិកម្មភ្លាមៗជំទាស់ទាំងទឹកភ្នែកថា ការដាក់ទោសទណ្ឌមិនសមនឹងទំហំបទឧក្រិដ្ឋដែលឌុចបានប្រព្រឹត្តទេ។ ប៉ុន្តែនៅពេលដែលវីអូអេ សំឡេងសហរដ្ឋអាមេរិកបានទាក់ទងកាលពីថ្ងៃច័ន្ទនេះ លោកជុំ ម៉ីបញ្ជាក់ថា លោកមានអារម្មណ៍ធូរស្រាលបានជាងមុនច្រើន។
“ធម្មតាទេក្មួយអ្ហើយ យើងមិនមែនមិនធូរថយទាំងស្រុងទេណា៎។ យើងពិចារណាទៅឃើញថា យើងវាធូរថយ ដោយសារយើងមានតុលាការអន្តរជាតិចូលរួម។ អញ្ចឹងយើងមានការធូរថយដែរ មិនមែននៅក្តៅយូរដដែលគឺអត់ទេ។ វាបានស្រាល ដោយសារយើងបង្កើតបានច្បាប់មួយនៅក្នុងប្រទេសកម្ពុជា។ វាមិនមែនដូចបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃដែលអត់ច្បាប់នោះទេ”។
ទោះបីយ៉ាងណាក៏ដោយ លោកជុំ ម៉ីប្តេជ្ញាបន្តការទាមទាររបស់លោកទៅតុលាការកំពូលទៀត។ សាលាក្តីខ្មែរក្រហមបានព្យាយាមប្រើយុទ្ធសាស្រ្តជាច្រើនក្នុងការបញ្ជូនសារអំពីការងាររបស់គេឱ្យជនរងគ្រោះ និងសាធារណជន បានដឹងទាក់ទងនឹងការកាត់ទោសមួយវគ្គនេះ ក្នុងនោះមានការបោះពុម្ពផ្សាយសាលក្រមសម្រាប់ចែកចាយផងដែរ។
លោករាជ សម្បត្តិ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានបញ្ជាក់ថា៖
“សាលក្រមនេះវាមានតម្លៃខ្ពស់ណាស់ ពីព្រោះពេលចេញដំបូង ធម្មតាអ្នកដែលជាជនរងគ្រោះដោយផ្ទាល់ គាត់ពិតជាមានប្រតិកម្មលំបាកនឹងសាលក្រមដែលគេបញ្ជាក់ ដូច្នេះគាត់អាចរៀបរាប់ទៅតាមអារម្មណ៍របស់គាត់ផ្ទាល់ខ្លួន ប៉ុន្តែសម្រាប់ពេលមកដល់ថ្ងៃនេះ ជាពិសេសនៅពេលដែលយើងនិយាយថា សាលក្រមហ្នឹងនឹងត្រូវបោះពុម្ពជាសាធារណៈ ហើយឱ្យជនរងគ្រោះទាំងអស់មានឱកាសដើម្បីសិក្សាស្វែងយល់ ហើយពិចារណាខ្លួនឯង ឥឡូវយើងឃើញមនុស្សរាប់ពាន់ម៉ឺននាក់បានទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសុំ សាលក្រមជាលាយលក្ខអក្សរ។ អញ្ចឹងខ្ញុំចង់បញ្ជាក់ថា នេះជាផ្នែកមួយនៃការផ្សះផ្សាររបួសផ្លូវចិត្តធំណាស់ដែលតុលាការបានធ្វើ ហើយបានសម្រេចធ្វើជូនប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនដទៃនៅលើលោកដែលយល់ថា យុត្តិធម៌គឺជារឿងសំខាន់”។
ក្រុមអ្នកស្រាវជ្រាវក៏បានស្នើសុំឱ្យមានការពន្យល់បកស្រាយបន្ថែមទៀតទាំងខាងផ្នែកតុលាការនិងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធនឹងតុលាការចូលរួមពន្យល់ពីដំណើរការនៃការចេញសាលក្រម ដើម្បីឱ្យមានការយល់ដឹងបានកាន់តែច្បាស់ដើម្បីធានាថា ការផ្សះផ្សាអាចកើតមានបានក្នុងស្រទាប់ជនរងគ្រោះកម្ពុជា៕