ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលក្រម​កាត់​ទោស​ឌុច​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត


ភ្នំពេញ៖ ៣១​ឆ្នាំ​ ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ដោយ​បាន​បង្ក​ការ​កាប់​សម្លាប់​ប្រជាជន​ខ្មែរអស់​ជិត​២​លាន​នាក់​ ​នៅ​ថ្ងៃ​នេះ​ ​អតីត​អ្នក​ទទួល​ខុស​ត្រូវ​ក្នុងរបប​ខ្មែរ​ក្រហម​ទីមួយម្នាក់ គឺឌុចត្រូវ​សាលាក្ដី​ខ្មែរ​ក្រហម​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​គុក​រយៈពេល​៣៥​ឆ្នាំ។​ មន្រ្តី​សាលាក្ដី​បាន​ហៅ​ការ​ដាក់​ទោស​នេះ​គឺជា​ប្រវត្តិ​សាស្រ្ដ​មួយ។

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃច័ន្ទនេះ​ បាន​ផ្ដន្ទា​ទោស​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣៥ឆ្នាំ​ ​បន្ទាប់​ពី​តុលាការ​បាន​រកឃើញ​ថា​ ​អតីត​ប្រធាន​គុក​ទួលស្លែង​ ឬ​មន្ទីរ​ស​២១​រូប​នេះ​ មាន​ពិរុទ្ធ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​បណ្ដាល​ឲ្យ​អ្នក​ទោស​យ៉ាងតិច​ចំនួន​ ១២៣៨០​នាក់​ ស្លាប់​បាត់​បង់​ជីវិត ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​យ៉ាង​សាហាវ​ឃោរឃៅ​និង​ដោយសារការ​សម្លាប់​ចោល​យ៉ាង​ស្រស់ៗ។

លោក​ចៅក្រម​ និល ណុន ​ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ បាន​អាន​សាលក្រម​ក្រោម​ការ​ស្ដាប់ដោយ​ស្ងាត់ស្ងៀម ​និង​មាន​ទឹកមុខ​ស្មើ​ពី​ឌុច។

“ដោយ​ផ្អែក​ទៅ​លើ​ស្ថាន​ទម្ងន់ទោស ​និង​ស្ថាន​សម្រាល​ទោស​ ដែល​បាន​លើកឡើង​ខាងលើ​ អង្គ​ជំនុំ​ជម្រះ​ដោយ​មាន​មតិ​ភាគច្រើន​ បាន​សម្រេច​ផ្តន្ទា​ទោស​ កាំង ហ្កេកអ៊ាវ ​ដាក់​ពន្ធនាគា​រសរុប​កំណត់​៣៥ ឆ្នាំ"។

ក៏ប៉ុន្ដែ​ទោស​នេះ​ត្រូវ​កាត់កង​ចុះឡើង​ ដែល​ធ្វើ​ឲ្យឌុចត្រូវ​ជាប់​គុក​ត្រឹមតែ​១៩ឆ្នាំប៉ុណ្ណោះ​ ដោយ​តុលាការ​កាត់​បន្ថយ​ការ​ដាក់​ទោស​ឌុច​ចំនួន​៥​ឆ្នាំ​ចេញ​ ​ដោយសារឌុច​ត្រូវ​ឃុំខ្លួន​ខុស​ច្បាប់​ដោយ​តុលាការ​យោធា ​ហើយ​តុលាការ​បាន​កាត់​រយៈពេល​ដែល​ឌុច​បាន​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំង​អស់រយៈ​ពេល​១១ឆ្នាំមក​ហើយ រាប់​ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​១០ ​ខែ​ឧសភា​ ឆ្នាំ​១៩៩៩ ​និង​ការ​បន្ដ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ដោយ​សាលាក្ដី​ខ្មែរ​ក្រហម។

មន្ដ្រី​អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ ​លោក​ រាជ ​សម្បត្តិ ​និង​លោក​ ឡាស អលសិន​ រួមទាំង​សហ​ព្រះរាជ​អាជ្ញា ​លោកស្រី​ ជា លាង ​និង​លោក​ វីលាម ស្ម៊ីត ​សុទ្ធតែ​បាន​ចាត់ទុក​ថា​ ​ការ​ដាក់​ទោស​ ឌុចនេះ​ គឺ​ជា​ប្រវត្តិសាស្ដ្រ​មួយ។

ពាក់អាវដៃវែង​ពណ៌ផ្ទៃមេឃខ្ចី ​ឌុច​បាន​អង្គុយ​ដោយ​ទឹកមុខ​ស្មើ​ធម្មតា​លើ​កៅអី​ក្នុង​រង្វង់​ក្រចកសេះ​នៃ​បន្ទប់​ប្រកាស​សាលក្រម​ ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បញ្ចេញ​ទស្សនៈ​អ្វី​ឡើយ។

មេធាវី​របស់ ​ឌុច ​គឺ​លោក​កា ​សាវុធ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​ប្ដឹង​ទៅ​កាន់​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ប្រឆាំង​នឹង​សាលក្រម​នេះ។​ ហើយ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ ការ​ដាក់​ទោស​ទៅ​លើ​កូនក្ដី​ផង​ខ្លួន​នោះ​ទេ។

ទោះ​ជាយ៉ាង​ណា​ ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ទាត់​ចោល​ការ​ទាមទារ​សំណង​ពី​ដើម បណ្ដឹង​រដ្ឋប្បវេណី​ដែល​តំណាងឲ្យ​ជន​រងគ្រោះ ​ដោយ​បញ្ជាក់​ថា​ ឌុច​ពុំ​មាន​លទ្ធភាព​ក្នុងការ​ផ្ដល់​សំណង​នេះ​ទេ។

កាំង​ ហ្គិចអ៊ាវ ​ហៅ​ ឌុច ​អាយុ​៦៧​ ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ឧក្រិដ្ឋ​កម្ម​នៃ​អំពើ​ទារុណ​កម្ម ​និង​មនុស្ស​ឃាត​ ​ ហើយ​ត្រូវ​កាត់ទោស​អស់​រយៈពេល​៧៧​ថ្ងៃ​ក្នុង​អំ​ឡុង​ពេល​៩ខែ។

ជន​រងគ្រោះ​ដោយ​របប​ខ្មែរ​ក្រហម​បាន​ស្រែកយំ​ភ្លាមៗ​ ​ដោយ​រន្ធត់​ចិត្ត​និង​មិន​ពេញចិត្ត​ចំពោះ​ការ​ដាក់​ទោស​ឌុចនោះ។

សហ​ព្រះរាជ​អាជ្ញា​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ធ្លាប់​បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទោស​ ឌុច​ឲ្យ​ជាប់​គុក​ ចំនួន​៤០​ឆ្នាំ​យ៉ាងតិច។

លោកស្រី​ជា លាង ​សហ​ព្រះរាជ​អាជ្ញា​ជាតិ ​បាន​ប្រកាស​ថា ​សហ​ព្រះរាជ​អាជ្ញា​នឹង​ពិនិត្យ​លទ្ធភាព​ប្ដឹងឧទ្ធរណ៍​ ចំពោះ​ការ​ដាក់​ទោស​ ឌុច​ ត្រឹមតែ​កម្រិតឲ្យ​ជាប់​ពន្ធនាគារ​ចំនួន៣៥ឆ្នាំ​នេះ​៕

XS
SM
MD
LG