អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមបានប្រកាសឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួននឹងកោះហៅឌុចឲ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០២ដែលជាប់ពាក់ព័ន្ធនឹងអតីតមេដឹកនាំកំពូលរបស់ពួកខ្មែរក្រហមចំនួនបួននាក់។
សេចក្តីប្រកាសនេះធ្វើឡើងបន្ទាប់ពីអៀង សារី អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរក្រហម បានស្នើនៅក្នុងកិច្ចប្រជុំរៀបចំសវនាការសម្រាប់សំណុំរឿង០០២ កាលពីថ្ងៃអង្គារសប្តាហ៍មុនឲ្យឌុចស្បថ ប្រសិនបើឌុចត្រូវកោះហៅឲ្យធ្វើជាសាក្សីនោះ។ ដូច្នេះប្រសិនបើឌុចនឹងត្រូវទទួលស្គាល់ ឌុចនឹងក្លាយជាសាក្សីយ៉ាងសំខាន់បំផុតសម្រាប់សំណុំរឿង០០២ប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមគឺអៀង សារី ខៀវ សំផន នួន ជា និងអៀង ធីរិទ្ធ។
នៅក្នុងសេចក្តីឆ្លើយតបជាផ្លូវការនៅថ្ងៃនេះ អង្គជំនុំជម្រះសាលាដំបូងបញ្ជាក់ថា មាត្រាទី២៤.៤នៃវិធានផ្ទៃក្នុង មិនបានហាមឃាត់ពិរុទ្ធជនក្នុងសំណុំរឿង០០១ មិនឲ្យធ្វើជាសាក្សីនោះទេ។ ហើយអង្គជំនុំជម្រះសាលាដំបូងនឹងកោះហៅកាំង ហ្គេចអ៊ាវ ហៅឌុច ឲ្យធ្វើជាសាក្សីនៅក្នុងសំណុំរឿង០០២ ហើយឌុចនឹងត្រូវធ្វើកិច្ចសម្បថ។
ឌុច ដែលនឹងឈានចូលអាយុ៦៩ឆ្នាំនៅខែវិច្ឆិកាខាងមុខ ត្រូវផ្តន្ទាទោសដោយសាលាដំបូងកាលពីខែកក្កដាឆ្នាំមុន ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ក៏ប៉ុន្តែទោសនេះត្រូវកាត់កងនៅសល់ត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ នៅក្នុងសវនាការរបស់អង្គជំនុំជម្រះតុលាការកំពូលកាលពីចុងខែមីនា ស្តីពីបណ្តឹងឧទ្ធរណ៍របស់ឌុច។
ឌុច និងសហមេធាវីរបស់ឌុចបានចាត់ទុកថា ឌុចមិនមែនជាអ្នកទទួលខុសត្រូវជាន់ខ្ពស់របស់របបខ្មែរក្រហមនោះទេ ដោយអះអាងថា ឌុចមិនមានសិទ្ធិនៅក្នុងការបញ្ជាឲ្យសម្លាប់អ្នកទោសយ៉ាងហោចណាស់ជាង១២០០០នាក់នោះទេ។
ឌុច និងមេធាវីរបស់ឌុចបានលើកពីការជាប់ពាក់ព័ន្ធរបស់នួន ជា អតីតប្រធានសភាខ្មែរក្រហម និងសុន សេន អតីតរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសន្តិសុខរបស់របបកម្ពុជាប្រជាធិបតេយ្យ និងមេដឹកនំាខ្មែរក្រហមមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនៅក្នុងការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជារហូតទៅដល់២,២លាននាក់នៅចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា អង្គជំនុំជម្រះសាលាដំបូងនឹងត្រូវសម្រិតសម្រាំងយកសាក្សីមួយចំនួនសម្រាប់សំណុំរឿង០០២ នៅក្នុងចំណោមសាក្សីទាំងអស់ជាង១.០០០នាក់ ដែលស្នើដោយភាគីនានានៅក្នុងសាលាក្តី។
«ខ្ញុំចង់និយាយថា មានជាង១.០០០នាក់ត្រូវបានភាគីផ្សេងៗលើកឡើង។ សាលាដំបូងគាត់នឹងជ្រើសយកសាក្សីណាដែលគាត់យល់ថា សំខាន់ជាងគេ»។
លោកឡាត់ គី អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហមរបស់អង្គការការពារសិទ្ធិមនុស្ស អាដហុក ចាត់ទុកថា ឌុចគឺជាសាក្សីដ៏មានសក្តានុពលសម្រាប់សំណុំរឿង០០២។
«មុខងាររបស់គាត់ គឺមានសារៈសំខាន់ណាស់។ អញ្ចឹងយើងអាចចាត់ទុកថា ជាសាក្សីមានសក្តានុពលនៅក្នុងការបង្ហាញនូវឧក្រិដ្ឋកម្មដែលកើតឡើងនៅក្នុងសម័យនោះ ជាពិសេសគឺទាក់ទងហ្នឹងអំពើឧក្រិដ្ឋទាំងឡាយ ដែលមេដឹកនាំបានប្រព្រឹត្ត»។
អង្គជំនុំជម្រះតុលាការកំពូលនឹងត្រូវសម្រេចទៅលើបណ្តឹងឧទ្ធរណ៍របស់ឌុច នៅក្នុងអំឡុងពីរ ឬបីខែខាងមុខទៀត។
នោះជាបណ្តឹងឧទ្ធរណ៍ ដែលសហមេធាវីរបស់ឌុចទាមទារឲ្យមានការដោះលែងទោសឌុច ក៏ប៉ុន្តែក្រុមសហព្រះរាជអាជ្ញាបានទាមទារឲ្យមានការផ្តន្ទាទោសដាក់គុកឌុច យ៉ាងហោចណាស់រហូតទៅដល់៤៥ឆ្នាំ៕