ភ្នំពេញ៖ នៅថ្ងៃនេះ សហមេធាវីរបស់ឌុចបានប្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការផ្តន្ទាទោសកូនក្ដីរបស់ខ្លួនដោយអង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម ដោយសំអាងថា ការផ្ដន្ទាទោសនោះធ្វើឡើងដោយមានការភាន់ច្រឡំមួយចំនួន។
សហមេធាវីការពារក្ដីឲ្យ ឌុច បានសម្រេចប្ដឹងឧទ្ធរណ៍នៅថ្ងៃពុធនេះ ទៅកាន់អង្គជំនុំជម្រះតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម ដើម្បីទាមទារឲ្យអង្គជំនុំជម្រះចុងក្រោយនេះ សម្រេចដោះលែង ឌុច ឲ្យមានសេរីភាពឡើងវិញ។
បណ្ដឹងសារទុកនេះធ្វើឡើងស្របពេល ដែលមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្នុងក្រុមពីរ បានជូនដំណឹងពីការប្ដឹងឧទ្ធរណ៍របស់ខ្លួន ដើម្បីស្នើឲ្យមានការទទួលយកកូនក្ដីរបស់ពួកខ្លួនចំនួនប្រាំនាក់ជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ ករណីឌុច ឡើងវិញ។
កាលពីថ្ងៃទី២៦ខែកក្កដា អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម បានដាក់ទោសអតីតប្រធានមន្ទីរស២១ ឬគុកទួលស្លែងរូបនេះ ឲ្យជាប់ពន្ធនាគារចំនួន៣៥ឆ្នាំ ក៏ប៉ុន្ដែទោសនេះត្រូវកាត់កងអស់នៅសល់ត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។
នៅក្នុងសេចក្ដីជូនដំណឹងស្ដីពីការប្ដឹងឧទ្ធរណ៍របស់ខ្លួន លោកមេធាវីការ សាវុធ និងលោកមេធាវីកង ឫទ្ធារី បានស្នើឲ្យអង្គជំនុំជម្រះតុលាការកំពូលបដិសេធសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូងទាំងស្រុង ហើយបានស្នើឲ្យចាត់ទុកថា ឌុចគ្រាន់តែជាសាក្សីម្នាក់ ហើយចាត់ទុកថា រយៈពេលឃុំខ្លួនរបស់ឌុច ដោយរាប់ចាប់តាំងពីថ្ងៃចាប់ខ្លួនរហូតដល់ថ្ងៃសម្រេចសេចក្ដីជាចុងក្រោយនោះថា គឺជារយៈពេលនៃការថែរក្សាសាក្សី។
លោកការ សាវុធ និងលោកកង ឫទ្ធារី បានលើកឡើងថា ការផ្ដន្ទាទោសកូនក្ដីរបស់ខ្លួន ធ្វើឡើងដោយមានការភាន់ច្រឡំអំពីយុត្តាធិការរបស់អង្គជំនុំជម្រះសាលាដំបូង និងដោយមានការភាន់ច្រឡំក្នុងការដាក់ទោសសរុបរហូតទៅដល់៣៥ឆ្នាំ លើកូនក្ដីរបស់ពួកខ្លួន។
កាំង ហ្គេកអ៊ាវ ហៅ ឌុច អាយុ៦៧ឆ្នាំ ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មស្ដីពីការធ្វើទារុណកម្ម និងមនុស្សឃាត ដែលបានបណ្ដាលឲ្យអ្នកទោសគុកទួល ស្លែង យ៉ាងតិចចំនួន១២៣៨០នាក់ស្លាប់បាត់បង់ជីវិត។
លោកឡាស អលសិន មន្ដ្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា តុលាការកំពូលទំនងជាត្រូវការពេលរហូតដល់ខែវិច្ឆិកា ឆ្នាំ២០១០នេះ ដើម្បីអាចបើកសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍របស់ក្រុមមេធាវីការពារ ឌុច។
«យើងរំពឹងថា រយៈពេលឆាប់បំផុត ដែលអាចចាប់ផ្ដើមបើកសវនាការស្ដីពីបណ្ដឹងឧទ្ធរណ៍គឺនៅក្នុងអំឡុងចុងខែវិច្ឆិកា ក្នុងឆ្នាំនេះ»។
កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន សហព្រះរាជអាជ្ញាបានសម្រេចប្ដឹងឧទ្ធរណ៍ប្រឆាំងទៅនឹងការផ្ដន្ទាទោស ឌុច ដែលខ្លួនចាត់ទុកថា នៅមានកម្រិតស្រាលនៅឡើយ។ សហព្រះរាជអាជ្ញាធ្លាប់បានស្នើសុំឲ្យអង្គជំនុំជម្រះសាលាដំបូងផ្ដន្ទាទោសឌុច ឲ្យជាប់គុកយ៉ាងតិចចំនួន៤០ឆ្នាំ។
ជាមួយគ្នានេះដែរ មេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីក្រុមពីរបានជូនដំណឹងកាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួននឹងប្ដឹងឧទ្ធរណ៍ទៅកាន់អង្គជំនុំជម្រះតុលាការកំពូល ដើម្បីទាមទារឲ្យមានការទទួលស្គាល់សិទ្ធិជាដើមបណ្ដឹងរដ្ឋប្បវេណីរបស់កូនក្ដីផងខ្លួនចំនួនប្រាំនាក់វិញ។
អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមបានសម្រេចក្នុងសាលក្រមស្ដីពីការកាត់ទោស ឌុច កាលពីខែមុន ដោយទាត់ចោលជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណីសរុបចំនួន២៤នាក់ ក្នុងចំណោមដើមបណ្ដឹងសក្ដានុពលសរុបចំនួន៩០នាក់ ក្នុងសំណុំរឿងឌុច៕