យ៉ាងហោចណាស់មានជនសង្ស័យចំនួន៤៣២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរបស់រដ្ឋាភិបាលក្នុងត្រីមាសទី១នៃឆ្នាំ២០១១។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃកម្ពុជា។ តួលេខបានបង្ហាញពីកំណើនជនល្មើសក្នុងការជួញដូរ និងផលិតគ្រឿងញៀនចំនួនច្រើនជាងទ្វេដង បើធៀបនឹងការបង្រ្កាបគ្រឿងញៀនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១០ ដែលជនសង្ស័យត្រូវចាប់ខ្លួនមានចំនួនត្រឹមតែ១៧៩នាក់តែប៉ុណ្ណោះ។
លោកឧត្តមសេនីត្រីយ៍ ខៀវ សាម៉ន ប្រធានស្តីទីនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបានប្រាប់វីអូអេខ្មែរកាលពីថ្ងៃព្រហស្បតិ៍ថា ជនសង្ស័យនេះត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរបង្រ្កាបកន្លែងផលិតគ្រឿងញៀននៅក្នុងខេត្ដនិងរាជធានីភ្នំពេញ ក្នុងនោះមានជនជាតិកម្ពុជាចំនួន៣៩៥នាក់ និងជនបរទេសមាន៦សញ្ជាតិ ដូចជាជនជាតិនីហ្សេរីយ៉ា និងហ្វ៊ីលីពីនជាដើម។
លោកឧត្តមសេនីយ៍ត្រី ខៀវ សាម៉ន បានបញ្ជាក់ថា សកម្មភាពនៃការបង្រ្កាបខ្លាំងក្លាក្នុងឆ្នាំនេះ គឺដើម្បីកាត់បន្ថយការចរាចរគ្រឿងញៀនឲ្យកាន់តែប្រសើរនៅកម្ពុជា។ លោកមានប្រសាសន៍ថា៖
«ក្នុងការបង្រ្កាបរបស់មន្ទីរប្រឆាំងគ្រឿងញៀនគឺថាក្នុងចាប់មួយករណីយើងចាប់បានជាង១១គីឡូក្រាមថ្នាំញៀនក្នុងមួយករណីដែលយើងចាប់ហ្នឹងថ្នាំគ្រាប់លើសការចាប់ទូទាំងប្រទេសឆ្នាំ២០១០។ បង្រ្កាបផង ស្រាជ្រាវចាប់ដល់ឫសដល់គល់ពិសេសគឺករណីធំៗ»។
ប្រភពដដែលបន្ថែមថា ក្នុងប្រតិបត្តិការបីខែមកនេះ ក្រុមអាជ្ញាធរបានរឹបអូសបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង៤ម៉ឺនគ្រាប់ មេតំហ្វេតាមីនទឹកកកជិត៤គីឡូក្រាម ហេរ៉ូអ៊ីនជិតកន្លះគីឡូក្រាម អេហ្វេឌ្រីនជាង៣គីឡូក្រាម ថ្នាំផ្តាសាយដែលមានផ្ទុកសារធាតុញៀនចំនួនជាង៦លានគ្រាប់ និងឧបករណ៍បរិក្ខាផលិតគ្រឿងញៀនមួយចំនួន។
សូមបញ្ជាក់ថា ក្នុងចំណោមជនដែលត្រូវចាប់ខ្លួនរួមមានអតីតឧត្តមសេនីយ៍ មឹក តារា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ស្នងការ និងស្នងការរងខេត្តបន្ទាយមានជ័យនិងប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃផងដែរ។
ទោះបីជាសកម្មភាពនៃការបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចមានផុលផុសជាងឆ្នាំកន្លងមកក៏ដោយ ក៏មន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងគណបក្សប្រឆាំងចាត់ទុកថា វិធានការនោះមិនទាន់ឆ្លើយតបទៅនឹងសកម្មភាពចរាចរគ្រឿងញៀននៅកម្ពុជានៅឡើយ។
លោក អំ សំអាត អ្នកស៊ើបអង្កេតនៃអង្គការលីកាដូបានសាទរចំពោះការបង្កើនសកម្មភាពនៃការបង្ក្រាបនេះ ក៏ប៉ុន្តែលោកបានមានប្រសាសន៍ថា វាហាក់ដូចជាយឺតពេលបន្តិចពីព្រោះប្រជាពលរដ្ឋកម្ពុជាមួយចំនួនកំពុងទទួលរងគ្រោះដោយសារគ្រឿងញៀននេះរូចទៅហើយ។ លោកបានបន្តថា គួរតែមានការពង្រឹងសកម្មភាពបង្រ្កាបឲ្យបានច្រើនជាងនេះបន្ថែមទៀត។ លោកថ្លែងថា៖
«យើងឃើញថា មានយុទ្ឋនាការដ៏សកម្មក្នុងការបង្រ្កាបការជួញដូរ និងការប្រើប្រាស់ គ្រឿងញៀនហ្នឹង។ យើងទទួលស្គាល់ថា មានការបង្រា្កបអញ្ចឹងមែន ប៉ុន្តែមួយទៀត យើងចង់ឃើញ ការបង្រ្កាបនេះត្រូវបានធ្វើទៅលើអ្នកដែលជួញដូរគ្រឿងញៀន អ្នកដែលនាំគ្រឿងញៀនចូល ឬក៏ផលិតគ្រឿងញៀនឲ្យបានខ្លាំងដើម្បីជាការទប់ស្កាត់»។
ជាមួយគ្នានេះដែរ លោកស្រីម៉ប់ សូម៉ាយ៉ា នាយិកានៃអង្គការមិត្តសម្លាញ់បានឲ្យដឹងដែរថាសមត្ថកិច្ចគួរតែបង្រ្កាបអ្នកដែលជួញដូរឲ្យបានច្រើនជាងអ្នកប្រើប្រាស់។ លោកស្រីថ្លៃដូច្នេះថា៖
«ការអនុវត្តយ៉ាងផុលផុសក្នុងការបង្រ្កាបគ្រឿងញៀននេះ គឺយើងគិតថា បើបង្រ្កាបអ្នកជួញដូរ គឺយើងអបអរសាទរ ក៏ប៉ុន្តែចំពោះអ្នករងគ្រោះ អ្នកដែលប្រើប្រាស់ហើយ គួរតែសុំឲ្យសហការណ៍ជាមួយនឹងយើង ដោយសារតែការអនុវត្តដោយជំនាញក្នុងការដែលព្យាបាលពួកគាត់ ដើម្បីឲ្យពួកគាត់អាចផ្តាច់គ្រឿងញៀន អាចរកវិជ្ជាជីវៈ ឬក៏រកអនាគតថ្មីសម្រាប់ពួកគាត់»។
ដោយឡែកលោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រនៃគណៈបក្សសម រង្ស៊ី បានមានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀនរបស់សមត្ថិកិច្ចច្រើនចាប់បានតែអ្នកជួញដូរ និងអ្នកប្រើប្រាស់តូចតាចតែ ប៉ុណ្ណោះ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«អត់សូវឃើញមានគេចាប់បានមេធំៗទេច្រើនតែអ្នកប្រើប្រាស់ ហើយអ្នកដែលទិញ អ្នកចែកចាយតួចៗ ប៉ុន្តែអ្នកដែលនៅពីក្រោយចែកចាយដែលមានលក្ខណៈទ្រង់ទ្រាយធំ គឺមិនត្រូវបានចាប់យកមកកាត់ទោសទេ»។
យោងតាមរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១០របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញថា មានការនាំគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកកម្ពុជាជាពិសេសតាមច្រកនៃខេត្តនៅទិសឦសាន។ ដោយឡែកច្រកនាំគ្រឿងញៀនចេញពីកម្ពុជារួមមានបណ្តាច្រកផ្លូវគោកនៃខេត្តភាគខាងកើត និងច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយច្រកនេះជាច្រកដ៏សំខាន់ដែលក្រុមឈ្មួញគ្រឿងញៀនកោះតៃវ៉ាន់ព្យាយាមធ្វើសកម្មភាពនាំចេញទៅកាន់ប្រទេសទី១។
របាយការណ៍ដដែលបានឲ្យដឹងដែរថា ការផលិតកែច្នៃគុណភាពគ្រឿងញៀន ការវេចខ្ចប់គ្រឿងញៀនសម្រាប់ការនាំចេញទៅកាន់ទីផ្សារគ្រឿងញៀនអន្តរជាតិ នៅតែបន្តកើតមាន ហើយ សំខាន់ជាងនេះទៅទៀត គឺការប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងគ្រឿងញៀនខុសច្បាប់។
បណ្ដាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ានបានប្ដេជ្ញាបោសសំអាតការប្រើប្រាស់គ្រឿងញៀនឲ្យអស់ត្រឹមឆ្នាំ២០១៥។ បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជាមានចន្លោះពី៥.០០០ទៅ៦.០០០នាក់ ដែលភាគច្រើននៃអ្នកញៀនថ្នាំមានអាយុក្រោម២៥ឆ្នាំ៕