ភ្នំពេញ៖ ការប៉ះទង្គិចគ្នារវាងប៉ូលិស និងកម្មកររោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញ បានធ្វើឱ្យកម្មការិនី យ៉ាងតិច១៥នាក់ទទួលរងរបួសដោយការប្រើដំបងឆក់របស់ប៉ូលិស។ កម្មករប្រមាណ៣០០០នាក់ បានធ្វើកូដកម្ម ដើម្បីទាមទារឱ្យថៅកែរោងចក្រទទួលយកមេដឹកនាំសហជីពប្រចាំរោងចក្ររបស់ខ្លួនចូលធ្វើការវិញ បន្ទាប់ពីបានព្យួរការងារដោយគ្មានហេតុផល។
នៅថ្ងៃអង្គារនេះ កម្មការិនីរោងចក្រកាត់ដេរយ៉ាងតិច១៥នាក់ត្រូវបានទទួលរងរបួស នៅក្នុងការប៉ះទង្គិចជាមួយនឹងក្រុមប៉ូលិសបង្ក្រាបបាតុកម្ម ដែលបានប្រើខែលនិងដំបងឆក់ ដើម្បីព្យាយាមបញ្ចប់ការធ្វើកូដកម្មរយៈពេលមួយសប្តាហ៍ អំពីការព្យួរការងាររបស់តំណាងសហជីពនៅក្នុងរោងចក្រ។
ប៉ូលិសជាង១០០នាក់ប្រដាប់ដោយខែល ដំបងឆក់ និងកាំភ្លើង បានព្យាយាមបង្ខំឱ្យកម្មករប្រមាណ៣០០០នាក់ ត្រឡប់ចូលទៅក្នុងរោងចក្ររបស់ពួកគេ ដោយរុញច្រានមនុស្សជាច្រើននាក់ ដួលទៅនឹងដី និងវាយពួកគេនឹងដំបង ដែលបានធ្វើឱ្យកម្មការិនីចំនួនបីនាក់ទទួលរងរបួសធ្ងន់ ក្នុងចំណោមអ្នករងរបួស១៥នាក់។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្ក្រាបនេះ ជាអំពើហិង្សា និងអំពើខុសច្បាប់។
«យើងមើលឃើញថា ការបង្ក្រាបនេះ គឺរំលោភបំពាន និងបំបាក់ស្មារតីរបស់កម្មករ ដែលជាអំពើខុសច្បាប់ទាំងស្រុង។ យើងមិនមានសិទ្ធិអ្វីទៅបង្ក្រាបកម្មករដល់ក្នុងរោងចក្របែបនេះទេ»។
សហភាពសហជីពកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសអំពើដ៏សាហាវ និងកម្រោល របស់កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ដែលបានប្រព្រឹត្តមកលើកម្មករកម្មការិនីនៅរោងចក្រPCCS Garment Limited កាលពីព្រឹកមិញនេះ ពីព្រោះ វាជាអំពើបំផ្លិចបំផ្លាញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
កូដកម្មរបស់កម្មករនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែកក្កដា សំដៅទាមទារឱ្យថៅកែក្រុមហ៊ុន ទទួលយកអ្នកស្រី ម៉ន ចាន់ណា ប្រធានសហជីពប្រចាំរោងចក្រ ឲ្យចូលធ្វើការងារវិញ បន្ទាប់ពីថៅកែក្រុមហ៊ុន PCCS Garment Limited បានព្យួរការងាររបស់អ្នកស្រីដោយគ្មានមូលហេតុ។
លោកស៊ិន រតនៈ ប្រធានសហជីពប្រចាំរោងចក្រ PCCS បាននិយាយយ៉ាងដូច្នេះថា៖
«ប៉ូលិសមាន ខែល មកប្រហែលបី បួនឡាន ដេញកម្មករ ឆក់កម្មករ និងវាយកម្មករអញ្ចឹងទៅ។ អ្នកមានផ្ទៃពោះ ក៏សន្លប់។ អ្នកខ្លះត្រូវរបួសដៃ ជើង ដែលគាត់ឆក់ និងវាយ។ កម្មការិនីប្រហែល១៥នាក់បានត្រូវរងរបួស»។
កើត ចាន់ធី កម្មការិនី ដែលស្ថិតក្នុងចំណោមអ្នករងរបួស បានបន្ថែមថា នៅពេលប៉ូលិសបានដេញ ឆក់ និងវាយកម្មករ ក្រុមកម្មករ ដែលមានកំហឹង បានគប់សំបកដបទឹក និងស្បោងទឹកអំពៅដាក់ប៉ូលិសវិញ។
«ខ្ញុំដួលរហែកខោ ពីព្រោះខ្ញុំមិននឹកស្មានថា គេយកប៉ូលិសមកពីរឡានឆក់កម្មករលាន់ឮ។ កម្មកររបួសខ្លោចកំភួនជើង និងដៃ ហើយវាយគ្នាមួយដំបងទៀត»។
លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រព្រឹត្តអំពើហិង្សារបស់កងកម្លាំងមានសមត្ថកិច្ចប្រដាប់អាវុធ គឺប្រើសុទ្ធតែដំបងឆក់ទៅលើកម្មករ ខណៈដែលកម្មករប្រើប្រាស់សិទ្ធិ និងឆន្ទៈរបស់ខ្លួនក្នុងការទាមទារ។ អំពើបែបនេះជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបង្ហាញអំពីការប្រមាថមាក់ងាយទៅលើច្បាប់ និងកម្មករ។
លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌ សែនសុខ បានបដិសេធថា គ្មានកម្មករណាម្នាក់បានទទួលរងរបួសទេ ហើយប្រតិបត្តិការរបស់ប៉ូលិសដែលឡើងដើម្បីកុំឱ្យស្ទះចរាចរនោះ បានប្រព្រឹត្តទៅដោយរលូន៕