វ៉ាស៊ីនតោន៖ ការកាត់ក្តីមួយវគ្គ ក្នុងសំណុំរឿងមេដឹកនាំខ្មែរក្រហម បានទាក់ទាញឱ្យមានការគាំទ្របន្ថែមទៀតពីក្រុមប្រទេសម្ចាស់ជំនួយទៅលើសាលាក្តីខ្មែរក្រហម។
សាលក្រមដំបូងក្នុងរឿងក្តីលេខ០០១លើសំណុំរឿងមេគុកទួលស្លែងកាំង ហ្កេកអ៊ាវ ហៅឌុច បានទាក់ទាញឱ្យមានការគាំទ្រពីក្រុមប្រទេសអ្នកផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម ដោយចាត់ទុកថា វាអាចនឹងជួយបានថែមទៀតដល់ដំណើរការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងជាគំរូមួយដល់ប្រព័ន្ធយុត្តិធម៌ខ្មែរ។
ភ្លាមៗក្រោយពីសាលក្រមឌុចត្រូវបានតុលាការកាត់ទោសពួកខ្មែរក្រហមបានចេញកាលពីថ្ងៃទី២៦ ខែកក្កដា ដោយដាក់ទោសឌុចឱ្យជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ សហភាពអឺរ៉ុបបានប្រកាសផ្តល់ជំនួយចំនួនពីរលានអឺរ៉ូដែលប្រហាក់ប្រហែលនឹង២,៦លានដុល្លារសហរដ្ឋអាមេរិកសម្រាប់បើកប្រាក់បៀវត្សរ៍ដល់ចៅក្រម ព្រះរាជអាជ្ញានិងបុគ្គលិកជំនួយការផ្នែកច្បាប់ខាងភាគីកម្ពុជាដែលកំពុងតែជួបប្រទះកង្វះខាតថវិកា។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន លោក David Lipman ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកថា “ការកាត់សេចក្តីលើកទីមួយរបស់តុលាការនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនិងជាឱកាសតែមួយគត់សម្រាប់បិទទំព័រខ្មៅងងឹតមួយនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ប្រទេសកម្ពុជា”។
លោក Lipman បានដាក់ក្តីសង្ឃឹមថា “ការកាត់សេចក្តីនេះក៏ជាការចាប់ផ្តើមអនុវត្តច្បាប់អន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ”។
រីឯប្រទេសបារាំងនិងប្រទេសជប៉ុនវិញបានចេញសេចក្តីថ្លែងការណ៍រួមគ្នាខ្លីមួយតំណាងឱ្យម្ចាស់ជំនួយដទៃទៀតដល់តុលាការខ្មែរក្រហមដោយស្វាគមន៍និងលើកសរសើរដល់ដំណើរការនៃការកាត់ក្តីកន្លងមកនេះ។
តុលាការខ្មែរក្រហមបានចាប់ផ្តើមដំណើរការកាត់ក្តីលើសំណុំរឿងរបស់ឌុច ពីថ្ងៃទី៣០ ខែមិនាដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩ដោយដំណើរការអស់រយៈពេល៧៧ថ្ងៃមុននឹងចេញសាលក្រមនៅថ្ងៃទី២៦ ខែកក្កដាកន្លងមកនេះ។
លោក Philip J. Crowley ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកក៏បានស្វាគមន៍ដល់ការបញ្ចប់ការកាត់ទោសឌុចនេះផងដែរ។
“យើងសូមស្វាគមន៍ចំពោះសេចក្តីសម្រេចជាប្រវត្តិសាស្រ្តនៃសាលាក្តីខ្មែរក្រហមនិងការបញ្ចប់ការកាត់ទោសកាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកស២១។ យើងសាទរចំពោះការតាំងចិត្តរបស់ចៅក្រមជាតិ និងអន្តរជាតិចំពោះកិច្ចការដ៏ល្អិតល្អន់ និងឯករាជ្យរបស់ពួកអស់លោកដើម្បីលើកតម្កើងស្តង់ដារយុត្តិធម៌អន្តរជាតិនិងការអនុវត្តតាមគោលការណ៍ច្បាប់”។
នៅពេលដែលវីអូអេសំឡេងសហរដ្ឋអាមេរិកសាកសួរពីសាលក្រមរបស់ឌុចដែលចេញដោយសាលាក្តីខ្មែរក្រហម លោក Mike Quigley សមាជិកសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Illinois បានបញ្ជាក់ថា លោកនឹងខិតខំធ្វើការងារតាមលោកអាចធ្វើបានដើម្បីធានាថា សហរដ្ឋអាមេរិកនឹងបន្តជួយដល់ដំណើរការស្វែងរកយុត្តិធម៌នៅប្រទេសកម្ពុជា។
“ការស្វែងរកយុត្តិធម៌ត្រូវបានអូសបន្លាយអស់រយៈពេលយូររពេកហើយ ហើយខ្ញុំគិតថា វាជាការសំខាន់សម្រាប់សហរដ្ឋអាមេរិកត្រូវទទួលស្គាល់ពីបញ្ហានេះ ហើយធ្វើកិច្ចការបន្ថែមទៀតដើម្បីធ្វើឱ្យប្រាកដថា ក្រៅពីទប់ស្កាត់អំពើរបៀបនេះមិនឱ្យកើតមានឡើងជាថ្មីទៀតគឺត្រូវធានាថា ត្រូវស្វែងរកយុត្តិធម៌ឱ្យបាន ទោះជាយូរប៉ុណ្ណា ឬក្នុងតម្លៃប៉ុណ្ណាក៏ដោយ"។
រហូតមកដល់ពេលនេះ កាំង ហ្កេកអ៊ាវបានក្លាយជាបុគ្គលទីមួយក្នុងចំណោមមេដឹកនាំក្រុមខ្មែរក្រហមដែលត្រូវបានយកមកជំនុំជម្រះនៅមុខតុលាការកាត់ក្តីពួកខ្មែរក្រហម។
លោករាជ សម្បត្តិ អ្នកនាំពាក្យតុលាការខ្មែរក្រហម បានបញ្ជាក់ថា ប្រតិកម្មល្អពីប្រទេសម្ចាស់ជំនួយនេះជាការលើកទឹកចិត្តមួយដែលអាចជួយឱ្យមានដំណើរការសម្រាប់ករណីទីពីរទៀតដែលនឹងដំណើរការនៅចុងឆ្នាំ២០១០ ឬដើមឆ្នាំ ២០១១ ដោយផ្តោតលើមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។
“យើងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ប្រទេសទាំងអស់នោះដែលជាមិត្តរបស់សាលាក្តី ដូចជាជប៉ុននិងបារាំង ហើយពួកគាត់គាំទ្រ ជាការលើកទឹកចិត្តធំណាស់ដែលជំរុញឱ្យមន្រ្តីច្បាប់និងមន្ត្រីផ្នែករដ្ឋបាលនៅក្នុងតុលាការធ្វើការឱ្យរឹតតែមានប្រសិទ្ធិភាពជាងមុនទៅទៀត ជាពិសេសគឺឈានទៅដល់សំណុំរឿង០០២ ក្នុងការជំនុំជម្រះក្តីមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បួនរូបទៀត ដែលនៅសល់ រួមមានលោកនួន ជា លោកអៀង សារី លោកស្រី អៀង ធីរិទ្ធ និងលោកខៀវ សំផន”។
ឌុចត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ ចំពោះតួនាទីជាមេគុកទួលស្លែងដែលបានបង្កឱ្យមានការស្លាប់បាត់បង់ជីវិតអ្នកទោសយ៉ាងហោចណាស់ជាង១២.០០០នាក់៕