ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​​អន្តរ​ជាតិ​សន្យា​ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​ឱ្យ​កម្ពុជា


ទិដ្ឋភាព​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​ នៅវិមាន​រដ្ឋាភិបាល។​
ទិដ្ឋភាព​កិច្ច​ប្រជុំ​ប្រទេស​ផ្តល់​ជំនួយ​មក​កម្ពុជា​ នៅវិមាន​រដ្ឋាភិបាល។​

ប្រទេស​កម្ពុជា​ត្រូវ​បាន​សន្យា​ផ្តល់​ជំនួយ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ពី​សហគមន៍​ផ្តល់​ជំនួយ​អន្តរ​ជាតិ​សម្រាប់​ធ្វើការ​កែ​ទម្រង់ ​និង​ការ​អភិវឌ្ឍ។

លោក ​ជន សក្តា​ ជូន​សេចក្តី​រាយ​ការណ៍​ដូច​ត​ទៅ៖

សហគមន៍​ផ្តល់​ជំនួយ​អន្តរ​ជាតិ​បាន​សន្យា​ផ្តល់​ជំនួយ​១១០០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​បាន​កើន​ឡើង​ជាង​១០០​លាន​ដុល្លារ​អាមេរិក។

លោក​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា​ ​ជំនួយ​ទាំង​នេះ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កំណែ​ទម្រង់ ​និង​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០០៩-២០១៣ ​ដែល​មាន​តម្លៃ​ទឹកប្រាក់​ជាង​៦០០០​លាន​ដុល្លារ​អាមេរិក។

"ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​លេខ១​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ។ ​ជំនួយ​នេះ​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សម្រាប់​អនុវត្ត​ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​រយៈ​ពេល​៥​ឆ្នាំ​របស់​រដ្ឋា​ភិបាល​កម្ពុជា"។

ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ​សំដៅ​ធ្វើ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ ​ កំណែ​ទម្រង់​ការ​គ្រប់គ្រង​ដីធ្លី​ ​កំណែ​ទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

លោក​ Masafumi​ Kuroki ​ឯក​អគ្គ​រដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា​ ​ប្រទេស​ជប៉ុន​បាន​សន្យា​ផ្តល់​ជំនួយ​ប្រមាណ​១៣៦​លាន​ដុល្លារ​អាមេរិក​ ដោយ​ផ្តោត​ទៅ​លើ​តម្លាភាព។

លោក​គាត ឈន់ ​បាន​ហៅ​កិច្ច​ប្រជុំ​ផ្តល់​ជំនួយ​នេះ​ថា ​ជា​ជោគ​ជ័យ​សម្រាប់​កម្ពុជា​ និង​ដៃ​គូ​អភិវឌ្ឍន៍។

លោក​ Qimiao ​Fan ​ប្រធាន​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ និង​ជា​តំណាង​ដៃ​គូ​អភិវឌ្ឍន៍​នៅ​ក្នុង​វេទិកា​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​លើក​ទី៣​នេះ​បាន​បញ្ជាក់​ថា​ យើង​សង្ឃឹម​យ៉ាង​ខ្លាំង​ថា​ ការ​ដឹក​នាំ​របស់​រដ្ឋា​ភិបាល​នឹង​ធ្វើការ​ចាត់​ចែង​ជំនួយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​ តាម​រយៈ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ ​ដែល​នឹង​ធ្វើ​ឱ្យ​ទម្រង់​នេះ​លែង​ចាំបាច់​ត​ទៅ​ទៀត។

លោក ​Qimiao ​Fan ​បាន​បន្ថែម​ថា ​បញ្ហា​សំខាន់​មួយ​ចំនួន​ រួមមាន​ការ​ពង្រឹង​តម្លាភាព​ និង​គណនេយ្យ​ភាព​នៅ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ និង​ធនធាន​ធម្មជាតិ​នានា។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ កម្ពុជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​ធនធាន​សហ​ប្រតិបត្តិការ​ទាំង​អស់​នោះ​ឱ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព ​និង​ភាព​ស័ក្តិ​សិទ្ធិ​បំផុត​ ដើម្បី​ជំរុញ​កំណើន ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពលរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បញ្ជាក់​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​សូម​ផ្តល់​នូវ​ការ​ធានា​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប្រើប្រាស់​ធនធាន​សហ​ប្រតិបត្តិការ​ដែល​ផ្តល់​ដោយ​ដៃគូ​អភិវឌ្ឍន៍​ឱ្យ​បាន​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព។

នៅ​ក្នុង​ឆ្នាំ​២០០៩ ​ ​ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​ជិត​១០០០​លាន​ដុល្លារ​អាមេរិក​ពី​សហគមន៍​អន្តរ​ជាតិ​នេះ។

ពី​ទីក្រុង​ភ្នំពេញ ​ ខ្ញុំ ​ជន សក្តា ​VOA ​សំឡេង ​ស.រ.អ.៕

XS
SM
MD
LG