មន្ត្រីនៃអង្គការសហប្រជាជាតិ អង្គការសិទ្ធិមនុស្ស សមាគមអ្នកកាសែត អ្នកយកព័ត៌មាន និងនិស្សិតសរុបប្រមាណ៣០០នាក់ បាននាំគ្នាប្រារព្វទិវាសេរីភាពព័ត៌មានពិភពលោកក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។ ក្រុមមន្ត្រីទាំងនេះ បានលើកឡើងថាកម្ពុជាកំពុងប្រឈមនឹងគម្លាតបច្ចេកវិទ្យាព័ត៌មានដ៏ធំសម្បើមក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន និងកង្វះច្បាប់ស្តីពីការទទួលបានព័ត៌មានក្នុងប្រទេសដ៏ក្រីក្រមួយនេះ។
ថ្លែងនៅក្នុងពិធីអបអរសាទរទិវាសេរីភាពព័ត៌មានឆ្នាំនេះ ដែលបានផ្តោតទៅលើប្រធានបទសកលថា «ព័ត៌មានសតវត្សរ៍ទី២១៖ ព្រំដែនថ្មី ឧបសគ្គថ្មី» អ្នកស្រី អាន ឡឺម៉េស្ត្រ (Anne Lemaistre) តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជាបានកត់សម្គាល់ថា កម្ពុជានៅមានគម្លាតយ៉ាងធំនៅឡើយខាងបច្ចេកវិទ្យាព័ត៌មានថ្មីក្នុងចំណោមប្រជាពលរដ្ឋរបស់ខ្លួន។ លោកស្រីថ្លែងថា៖
«ដោយមានប្រជាពលរដ្ឋតែ១%ប៉ុណ្ណោះដែលទទួលបានការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត កម្ពុជានៅមានគម្លាតបច្ចេកវិទ្យាដ៏ធំសម្បើមនៅឡើយ។»
គម្លាតដ៏ធំគឺដោយសារកម្ពុជានៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធខាងបច្ចេកវិទ្យាទូលំទូលាយនៅឡើយ ហើយចំណេះដឹងរបស់ពលរដ្ឋទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មាននេះក៏នៅមានកម្រិត។
អ្នកស្រី អាន មានប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងប្រទេសក្រីក្រដូចជាកម្ពុជាជាដើមនេះ មិនមែនត្រូវការត្រឹមតែតម្រូវការចាំបាច់មួយចំនួនដូចជាអាហារឬសម្លៀកបំពាក់សម្រាប់រស់នៅប៉ុណ្ណោះទេ តែពួកគេក៏ត្រូវការព័ត៌មាន និងការអប់រំផងដែរ ដើម្បីដោះស្រាយភាពក្រីក្ររបស់ពួកគេ។ លោកស្រីបន្តទៀតថា៖
«អ្នកខ្លះនិយាយថា អ្វីដែលប្រជាពលរដ្ឋនៅក្នុងប្រទេសក្រីក្រពិតជាត្រូវការនោះ គឺអាហារ ទឹក ការងារ ការថែទាំសុខភាព និងអនាម័យ មិនមែនបច្ចេកវិទ្យាថ្មីៗនោះទេ។ ប៉ុន្តែ គំនិតផ្តួចផ្តើម និងគម្រោងថ្មីៗជាច្រើននៅជុំវិញពិភពលោក បានបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាព័ត៌មាន អាចដើរតួនាទីជាអាវុធដ៏ល្អបំផុតប្រឆាំងនឹងភាពក្រីក្រតាមរយៈការដោះស្រាយដោយចំណាយថវិកាតិចលើបញ្ហានានារាប់ចាប់ពីការថែទាំសុខភាពដល់បញ្ហាស្បៀងអាហាររហូតដល់បញ្ហាពន្យាកំណើតជាដើម តាមរយៈការចែកចាយព័ត៌មាន និងការអប់រំឲ្យទាន់ពេលវេលា»។
ក្រៅពីគម្លាតនៃបច្ចេកវិទ្យាព័ត៌មានក្នុងចំណោមប្រជាពលរដ្ឋកម្ពុជានេះ ការទទួលបានព័ត៌មានក៏មានលក្ខណៈរិតត្បិតយ៉ាងខ្លាំងដែរក្នុងបរិបទសង្គមកម្ពុជាសព្វថ្ងៃ។ នេះបើផ្អែកតាមលោក សេក បរិសុទ្ធ ប្រធានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយនៃអង្គការផេកកម្ពុជា។
លោក សេក បរិសុទ្ធ បានថ្លែងនៅក្នុងបទអន្តរាគមន៍របស់លោកថា «អ្នកកាសែតកម្ពុជាបានប្រឈមយ៉ាងធំនោះគឺសិទ្ធិ ឬលទ្ធភាពទទួលព័ត៌មាន» ដោយសារតែកម្ពុជាខ្វះច្បាប់មួយដែលធានាដល់សិទ្ធិទទួលបានព័ត៌មាន។
បើតាមលោក សេក បរិសុទ្ធ បច្ចុប្បន្ន មានប្រទេសចំនួនប្រមាណ៨០ហើយនៅជុំវិញពិភពលោក ដែលបានបង្កើតច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។ កាលពីខែកុម្ភៈកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការ សមាគមការពារសិទ្ធិមនុស្សជាតិនិងអង្តរជាតិថា បានព្យាយាមរាំងខ្ទប់គេហទំព័រមួយចំនួនដែលមានទំនោរប្រឆាំងនឹងរដ្ឋាភិបាល។ ការរាំងខ្ទប់ឬបិទគេហទំព័រដែលគេចាត់ទុកថា ជាការរិតត្បិតដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងការទទួលព័ត៌មានរបស់ពលរដ្ឋ។
របាយការណ៍របស់សមាគមកម្ពុជាការពារអ្នកកាសែត បានលើកឡើងថា ថ្វីត្បិតតែបច្ចុប្បន្ន ពុំមានអ្នកកាសែតណាម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារដោយការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនក៏ដោយ ក៏មានបណ្តឹងប្រឆាំងនឹងអ្នកកាសែតមួយចំនួននៅតែបន្តមាន ដូចជាបទបរិហារកេរ្តិ៍ បទផ្សាយព័ត៌មានមិនពិត បទឆបោក និងជំរិតទារប្រាក់ជាដើម។
កញ្ញា ហេង សុខចាន់ណារដ្ឋ និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយនៅក្នុងបទសម្ភាសថា នៅក្នុងយុគសម័យថ្មីនេះ រដ្ឋាភិបាលត្រូវបើកទូលាយខាងវិស័យព័ត៌មានដើម្បីបើកឱកាសឲ្យពលរដ្ឋចូលរួមបានកាន់តែច្រើននៅក្នុងការសកម្មភាពអភិវឌ្ឍសង្គមនានា។ កញ្ញា សុខចាន់ណារដ្ឋ ថ្លែងថា៖
«នៅក្នុងសម័យនេះ យើងមានបច្ចេកវិទ្យាទំនើប ដូចជាយើងមានអ៊ីនធឺណិត យើងអាចបង្កើតប្លហ្កខ្លួនឯង យើងមានបណ្តាញសង្គមសម្រាប់សរសេរបញ្ចេញមតិ។ អញ្ចឹងខ្ញុំគិតថា តិច ឬច្រើនពួកយើងទាំងអស់គ្នាមានឱកាសច្រើនក្នុងការបញ្ចេញមតិផ្ទាល់ខ្លួនឯងទៅលើបញ្ហាសង្គមឬបញ្ហាអីផ្សេងៗទៀត»។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រដ្ឋាភិបាលកម្ពុជាបានបើកទូលាយដល់វិស័យព័ត៌មាននេះ ហើយថា រដ្ឋាភិបាលកន្លងមកគ្មានគោលនយោបាយគាបសង្កត់ ឬរិតបន្តឹងសេរីភាពសារព័ត៌មាននោះទេ។
«ជាគោលការណ៍របស់រដ្ឋាភិបាល យើងជំរុញឲ្យមានការប្រើប្រាស់ទូលាយ។ ហើយជាការពិតហើយ យើងមិនអាចបង្ខំក្មេងមួយឲ្យគិតដូចយើងបានទេ យុវជនគេត្រូវការមានអត្តសញ្ញាណថ្មីរបស់គេ។ គេចង់និយាយ គេចង់បង្ហាញរូបរាងគេ»។
លោក ខៀវ កាញារិទ្ធ មានប្រសាសន៍បន្ថែមថា ចំណែកសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានវិញ កំពុងស្ថិតក្នុងការពិភាក្សានៅឡើយ ដោយពុំទាន់ប្រាកដថាតើច្បាប់នោះអាចនឹងលេចចេញជារូបរាងនៅពេលណានោះទេ។
យ៉ាងណាក៏ដោយ អ្នកស្រី អាន ឡឺម៉េស្ត្រ នៃអង្គការយូណេស្កូប្រចាំកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាគួរតែយ៉ាងហោចណាស់ជួយប្រជាពលរដ្ឋរបស់ខ្លួនក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ជាពិសេស អ៊ីនធឺណិត ដើម្បីភ្ជាប់គម្លាតដ៏ធំសម្បើមខាងបច្ចេកវិទ្យាព័ត៌មានក្នុងចំណោមពួកគេនោះ ប្រយោជន៍ដើម្បីឲ្យពួកគេអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការសម្រេចចិត្តរបស់ពួកគេ៕