ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះ​មាន​បម្រាម​ ស្រ្តី​បម្រើ​តាម​ផ្ទះ​ខ្មែរ​នៅ​តែ​ត្រូវ​គេ​បញ្ជូន​ទៅ​ម៉ាឡេស៊ី


Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។
Gelia ជា​អ្នកបំរើ​តាម​ផ្ទះ​ម្នាក់​នៅ​ទីក្រុង​កូឡា ​ឡាំពួរ​នៃ​ប្រទេស​ម៉ាឡេស៊ី។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ បាន​ចុះ​ហត្ថលេខាលើ​បទ​បញ្ជា​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗនេះ​ដែល​បាន​ហាមឃាត់​ក្រុម​ហ៊ុន​ជ្រើស​រើសពលករកុំឲ្យ​បញ្ជូន​ពលករក្នុង​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់​ពី​មាន​សេច​ក្តី​រាយការណ៍​មួយ​ចំនួន​ពី​ការ​រំលោភ​ធ្វើ​បាប។​ ក៏ប៉ុន្តែ​ អង្គការ​សិទ្ធិ​មនុស្ស​ដ៍​ល្បីល្បាញ​មួយ​ប្រាប់​ឲ្យ​ដឹងថា​ ការ​ហាមឃាត់​នេះ​បាន​ត្រូវ​រំលោភ​ភ្លាមៗ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ពីរ​បាន​បញ្ជូន​ស្រ្តី​ទៅ​បរទេស​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ច័ន្ទ។

ក្រុម​សិទ្ធិមនុស្ស​បាន​ដាក់ការ​គៀបសង្កត់​លើ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ឲ្យ​ប្រយុទ្ធ​ប្រឆាំង​ការរំលោភ​ធ្វើ​បាប​ស្ត្រី​កម្ពុជា​បម្រើ​តាម​ផ្ទះ​ដែលធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​សន្យា​ចាត់​វិធាន​ការណ៍​។

កាលពី​ថ្ងៃ​សៅរ​ លោក​បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ហាម​ឃាត់​ក្រុមហ៊ុន​កម្ពុជា​ជ្រើសរើស​ពលករមិន​ឲ្យ​បញ្ជូន​ពលករ​ក្នុង​ស្រុក​ទៅ​ប្រទេស​ម៉ាឡេស៊ី។

ក្រុម​សិទ្ធិ​មនុស្សបាន​ស្វាគមន៍​ការ​ហាម​ឃាត់​នេះ។ ទី​ភ្នាក់ងារ​ជ្រើស​រើស​ស្រ្តី​បម្រើ​តាម​ផ្ទះ​បាន​ថ្កោលទោស​ការហាម​ឃាត់​នេះ។

ប៉ុន្តែ​កាលពី​ថ្ងៃ​ច័ន្ទ​ លោកស្រី​ Naly ​Pilorge ​នាយក​អង្គការ​សិទ្ធិ​មនុស្សLICADHO ​និយាយ​ថា​ ក្រុមហ៊ុន​ពីរ​ បាន​បញ្ជូន​ស្រ្តី​ក្មេង​ៗ​យ៉ាង​ហោចណាស់​ក៏​២៥​នាក់​ដែរ​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាម​ជើង​យន្តហោះ​ព្រឹក​ព្រលឹម​ពី​ទីក្រុង​ភ្នំពេញ។

«កាល​ពី​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ​ខ្ញុំ​បាន​ទទួល​ការលើក​ទឹកចិត្ត​ ប៉ុន្តែ ​បន្ទាប់​មក​សហ​ការី​របស់​ខ្ញុំ​បាន​រាយការណ៍​ថា​មានស្រ្តី​យ៉ាង​ហោចណាស់​ក៏​២៥​នាក់​ដែរ​បាន​ត្រូវ​គេ​ឃើញ​ចាកចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​នៅ​ព្រឹក​នេះ ​វា​ជា​ការបញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​ខ្ញុំ​ថាពួក​អាជ្ញាធរ​ ក្រុមហ៊ុន​ កំពុង​បំពាន​បំរាម​នេះ។ ដូច្នេះ​ខ្ញុំ​មិន​បាន​ទទួល​ការលើកទឹក​ចិត្ត​ទេ»។

អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​ សមាជិក​សភា​គណបក្ស​ប្រឆាំង​ក្នុង​ប្រ​ទេស​កម្ពុជា​បាន​ផ្តោតលើ​ការរំលោភ​ធ្វើ​បាប​ដ៍​ធ្ងន់​ធ្ងរ​ដល់​ស្រ្តី​ខ្មែរ​បំរើ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ លោកស្រី ​Pilorge​ មាន​ប្រសាសន៍​ថា​ លោកស្រី​ជឿ​ជាក់​ថា​រដ្ឋាភិបាល​បាន​ហាម​ឃាត់​លំហូរ​របស់​ពលករផ្លាស់​ទីលំនៅនៅ​ពេល​ឥឡូវនេះ​ មួយ​ផ្នែក​ ពីព្រោះតែ​ ពួកមន្រ្តី​ព្រួយបារម្មណ៍​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីនតោន​ អាច​បញ្ចុះ​ឋានភាព​ការជួញដូរ​មនុស្ស​របស់​ខ្លួន​ ដែល​ដាក់​ឲ្យ​ខ្លួន​ស្ថិត​ក្នុង​ភាព​គ្រោះ​ថ្នាក់​បាត់​បង់​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក។

សេចក្តី​រាយការណ៍​ការជួញដូរ​មនុស្ស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ឆ្នាំ​២០១១​ប្រាប់​ឲ្យ​ដឹង​ថា​កម្ពុជា​មិន​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿនលឿន​ដើម្បី​សម្គាល់​អត្តសញ្ញាណ​ឬ​ការពារ​ជនរង្គ្រោះ​ដោយសារ​ការជួញដូរ​នោះ​ទេ។

មនុស្ស​ក្មេង​ៗ​ប្រហែល​៣​សែន​នាក់​បាន​ចូល​ទីផ្សារ​កាងារ​របស់​កម្ពុជា​ក្នុង​មួយ​ឆ្នាំៗ​ ប៉ុន្តែ​ មិន​មាន​ការងារ​ដែល​បាន​ទទួល​ប្រាក់​កម្រៃ​គ្រប់គ្រាន់​ក្នុង​ស្រុក​សម្រាប់មនុស្ស​ភាគ​ច្រើន។

ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ឆ្លង​កាត់​ដោយ​ស្រប​ច្បាប់​និង​ខុស​ច្បាប់​ចូលក្នុង​ប្រទេស​ថៃ​និង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​មួយ​ឆ្នាំៗ​ដើម្បី​រក​ការងារ​ធ្វើ។

ស្រ្តី​កម្ពុជា​យ៉ាង​ហោច​ណាស់​៣​ម៉ឺន​នាក់​ បាន​ត្រូវ​គេ​ជួល​ឲ្យធ្វើ​ជា​ពលករបំរើ​នៅ​តាម​ផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។

បុរស​និង​ស្រ្តី​ជា​ច្រើន​ ត្រូវ​បាន​គេ​ទាក់ទាញ​ឲ្យ​ធ្វើ​ការងារ​នានា​ដូច​ជា​នៅក្នុង​រោងចក្រ​និង​ចំការ​កៅស៊ូ​ ឬ​រង​ការឈឺ​ចាប់​នៅ​ក្នុង​ស្ថានភាព​ដូចជា​ទាសករ​នៅ​លើ​ទូក​នេសាទ​និង​កន្លែង​បន​បេស្យា។

លោកស្រី ​Pilorge​ បាន​ប៉ាន់​ស្មាន​ថា​ ស្រ្តី​កម្ពុជា​ប្រហែល​បី​ពាន់​នាក់​ដែល​មាន​អាយុ​ពី១៨​ទៅ​២៤​ឆ្នាំ​បាន​ចាក​ចេញ​ទៅកាន់​ប្រទេស​ម៉ាឡេស្យា​ក្នុង​មួយ​ខែៗ។

«អ្វី​ដែល​បាន​កើត​ឡើង​ជា​ការពិត​គឺ​ថា​ឯកសារ​ត្រូវ​គេ​ធ្វើ​ក្លែងក្លាយ​ ភូត​កុហក​ដល់​ក្រុម​គ្រួសារ​ ដល់​នារី​ ទីភ្នាក់ងារ​ជ្រើសរើស​ស្ត្រី​ឲ្យ​ធ្វើ​ការងារ​តាម​ផ្ទះ​ ឃុំ​ឃាំងនារី​ទាំង​នោះ​ ធ្វើ​ឲ្យ​ពួកគេ​ជំពាក់​បំណុល។ អំពើ​ឧក្រិដ្ឋ​ទាំងអស់​នេះ​ធ្វើ​ឡើង​ដើម្បី​បំពេញ​ចំនួន​ដែល​អាច​បញ្ជូន​នារី​និង​ស្រ្តី​៣​ពាន់​នាក់​ទៅ​ប្រ​ទេស​ម៉ាឡេ​ស៊ី»។

ទើបតែ​មួយ​សប្តាហ៍​កន្លង​មក​នេះ​ ប៉ូលីស​កម្ពុជា​ បាន​វាយ​ឆ្មក់​កន្លែង​ជ្រើស​រើស​ស្រ្តី​បំរើ​ការងារ​តាម​ផ្ទះ​មួយ​ហើយ​បាន​ដោះលែង​នារី​នៅ​ក្រោម​អាយុ​៣៥​នាក់។ ចាប់តាំង​ពីនោះ​មក​ ក្រុមហ៊ុន​នោះ​ បាន​បិទទ្វា។ នេះ​ជា​លើក​ទីមួយ​ហើយ​ដែល​ក្រុមហ៊ុន​ការងារ​កម្ពុជា​បាន​ត្រូវ​គេ​ដក​អាជ្ញា​ប័ណ្ណ​ប្រតិបត្តិការណ៍​របស់​ខ្លួន​នោះ។

លោក​ស្រី ​Pilorge ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ បំរាម​នេះ​ជាការ​ចាប់​ផ្តើមតែ​ប៉ុណ្ណោះ​។

«បំរាម​នេះ​គ្រាន់​តែ​ជា​បង់​សម្រាប់​រុំរបួស​បណ្តោះ​អាស័ន្ន។ អ្វី​ដែល​ចាំបាច់​នោះ​គឺ​ថា​មិន​មាន​ស្រ្តី​កម្ពុជា​ណា​ម្នាក់​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ប្រទេស​ម៉ាឡេស្យា​រហូត​ទាល់​តែ​កិច្ចការពារ​ដ៍​ត្រឹម​ត្រូវ​និង​យន្តការ​ផ្សេង​ៗ​ទៀត​បាន​ត្រូវ​ដាក់​នៅ​នឹង​កន្លែង​ដើម្បី​ការពារ​ពលករក្នុង​ស្រុក​ហើយ​នឹង​ពលករកម្ពុជា​ផ្សេង​ៗ​ទៀត»។

កាលពី​ថ្ងៃ​ច័ន្ទ​ កាសែត​The Star​របស់​ម៉ាឡេស្យា​ បាន​ដកស្រង់​សម្តី​រដ្ឋមន្រ្តី​ក្រសួងការបរទេស​ម៉ាឡេស៊ី​មក​ចុះ​ផ្សាយ​ថា​ប្រទេស​របស់​លោក​នឹង​សុំអភ័យ​ទោស​កម្ពុជា​ប្រសិន​បើ​ការចោទ​ប្រកាន់​ពី​ការធ្វើ​ទារុណកម្ម​និង​ការរំលោភ​ធ្វើ​បាប​បាន​ត្រូវ​គេ​រកឃើញ​ថា​ជា​ការពិត​នោះ៕

ប្រែ​សម្រួល​ដោយ​ ភី ​សុភាដា

XS
SM
MD
LG