ភ្នំពេញ៖ក្រុមមន្ត្រីសុខាភិបាលបានជួបប្រជុំគ្នាជាបន្ទាន់ ដើម្បីរិះរកវិធានការទប់ស្កាត់ការកើនឡើងនៃជំងឺគ្រុនឈាម ដែលឡើងដល់កម្រិតប្រកាសអាសន្ននៅតាមខេត្តមួយចំនួន ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា និងបានរាតត្បាតពីតំបន់មួយទៅតំបន់មួយ និងមានការប្រែប្រួលប្រភេទរបស់មេរោគពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឱ្យការតាមដានកាន់តែមានការលំបាក។
ការប្រជុំនៅថ្ងៃនេះគឺជាការពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំខេត្ត និងក្រសួងសុខាភិបាលក្នុងកិច្ចខំប្រឹង ប្រែងទប់ស្កាត់ជំងឺគ្រុនឈាមនេះ។
ក្រុមមន្ត្រីក្រសួងសុខាភិបាលបានជួបប្រជុំជាមួយក្រុមអាជ្ញាធរសុខាភិបាលខេត្ត នៅថ្ងៃអង្គារនេះ ដើម្បីរិះរកមធ្យោបាយកាត់បន្ថយការកើនឡើងនូវជំងឺគ្រុនឈាម ដែលបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ និងធ្វើឱ្យមនុស្សជាង ៣៧៧០នាក់ធ្លាក់ខ្លួនឈឺចាប់តាំងពីរដូវភ្លៀងបានចូលមកដល់។
លោកវេជ្ជបណ្ឌិតហ៊ុយ រ៉េកុល នាយករងមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានថ្លែងថា ប្រទេសកម្ពុជាមានអ្នកជំងឺគ្រុនឈាមចំនួន ៣៧៧១នាក់ ក្នុងនោះមាន១០នាក់ស្លាប់ ដោយសារជំងឺគ្រុនឈាមក្នុងរយៈពេល៧ខែដើមឆ្នាំ២០១០នេះ។
លោកវេជ្ជបណ្ឌិតរូបនេះបានបញ្ជាក់ថា ក្រុមមន្ត្រីសុខាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការកើនឡើងជំងឺគ្រុនឈាមនេះ។ ក្រុមមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ត្រូវតែរិះរកមធ្យោបាយទប់ស្កាត់ជំងឺរាតត្បាតនេះ។
លោកវេជ្ជបណ្ឌិតហ៊ុយ រ៉េកុល បានបន្តថា ការប្រជុំនៅថ្ងៃនេះ គឺជាការពញ្ញាក់ស្មារតីដល់ថ្នាក់ដឹកនាំខេត្ត និងក្រសួងសុខាភិបាល ដើម្បីបែងចែកធនធានឱ្យបានសមស្របទៅតាមកាលៈទេសៈ និងពេលវេលាក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមនេះ។
«ចាប់ពីសប្តាហ៍ទី២៧មក ជំងឺគ្រុនឈាមបានកើនឡើងដល់ខ្សែបន្ទាត់ប្រកាសអាសន្ន។ ដូច្នេះជាខ្សែបន្ទាត់ ដែលយើងត្រូវព្រួយបារម្ភថា វានឹងអាចផ្ទុះ បើគ្មានការគ្រប់គ្រង ឬការឆ្លើយតបបានសមស្រប»។
លោកវេជ្ជបណ្ឌិត ឌួង សុជាតិ នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ជំងឺគ្រុនឈាមនេះ បានកើតមាននៅរដូវភ្លៀងធ្លាក់ និងរាតត្បាតពីតំបន់មួយទៅតំបន់មួយ និងមានការប្រែប្រួលប្រភេទរបស់មេរោគពីមួយឆ្នាំ ទៅមួយឆ្នាំ ដែលធ្វើឱ្យការតាមដានកាន់តែមានការលំបាក។
ខេត្តដែលមានការកើនឡើងនៃជំងឺគ្រុនឈាមខ្លាំងជាងគេ គឺខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តកែប ខេត្តកណ្តាល និងទីក្រុងភ្នំពេញ។
ក្រុមមន្ត្រីសុខាភិបាល និងអាជ្ញាធរភូមិ ឃុំ បានពន្យល់ណែនាំ និងបានចែកថ្នាំ Abatដល់អ្នកភូមិនៅតាមខេត្តរងគ្រោះនៃជំងឺគ្រុនឈាម សម្រាប់ដាក់ក្នុងពាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ធ្វើអនាម័យក្នុងនិងជុំវិញផ្ទះដើម្បីបំបាត់ជម្រកមូសខ្លា និងប្រភពដង្កូវទឹក ចិញ្ចឹមត្រី៧ពណ៌ក្នុងពាងឱ្យស៊ីដង្កូវទឹកលាងសម្អាតពាងពីរដងក្នុងមួយសប្តាហ៍ លុបបំបាត់វត្ថុដក់ទឹក និងនៅពេលថ្ងៃ កុមារត្រូវពាក់សម្លៀកបំពាក់ក្រាស វែង និងដេកក្នុងមុង ពីព្រោះមូសខ្លាខាំមនុស្សចាប់ពីម៉ោង៥ និង៣០នាទីព្រឹក រហូតដល់ម៉ោង៥និង៣០នាទីព្រលប់ នេះបើតាមការអះអាងរបស់វេជ្ជបណ្ឌិតហ៊ុយ រ៉េកុល។
លោកវេជ្ជបណ្ឌិតឌួង សុជាតិ បានថ្លែងថា ក្រុមមន្ត្រីសុខាភិបាលត្រូវជំរុញការអប់រំសុខភាពដល់សហគមន៍ និងសាលារៀនឱ្យយល់ដឹងពីការការពារជំងឺគ្រុនឈាម គ្រោះថ្នាក់នៃជំងឺគ្រុនឈាម ការចម្លងជំងឺគ្រុនឈាម និងការចេះប្រើសេវាប្រកបដោយប្រសិទ្ធិភាព។
នៅក្នុងឆ្នាំ២០០៩ ជំងឺគ្រុនឈាមបានសម្លាប់មនុស្ស៣៧នាក់ រីឯឆ្នាំ២០០៨មានអ្នកជំងឺស្លាប់ចំនួន៦៥នាក់៕