ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​របស់​អៀង សារី​ សុំ​ឱ្យ​បើក​សវនាការ​តែ​កន្លះ​ថ្ងៃ​ដោយ​ហេតុផល​សុខភាព


អៀង សារី អតីតមេដឹកនាំខ្មែរ​ក្រហមម្នាក់។
អៀង សារី អតីតមេដឹកនាំខ្មែរ​ក្រហមម្នាក់។

ភ្នំពេញ​៖ សហ​មេធាវី​របស់​ អៀង សារី ​បាន​ស្នើ​ឲ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ធ្វើ​ការកាត់ទោស​ត្រឹមតែ​ពាក់​កណ្តាល​ថ្ងៃ​រាល់​ការបើក​សវនាការ​ម្ដងៗ។ មូលហេតុ​ដោយសារ​តែ​លោក​ អៀង សារី ​មាន​បញ្ហា​សុខភាព។

ការស្នើ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃពុធ​ដល់​អង្គ​ជំនុំជម្រះ​សាលាដំបូង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​ក្រុម​មេធាវី​សម្អាង​ទៅលើ​មូលហេតុ​សុខភាព​របស់​កូនក្តី​របស់​ពួកគេ។

សំណើ​នេះ​ធ្វើឡើង​ខណៈ​ពេល​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​គ្រោងនឹង​ធ្វើការ​កាត់ទោស​អតីត​មេដឹកនាំ​កំពូល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ចំនួន​បួននាក់​នៅក្នុង​សំណុំរឿង​០០២​នៅក្នុង​អំឡុង​ខែមិថុ​នា​ឆ្នាំ​នេះ។

សហមេធាវី​កម្ពុជា​លោក អាង ឧត្តម និង​សហមេធាវី​អន្តរជាតិ​លោក ម៉ាយឃើល កាណាវ៉ាស​(Michael Karnavas) បាន​លើកឡើង​នៅក្នុង​សំណើ​របស់​ខ្លួន​ថា ​លោក ​អៀង សារី​ឈឺខ្នង​ហើយ​បណ្តាល​ឲ្យ​មាន​ការឈឺចាប់​នៅពេល​ដែល​អង្គុយយូរ។

កូនក្តី​របស់​ខ្លួន​មាន​បញ្ហា​តម្រងនោម​ ហើយ​គាត់​ពិបាក​នឹង​ប្រមូល​អារម្មណ៍​និង​ថាមពល​សម្រាប់​អង្គុយ​នៅក្នុង​សវនាការ​រយៈពេល​យូរ។

សហមេធាវី​ទាំងពីរ​រូប​ក៏បាន​ស្នើ​ផងដែរ​សុំ​ឲ្យ​មាន​ការសម្រាក​រយៈពេល​១៥នាទី​ រាល់ការ​បើក​សវនាការម្តងៗ។

លោក​អាង ឧត្តម ​សហមេធាវី​កម្ពុជា​មាន​ប្រសាសន៍​ថា​ ការបើក​សវនាការ​រយៈពេល​ពេញ​មួយថ្ងៃ​និង​ធ្វើ​ឲ្យ​កូនក្តី​របស់​លោក​កាន់តែ​មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ។

«ខ្ញុំ​កត់សម្គាល់​ថា ​គាត់​មិនអាច​អង្គុយ​បានទេ​ពេញ​ម៉ោង​ពេញ​ថ្ងៃ​នេះ​ គឺ​ដូច​ឲ្យ​គាត់​កាន់តែ​ឈឺ​ធ្ងន់​ទៅ ហើយ​រឹតតែ​បង្អាក់​ពេលវេលា​របស់​តុលាការ​ទៅវិញ​ទេ។ យើង​មើល​ឃើញ​ថា​ ការជំនុំជម្រះ​ក្តី​តែមួយ​ពេល សម្រាប់​មួយថ្ងៃ​ជាការ​សមរម្យ»។

លោក​ឡាស អលសិន​ មន្រ្តី​ផ្នែក​ទំនាក់ទំនង​កិច្ចការ​ច្បាប់​របស់​សាលាក្តី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ​សាលាដំបូង ​នឹង​ពិចារណា​ទៅលើ​សំណើ​របស់​ក្រុម​មេធាវី​ការពារក្តី។

«តុលាការ​បាន​ទទួល​សំណើ​ពី​លោកអៀង សារី ហើយ។ តុលាការ​នឹង​ពិចារណា​លើ​សំណើ​នេះ ខណៈ ដែល​ពេល​នេះ ​តុលាការ​កំពុង​រៀបចំ​ផែនការ​សម្រាប់​ការកាត់ទោស។ ប៉ុន្តែ​យើង​មិនទាន់​ដឹងថា​ តើ​តុលា ការ​និង​ធ្វើការសម្រេច​លើ​សំណើ​នេះ​នៅ​ពេលណា​នោះ​ទេ»។

អតីត​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរក្រហម​អៀង សារី ​អាយុ​៨៥​ឆ្នាំ​នៅឆ្នាំ​នេះ លោកត្រូវ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួកខ្មែរក្រហម​ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការបណ្តាល​ឲ្យ​ប្រជាជន​កម្ពុជា​ស្លាប់​ពី១,៧ ​លាន​នាក់ ​ទៅ ២,២ នាក់ ​ចន្លោះ​ពីឆ្នាំ១៩៧៥ ​ដល់​ឆ្នាំ១៩៧៩៕

XS
SM
MD
LG