ខណៈ ដែលប្រទេសកម្ពុជា លាវ និងវៀតណាម កំពុងព្យាយាមរើខ្លួនឱ្យរួចផុតពីការគ្របដណ្តប់ដោយប្រាក់ដុល្លារក្នុងទីផ្សាររៀងៗខ្លួន របាយការណ៍ចុងក្រោយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់យុទ្ធសាស្ត្រសំខាន់ៗមួយចំនួនដែលប្រទេសនៃជ្រោយឥណ្ឌូចិន ទំាង៣ អាចសហការគ្នាដើម្បីធ្វើការឆ្ពោះទៅរកការធ្វើបដិដុល្លារូបនីយកម្ម។
ប្រទេសទំាង៣ កម្ពុជា លាវ និងវៀតណាម សុទ្ធតែធ្លាប់ស្ថិតក្រោមអាណានិគមនិយមបារំាង ហើយបច្ចុប្បន្នកំពុងប្រឈមទៅនឹងការគ្របដណ្តប់ដោយរូបិយវត្ថុបរទេសច្រើនប្រភេទ នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ខ្លួនជាពិសេសប្រាក់ដុល្លារអាមេរិកាំង។
វត្តមានដ៏លើសលប់នៃប្រាក់ដុល្លារ ឬដុល្លារូបនីយកម្មក្នុងចរន្តសេដ្ឋកិច្ច បានធ្វើឱ្យប្រទេសនៃជ្រោយឥណ្ឌូចិនទំាង៣ បាត់បង់ប្រាក់ចំណូលប្រចំាឆ្នាំពីការបោះពុម្ពក្រដាសប្រាក់ជាតិរបស់ខ្លួន ធ្វើឱ្យធនាគារជាតិនៃប្រទេសនិមួយៗ បាត់បង់តួនាទីជាអ្នកផ្តល់ប្រាក់កម្ចី ដើម្បីទប់ស្កាត់វិបត្តិសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងបាត់បង់លទ្ធភាពកំណត់អត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណាសាច់ប្រាក់។
ផ្ទុយទៅវិញ ប្រាក់ដុល្លារក៏បានជួយឱ្យប្រទេសទំាង៣ រក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការទប់ស្កាត់អតិផរណាមុខទំនិញ និងមានឱកាសធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនានាលើពិភពលោកដែរ។ យ៉ាងណាក៏ដោយ ការខាតបង់ពីការចរាចរប្រាក់ដុល្លារទំនងជាមានទំហំធំជាងផលចំណេញ សម្រាប់សេដ្ឋកិច្ចនៃកម្ពុជា លាវ និងវៀតណាម។ ក៏ប៉ុន្ដែ ប្រទេសទាំងបីបានប្រឹងប្រែងចាត់វិធានការរៀងៗខ្លួនអស់រយៈពេលយ៉ាងហោចណាស់ ១ ទសវត្សរ៍មកហើយ ដើម្បីធ្វើ បដិដុល្លារូបនីយកម្ម ហើយនៅតែមិនបានទទួលជោគជ័យដដែល។
ហេតុដូច្នេះ ប្រទេសដែលធ្លាប់មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និតជាមួយអតីតសហភាពសូវៀត បានស្នើឱ្យធនាគារអភិវឌ្ឈន៍អាស៊ី ជួយធ្វើការសិក្សារកលទ្ធភាពដើម្បីធ្វើសហប្រតិបត្តិការរូបិយវត្ថុ ដែលមួយផ្នែកនៃកិច្ចសហការនេះនឹងអនុញ្ញាតឱ្យប្រទេសទាំងបី កម្ពុជា វៀតណាម និងលាវ ធ្វើការលុបបំបាត់ការប្រើប្រាស់ប្រាក់ដុល្លាររួមគ្នា។
នៅក្នុងរបាយការណ៍របស់ខ្លួនស្តីអំពីការដោះស្រាយបញ្ហារូបិយវត្ថុពហុប្រភេទនៅក្នុងសេដ្ឋកិច្ចអន្ដរកាល ដែលគ្រោងនឹងចេញផ្សាយជាសាធារណៈ នៅថ្ងៃអង្គារសប្តាហ៍ក្រោយនៅទីក្រុងភ្នំពេញ ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា ប្រទេសកម្ពុជា លាវ និងវៀតណាម ចាំបាច់ត្រូវតែសហការគ្នា ដើម្បីធ្វើការឆ្ពោះទៅរកបដិដុល្លារូបនីយកម្ម។
សហប្រតិបត្តិការនេះ អាចចាប់ផ្តើមឡើងដោយការបង្កើតនិងពង្រីកបណ្តាញរួមមួយ ដែលចួលរួមដោយអ្នកបង្កើតគោលនយោបាយនិងអ្នកស្រាវជ្រាវនៃស្ថាប័ន រដ្ឋាភិបាលនិងស្ថាប័នសេដ្ឋកិច្ចនៃប្រទេសទំាង៣ ដោយការបង្កើតក្រុមការងារស្រាវជ្រាវឆ្លងដែន ដោយការជួបពិភាក្សាទៀងទាត់អំពីស្ថានភាពរូបិយវត្ថុរវាងអ្នកតំណាងនៃធនាគារជាតិនៃប្រទេសទំាង៣ និងដោយការបង្កើតគណៈកម្មការរូបិយវត្ថុរួមមួយ ដើម្បីឃ្លាំមើល និងដោះស្រាយរួមគ្នាអំពីការប្រែប្រួលអត្រាប្តូរប្រាក់ រួមទាំងការពង្រឹងទីផ្សារមូលប័ត្រនៃប្រទេសទំាង៣ផងដែរ។
ក្នុងន័យនេះ ធនាគារអភិវឌ្ឈន៍អាស៊ីបានស្នើឱ្យប្រទសវៀតណាមបើកទទួលយកក្រុមហ៊ុនពីប្រទេសកម្ពុជា និងលាវ ឱ្យចុះបញ្ជីក្នុងផ្សារភាគហ៊ុនរបស់ខ្លួន ត្បិតយុទ្ធសាស្ត្រនេះនឹងជួយរក្សាស្ថេរភាពអត្រាប្តូរប្រាក់និង កាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយកម្រិតប្រែប្រួលឆាប់រហ័សនៃអត្រាប្តូរប្រាក់របស់ប្រទេសទំាង៣ ដោយសារតែប្រទេសកម្ពុជានិងប្រទេសលាវ កំពុងរៀបចំខ្លួនសម្រាប់បង្កើតផ្សារមូលប័ត្រ។
របាយការណ៍ដដែលបានគូសបញ្ជាក់ថា មូលដ្ឋានសេដ្ឋកិច្ចនៃប្រទេសកម្ពុជា លាវ និងវៀតណាម នៅមិនទាន់ជឿនលឿន ស្ថាប័នហរិញ្ញវត្ថុនៅទន់ខ្សោយ ព្រមទាំងមានកម្រិតហានិភ័យខ្ពស់ទៀតផង។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃប្រទេសនិមួយៗនៅមិនទាន់មានភាពឯករាជ្យទំាងស្រុងពីនយោបាយ ដែលប្រការនេះ គឺជាឧបសគ្គរំាងស្ទះក្នុងការលុបបំបាត់ប្រាក់ដុល្លារ។
លោក Jaynant Menon អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី បាននិយាយក្នុងបទសម្ភាសន៍ជាមួយ VOA សម្លេង សហរដ្ឋអាមេរិកថា ប្រសិនបើប្រទេសកម្ពុជា លាវ និងវៀតណាម ពង្រឹងខ្លួនដើម្បីអាចធ្វើកិច្ចសហការតាមអនុសាសន៍ខាងលើនេះ វាអាចជួយឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសទំាង៣ រឹងមាំដែលមានប្រយោជន៍សម្រាប់ការលុបបំបាត់ការចរាចរប្រាក់ដុល្លារ ឬការធ្វើបដិដុល្លារូបនីយកម្ម។
"ប្រទេសទំាងនេះ ជួបបញ្ហាជាច្រើនដូចជា ការរត់ពន្ធ ការធ្វើចរាចរទំនិញក្រៅផ្លូវការ មូលធន និងពលករឆ្លងដែន ដែលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុ។ ដូច្នេះបើអ្នកអាចកាត់បន្ថយបញ្ហាទំាងនេះ វានឹងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុមានការរីកចម្រើនឆាប់រហ័ស ហើយនេះជាផ្នែកមួយនៃការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសទំាងនេះ។ នៅពេលដែលអ្នកមានម៉ាក្រូសេដ្ឋកិច្ចរឹងមាំនៅក្នុងរយៈពេលយូរអង្វែង វានឹងជួយធ្វើបដិដុល្លារូបនីយកម្ម"។
ក៏ប៉ុន្តែ របាយការណ៍ស្តីពីការដោះស្រាយបញ្ហារូបិយវត្ថុពហុប្រភេទនៅក្នុងសេដ្ឋកិច្ចអន្ដរកាល បានសង្កត់ធ្ងន់ថា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រអាចលេចចេញជារូបរាងបាន រដ្ឋាភិបាលនិងធនាគារកណ្តាលនៃប្រទេសកម្ពុជា លាវ និងវៀតណាម ត្រូវធ្វើការកែទម្រង់រៀងៗខ្លួននូវចំណុចចំបាច់មួយចំនួន ដូចជា ធនាគារកណ្តាលត្រូវតែមានឯករាជ្យពីនយោបាយនិងការជ្រៀតជ្រែករបស់រដ្ឋាភិបាល ដែលមិនត្រឹមតែអាចជម្រុញកិច្ចសហការឱ្យបានរលូនប៉ុណ្ណោះទេ តែថែមទំាងជួយបង្កើនការទុកចិត្តលើរូបិយប័ណ្ណក្នុងស្រុកទៀតផង។ ធនាគារកណ្តាលគួរតែចាប់ផ្តើមធ្វើការស្រាវជ្រាវ ដើម្បីប្រមូលទិន្នន័យទាក់ទងផ្នែករូបិយវត្ថុ ឱ្យបានច្រើនត្បិតការខ្វះទិន្នន័យនាពេលបច្ចុប្បន្ន បានធ្វើឱ្យឥទ្ធិពលក្នុងចំណាត់ការគោលនយោបាយរបស់ខ្លួនមានភាពមិនច្បាស់លាស់។
ប្រទេសកម្ពុជា លាវ និងវៀតណាម ដែលមានប្រជាជនសរុបជាង ១០៦ លាននាក់ តំណាងឱ្យ១៨% នៃប្រជាជនសរុបក្នុបណ្ដាប្រទេសអាស៊ាន ដែលមានសមាជិកសរុបចំនួន ១០ ប្រទេស និងមានផលិតផលសរុបក្នុងស្រុកចំនួន ជាង ១០០ពាន់លានដុល្លារ។ កំណើនសេដ្ឋកិច្ចនៃប្រទេសទំាង៣ ភាគច្រើនពឹងផ្អែកទៅលើទីផ្សារបរទេស ដែលធ្វើឱ្យប្រទេសទំាងនេះងាយរងផលប៉ះពាល់ពីវិបត្តិនានា ជាពិសេសប្រព័ន្ធហិរញ្ញវត្ថុងាយនឹងដួលរលំដោយសារកម្រិតប្រាក់ដុល្លារច្រើនលើសលប់ក្នុងទីផ្សារ។
របាយការណ៍របស់ធនាគារអភិវឌ្ឈន៍អាស៊ីបានបង្ហាញថា ប្រាក់ដុល្លារបានស្រោចស្រពក្នុងប្រទេសទំាង៣ ដោយសារតែវិវាទនយោបាយ ឱនភាពថវិការដ្ឋ វិបត្តិសេដ្ឋកិច្ច និងអតិផរណារូបិយវត្ថុក្នុងស្រុក។
នៅប្រទេសកម្ពុជា ប្រាក់ដុល្លារត្រូវចាយវាយប្រចំាថ្ងៃផងនិងរក្សាទុកផង ដែលបានគ្របដណ្តប់ក្នុងប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុជាង ៩០%។ ប្រទេសលាវ ដែលប្រាក់គីបជារូបិយប័ណ្ណជាតិ មានការចរាចរសាច់ប្រាក់ដុល្លារផង ប្រាក់បាតផង ហើយ៤០% នៃចរន្តសាច់ប្រាក់ក្នុងប្រព័ន្ធធនាគារជាប្រាក់ដុល្លារ។ ប្រទេស លាវ ធ្លាប់មានបរាជ័យក្នុងការជម្រុះការប្រើប្រាស់ប្រាក់ដុល្លារក្នុងទីផ្សាររបស់ខ្លួននៅឆ្នាំ១៩៩៧ ក៏ប៉ុន្ដែបន្ទាប់ពីបរាជ័យ ប្រទេសនេះបានត្រឡប់មកប្រើប្រាស់ប្រាក់ដុល្លារកាន់តែច្រើនជាងពី មុនទៅទៀត។
ចំណែកនៅប្រទេសវៀតណាម ប្រាក់ដុងត្រូវប្រើប្រាស់តែសម្រាប់ការចាយវាយទូទៅ ហើយដោយឡែកការរក្សាទុកជាប្រាក់សន្សំនិងក្នុងប្រព័ន្ធធនាគារ ត្រូវប្រើប្រាស់ជាប្រាក់ដុល្លារ។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកបង្ហាញនូវបទពិសោធន៍របស់ប្រទេសប៊ូលីវីនិងប្រទេសពេរ៉ូ ដែលស្ថិតក្នុងតំបន់អាមេរិកឡាទីន ធ្លាប់បានចាត់វិធានការធ្ងន់ៗ ដើម្បីធ្វើបដិដុល្លារូបនីយកម្ម ប៉ុន្តែត្រូវបានបរាជ័យដោយសារតែមូលធនបរទេសដែលធ្លាប់មាននៅក្នុងស្រុកត្រូវហូរចេញទៅក្រៅប្រទេស។ ប្រការនេះបានបង្ខំឱ្យប្រទេសទំាងពីរ អនុញ្ញាតិឱ្យប្រើប្រាស់ប្រាក់ដុល្លារសារជាថ្មីម្តងទៀត ហើយរហូតមកដល់ពេលនេះ ប៊ូលីវីនិងពេរ៉ូ ត្រូវគ្របដណ្តប់ដោយប្រាក់ដុល្លារច្រើនលើសលប់។
ដោយឡែក អ៊ីស្រាអែលជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូចប៉ុណ្ណោះដែល អាចលុបបំបាត់ប្រាក់ដុល្លារបានប្រកបដោយជោគជ័យ ដោយសារប្រទេសនេះអាចកសាងបាននូវមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំ និងមានការរៀបចំគោលនយោបាយរូបិយវត្ថុបានយ៉ាងល្អ។
ដោយទទួលស្គាល់ពីភាពទន់ខ្សោយនៃប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសខ្លួន នៅក្នុងរបាយការណ៍ដដែល មន្ត្រីជំនាញនៃប្រទេសកម្ពុជា លាវ និងវៀតណាម បានបង្ហាញពីតម្រូវការកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកបដិដុល្លារូបនីយកម្ម។ ក៏ប៉ុន្តែលោក កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យសា្ថនកម្ពុជាដើម្បីសិក្សានិងអភិវឌ្ឍន៍ មានប្រសាសន៍ថា កិច្ចសហការបែបនេះមានឥទ្ធិពលតិចតួចបំផុតក្នុងការលុបបំបាត់ការចរាចរប្រាក់ដុល្លាក្នុងប្រទេសទំាង៣។
"វាគ្រាន់តែបង្កបរិយាកាសវិជ្ជមានមួយតូចប៉ុណ្ណោះ នៅក្នុងបរិយាកាសដ៏ធំល្វឹងល្វើយ។ អីចឹងគ្រាន់តែកិច្ចសហប្រតិបត្តិការប៉ុណ្ណឹង វាមិនមែនធ្វើឱ្យគេទុកចិត្តលុយរៀល លុយដុង លុយគីប ខ្លំាងជាងលុយដុល្លារនោះទេ ព្រោះការធ្វើឱ្យមានជោគជ័យនៅក្នុងបដិដុល្លារូបនីយកម្មមិនទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗទេ គឺទាក់ទងទៅនឹងធ្វើម៉េចឱ្យប្រជាជនក្នុងស្រុកទុកចិត្តលើលុយខ្លួនឯង។"
លោក ជាម យៀប ប្រធានគណៈកមា្មធិការហិរញ្ញវត្ថុនិងធនាគារនៃរដ្ឋសភាមានប្រសាន៍ថា ការពឹងផ្អែកតែទៅលើគោលនយោបាយនៃប្រទេសមួយៗ មិនអាចធ្វើទៅរួចទេ។ ផ្ទុយទៅវិញប្រសិនបើមានកិច្ចសហការ យ៉ាងហោចណាស់ក៏គោលនយោបាយរួមអាចជម្រុញឱ្យប្រទេសទំាង៣កាត់បន្ថយប្រាក់ដុល្លារក្នុងការប្តូរពាណិជ្ជកម្មគ្នា ដែលនឹងត្រូវជំនួសដោយប្រាក់ក្នុងស្រុក។
"លុយវាបង្វិលទៅតាមការផ្លាស់ប្តូរទំនិញពាណិជ្ជកម្ម វិនិយោគ នៅក្នុងនោះយើងចាយដុល្លារ។ អីចឹងហើយគោលការណ៍សំខាន់ធ្វើយ៉ាងម៉េចដើម្បីរៀបចំការផ្លាស់ប្តូរ ប្រាក់រៀល ប្រាក់ដុង ប្រាក់គីបហ្នឹង ឱ្យបានសមស្រប។ បើសិនអាចសហការគ្នាបានជិតស្និទ្ធ ហើយយើងអនុវត្តទៅតាមកិច្ចការឯកភាពគ្នាមួយ ដែលមានការជួយពីសហគមអន្តរជាតិ ខ្ញុំជឿថាយើងអាចឆ្ពោះទៅរកបដិដុល្លារូបនីយកម្មហ្នឹងបាន"។
យ៉ាងណាក៏ដោយ របាយការណ៍ស្តីពីការដោះស្រាយបញ្ហារូបិយវត្ថុពហុប្រភេទនៅក្នុងសេដ្ឋកិច្ចអន្ដរកាលបានអះអាងថា បើទោះជាការដោះស្រាយបញ្ហារូបិយវត្ថុចម្រុះប្រភេទ គឺផ្អែកសំខាន់ទៅលើគោលនយោបាយសេដ្ឋកិច្ចនៃប្រទេសនិមួយៗក៏ដោយ ក៏កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុនិងរូបិយវត្ថុ មិនត្រឹមតែអនុញ្ញាតឱ្យកម្ពុជា លាវ និងវៀតណាម អាចដើរឆ្ពោះទៅរកការលុបបំបាត់ប្រាក់ដុល្លារ និងបង្កើនសមត្ថភាពរបស់ធនាគារកណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទំាងផ្តល់នូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ល្អសម្រាប់ប្រទេសទំាង៣ទៀតផង។ ម្យ៉ាងទៀត កិច្ចសហការនេះនឹងជួយឱ្យកម្ពុជា លាវ និងវៀតណាម មានឥទ្ធិពលខ្លំាងឡើងលើវេទិកាថ្នាក់តំបន់និងអន្តរជាតិ៕