ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសផ្សេងទៀតក្នុងពិភពលោក ដែលកំពុងប្រើប្រាស់ប្រាក់ដុល្លារយ៉ាងច្រើនលើសលប់នៅលើទីផ្សាររបស់ខ្លួន។ ការប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយនេះ នឹងធ្វើឲ្យគោលនយោបាយរូបិយវត្ថុជាតិងាយនឹងរងគ្រោះថ្នាក់។ ជាច្រើនឆ្នាំមកហើយ រដ្ឋាភិបាលកម្ពុជាមានបរាជ័យក្នុងការលុបបំបាត់ការនិយមប្រើប្រាស់ប្រាក់ដុល្លារនេះ។
យ៉ាងហោចណាស់ជិត ១ ទសវត្សរ៍ហើយ ដែលរដ្ឋាភិបាលកម្ពុជានិងស្ថាប័នហិរញ្ញវត្ថុកំពូលបានប្រឹងប្រែងរកវិធី ដើម្បីលុបបំបាត់ចរាចរប្រាក់ដុល្លារ ឬហៅថាការធ្វើបដិដុល្លារូបនីយកម្ម ដែលកំពុងតែកើតឡើងយ៉ាងពេញបន្ទុកនៅទីផ្សារទូទំាងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ ចរន្តសាច់ប្រាក់ក្នុងប្រទេសកម្ពុជានៅតែគ្របដណ្តប់ដោយប្រាក់ដុល្លារជាង ៩០% នៅឡើយ ដែលធ្វើឲ្យកម្ពុជានៅតែជាប្រទេសមួយ ដែលធ្វើការចាយវាយប្រាក់ដុល្លារច្រើនបំផុតមួយក្នុងពិភពលោក។
មានមូលដ្ឋានជាច្រើន ដែលបានញ៉ាំងឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស ដែលប្រើប្រាស់ប្រាក់ដុល្លារ ឬដុល្លាររូបនីយកម្មយ៉ាងច្រើនបំផុតបែបនេះ។ កត្តាចំបងគឺបណ្ដាលមកពីភាពវឹកវរផ្នែកនយោបាយ និងប្រព័ន្ធរដ្ឋបាល។ ជាមួយគ្នានេះ អតិផរណាលុយរៀលដែលឡើងខ្ពស់ពេក បានញុំាងប្រជាជនកម្ពុជាឱ្យបាត់បង់ទំនុកចិត្តស្ទើរតែទំាងស្រុងលើប្រាក់រៀលរបស់ខ្លួន ហើយក៏បានងាកមកប្រើប្រាស់ប្រាក់ដុល្លាររជាគោលវិញ។ មួយវិញទៀត ការធ្វើចរាចរសាច់ប្រាក់ដុល្លារក្នុងបណ្ដូរពាណិជ្ជកម្មក្នុងស្រុកកាន់តែរីកដុះដាលថែមទៀត នាដើមទសវត្សឆ្នាំ១៩៩០ នៅពេលដែលអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ ឬហៅកាត់ថា អ៊ុនតាក់ បានចូលមកជួយរៀបចំប្រទេសកម្ពុជាឡើងវិញ ហើយបាននាំយកជាមួយនូវលំហូរសាច់ប្រាក់ប្រមាណជា ២ ពាន់លានដុល្លារសម្រាប់បំពេញប្រតិ្តបត្តិការរបស់ខ្លួន។ ចាប់តំាងពីពេលនោះមក ប្រាក់ដុល្លារបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចាយវាយប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ការប្រើប្រាស់ក្នុងគណនេយ្យធនាគារ និងការទុកជាប្រាក់សន្សំ។
ការសិក្សាជាច្រើនរបស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បានឲ្យដឹងថា ចរាចរប្រាក់ដុល្លារយ៉ាងទូលំទូលាយ អនុញ្ញាតិឲ្យកម្ពុជាទាក់ទាញបានលំហូរទុនវិនិយោគ និងពាណិជ្ជកម្មពីបរទេស ជួយឲ្យប្រព័ន្ធហិរញ្ញវត្ថុនិងធនាគារមានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការកើនឡើងនូវប្រាក់បញ្ញើ ការទប់ស្កាត់ការអុកឡុកទីផ្សារ ដើម្បីឲ្យប្រាក់រៀលចុះថ្លៃ និងជួយទប់ស្កាត់អតិផរណាមុខទំនិញ។
ក៏ប៉ុន្តែ របាយការណ៍របស់ស្ថាប័នទាំងនោះបានលើកឡើងទៀតថា ប្រាក់ដុល្លារបានធ្វើឲ្យធនាគារជាតិមានភាពទន់ខ្សោយក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុ ដែលរួមមានការទប់ស្កាត់វិបត្តិហិរញ្ញវត្ថុក្នុងប្រព័ន្ធធនាគារ អតិផរណា អត្រាប្ដូរប្រាក់ និងការបោះពុម្ពលុយជាដើម។
ជាក់ស្ដែង កម្ពុជាត្រូវគេប៉ាន់ប្រមាណថា បានបាត់បង់ចំណូលប្រមាណពី២០ លានដុល្លារទៅ៩០លានដុល្លារ ជារៀងរាល់ឆ្នាំ ដោយសារការមិនអាចបោះពុម្ភប្រាក់រៀលរបស់ខ្លួន ត្បិតទីផ្សារគ្មានតម្រូវការ។
អ្នកជំនាញអន្តរជាតិមកពីប្រទេសកូរ៉េ ឥណ្ឌា ថៃ និងមកពីប្រទេសវៀតណាម បានព្រមាននៅក្នុងសិក្ខាស្តីពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចកាលពីសប្តាហ៍មុនក្នុងក្រុងភ្នំពេញថា គុណវិបត្តិនៃការប្រើប្រាស់ប្រាក់ដុល្លារ អាចនឹងធ្វើឲ្យប្រព័ន្ធរូបិយវត្ថុរបស់កម្ពុជាត្រូវដួលរលំ ហើយទីផ្សារហិរញ្ញវត្ថុត្រូវមានចលាចល ប្រសិនបើគោលនយោបាយប្រាក់ដុល្លារអាមេរិកាំងមានការប្រែប្រួល ឬវិបត្តិសាច់ប្រាក់ផ្ទុះឡើងនាពេលអនាគត។ លោក Jaynant Menon អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានសិក្សាយ៉ាងស៊ីជម្រៅទៅលើការប្រើប្រាស់ប្រាក់ដុល្លារនៅប្រទេសកម្ពុជា និយាយនៅក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីថ្ងៃអង្គារ ថាប្រទេសកម្ពុជាមិនអាចធ្វើបដិដុល្លារូបនីយកម្មដោយបង្ខំបានទេ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។
លោក Jaynant Menon បានបន្តថា កម្ពុជាមានជម្រើសតែមួយគត់ក្នុងការលុបបំបាត់ប្រាក់ដុល្លារនេះ នោះគឺការប្រឹងប្រែងធ្វើឲ្យសាធារណជនមានទំនុកចិត្តលើប្រាក់រៀល តាមរយៈការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឲ្យបានទូលំទូលាយ ការបន្តការកែទម្រង់ប្រព័ន្ធតុលាការ និងការជម្រុញការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជាងពេលបច្ចុប្បន្ន។
"ផលចំណេញពីការធ្វើបដិដុល្លារូបនីយកម្មអាចកើតមានឡើង លុះត្រាតែវាធ្វើឡើងដោយប្រើមធ្យោបាយប្រកបដោយនិរន្តភាព និងទៅតាមបែបបទធម្មជាតិ ដូចជារដ្ឋាភិបាលត្រូវជម្រុញការកែទម្រង់សេដ្ឋកិច្ច ការរក្សាសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ដោយការបង្កើនចំណូលពន្ធដា ការពង្រឹងស្ថាប័នរដ្ឋ ស្ថេរភាពនយោបាយ បង្កើនការទុកចិត្តលើប្រព័ន្ធតុលាការ និងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា។ ប្រសិនបើរដ្ឋាភិបាលអាចបង្កើនល្បឿនកំណែទម្រង់នេះ ប្រជាជននឹងចាប់ផ្តើមប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន"។
លោក Hal Hill សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី ANU ក៏យល់ឃើញដូចគ្នានេះដែរ ហើយលោកបានសរសេរនៅក្នុងសារអេឡិចត្រូនិចថា ដើម្បីធ្វើបដិដុល្លារូបនីយកម្ម ធនាគារជាតិត្រូវតែជាស្ថាប័នដែលមានគុណភាពនិងសមត្ថភាពខ្ពស់បំផុត ហើយដាច់ខាតត្រូវតែមានភាពឯករាជ្យពីនយោបាយ។
សូមបញ្ចាក់ផងដែរថា រយៈពេលកន្លងទៅនេះ ដើម្បីកាត់បន្ថយប្រាក់ដុល្លារ រដ្ឋាភិបាលកម្ពុជាបានកំណត់គោលការណ៍តែពីរប៉ុណ្ណោះ គឺការបើកប្រាក់ខែឲ្យបុគ្គលិកមន្ត្រីរាជការ និងការបង់ពន្ធគ្រប់ប្រភេទ ត្រូវធ្វើឡើងជាមួយលុយរៀល។ ចំណែកគ្រឹះស្ថានធនាគារធំៗនៅប្រទេសកម្ពុជាក៏បានលើកទឹកចិត្តឲ្យ អតិថិជនរក្សាទុកប្រាក់រៀលដែរ ដោយការផ្តល់អត្រាការប្រាក់ខ្ពស់ជាងប្រាក់ដុល្លារ ក៏ប៉ុន្តែកំណើនប្រាក់បញ្ញើជាប្រាក់រៀល នៅតែមានកំណើនតិចតួចបំផុតបើធៀបនឹងដុល្លារ។
របាយការណ៍វិភាគឆ្នាំ២០០៨ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ស្តីពីដុល្លាររូបនីយកម្មនៅប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់សម្រាប់ធ្វើបដិដុល្លារូបនីយកម្មនៅឡើយ ត្បិតកម្ពុជានៅតែជាប្រទេសដែលមានចំណូលទាប និងមានគម្លាតយ៉ាងខ្ពស់ រវាងអ្នកមាននិងអ្នកក្រ។ ម្យ៉ាងទៀត ភាពមិនប្រកដប្រជាក្នុងបញ្ហានយោបាយនៅតែកើតមាន។ ពិសេសជាងនេះទៅទៀត កំណែទម្រង់ហិរញ្ញវត្ថុនិងរូបិយវត្ថុ ប្រព័ន្ធតុលាការ ធនធានមនុស្ស សុទ្ធតែនៅយឺតយ៉ាវ ខណៈដែលប្រព័ន្ធធនាគារនៅមានហានិភ័យច្រើន។
លោកបណ្ឌិត ណាហ្ការ៉ា សាស្ត្រាចារ្យនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ Indira Gandi របស់ឥណ្ឌា បានប្រាប់ VOA ក្នុងបទសម្ភាសន៍កាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជាគួរតែមានវិធានការណាមួយដែលមិនត្រឹមតែផ្តល់ការលើកទឹកចិត្តសម្រាប់ការរក្សាទុកប្រាក់រៀលនោះទេ តែក៏ត្រូវធានាលើតម្លៃប្រាក់រៀលផងដែរ។ ជម្រើសមួយទៀត រដ្ឋាភិបាលគួរចាប់ផ្តើមដាក់វិធានការបង្ខំឲ្យវិស័យឯកជនប្រើប្រាស់ប្រាក់រៀលឲ្យបានច្រើនបំផុត។
"ប្រទេស នេះអាចចាប់ផ្តើមបោះបង់ប្រាក់ដុល្លារជាបណ្តើរៗបានហើយ តាមរយៈការផ្តល់ការលើកទឹកចិត្តច្រើន ដើម្បីឲ្យប្រជាជនកាន់សាច់ប្រាក់ក្នុងស្រុក។ អ្នកក៏អាចប្រើវិធីរដ្ឋបាលជម្រុញឲ្យការចរាចរសាច់ប្រាក់ក្នុង ផ្នែកសំខាន់ៗ ដូចជានៅតាមព្រលានយន្តហោះជាដើម ត្រូវចាយវាយជាប្រាក់ក្នុងស្រុកដែរ។ ម្យ៉ាងទៀតត្រូវជម្រុញ ឲ្យក្រុមហ៊ុនឯកជនប្រើប្រាក់ក្នុងស្រុកឲ្យបានច្រើនឡើង"។
លោក Jaynant Menon នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានផ្តល់អនុសាសន៍បន្ថែមថា រដ្ឋាភិបាលកម្ពុជា អាចកំណត់ឲ្យក្រុមហ៊ុនឯកជន ត្រូវបើកប្រាក់ខែឲ្យបុគ្គលិករបស់ខ្លួនជាប្រាក់រៀល យ៉ាងហោចណាស់ ៤០% នៃប្រាក់ខែសរុប។
នៅក្នុងសន្និសិទសេដ្ឋកិច្ចកាលពីសប្តាហ៍មុន លោកស្រី នាវ ចន្ថាណា ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវឲ្យវិស័យឯកជនគាំទ្រដំណើរការបដិដុល្លារូបនីយកម្មដែរ។ ប៉ុន្តែលោកស្រី មិនមានបង្ហាញពីវិធានការជាក់លាក់ណាមួយតម្រូវឲ្យវិស័យឯកជនអនុវត្ត ដើម្បីចូលរួមលុបបំបាត់ប្រាក់ដុល្លារនោះទេ។
លោក ហង់ ជួនណារ៉ុន អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍ថា ការធ្វើបដិដុល្លារូបនីយកម្មត្រូវការរយៈពេលយូរឆ្នាំតទៅទៀត ហើយក្នុងពេលនេះ រដ្ឋាភិបាលត្រូវពង្រឹងផ្នែកម៉ាក្រូសេដ្ឋកិច្ចឲ្យបានរឹងមាំ និងលើកតម្លៃប្រាក់រៀលឲ្យខ្ពស់។
"សំខាន់ គឺត្រូវមានគោលនយោបាយសេដ្ឋកិច្ចមួយដែលប្រុងប្រយ័ត្ន ពង្រីកការប្រើប្រាស់ប្រាក់រៀល ធ្វើម៉េចឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ អតិផរណាទាប តម្លៃប្រាក់រៀលចេះតែកើនឡើង។ នៅពេលដែលតម្លៃប្រាក់រៀលកាន់តែកើនឡើង ប្រជាជនកាន់តែមានការទុកចិត្តហើយ ហើយនឹងជួយដោះស្រាយបញ្ហាដុល្លារភាវូបនីយកម្មហើយ ប៉ុន្តែអាហ្នឹងទាមទារពេលវេលាវែងអាចប្រាំឆ្នាំ ឬអាចច្រើនជាងហ្នឹង"។
យ៉ាងណាក៏ដោយ ការប្រើប្រាស់ប្រាក់ដុល្លារច្រើនបំផុតក្នុងទីផ្សារ មិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ ពោលគឺ ប្រទេសឥណ្ឌូចិនផ្សេងទៀត ដូចជាប្រទេសវៀតណាមនិងលាវជាដើម ក៏ជាប្រទេសដែលកំពុងតែជួបនូវបញ្ហា ដោយសារតែប្រាក់ដុល្លារបានគ្របដណ្ដប់ខ្លាំងពេកក្នុងការធ្វើចរាចរសាច់ប្រាក់ក្នុងស្រុក។
នៅក្នុងរបាយការណ៍ចុងក្រោយបំផុតរបស់ខ្លួន ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍ក្រោយធនាគារអភិវឌ្ឍន៍ អាស៊ីបានលើកឡើងថា ប្រទេសនៃជ្រោយឥណ្ឌូចិនទាំងបីនេះត្រូវតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ប្រាក់ដុល្លារលើទីផ្សារសេរីរួមគ្នា៕