ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រាំ​ឆ្លង​ដែន​និង​ឧបសគ្គ


Baltimore Ravens inside linebacker Ray Lewis hoists the Vince Lombardi Trophy as he celebrates victory over the San Francisco 49ers in their NFL Super Bowl XLVII.
Baltimore Ravens inside linebacker Ray Lewis hoists the Vince Lombardi Trophy as he celebrates victory over the San Francisco 49ers in their NFL Super Bowl XLVII.

ស ​សុវណ្ណារ៉ា​ ហៅ ​ស៊ី ​មាន​អាយុ​ទើប​តែ​១៦​ឆ្នាំ​ប៉ុណ្ណោះ ​នៅ​ពេល​ដែល​គាត់​សម្តែង​របាំ​អង្រត់​ត្រី​នៅ​ឯ​ប្រាសាទ​ព្រះ​ខ័ន​ ក្នុង​ខេត្ត​សៀមរាប​ កាល​ពី​ដើម​ឆ្នាំ​២០០០។​ មាន​ទស្ស​និក​ជន​ជាច្រើន​បាន​ភ្ញាក់​ផ្អើល​ចំពោះ​ទេព​កោ​សល្យ​សម្តែង​តាម​បែប​ធម្មជាតិ​របស់​គាត់ ក្នុង​នោះ​មានលោក​ស្រី​ Anne Bass​ ផង​ដែរ។

ប៉ុន្មាន​ខែ​ក្រោយ​ពី​ត្រឡប់​មក​ដល់​សហ​រដ្ឋ​អាមេរិក​វិញ ​កាយ​វិការ​ដ៏​រស់​រវើក​របស់​ស៊ី​នៅ​ដក់​ជាប់​ក្នុង​អារម្មណ៍​លោក​ស្រី ​Anne ​Bass​ ជាប់​ជានិច្ច​ ហើយ​គាត់​គិតថា ​ស៊ី​គួរ​តែ​ឈាន​ឡើង​បានខ្ពស់​ជាង​នេះ។

ជា​អ្នក​ដែល​មាន​ការ​គាំទ្រ​វិស័យ​សិល្បៈ​ជា​យូរ​មក​ហើយ ​លោក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​ថា​បើ​សិន​ជា​មិន​បានផ្តល់ឱកាស​ទេ ​ថ្ងៃ​ណា​មួយ​មនុស្ស​ដែល​មាន​ទេព​កោ​សល្យ​សិល្បៈ​បែប​នេះអាច​នឹង​បាត់​បង់​ឱកាស​មិន​ខាន​ ​បើគាត់​បន្ត​រស់​នៅ​ប្រទេស​កម្ពុជា។

ក្នុង​ខ្សែ​ភាព​យន្ត​ ដែល​មាន​ចំណង​ជើង​ថា “រាំ​ឆ្លង​ដែន”​ ឬ ​“Dancing​ Across​ Borders”​ លោក​ស្រី ​Anne​ Bass​ បាន​រៀប​រាប់​ឡើង​វិញ​ពី​អារម្មណ៍​របស់​លោក​ស្រី​នៅ​ពេល​ត្រឡប់​ទៅ​សហ​រដ្ឋ​អាមេរិក​វិញ​នា​ពេល​នោះ​ថា៖

“ពេល​ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ដល់​សហ​រដ្ឋ​អាមេរិក​វិញ​ ខ្ញុំនៅ​បន្តគិតអំពី​ការ​សម្តែង​របស់​ស៊ី។​ រូប​ភាព​របស់​គាត់​និង​ស្មារតី​របស់​គាត់​បន្ត​ត្រឡប់​មក​ដក់​ក្នុង​អារម្មណ៍​ខ្ញុំ​ជាប់​ជា​និច្ច​ ហើយ​ខ្ញុំ​បានគិត​អំពីការណ៍​ពិតថា​អ្នករបាំខ្មែរ ជាពិសេស​បុរសៗ មិនមាន​អ្វី​ច្រើន សម្រាប់​អនាគត​ប៉ុន្មាន​ទេ​ ហើយ​ខ្ញុំ​ដឹង​ពី​ទេពកោសល្យ​ដ៏អស្ចារ្យ​ដែល​គាត់​មាន​ ហើយ​ខ្ញុំនៅ​បន្តគិត​ថា​តើគួរឱ្យ​កំសត់​យ៉ាង​ណាទៅ​ដែល​ត្រូវ​ទុក​ឱ្យ​បាត់​បង់​មនុស្សមានទេពកោសល្យមួយ​បែប​នេះ”។

ក្នុង​រយៈពេល​ប៉ុន្មានខែ​ក្រោយ​មក​គឺ​នៅថ្ងៃទី ០១​ ខែ​ឧសភា​ ស សុវណ្ណារ៉ា បាន​មកជាន់​ដី​សហរដ្ឋ​អាមេរិក​ជាលើក​ដំបូង​ក្នុង​ជីវិត​របស់​គេ​ក្រោម​ការ​ជួយឧបត្ថម្ភពី​លោក​ស្រី​ Anne Bass ក្នុង​គោលបំណង​ផ្តល់​ឱកាស​ឱ្យ​សុវណ្ណារ៉ា​បាន​មកហាត់​របាំ​បាល់ឡេ​អាមេរិកាំងតាម​ដែល​លោក​ស្រី​គិត​ថា​សុវណ្ណារ៉ា​មាន​ទេពកោសល្យ​ហើយ​សាកសមសម្រាប់​រូបគេ។

ខ្សែភាពយន្ត​ រឿង “រាំឆ្លងដែន​”​ ដែល​បាន​ដាក់បញ្ចាំង​កាល​ពី​សប្តាហ៍​មុន​នៅ​រដ្ឋ​ធានី​វ៉ា​ស៊ីន​តោននិងតាមរដ្ឋមួយ​ចំនួនក្នុង​សហរដ្ឋ​អាមេរិក បាន​កត់ត្រាទុក​នូវ​ការវិវត្ត​របស់​ស៊ី​ ក្នុង​ការផ្លាស់ប្តូរពី​អ្នក​រាំ​របាំប្រពៃណីខ្មែរ​ដែលមានលក្ខណៈស្រ​គត់ស្រ​គុំ​មក​ជាអ្នករាំ​របាំ​បាល់ឡេដែលជារបាំបច្ចឹម​ប្រទេសនិង​ឧបសគ្គដែល​ស៊ីជួបប្រទះ​នៅ​គ្រាដំបូងៗ។

រឿង “រាំឆ្លងដែន”​ដែល​លោក​ស្រី Anne Bass ដឹកនាំ​ដោយខ្លួនឯង ក៏បាន​បង្ហាញនូវ​ប្រតិកម្ម​ផ្សេងៗគ្នា​ពី​អ្នកឯកទេស​របាំ​បាល់ឡេដែល​បាន​ឃើញស៊ី​ជា​លើកដំបូង​។ សម្រស់​របស់​ស៊ី​បាន​ធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​ស្ងើចសរសើរ ប៉ុន្តែ​ស្ថិត​ក្នុងវ័យ​១៦ឆ្នាំ​ ស៊ី​ហាក់​ដូច​ជា​មាន​អាយុច្រើន​ជ្រុល​សម្រាប់​ការ​ចាប់​ផ្តើម​ហាត់​របាំបាល់​ឡេ។ នៅ​មាន​ឧបសគ្គ​ខ្លះៗទៀត​ដូច​ជា​ភាសា​អង់គ្លេស​ជា​ដើមព្រោះស៊ី​មិន​ចេះ​ភាសា​អង់គ្លេស​ទាល់តែ​សោះ។

លោក Jock Soto អតីត​អ្នក​រាំ​បាល់​ឡេ​នាំមុខ​នៃក្រុម​របាំ​បាល់​ឡេ​ទីក្រុង​ញូវយ៉ក​បាន​និយាយ​បន្ទាប់ពី​បាន​ដឹង​ពី​ជំនាញ​របាំ​ប្រពៃណីខ្មែររបស់​ស៊ី​និង​បាន​ជួប​ឱ្យស៊ី​សាកល្បង​ជាលើក​ដំបូង​ថា៖​ “ពេលដំបូង​ដែលខ្ញុំ​បានឃើញ​ស៊ី ខ្ញុំ​គិត​ថា​ក្មេង​នេះគូរ​ឱ្យអស្ចារ្យណាស់​។ វា​ស្អាត​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​មិន​យល់ទាល់​តែ​សោះ​ថាតើវាអាច​ធ្វើអ្វី​បាន”។

ការណ៍​ពិត​នាពេល​នោះ​ស៊ី​មិន​ទាំង​ដឹង​ថា​ អ្វី​ទៅ​ជា​របាំ​បាល់​ឡេ​ទេ​នោះ​ទេ។ ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ស៊ី​បាន​បញ្ជាក់​ថា ​ពេល​នោះ​គាត់​ចេះ​តែ​ហក់​លោត​ទៅ​តាមគេ​ប្រាប់ប៉ុណ្ណោះ។

ដោយ​មាន​ការ​ហាត់​បង្វឹក​ពី​គ្រូល្បីៗ​ជា​ច្រើន​រូប​ ជា​ពិសេស​គ្រូ​ផ្ទាល់​ខ្លួន​គឺ​លោក​ស្រី​ Olga​ Kostritzky​ ស៊ីបាន​តាម​ទាន់​ជា​មួយ​អ្នក​រាំ​ដទៃៗ​ទៀត។

ក្នុង​ខែ​មករា ​ឆ្នាំ​២០០៦ ​ក្នុង​ឱកាស​សម្ពោធ​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​ ស៊ី​បានចេញសម្តែង​ជា​លើក​ដំបូង​បំផុត​នៅ​ចំពោះ​មុខ​ទស្ស​និក​ជន​ខ្មែរ។

ស៊ី​បានលោត​រាំ​បង្វិល​ខ្លួន​ទៅ​តាម​ចង្វាក់​ភ្លេង​បង្ហោះ​ខ្លួន​ទៅ​លើ​អាកាស​ ហើយ​ធ្លាក់​ចុះ​ស្រាល​ស្ងើក​លើ​ចុង​ជើង។​ ជួន​កាល​គេ​ពត់​ខ្លួន​ល្វត​ល្វន់​ទៅ​តាម​ចង្វាក់​ភ្លេង​ព្យ៉ាណូ។​ សម្រាប់​ទស្ស​និក​ជន​ខ្មែរ​នោះ​ គឺ​ជា​ទស្សនីយ​ភាព​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ខ្លះ​មិន​ដែល​ឃើញ​ទាល់​តែ​សោះ​ក្នុង​ជីវិត​របស់​គេ។

ជាបន្ត​បន្ទាប់មក​ស៊ីបាន​ចូល​រួម​ក្នុង​ការ​ប្រកួត​រាំ​ជា​អន្តរ​ជាតិ​ក្នុង​ទី​ក្រុង​វ៉ាណា ​ប្រទេស​ប៊ុលហ្គារី​ ក្នុងខែ​កក្កដា​ឆ្នាំ​២០០៦។

ការ​ប្រកួត​នៅ​ប្រទេស​ប៊ុលហ្គារី​គឺ​ជា​ឱកាស​លើក​ទី​មួយ​ហើយក្នុងរយៈ​ពេល​ជា​យូ​រមក​នេះ​ដែល​ទង់​ជាតិ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បង្ហូត​ទន្ទឹម​គ្នា​នឹង​ទង់​ជាតិប្រទេស​ដទៃ​ទៀត។ ​ការ​ប្រកួត​នោះ​មានអ្នករបាំ​មក​ពី​ប្រទេស​ជា​ច្រើន ​ដូច​ជា​ Belarus, ​Kazakhstan ​និង​កូរ៉េ​ជា​ដើម។​ ស៊ី​បាន​ឆ្លង​ចូល​មក​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​ពុំ​បាន​ចូល​ដល់​ជម្រើស​ចុង​ក្រោយ​ទេ។

លោក​ស្រី​ Anne Bass​ បាន​និយាយ​ពី​ការ​ប្រកួត​នោះ​ថា៖​ “ខ្ញុំ​គិត​ថា ​ផ្នែក​មួយ​ដ៏​ល្អ​បំផុត​នៃ​ការ​ប្រកួត​ប្រជែង​នេះសម្រាប់​ស៊ី​គឺ​បាន​រាំ​លើ​ឆាក​ជា​មួយ​អ្នក​របាំ​មក​ពី​ក្រុម​ហ៊ុន​របាំ​បាល់​ឡេ​ជុំវិញ​ពិភព​លោក”។

លោក​ Peter ​Boal ​នាយក​ខាង​ផ្នែក​សិល្បៈ​នៃ​ក្រុម​របាំ​បាល់​ឡេ​ Pacific ​Northwest ​ក្នុង​ទី​ក្រុង​ Seattle ​បាន​និយាយ​ពី​ជោគ​ជ័យ​របស់​ស៊ីថា៖

“វា​មិន​មែន​មក​ពី​យើង​បង្ខំ​គាត់​ឱ្យ​ហាត់​រហ័ស​ទេ។​ គឺ​ដោយ​សារ​គាត់​អាច​រៀន​អ្វី​ដែល​គាត់​ត្រូវ​ការ​សិក្សា​ សម្រេច​បាន​អ្វី​ដែល​គាត់​ចាំ​បាច់​ត្រូវ​សម្រេច​ឱ្យ​បាន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ដើម្បី​ ឱ្យ​បាន​ឡើង​មួយ​កម្រិត​ទៀត​ ពីព្រោះ​ប្រសិន​បើ​គាត់​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ​ គាត់​ពិត​ជា​មិន​អាច​ធ្វើ​ជា​អ្នក​រាំ​អាជីព​អញ្ចឹង​បាន​ឡើយ។ ​វា​ពិត​ជា​គួរ​ឱ្យ​កត់​សម្គាល់​ណាស់។​ ខ្ញុំ​អាច​និយាយ​បាន​ថា ​វា​គឺ​ជា​ឱកាស​មួយ​ក្នុង​ចំណោម​មួយ​ពាន់ ​ហើយ​ខ្ញុំ​គិត​ថា ​យើង​រក​ឃើញ​ឱកាស​មួយ​នេះ”។

ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​សម្តែង​របស់​ស៊ី​ អាចឱ្យ​គេ​ពិបាក​ជឿ​ថា ​ស៊ី​ទើប​តែ​ហាត់​របាំ​បាល់​ឡេ​នា​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​ ជា​ពិសេស​ថា ​ស៊ី​ធ្លាប់​ជា​អ្នក​រាំ​របាំ​ប្រពៃណីខ្មែរ។

ក្នុង​បទ​សម្ភាស​មួយ​ជា​មួយ​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​កាល​ពី​សប្តាហ៍​មុន ​ស៊ីបាន​ធ្វើ​ការ​ប្រៀប​ធៀប​របាំប្រពៃណី​ខ្មែរ​និង​របាំ​បាល់​ឡេ​ថា៖

“របាំ​ខ្មែរ​យើង​វា​ប្លែក​ពី​របាំ​បាល់​ឡេ​ ច្រើន​គឺ​មិន​សូវ​ប្រើ​ពេល​វេលា​ពត់​ដៃ​ពត់​ជើង​ច្រើន។​ យើង​ពត់​ដៃ​ពត់​ជើង​ដែរ។ ​ប៉ុន្តែ​យើង​អាច​ចាប់​ផ្តើម​ពេល​យើង​ធំ​បាន។​ ប៉ុន្តែ​របាំ​បាឡេ​ភាគ​ច្រើន​ប្រហែល៩៩​ភាគ​រយ ​គេ​ចាប់​ផ្តើម​នៅ​អាយុ​ប្រហែល​ជា​៨​ឆ្នាំ​ទៅ​៩​ឆ្នាំ​ហើយ.​..របាំ​ខ្មែរ​វា​ដូច​ជា​យឺតៗ​ មិន​សូវ​លោត​ឬ​ក៏​បង្វិល​ខ្លួន​ ឬ​ក៏​កន្ធែក​ជើង​ច្រើន​ ហើយ​អត់​មាន​ពត់​ម្រាម​ជើង​ទេ។​ ដូច្នេះ​របាំ​បាល់​ឡេ​វា​ខុស​ប្លែក​ផ្ទុយ​គ្នា​វិញ​ លោត​ក៏ច្រើន​បង្វិល​ក៏​ច្រើន ​ហើយ​ត្រូវ​ហាត់​រាល់​ថ្ងៃ”។

ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​ចុង​ក្រោយ​ ស៊ី​បាន​ចូល​រួម​ក្នុង​ក្រុម​របាំ​ The ​Pacific ​Northwest​ Ballet​ មុន​ពេល​លោក​សម្រេច​ចាក​ចេញ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

លោក​កំពុង​ស្វែង​រក​ក្រុម​ហ៊ុន​ថ្មី​ដើម្បី​ចូល​រួម​សម្តែង​ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ផែន​ការ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​ចែក​រំលែក​ចំណេះ​ដឹង​នេះ​ដល់​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ។​ លោក​និយាយ​ថា៖

“ខ្ញុំ​ចង់​ចំណាយ​ពេល​ឱ្យ​ច្រើន​បន្តិច ​ដើម្បី​ក្រេប​យក​ការ​សិក្សា​ពី​របាំ​នេះ​ ហើយប៉ុន្តែ​ខ្ញុំ​គិត​ខ្លះៗ​ដែរជួន​កាល។​ ​ថ្ងៃក្រោយ​ទៅ​ប្រសិន​បើ​ទៅ​បង្ហាញ​ឬ​ក៏​បង្កើត​បាល់​ឡេ​នៅ​ស្រុក​ខ្មែរ​ប្រហែល​ជា​ការ​ល្អ​ ព្រោះ​អត់​មាន​បាល់​ឡេ​នៅ​ស្រុក​ខ្មែរ”។

លោក​ ព្រឿង ​ឈឿង ​ទី​ប្រឹក្សា​ក្រសួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​មួយថា ក្នុងពេលអនាគត​កម្ពុជា​នឹង​បង្កើត​របាំ​បាឡេ​ឱ្យ​បាន​នឹង​គេ​ដែរ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ស្គាល់​ទម្រង់​សិល្បៈ​ច្រើន​បែប។ ​ប៉ុន្តែ​បច្ចុប្បន្ន​នៅ​ខ្វះ​ទី​តាំង​និង​គ្រូ​ដែល​មាន​ជំនាញ​ផ្នែកនេះ​នៅ​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ ​“បាល់​ឡេ​នេះ​យើង​ធ្លាប់​មាន​តាំង​ពី​ទស​វត្សឆ្នាំ​១៩៦០​ជាង​ គឺ​យើង​មាន​គ្រូ​សូវៀត​មក​បង្ហាត់។ ​យើង​បាន​ទាក់​ទង​ដែ​រ​ ប៉ុន្តែ​ដោយ​សារ​លទ្ធ​ភាព​នៃ​ទី​តាំង​យើង​មិន​ទាន់មាន​...​ យើង​កំពុង​រៀប​ចំ​សម្រួល​ឱ្យ​ទី​តាំង​សម្រាប់​សិល្បៈ​ខ្មែរ​សិន​ ហើយ​យើង​ទៅ​អនាគត​យើង​ត្រូវ​តែ​មាន​ហើយ”។

ខ្សែ​ភាព​យន្ត​ដែល​មាន​រយៈ​ពេល​ចំនួន​៨៨​នាទី ​នេះ​មាន​ជា​ភាសារ​ខ្មែរ​និង​អង់គ្លេស​ ដោយ​មានកិច្ច​សម្ភាសន៍​ជា​មួយ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​ តំណាង​សមាគម​ថែ​រក្សា​របាំ​បុរាណ​ខ្មែរ​នៅ​កម្ពុជាព្រម​ទាំង​អ្នក​ឯក​ទេស​របាំ​បាល់​ឡេ​នានា​ ក្នុង​នោះ​មាន​គ្រូ​បង្វឹក​ស៊ី​ដោយ​ផ្ទាល់។ ខ្សែ​ភាពយន្ត​នេះ​នឹង​ដាក់​បញ្ចាំង​បន្ត​ទៀត​នៅ​ទីក្រុង ​Santa Fe ​រដ្ឋ​ New Mexico ​នៅ ចុង​ខែ​ឧសភា​នេះ​និង​ទីក្រុង​St. Louis ​រដ្ឋ​ Missouri ​នៅ​ដើម​ខែ​មិថុនា៕

XS
SM
MD
LG