មេធាវីមួយរូបក្នុងសំណុំរឿង០០៣ និង០០៤ ដ៏ចម្រូងចម្រាស់អះអាងនៅថ្ងៃអង្គារនេះថា សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមស្ងាត់ស្ងៀមចំពោះញ្ញត្តិរបស់ប្រជាពលរដ្ឋចំនួនជាង៥០០ គ្រួសារដែលបានជំរុញឲ្យមានការស៊ើបអង្កេតរឿងក្តី០០៤។
កាលពីថ្ងៃពុធសប្ដាហ៍មុន ប្រជាពលរដ្ឋចំនួនប្រាំរូបដែលអះអាងថា ខ្លួនតំណាងឲ្យជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន៥៥០គ្រួសារ បានផ្ញើលិខិតចំហមួយច្បាប់ជូនសហចៅក្រមស៊ើបអង្កេតលោកយូ ប៊ុនឡេង និងលោកស៊ីកហ្វ្រ៊ីក ប៊្លុង ដោយស្នើឲ្យសហចៅក្រមស៊ើបអង្កេតជំរុញការងាររបស់ខ្លួនទៅលើសំណុំរឿង០០៤ ប្រកបទៅដោយឯករាជ្យភាព។
ប្រជាពលរដ្ឋទាំងនេះអះអាងថា ពួកខ្លួនមកពីឃុំជីក ឃុំប៉ាយចា និងឃុំភ្នំជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងអះអាងថា ខ្លួនគឺជាជនរងគ្រោះនៅក្នុងការលើកទំនប់អាងត្រពាំងថ្ម ដែលនៅទីនោះមានប្រជាពលរដ្ឋយ៉ាងតិចចំនួន៣២.០០០នាក់ត្រូវពួកខ្មែរក្រហមកេណ្ឌយកទៅលើកទំនប់អាងត្រពាំងថ្មនេះក្នុងចន្លោះពីឆ្នាំ ១៩៧៧ និងឆ្នាំ ១៩៧៩។ មនុស្សជាច្រើនពាន់នាក់បានស្លាប់និងត្រូវបានសម្លាប់នៅទីនោះ។
ក្រុមប្រជាពលរដ្ឋបានសរសេរនៅក្នុងលិខិតចំហថា ពួកគេព្រួយបារម្ភថា សំណុំរឿង ០០៤ ដែលគ្របដណ្ដប់វិសាលភាពទៅលើតំបន់អាងត្រពាំងថ្មនេះត្រូវទាត់ចោល ហើយពួកគេបានស្នើសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ។
លោក ហុង គឹមសួន ដែលជាមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីចំនួនប្រាំមួយរូបក្នុងសំណុំរឿង០០៣ និង០០៤ និងដែលបានជួយសម្រួលលិខិតចំហនេះទៅកាន់ការិយាល័យសហចៅក្រមស៊ើបអង្កេតមានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេតនៅមិនទាន់មានប្រតិកម្មណាមួយចំពោះក្រុមប្រជាពលរដ្ឋទាំងនោះនៅឡើយ។ លោកបន្តថា៖
«ក្រោយពីញ្ញត្តិរបស់ជនរងគ្រោះហ្នឹង យើងនៅចាំមើលការឆ្លើយតបរបស់សហចៅក្រមស៊ើបអង្កេត ឬការិយាល័យសហចៅក្រមស៊ើបអង្កេត បន្ទាប់ពីសវនាការបឋមចប់នៅថ្ងៃទី៣០។ មកដល់ថ្ងៃនេះ យើងនៅអត់ទាន់មានការបំភ្លឺឬចម្លើយឆ្លើយតបណាមួយពីសហចៅក្រមស៊ើបអង្កេតថាយ៉ាងម៉េចនោះទេ»។
សាលាក្ដីខ្មែរក្រហមបានបញ្ចប់ការកាត់ក្ដីសំណុំរឿង០០១ ឬករណីឌុច កាលពីខែមិនាឆ្នាំ២០១១នេះ នៅអង្គជំនុំជម្រះតុលាការកំពូលដោយរង់ចាំតែការប្រកាសសាលដីការតែប៉ុណ្ណោះ។ សាលដីកាដែលនឹងកំណត់ទោស ឌុច ត្រូវគេជឿថា អាចនឹងចេញក្នុងអំឡុងខែក្រោយនេះ។ ហើយសំណុំរឿង០០២ ដែលមានមេដឹកនាំកំពូលខ្មែរក្រហមចំនួនបួននាក់បានឆ្លងកាត់ដំណាក់កាលសវនាការបឋមកាលពីចុងខែមុន និងត្រូវបោះជំហានទៅរកការកាត់ទោសពេញអង្គនៅក្នុងរវាងមួយខែ ឬពីរខែខាងមុខទៀត។
ក្រុមអ្នកតាមឃ្លាំមើលសាលាក្ដីខ្មែរក្រហមបានស្ដីបន្ទោសថា ការស៊ើបអង្កេតឬក៏ព័ត៌មានស្ដីពីសំណុំរឿង ០០៣ និង០០៤ បានស្ថិតនៅក្នុងភាពសម្ងាត់ជាខ្លាំង ហើយជនរងគ្រោះមិនអាចទទួលព័ត៌មានជាដុំកំភួន និងជាក់លាក់សម្រាប់ចូលរួមនៅក្នុងដំណើរការរឿងក្ដីនេះទេ។ លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហមខាងភាគីអង្គការសហប្រជាជាតិ និងលោក ឌឹម សុវណ្ណារុំ មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈខាងភាគីកម្ពុជា មានប្រសាសន៍ដូចៗគ្នាថា លោកមិនទាន់ទទួលបានព័ត៌មានពីសហចៅក្រុមស៊ើបអង្កេតនៅឡើយទេទាក់ទងទៅនឹងលិខិតចំហរបស់ប្រជាពលរដ្ឋនោះ។
កាលពីពាក់កណ្ដាលខែមិថុនា សហព្រះរាជអាជ្ញាបរទេសលោក អាន់ឌ្រូ ខេលី បានស្នើឲ្យសហចៅក្រមស៊ើបអង្កេតបន្ថែមការស៊ើបអង្កេតរបស់ខ្លួនលើសំណុំរឿង០០៤ ទាក់ទងទៅនឹងឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តិលើជនជាតិខ្មែរកម្ពុជាក្រោមនៅក្នុងខេត្តតាកែវ និងនៅក្នុងខេត្តពោធិ៍សាត់៕