ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណ​បក្ស​ប្រជាជន​កម្ពុជា​ ចាប់​ផ្ដើម​កំណត់​មុខ​សញ្ញា​ប្រជាជន


ពល​​រដ្ឋ​ខ្មែរ​កំពុង​មើល​ឈ្មោះ​បោះ​ឆ្នោត ​និង​បោះ​ឆ្នោត។
ពល​​រដ្ឋ​ខ្មែរ​កំពុង​មើល​ឈ្មោះ​បោះ​ឆ្នោត ​និង​បោះ​ឆ្នោត។

គណ​បក្ស​ប្រជាជន​កម្ពុជា​ ចាប់​ផ្ដើម​កំណត់​មុខ​សញ្ញា​ប្រជាជន​នៅក្នុង​ភូមិ​ដើម្បី​ស្រង់​ស្ថិតិ​ឲ្យ​បាន​ ច្បាស់​លាស់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ​ក៏​ប៉ុន្តែ​ក្រុម​មន្រ្តី​គណ​បក្ស​ប្រឆាំង​ និង​មន្រ្តី​សង្គម​ស៊ីវិល​និយាយ​ថា ​ការ​កំណត់​មុខ​សញ្ញា​នេះ​ ជា​ការ​រើស​អើង​និង​បែង​ចែក​ប្រភេទ​ប្រជាពល​រដ្ឋ​នៅ​តាម​មូលដ្ឋាន។

លោក ​ហេង រស្មី ​រាយ​ការណ៍​ជូន​ដូច​ត​ទៅ៖

យោង​តាម​សេចក្តី​សម្រេច​មួយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ នៅ​ខ័ណ្ឌ​ដង្កោ​ រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៩​ ស្តី​ពី​ការ​ចាត់​តាំង​មន្រ្តី​ខ័ណ្ឌ​ឲ្យ​ចុះ​ពង្រឹង​ថ្នាក់​ភូមិ​និង​សហគមន៍​នៅ​តាម​បណ្តា​ សង្កាត់​ទាំង​១៥ ​នៅ​ក្នុង​ខ័ណ្ឌ​ដង្កោ​ បាន​បង្ហាញ​ពី​ប្រៀប​ខ្លាំង​ប្រៀប​ឈ្នះ​របស់​គណ​បក្ស​គ្រប់​គ្រង​អំណាច​សម្រាប់​ការ​បោះ​ឆ្នោត​ជា​សកល​អណត្តិ​ទី​៥​ ដែល​នឹង​ឈាន​មក​ដល់​នៅ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។

នៅ​ក្នុង​សេចក្តី​សម្រេច​នេះ​បាន​ជ្រើស​រើស​យក​មន្រ្តី​ចំនួន​១១០​នាក់ ​ដើម្បី​វាយ​តម្លៃ ​និង​ស្រង់​ស្ថិតិ​ឲ្យ​បាន​ច្បាស់​លាស់​នូវ​មុខ​សញ្ញា​ផ្សេងៗ​ ដូច​ជា​ស្រង់​ស្ថិតិ​គ្រួសារ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ គ្រួសារ​ គណ​បក្ស​ផ្សេង​ មុខ​សញ្ញា​សកម្ម​ជន​គណ​បក្ស​ផ្សេងៗ ​និង​ប្រជា​ជន​នៅ​ក្នុង​ភូមិ។​ កំណត់​មុខ​សញ្ញា​ស ​ប្រផេះ ​ខ្មៅ​ ដើម្បី​ឲ្យ​មាន​មូលដ្ឋាន​ចលនា​មហា​ជន​ និង​ចិញ្ចឹម​ចលនា​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពណ៌​ខ្មៅ​មក​ប្រផេះ​ និង​ប្រផេះ​មក​ស។

ការ​កំណត់​មុខ​សញ្ញា​ប្រជាជន​នេះ​ត្រូវ​បាន​លោក​ហូរ វ៉ាន់ ​អ្នក​តំណាង​រាស្រ្ត​គណ​បក្ស​ប្រឆាំង​ មណ្ឌល​ភ្នំពេញ ​បាន​និយាយ​ថា ​គោល​នយោបាយ​របស់​គណ​បក្ស​ប្រជាជន​នេះ​ ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​រើស​អើង​ និង​បែង​ចែក​ប្រជាជន​នៅ​តាម​ថ្នាក់​មូលដ្ឋាន។

"ប្រជាពល​រដ្ឋ ​បើ​ដឹង​ថា ​គាត់​នៅ​ចំណុច​ខ្មៅ​ គឺ​គាត់​ព្រួយ​បារម្ភ​ ដោយ​សារ​គណ​បក្ស​ប្រជាជន​ជា​គណ​បក្ស​កាន់​អំណាច​ផង។​ ហើយ​អ្នក​ដើរ​កំណត់​ពណ៌​ហ្នឹង​គឺ​ច្រើន​តែ​អាជ្ញាធរ​ខ័ណ្ឌ​ អាជ្ញាធរ​សង្កាត់ ​ដែល​ធ្វើ​ការ​ឲ្យ​គណ​បក្ស។ ​ដូច្នេះ​ខ្ញុំ​ថា ​ ជា​ការ​មិន​ល្អ​ទេ។​ វា​នាំ​ឲ្យ​តែ​មាន​ការ​រើស​អើង"។

លោក​ក្រូច ​ផាន ​អតីត​អភិបាល​ខ័ណ្ឌ​ដង្កោ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ខ័ណ្ឌ ​បាន​និយាយ​ថា ​នេះ​គឺ​ ជា​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ។

"ការ​ងារ​ផ្ទៃ​ក្នុង​របស់​បក្ស ​ខ្ញុំ​ឈប់​ហើយ។​ មិន​បាច់​និយាយ​បន្តទេ ​កុំ​ឲ្យ​មាន​បញ្ហា"។

ចំណែក​លោក​ខៀវ ​កាញារិទ្ធ​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​និយាយ​ថា ​ គណ​បក្ស​ប្រជាជន​ កម្ពុជា​ពុំ​មែន​កំណត់​មុខ​សញ្ញា​ទៅ​លើ​មនុស្ស​ទេ​ គឺ​យើង​កំណត់​មុខ​សញ្ញា​ទៅ​លើ​តំបន់​ណា​ ដែល​សកម្ម​ការងារ​ និង​អសកម្ម​ការងារ​តែ​ប៉ុណ្ណោះ​ ដើម្បី​កែ​តម្រូវ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ខាង​មុខ​នេះ។

លោក​ខៀវ ​កាញារិទ្ធ​បាន​មាន​ប្រសាសន៍​ទៀត​ថា​ សេចក្តី​សម្រេច​នេះ​ មិន​មែន​យើង​ទើប​តែ​ធ្វើ​ទេ​ គឺ​យើង​បាន​ធ្វើ​ឡើង​តាំង​ពី​១០​ឆ្នាំ​មុន​មក​ម្ល៉េះ​ ដើម្បី​ពង្រឹង​កិច្ចការផ្ទៃ​ក្នុង​របស់​គណ​បក្ស​គ្រប់គ្រង​ អំណាច​តែ​ប៉ុណ្ណោះ។

"យើង​គ្រាន់​តែ​ដាក់​ប្រផេះ​ ហើយ​និង​ស។ ​ប្រផេះ​ហ្នឹង​បាន​ន័យ​ថា​ ​វា​មាន​ការ​ងារ​ខ្សោយ ​ដែល​ត្រូវពង្រឹង​ការ​ងារ​បក្ស។​ អញ្ចឹង​គេ​និយាយ​ទៅ​តំបន់ ​គេ​អត់​និយាយ​ទៅ​មនុស្ស​ទេ។​ បាន​ន័យ​ថា​ តំបន់​ណា​ដែល​ចាញ់​ឆ្នោត​ តំបន់​ណា​ដែល​មាន​ការ​ប្រទាញ​ប្រទង់​ ហើយ​តំបន់​ណា​ដែល​ឈ្នះ​ដាច់"។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ជា​សកល​អណត្តិ​ទី​៥ ​ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ​ បើ​ពុំ​មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ។​ ហើយ​ការ​រៀបចំ​យុទ្ធ​សាស្រ្ត​របស់​គណ​បក្ស​នយោបាយ​នីមួយៗ​បាន​ធ្វើ​ឡើង​ជា​របៀប​ផ្សេងៗ​គ្នា។

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​មួយ​ ដែល​មាន​ឈ្មោះ​ថា ​Comfrel​ បាន​និយាយ​ថា ​គណ​បក្ស​នយោបាយ​មាន​សិទ្ធិ​ក្នុង​ការ​រៀបចំ​បណ្តាញ​ និង​ ពិនិត្យ​មើល​សមាជិក​ភាព​របស់​គណ​បក្ស​នីមួយៗ​ ដើម្បី​ឲ្យ​សមាជិក​មាន​គុណ​ភាព​ការងារ។​ ក៏​ប៉ុន្តែ​ធ្វើ​យ៉ាង​ណា​កុំ​មាន​ការ​ដាក់​សម្ពាធ​ដល់​ប្រជា​ពល​រដ្ឋ។

"គណ​បក្ស​ប្រជាជន ​ខ្ញុំ​គិត​ថា​ ធ្វើ​ម៉េច​កិច្ចការ​ហ្នឹង​ធ្វើ​ដោយ​ធានា​ថា​ ​ អ្នក​ដែល​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ កុំ​មាន​ការ​ដាក់​សម្ពាធ​ដាក់​អី​ណា៎។ អាហ្នឹង​បាន​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​ពិត​អំពី​គុណ​ភាព​នៃ​សមាជិក​ គណ​បក្ស​ហ្នឹង"។

លោក​ហង្ស ​ពុទ្ធា​ ​នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិច​ បាន​មាន​ប្រសាសន៍​ថា ​ការ​ធ្វើ​ស្ថិតិ​ណា​មួយ​សម្រាប់​បែង​ចែក​ប្រជាពល​រដ្ឋ​ដើម្បី​គ្រប់​គ្រង​តាម​តួនាទី​អព្យា​ក្រិត្យ​របស់​អាជ្ញាធរ​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ក៏​ប៉ុន្តែ​បើ​លិខិត​នេះ​ប្រគល់​ការ​ងារ​ជា​ចរិត​បក្ស​ គឺ​ធ្វើ​ឲ្យ​មាន​ភាព​លម្អៀង​ទៅ​រក​គណ​បក្ស​នីមួយៗ។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា៖

"គណ​បក្ស​ទាំង​អស់​ដែល​លោក​មាន​គម្រោង​នឹង​ប្រឈម​គ្នា​ចំពោះ​ការ​ដណ្តើម​កៅអី​នៅ​ក្នុង​សភា​ក្តី ក្នុង​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នាពេល​ខាង​មុខ​ក្តី ​គឺ​សុំ​កុំ​ឲ្យ​យក​ប្រជាពល​រដ្ឋ​ធ្វើ​ជា​ល្បែង​ នយោបាយ​របស់​ខ្លួន​ ពិសេស​គឺ​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ឆាក​នយោបាយ​ គឺ​ជា​រឿង​ប្រសើរ​សម្រាប់​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា"។

ដោយ​ឡែក ​នៅ​ឯ​ខេត្ត​កំពង់​ធំ​ឯ​ណោះ​វិញ​ ​គណ​បក្ស​គ្រប់​គ្រង​អំណាច​បាន​រៀប​ចំ​ប្រឡង​ជ្រើស​ រើស​យុវជន​ប្រតិកម្ម​រហ័ស​ដើម្បី​ការពារ​ឥទ្ធិពល​ និង​ប្រជា​ប្រិយ​ភាព​របស់​គណ​បក្ស​គ្រប់​គ្រង​អំណាច ​នេះ​បើ​យោង​តាម​ឯកសារ​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ​ដែល​VOA​ សំឡេង​សហ​រដ្ឋ​អាមេរិក​ទទួល​បាន។

លោក​ណាំ ​ទុំ ​អតីត​អភិបាល​ខេត្ត​កំពង់​ធំ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ ខេត្ត​កំពង់​ធំ ​បាន​និយាយ​ថា​ ការ​ជ្រើស​រើស​យុវជន​ក្នុង​ប្រតិកម្ម​រហ័ស​នេះ​ គឺ​ដើម្បី​អប់រំ​យុវជន​ឲ្យ​ស្គាល់​ពី​សីល​ធម៌ ​និង​ស្គាល់​ពី​នយោបាយ​របស់​គណ​បក្ស​គ្រប់​គ្រង​អំណាច។

ពី​ទីក្រុង​ភ្នំពេញ​ ខ្ញុំ ​ហេង​ រស្មី ​វីអូអេ​ សំឡេង​ សរអ៕

XS
SM
MD
LG