ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​រងការ​រិះគន់​មុន​សវនាការ​រឿង​ក្តី​លោក​សម រង្ស៊ី


លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង។
លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង។

ភ្នំពេញ៖ ខណៈ​តុលាការ​កំពូល​នឹង​បើក​សវនា​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ ដើម្បីជំនុំ​ជម្រះ​រឿង​ក្ដី​លោក​សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំ​ដែន​លេខ​១៨៥ ​នៅស្រុក​ចន្ទា្រ ​ខេត្ត​ស្វាយរៀង​ក្រុម​អ្នក​ច្បាប់មួយចំនួន​ និង​អង្គការ​សិទ្ឋិមនុស្ស​បាន​រិះគន់ថា​ នៅ​កម្ពុជា​ការបែងចែក​អំណាច​ទាំងបី​មិន​ទាន់​មាន​ភាព​ច្បាស់សាស់​នៅឡើយ។

មជ្ឈមណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា ​បាន​ធ្វើ​របាយការណ៍​វិភាគ​មួយ​ ស្តី​អំពីរឿង​ក្តី​លោក​សម រង្ស៊ី ​ដែល មាន​ចំនួន​២៥​ទំព័រ​ ហើយ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ៍​នេះ​ បាន​ឲ្យ​ដឹង​ថា​ ការ​វិភាគ​ផ្លូវ​ច្បាប់​ បាន​ពិចារណា​ ផង​ដែរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ដក​អភ័យ​ឯកសិទ្ឋិ​របស់​អ្នក​តំណាង​រាស្រ្ត​លោក​សម រង្ស៊ី។

លោក​អ៊ូ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​ បាន​និយាយថា​ ករណី​របស់​លោក​សម រង្ស៊ី​នេះ គឺ​ជា​ឧទាហរណ៍​មួយ​ បង្ហាញ​ថា​ អំណាច​ទាំងបី​របស់​កម្ពុជា​អត់​ទាន់​មាន​ការបែង​ចែក​ច្បាស់លាស់​ទេ។ លោកវីរៈ​ថ្លែង​ថា៖

«ករណី​លោក​សម រង្ស៊ីនេះ ​បើ​សិន​យើង​មើល​មែនទែន​ ការឃ្លំាមើល​របស់​យើង​ គឺ​យើង​ឃើញថា​ សភា​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុងការ​ក្នុង​ការ​ការពារ​សមាជិក​របស់​ខ្លួន។ ហើយ​បាន​លើក​អភ័យឯក សិទ្ឋិ​របស់​លោក​សម រង្ស៊ី ​ដោយ​យើង​ឃើញថា ​មិនត្រឹម​ត្រូវ។ ទីពីរ​ គឺ​ការ​ប្រើ​ប្រាស់​អំណាច​តុលាការ​គឺ យើង​ឃើញ​ថា ​ការ​កាត់​ក្តី​នៅ​ក្នុង​សាលា​ដំបូង ​សាលាឧទ្ឋរណ៍ ​គឺយើង​ឃើញថា​ ហាក់​ដូចជា​មិបាន​បង្ហាញ នូវ​ភស្តុតាង​ឲ្យច្បាស់​លាស់។ ហើយ​យើង​យល់ថា​ នីតិ​ប្រតិបត្តិ​របស់​រដ្ឋាភិបាល​កំ​ពុងតែ​ប្រើប្រាស់​អំណាច របស់​ខ្លួន​ក្នុងការ​ឥទ្ឋិពល​ក្នុង​តុលាការ»។

លោក រុន សារ៉ាយ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជំនួយ​ផ្នែកច្បាប់​នៃ​កម្ពុជា ​ក៏​បាន​យល់​ស្របនឹង​ការ​ចេញ​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ឋិមនុស្ស​កម្ពុជា​ដែរ ។

លោ​កបាន​មាន​ប្រសាសន៍​ថា ស្ថាប័ន​តុលាការ​ហាក់​បីដូចជា​មិនទាន់​ឯករាជ្យ​ពេញលេញ​នៅ​ឡើយ។ លោក​បន្ត​ថា៖

«នៅ​ពេល​ដែល​តុលាការ​ ឬ​ក៏​ចៅក្រម​មាន​ការ​ធ្វើ​ខុស​ ឬ​ធ្វើ​អ្វី ​គឺ​អំណាច​នីតិ​ប្រតិបត្តិ ​ឃើញ​ថា ដក​ហូត។ អញ្ចឹង​នៅ​ពេលនេះ​ យើង​ឃើញថា ​បើសិន​ណា​ជា​ចៅក្រម​ធ្វើការ​សម្រេច​រឿងក្តី​ណាមួយ​ មើល​ទៅ​នៅ​មិន​ទាន់​មាន​ឯករាជ្យ។ វា​មិនអាច​ជ្រៀតជ្រែក​ពី​អំណាច​នីតិ​ប្រតិបត្តិ»។

ការ​កំណត់​ពេល​បើក​សវនាការ​របស់​តុលាការ​កំពូល​ បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​លោក​ស៊ូយ៉ា ប្រាសាទស៊ូប៊ែឌី​ អ្នករាយការណ៍​ពិសេស​រសប់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ឋិ មនុស្ស​មាន​វត្តមាន​នៅ​កម្ពុជា។ លោក​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ និង​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន ១០​ថ្ងៃ នៅថ្ងៃពុធស្អែកនេះ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​ទី​បួន​នេះ​ លោក​បាន​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ទៅ​លើ​កំណែ​ទម្រង់​ប្រព័ន្ឋ​តុលាការ ​និង​ការ​គោរព​សិទ្ឋិមនុស្ស។

មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ផ្សេងទៀត​ បានសម្តែង​ការ​ប្រយ័ត្ន​ប្រយែង​ ចំពោះ​ការធ្វើ​អត្ថាធិប្បាយ​របស់ខ្លួន​ទាក់​ទិន​នឹង​រឿងក្តី​របស់​លោក​សម រង្ស៊ី។ ក៏ប៉ុន្តែ​លោក ជួង ជូងី​ មេធាវី​ការពារក្តី​របស់​ លោក​សម រង្ស៊ី ​បាន​និយាយថា ​លោក​ចង់ឲ្យ​តុលាការ​សម្រេច​រឿងក្តី​នេះ​ដោយ​ឯករាជ្យ។ លោក​ថ្លែង​ថា៖

«ខ្ញុំចង់​បាន​ឲ្យ ទីមួយ​តុលាការ​កាត់​ឲ្យ​ឯករាជ្យ​ទាំង​ស្រុង។ កុំ​នៅ​ក្រោម​ឥទ្ឋិពល​អ្នក​កាន់​អំណាច​ ទី​ពីរ​ឲ្យ​តុលាការ​កាត់​សេចក្តី​មាន​ទំណូល​ខុស​ត្រូវ​ខ្ពស់​នៃ​សេចក្តី​សម្រេច​របស់​ខ្លួន។ ពី​ព្រោះ​ករណីនេះ​ ជា រឿង​នយោបាយ​ ដែល​ប៉ះ​ពាល់​ទៅ​លើ​អាយុ​ជីវិត​ជាតិ​ពាក់ព័ន្ឋ​ទៅនឹង​ព្រំដែន។ អញ្ចឹង​សេចក្តី​សម្រេច​របស់ តុលាការ វា​មាន​លក្ខណៈ​ជា​ប្រវត្តិសាស្រ្ត»។

លោក​សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ ដែល​កំពុង​ស្នាក់នៅ​ឯក្រៅ​ប្រទេស​ត្រូវបាន​តុលាការ​ កម្ពុជា​កាត់​ឲ្យ​ជាប់​ពន្ឋនាគារ​សរុប​ចំនួន​១២ឆ្នាំ​ នៅក្នុង​សំណុំរឿង​ពីរ​ដាច់​ដោយឡែកៗ​ពីគ្នា​ គឺ​សំណុំ​រឿង​ ដក​តម្រុយ​បង្គោល​ព្រំដែន​ និង​ក្លែង​ឯកសារ​សាធារណៈ៕

XS
SM
MD
LG