សាលាឧទ្ធរណ៍នៅថ្ងៃអង្គារនេះបានតម្កល់សាលដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដោយសម្រេចផ្តន្ទាទោសលោកមឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដដែល ក៏ប៉ុន្តែបានកែប្រែបទចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតមកញុះញ៉ង់វិញ គឺតាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌថ្មី។
អ្នកស្រីចាន់ ម៉ាឌីណា ចៅក្រមប្រឹក្សានៃសាលាឧទ្ធរណ៍បានប្រកាសថា តាមការស្តាប់ខ្សែអាត់សំឡេងជាស៊ីឌី និងវីស៊ីឌី ជនជាប់ចោទលោកមឿង សុនពិតជាបានញុះញ៉ង់ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខសង្គម។
អ្នកស្រីបានបញ្ជាក់ទៀតថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលដីការបស់សាលាដំបូងឲ្យនៅដដែល។ ក៏ប៉ុន្តែបានបន្ធូរបន្ថយពិន័យជាប្រាក់ពី១៥លានរៀល មកនៅត្រឹម៤លានរៀលវិញ។
លោកមឿង សុន អាយុ៦២ឆ្នាំ ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលបច្ចុប្បន្ននេះកំពុងស្នាក់នៅឯក្រៅប្រទេសនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកំបាំងមុខ កាលពីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០០៩ ដោយផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ និងពិន័យជាប្រាក់ចំនួន១៥លានរៀល ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ដោយភ្ជាប់ទៅនឹងខ្លឹមសារសន្និសីទកាសែតមួយកាលពីថ្ងៃទី២៦ខែឧសភាឆ្នាំ២០០៩។
នៅក្នុងអង្គសន្និសីទកាសែតនោះ លោកមឿង សុនបានលើកឡើងថា ការដាក់តំាងអំពូលភ្លើងអគ្គិសនីសម្រាប់បំភ្លឺនៅប្រាសាទអង្គរវត្តបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ថ្មរបស់ប្រាសាទ ហើយកម្តៅដែលភាយចេញពីអំពូលហ្នឹងធ្វើឲ្យក្បាច់របស់ប្រាសាទសឹករិចរិល។
លោកប៉ាល់ ចាន់តារា មេធាវីការពារក្តីឲ្យរដ្ឋាភិបាល បានសាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍។ លោកបានមានប្រសាសន៍ទៀតថា ទាំងសាលាដំបូង និងសាលាឧទ្ធរណ៍ពិតជាបានផ្តល់យុត្តិធម៌ជូនរដ្ឋាភិបាល។
«ទោះបីត្រង់ចំណុច ដែលពិន័យជាប្រាក់ពី៧លានមក៤លានរៀល ដែលសាលាឧទ្ធរណ៍ប្រកាសអម្បាញ់មិញនេះ ខ្ញុំយល់ឃើញថា ទាំងសាលាឧទ្ធរណ៍ ទំាងសាលាដំបូងរាជធានីភ្នំពេញ ពិតជាបានរកយុត្តិធម៌ជូនរាជរដ្ឋាភិបាលប្រាកដមែន»។
លោកសុខ សំអឿន មេធាវីការពារក្តីឲ្យលោកមឿង សុន បានមានប្រសាសន៍ថា លោកទទួលសាលក្រមរបស់សាលាឧទ្ធរណ៍ ក៏ប៉ុន្តែលោកនឹងប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀត។
«ឥឡូវនៅតុលាការស្រុកខ្មែរ យើងដោះរឿងមួយ គេទៅជាយករឿងមួយទៀតមកដាក់។ កាលពីមុនម៉េចក៏មិនចោទថាញុះញ៉ង់អញ្ចឹងដែរទៅ? ម៉េចចាំបាច់ដូរពេលនេះ? អញ្ចឹងយើងមានការពិបាក។ ធម្មតាបើយើងមេធាវីការពារក៏យើងមិនដឹងការពារម៉េចដែរ បើសិនការពារបទល្មើសមួយ ហើយគេទៅយកបទល្មើសមួយទៀតមកដាក់ ធ្វើយ៉ាងម៉េចទៅ?»
ចំណែកអ្នកស្រីយី ផល្លី អាយុ៦៦ឆ្នាំ ត្រូវជាភរិយារបស់លោកមឿង សុន បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅក្នុងបរិវេណរបស់សាលាឧទ្ធរណ៍ថា តុលាការគួរតែពិចារណាម្តងទៀត អំពីទោសកំហុសស្វាមីរបស់អ្នកស្រី។
អ្នកស្រីបានមានប្រសាសន៍ទៀតថា ប្រសិនបើលោកមឿង សុនបានប្រព្រឹត្តខុស ហេតុអ្វីបានជាអំពូលភ្លើងត្រូវដោះចេញពីប្រាសាទអង្គរវត្ត?
«អំពូលភ្លើងដោះចេញហើយ មនុស្សនៅតែជាប់ទោសទៀត។ អាហ្នឹងខ្ញុំសូមឲ្យសម្តេចទាំងបី ហើយនឹងព្រះករុណា សូមជួយដោះស្រាយផង ឲ្យកូនចៅបានរួចខ្លួន បានចូលមកស្រុកវិញ»។
អាជ្ញាធរអប្សរាធ្លាប់បានចេញសេចក្តីបំភ្លឺថា ការដាក់អំពូលភ្លើងអគ្គិសនីនៅប្រាសាទអង្គរវត្តពុំបានប៉ះពាល់ដល់ថ្ម និងក្បាច់ចម្លាក់របស់ប្រាសាទអង្គរវត្តទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីមានការរិះគន់របស់លោកមឿង សុន ការដាក់តាំងអំពូលភ្លើងនៅប្រាសាទអង្គរវត្តត្រូវបានដោះចេញហើយ៕