ក្រុមមន្ត្រីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលបានដកយកសេចក្តីព្រាងច្បាប់សម្រាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាសមកពិនិត្យពិចារណាឡើងវិញដើម្បីធ្វើការកែសម្រួលមាត្រាមួយចំនួន។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិបានហៅសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលថាជា ការគំរាមគំហែង និងការរឹតបន្តឹងដល់សិទ្ធិ និងសេរីភាពនៃការបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ព្រមទាំងរារាំងអង្គការសង្គមស៊ីវិលមិនឲ្យបំពេញតួនាទី និងកំណត់លទ្ធភាពនៃដៃគូរអភិវឌ្ឍន៍របស់កម្ពុជា បន្ទាប់ពីក្រសួងមហាផ្ទៃ បានបញ្ជូនសេចក្តីព្រាងនេះទៅកាន់គណៈរដ្ឋមន្ត្រីនៅក្នុងខែកក្កដា។
លោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃពុធថា សេចក្តីព្រាងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលត្រូវបានយកមកពិចារណាឡើងវិញដោយសារមានប្រតិកម្មពីអន្តរជាតិ។
«រដ្ឋាភិបាលបាននិយាយថាឲ្យដកយកមកពិចារណាចំណុចខ្លះ។ វាមានពាក់ព័ន្ធជាមួយចំណុចមួយចំនួនតូចទេ។ ជាការពិតទៅ បើយើងពិនិត្យឲ្យមែនទែនទៅ វាមិនជាបញ្ហាអ្វីគួរឲ្យលំបាកនោះទេពាក់ព័ន្ធជាមួយនឹងការបញ្ចេញមតិ និងសិទ្ធិសេរីភាពនោះ។ យើងយកសេចក្តីព្រាងច្បាប់នេះមកពិនិត្យពិចារណាឡើងវិញ ហើយនឹងបញ្ជូនត្រឡប់ទៅវិញ។ វាមិនមែនបានន័យថា យើងដកថយដោយមិនធ្វើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ»។
លោក ឡំ ជា សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ប្រចាំទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានសុំដកយកសេចក្តីព្រាងច្បាប់អង្គការមិនមែនរដ្ឋាភិបាលនេះ ត្រឡប់ទៅវិញដើម្បីធ្វើការកែលម្អឡើងវិញកាលពីចុងខែសីហា។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា ការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលនេះ បានកើតចេញពីសម្ពាធរបស់ម្ចាស់ជំនួយខ្លះ និងប្រជាពលរដ្ឋខ្មែរដែលទទួលបានផលប្រយោជន៍ពីវិស័យអប់រំ សុខភាព និងការអភិវឌ្ឍជាច្រើនទៀតពីអង្គការមិនមែនរដ្ឋាភិបាល។
«ខ្ញុំមើលទៅរដ្ឋាភិបាលកំពុងបានចំណេញពីអង្គការទាំងអស់នេះ។ ដូច្នេះ បើចេញច្បាប់នេះ វានឹងរារាំងប្រសិទ្ធិភាពនៃសកម្មភាពទាំងអស់នេះ។ ខ្ញុំថានឹងប៉ះពាល់ទៅលើការអភិវឌ្ឍ ហើយបន្ទាប់មក នឹងប៉ះពាល់ដល់គណបក្សកាន់អំណាច។ ហើយដោយសារនេះជាសម្ពាធមួយដ៏ធំ ហើយមួយទៀត បើគេអត់មានអង្គការឃ្លាំមើលទេ ម្ចាស់ជំនួយក៏ពិបាកផ្តល់ជំនួយដែរ ពីព្រោះការផ្តល់ជំនួយដោយគ្មានអ្នកឃ្លាំមើល ដូចអង្គការសិទ្ធិមនុស្ស។ គេមិនផ្តល់ជំនួយរបស់គេដោយគ្មានការទទួលខុសត្រូវបែបហ្នឹង។ គេមិនផ្តល់ជំនួយទេ»។
លោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា តំណាងក្រសួងមហាផ្ទៃ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលគួរតែពិភាក្សាគ្នាឡើងលើសេចក្តីព្រាងច្បាប់នេះឲ្យកាន់តែប្រសើរ។
«សេចក្តីព្រាងច្បាប់នេះ ដកក្រោយអញ្ចឹង គួរតែមានការជួបពិភាក្សា ស្តាប់យោប់ពីអង្គការសង្គមស៊ីវិលម្តងទៀត ដើម្បីឲ្យសេចក្តីព្រាងច្បាប់នេះអាចទទួលយក និងយល់ព្រមទាំងអស់គ្នា។ វាជាការល្អសម្រាប់សង្គមយើង»។
លោក ស៊ិន សុមុន្នី នាយកប្រតិបត្តិនៃអង្គការ មេឌីខេម (Medicam) បានថ្លែងថា វាជាការល្អណាស់ដែលក្រសួងមហាផ្ទៃដកយកសេចក្តីព្រាងច្បាប់នេះ មកកែលម្អឡើងវិញនេះ។
«យើងចង់សុំឲ្យការចុះបញ្ជីដោយស្មគ្រ័ចិត្ត។ យើងសំណូមពរឲ្យមានភាពច្បាស់លាស់ និងសុក្រឹតភាពនៅក្នុងខ្លឹមសារនៃច្បាប់នោះ»។
មន្ត្រីរដ្ឋាភិបាលបានពន្យល់ថា សេចក្តីព្រាងច្បាប់នឹងអាចបង្ក្រាបអង្គការសង្គមស៊ីវិល ដែលប្រតិបត្តិការ ជាបណ្តាញនៃអង្គការភេរវកម្ម៕