កវីនិពន្ធខ្មែរនិងបរទេសមកពីប្រទេសអាមេរិក បារាំង កាណាដា និងអូស្ត្រាលី ចំនួន៨នាក់បានរួមគ្នាធ្វើសិក្ខាសាលាមួយនៅឯវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតក្នុងទីក្រុងភ្នំពេញនៅថ្ងៃសៅរ៍នេះ ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកវិធីសាស្ត្រលើកស្ទួយវិស័យអក្សរសិល្ប៍ខ្មែរសម័យបច្ចុប្បន្ននេះ។
សិក្ខាសាលារយៈពេល ១ ថ្ងៃស្ដីពីអក្សរសិល្ប៍ខ្មែរសម័យបច្ចុប្បន្ននេះ ត្រូវបានរៀបចំឡើងក្នុងពេលដែលវិស័យអក្សរសិល្ប៍ខ្មែរសព្វថ្ងៃនៅមិនទាន់មានការវិវត្តឱ្យទាន់តាមសម័យកាលបច្ចុប្បន្ននៅឡើយ។
លោក ឃឹម ច័ន្ទសុអហំ នាយកសមាគមអក្សរសិល្ប៍ 'នូ ហាច' ដែល ជាអ្នករៀបចំបង្កើតឱ្យមានសិក្ខាសាលានេះ មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ការប្រមូលកវីនិពន្ធខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រមទាំងអ្នកនិពន្ធបរទេសឱ្យមកជួបជុំគ្នានេះ គឺដើម្បីជួយពង្រឹងគុណភាពនិងភាពច្នៃប្រឌិតក្នុងការតែងនិពន្ធរឿងរបស់ខ្មែរ ដើម្បីឱ្យអក្សរសិល្ប៍ខ្មែរសព្វថ្ងៃមានលក្ខណៈទំនើបឱ្យទាន់ការវិវត្តថ្មីនៃពិភពលោកបាន។
"ពីមុនយើងជិះដំរី រឿងរបស់យើងនោះណា៎។ យើងជិះដំរី ជិះរទេះគោ។ ហើយឥឡូវសម័យបច្ចុប្បន្នមានឡិចស៊ិស មានឡង់ហ្គ្រូស័រ ឬមានយន្តហោះឆ្លងទ្វីប។ សួរថាតើអ្នកនិពន្ធនៅសរសេរបែបបុរាណដដែលឬក៏យ៉ាងណា? អានេះ យើងនិយាយអំពីរបត់រឿង ផ្នត់គំនិតរឿង ដែលយើងចង់សង្កត់ធ្ងន់ទៅលើរបៀបតំឡើងរឿងចលនារឿងហ្នឹងថ្មី"។
អក្សរសិល្ប៍ខ្មែរនៅក្នុងសម័យកាលកន្លងមក ច្រើនតែជាប្រភេទរឿងដែលទាក់ទងទៅនឹងសាសនា ដូចជា រឿងរាមកេរ្តិ៍ និងរឿងកូរសមុទ្រទឹកដោះជាដើម។ ទើបតែមកដល់សម័យក្រោយអង្គរ ជាពិសេសគឺនៅក្នុងអំឡុងទសវត្សរ៍១៩៥០ និង៦០ប៉ុណ្ណោះ ដែលអក្សរសិល្ប៍ខ្មែរ មានបែបផែនជាអក្សរសិល្ប៍សម័យទំនើប ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈស្នាដៃរឿងផ្កាស្រពោន រឿងកុលាបប៉ៃលិន និងរឿងសូផាត ជាដើម។
ស្នាដៃទាំងនោះភាគច្រើនផ្តោតទៅលើការតស៊ូវណ្ណៈ និងការរើបម្រាស់ពីគំនាបសង្កត់របស់ប្រពៃណីក្នុងសង្គម ហើយនឹងការដោះស្រាយបញ្ហាស្នេហាស្រីប្រុស ដែលពេលខ្លះផុសចេញពីការស្រមើស្រមៃរបស់អ្នកនិពន្ធតែប៉ុណ្ណោះ។
ចំណែកស្នាដៃអក្សរសិល្ប៍ខ្មែរសម័យបច្ចុប្បន្ន ហាក់នៅមិនទាន់មានអ្វីប្លែកពីស្នាដៃរបស់កវីនិពន្ធជំនាន់មុននោះប៉ុន្មានឡើយ ដែលជាហេតុធ្វើឱ្យអ្នកអានសម័យថ្មីហាក់មិនសូវចាប់អារម្មណ៍។ ជាពិសេសស្នាដៃនិពន្ធភាគច្រើនផ្តោតតែទៅលើរឿងរ៉ាវស្នេហាប៉ុណ្ណោះ។ នេះបើផ្អែកតាមអ្នកអាន និងអ្នកនិពន្ធប្រលោមលោកខ្មែរមួយចំនួន។
អ្នកស្រី ភូ ចរិយា ដែលជាអ្នកអានរឿងប្រលោមលោកខ្មែរម្នាក់អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មានប្រសាសន៍ថា អ្នកស្រីលែងចាប់អារម្មណ៏លើស្នាដៃអក្សរសិល្ប៍ខ្មែរដោយសារតែកង្វះភាពប្លែកនិងទំនើបនិយមនៅក្នុងស្នាដៃនិពន្ធរបស់អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ន។
អ្នកស្រី ភូ ចរិយា ដែលជាអតីតជ័យលាភីរង្វាន់លេខ១ នៅក្នុងការប្រកួតដណ្តើមជ័យលាភី ឆ្នាំ២០០៥ផ្នែកនិពន្ធរឿងខ្លីរបស់សមាគមអក្សរសិល្ប៍ នូ ហាច ផងដែរនោះមានប្រសាសន៏បន្តថា កវីនិពន្ធខ្មែរគប្បីពិនិត្យទៅលើរឿងបរទេសដែលល្បីៗបន្ថែមទៀត ដើម្បីស្រង់យកគំនិតល្អៗក្នុងការតែងនិពន្ធរឿង ដើម្បីបង្កើនគុណភាព នៃស្នាដៃរបស់ខ្លួនឱ្យទាន់ទៅនឹងការវិវត្តថ្មីនៃសកលលោក។
"បញ្ហាគឺយើងត្រូវ update ឲ្យទាន់គេហៅថា អភិវឌ្ឍឲ្យទាន់សម័យបច្ចុប្បន្ន ព្រោះឥឡូវយើងកំពុងតែចួលសកលភាវូបនីយកម្ម។ អញ្ចឹង យើងត្រូវតែធ្វើយ៉ាងម៉េច ឲ្យការតែងនិពន្ធរបស់យើងហ្នឹងវាសមស្របទៅនឹងសង្គមដែរ។ ដូចថា យើងយកគំនិតពីបរទេសមក ហើយយើងមើលរឿងរបស់គេ ថាតើគេសរសេរយ៉ាងម៉េច បានគេល្បីល្បាញឬក៏គេសរសេរយ៉ាងម៉េចបានគេជាប់រង្វាន់ ហើយរបស់គេមានភាពទំនើបយ៉ាងម៉េច ឬល្អយ៉ាងម៉េច"។
កញ្ញា Allyson Hose អ្នកនិពន្ធ ម្នាក់មកពីប្រទេសអូស្ត្រាលី ដែលបានចូលរួមជាវាគ្មិនម្នាក់ដែរនៅក្នុងសិក្ខាសាលាស្តីពី អក្សរសិល្ប៍ខ្មែរសម័យបច្ចុប្បន្ននេះ មានប្រសាសន៍ថា កម្ពុជាត្រូវការជាចាំបាច់ក្នុងការលើកទឹកចិត្តកវីនិពន្ធខ្មែរ ឲ្យសរសេរចេញទៅតាមចិត្តរបស់ពួកគេចង់ ដើម្បីបង្កើនការចាប់អារម្មណ៏បន្ថែមទៀតពីអ្នកអានរបស់ពួកគេ។
"ការអនុញ្ញាតឲ្យអ្នកនិពន្ធខ្មែរជាពិសេសអ្នកនិពន្ធវ័យក្មេង ប្រាប់រឿងរបស់ពួកគេចេញពីសំឡេងរបស់ពួកគេផ្ទាល់ និងបង្កើតសំឡេងនិងទំនុកចិត្តរបស់ពួកគេផ្ទាល់ ក្នុងនាមជាអ្នកនិពន្ធនោះ វានឹងបង្កើតឲ្យមានវប្បធម៌ខាងអក្សរសិល្ប៍ និងការអាននិងអ្នកអាននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំគិតថា ការធ្វើបែបនេះ គឺពិតជារឿងដ៏សំខាន់ក្រៃលែងដែលចាំបាច់ត្រូវតែកើតមានឡើងនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀតនេះ "។
កវីនិពន្ធនៅក្នុងប្រទេសកម្ពុជាភាគច្រើន ត្រូវគេមើលឃើញថា ហាក់មិនសូវហ៊ានសរសេរឬសម្តែងការយល់ឃើញរបស់ខ្លួន ចេញពីចិត្តឲ្យអស់នោះទេ ដោយសារការព្រួយបារម្ភនិងការភ័យខ្លាចថាការសរសេររបស់ខ្លួនបែបនោះ អាចប៉ះពាល់ដល់ស្ថាប័នឬបុគ្គលមានអំណាចណាមួយ។
លោក ឃឹម ច័ន្ទសុអហំ នាយកសមាគមអក្សរសិល្ប៍ 'នូ ហាច' មានប្រសាសន៍ថា អ្នកនិពន្ធខ្មែរគប្បី ត្រូវហ៊ានសរសេរដើម្បីឆ្លុះបញ្ចាំង ពីតថភាពពិតជាក់ស្តែងដែលកំពង់កើតមាននៅក្នុងសង្គមបច្ចុប្បន្ន។
លោក ឃឹម ច័ន្ទសុអហំ មានប្រសាសន៍បន្ថែមថា ការសរសេររបស់អ្នកនិពន្ធខ្មែរសម័យបច្ចុប្បន្ននេះ ក៏គួរធ្វើតាមលក្ខណៈទំនើប ពោលគឺធ្វើឲ្យអ្នកអានគិតជាជាងប្រាប់អ្នកអានដោយត្រង់ ពីអ្វីដែលខ្លួនចង់បង្ហាញនៅក្នុងស្នាដៃរបស់ខ្លួននោះ។
"ខ្ញុំប្រើពាក្យថា 'contemporary' ហ្នឹង ដូចជា 'abstract' គឺ អ្នកនិពន្ធសរសេរមកត្រូវការឲ្យយើងគិត គឺថាលែងបង្ហាញអ្នកអាន។ គ្រាន់តែចាប់អានភ្លាមរំភើបក្តុកក្តួលទៅតាមហ្នឹង គឺអត់ទេប៉ុន្តែឃើញរូបភាពមួយថ្មីដែលដូចជាចក្ខុវិស័យ ទស្សនៈវិស័យមួយដែលអ្នកនិពន្ធប្រមើលមើលឃើញអញ្ចឹង។ អាកន្លែងហ្នឹងជារបត់មួយសំខាន់ព្រោះជាអ្នកនិពន្ធសម័យថ្មី"។
លោក ធៀ សុខម៉េង ប្រធានផ្នែកអក្សរសាស្រ្តខ្មែរនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រសាសន៍ថា អ្នកតែងនិពន្ធស្នាដៃអក្សរសិល្ប៍ខ្មែរនៅក្នុងប្រទេសកម្ពុជា មានសេរីភាពច្រើនជាងមុនក្នុងការជ្រើសរើសប្រធានបទយកមកសរសេរនាពេល បច្ចុប្បន្ននេះ។
លោក ធៀ សុខម៉េងមានប្រសាសន៍បន្ថែមថា សព្វថ្ងៃអ្នកនិពន្ធវ័យក្មេងជាច្រើនបានចាប់ផ្តើមសរសេរនិងបោះពុម្ពស្នាដៃអក្សរសិល្ប៍របស់ខ្លួនយ៉ាងទូលំទូលាយ ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអក្សរសិល្ប៍ខ្មែរ ទោះបីជាស្នាដៃរបស់ពួកគេនៅមិនទាន់មានគុណភាពខ្ពស់ក៏ដោយ។
អ្នកស្រី រស់ សុខុន ប្រធានស្តីទីនៃនាយកដ្ឋានសៀវភៅនិងការអានរបស់ក្រសួងវប្បធម៌និង វិចិត្រសិល្បៈ មានប្រសាសន៍ថានាយកដ្ឋានរបស់អ្នកស្រី ក៏តែងលើកទឹកចិត្តដល់កវីនិពន្ធខ្មែរ ឲ្យខិតខំបញ្ចេញទេពកោសល្យរបស់ខ្លួនក្នុងការតែងនិពន្ធស្នាដៃអក្សរសិល្ប៍នេះដែរ តាមរយៈការរៀបចំឲ្យមានការប្រកួតប្រជែងដណ្តើមពានរង្វាន់ស្នាដៃអក្សរសិល្ប៍ជារៀងរាល់ឆ្នាំ។
"កន្លងមកគឺថា ខាងនាយកដ្ឋានសៀវភៅនិងការអានបានធ្វើការប្រឡងហ្នឹងបាន ១១ លើកហើយ ចាប់ពីឆ្នាំ ១៩៩៩ មក"។
អ្នកស្រី រស់ សុខុន មានប្រសាសន៍បញ្ជាក់បន្ថែមថា សាលាបណ្តុះបណ្តាលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏មានបើកវគ្គបណ្តុះបណ្តាលជំនាញតែងនិពន្ធនេះ ដល់យុវជននិងកវីនិពន្ធខ្មែរដើម្បីពង្រឹងគុណភាពនៃការតែងនិពន្ធរបស់ពួកគេផងដែរ៕