Dan Robinson
វ៉ាស៊ីនតោន៖ មេដឹកនាំសភាខាងគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ បានសម្តែងសុទិដ្ឋនិយមបន្ទាប់ពីការពិភាក្សានៅសេតវិមានកាលពីថ្ងៃសុក្រជាមួយប្រធានាធិបតីបារ៉ាក់ អូបាម៉ាអំពីឱកាសនៃកិច្ចព្រមព្រៀងដើម្បីបញ្ចៀសអ្វីដែលហៅថា មហន្តរាយសារពើពន្ធ «Fiscal Cliff » ដែលសហរដ្ឋអាមេរិក កំពុងប្រឈម។ សេតវិមានបានហៅការពិភាក្សានេះថា ជាការពិភាក្សាប្រកបដោយស្ថាបនា។
តាមរយៈការពិភាក្សារយៈពេលជាងមួយម៉ោងជាមួយលោកប្រធានាធិបតី មេដឹកនាំសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាបានវាយតម្លៃថា ជំនួបនោះមានភាពវិជ្ជមាន។
លោក ចន បេន័រ (John Boehner) ប្រធានសភាតំណាងរាស្រ្តខាងគណបក្សសាធារណរដ្ឋបាននិយាយថាលោកបានដាក់គម្រោងការងារដែលលោកជឿជាក់ថាស្របតាមគោលដៅរបស់លោកអូបាម៉ាដើម្បីធ្វើឲ្យសម្រេចកិច្ចព្រមព្រៀងសម្រាប់កាត់បន្ថយឱនភាពប្រកបដោយតុល្យភាព។
លោក បេន័រ និងមន្ត្រីផ្សេងទៀតបានបញ្ជាក់ថា បញ្ហានៃប្រាក់ចំណូលថ្មីដ៏ចម្រូងចម្រាសសម្រាប់កាត់បន្ថយឱនភាព ឥឡូវនេះបានស្ថិតលើតុសម្រាប់ពិភាក្សា ប៉ុន្តែ សមាជិកសភារដ្ឋអូហៃយ៉ូ បានបញ្ជាក់ពីសារៈសំខាន់នៃការកំណត់អត្តសញ្ញាណនៃការកាត់បន្ថយ។
«ខណៈដែលយើងកំពុងបន្តការពិភាក្សាអំពីប្រាក់ចំណូល កិច្ចការធ្លាក់ទៅលើសហការីរបស់ខ្ញុំដែលជាគណបក្សគ្រប់គ្រងអំណាចដើម្បីបង្ហាញប្រជាពលរដ្ឋអាមេរិកថា យើងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការកាត់បន្ថយការចំណាយនិងដោះស្រាយភាពអល់ឯកសារពើពន្ធដ៏លំបាក»។
លោក ហារី រ៉េដ (Harry Reid) មេដឹកនាំសំឡេងភាគច្រើនរបស់ព្រឹទ្ធសភាពីខាងគណបក្សប្រជាធិបតេយ្យក៏បានសម្តែងសុទិដ្ឋិនិយម ដោយនិយាយថាភាគីទាំងអស់ដែលបានជួបពិភាក្សាជាមួយលោកអូបាម៉ាបានដឹងថា ការពន្យារពេលនៃកិច្ចព្រមព្រៀងមិនមែនជាជម្រើសទេ។
«យើងទាំងអស់គ្នាដឹងថាមានបញ្ហាត្រូវធ្វើឲ្យសម្រេច។ ឈប់មានពាក្យថាទុកកិច្ចការធ្វើនៅពេលក្រោយទៀតហើយ។ យើងត្រូវធ្វើវានៅពេលឥឡូវនេះ យើង មានអារម្មណ៍ថាមានការស្រុះស្រួលនឹងគ្នា ហើយនេះមិនមែនជាអ្វីដែលយើង នឹងរង់ចាំរហូតដល់ខែធ្នូដែលជាថ្ងៃចុងក្រោយដើម្បីសម្រេចកិច្ចការនោះទេ»។
លោក អូបាម៉ា បានបើកកិច្ចប្រជុំដោយមានការអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការពីគណបក្សទាំងពីរ។
«ការប្រឈមរបស់យើងនោះគឺធ្វើឲ្យប្រាកដថា យើងអាចសហការគ្នា ធ្វើការជាមួយគ្នា រកជំហររួម ធ្វើការសម្របសម្រួលដ៏តឹងតែងមួយ ធ្វើឲ្យមានការមូលមតិខ្លះដើម្បីធ្វើកិច្ចការរបស់ប្រជាពលរដ្ឋ។ ហើយនេះជាអ្វីដែលគេកំពុងស្វែងរក ហើយ ខ្ញុំគិតថា យើងទាំងអស់គ្នាបានព្រមព្រៀងគ្នាលើបញ្ហានេះ។ ពួកគេចង់ឃើញថា យើងផ្តោតការយកចិត្តទុកដាក់លើពួកគេ មិនមែនផ្តោតការយកចិត្តទុកដាក់លើនយោបាយរបស់យើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនទេ»។
លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ប្រធានសភាតំណាងរាស្រ្តសំឡេងភាគតិចបាននិយាយថា លោកស្រី មានទំនុកចិត្តថានឹងឈានដល់ការព្រមព្រៀងគ្នាហើយសង្ឃឹមថា គ្រោះថ្នាក់នៃវិបត្តិសេដ្ឋកិច្ចមួយផ្សេងទៀតនឹងអាចត្រូវបញ្ចៀសបាន។
សមាជិកព្រឹទ្ធសភាសំឡេងភាគតិចខាងគណបក្សសាធារណរដ្ឋ មីត្ច ម៉ាក់ខូន្នែល្ល (Mitch McConnell) បាននិយាយឡើងវិញពីការអំពាវនាវឲ្យមានការកាត់បន្ថយការចំណាយលើកម្មវិធីដែលមានតែឈ្មោះ ដោយលោកនិយាយថាដំណោះស្រាយតម្រូវឲ្យមានការជួសជុលបញ្ហាពិតប្រាកដ។
សរសេរសម្រួលដោយ ជឹង ប៉ូជីន