ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការលួច​កកាយ​នៅ​ភ្នំយ៉ាត​បង្កឱ្យ​មាន​ការ​ព្រួ​យ​បារម្ភ


នៅ​ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ ​អ្នកស្រុក​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​នាំ​គ្នា​ដើរ​រើស​ត្បូង​នៅ​តាម​ជើង​និង​ចង្កេះ​ភ្នំ​យ៉ាត ​ដោយ​ពួក​គេ​ជឿ​ថា ​ភ្នំ​នោះ​គឺ​ជា​ជម្រក​នៃ​ត្បូង​ដ៏​មាន​តម្លៃ​ជា​ច្រើន។ ប៉ុន្តែ​ ជំនឿ​របស់​អ្នក​ស្រុក​ បាន​បង្ក​ឲ្យ​មាន​សកម្មភាព​លួច​ជីក​កកាយ​រក​ត្បូង​នៅ​លើ​ភ្នំ​នោះ​ជា​បន្ត​បន្ទាប់​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ហិន​ហោច​នៃ​ភ្នំ​ដែល​ជា​ទី​សក្ការ​បូជា​របស់​អ្នក​ស្រុក​នៅ​ទី​នោះ។

ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ លោក វ៉ន វុទ្ធី​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​របស់​លោក​ សំដៅ​ឆ្ពោះ​ទៅ​ភ្នំយ៉ាត ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​លោកក្នុង​ភូមិ​ចំការ​កាហ្វេ ​សង្កាត់​ទួលល្វា​ ក្រុង​ប៉ៃលិន។

ដោយ​ដៃ​កាន់​សោ​ម៉ូតូ​រួច​ដើរ​ឆ្កិះ​ដី​នៅ​ចន្លោះ​ថ្ម​តាម​ចង្កេះភ្នំ​នេះ ​លោក វុទ្ធី ​ដែល​ជា​ជាង​សំណង់​វ័យ​៣៥ឆ្នាំ​រូប​នេះ ​បាន​មាន​ប្រសាសន៍​ដោយ​ឥត​លាក់​លៀម​ថា ​នៅ​ក្រោយ​ភ្លៀង​ធ្លាក់​ម្តង​ៗ​ លោក​តែង​មក​ភ្នំនេះ ​ដើម្បី​ដើរ​រក​មើល​ ក្រែង​ប្រទះ​ឃើញ​ត្បូង​ដែល​មាន​តម្លៃ។

«ចេះ​តែ​ដើរ​មើល​តាម​ចង្អូរ​ៗ​អញ្ចឹង ​តាម​ដី អា​ភ្លៀង​ច្រោះ​ៗ​អញ្ចឹង​ទៅ។ ចេះ​តែ​ដើរ​មើល​ទៅ ជួន​បាន​ក៏​បាន​ទៅ ជួន​អត់​ក៏​អត់​ទៅ ប៉ុន្តែ​បាន​ហ្នឹង​មិនមែន​បាន​ត្បូង​មាន​តម្លៃ​ទេ​ បាន​តែ​តង​ គេ​ហៅ​តង​ៗ​ហ្នឹង​ របៀប​យើង​ធ្វើ​ចិញ្ចៀន​ យើង​ដាក់​ខាង​ៗ ​អា​តូច​ៗ​ គេ​ច្នៃ​តូច​ៗ​ហ្នឹង។»

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ​ គេ​ជឿ​ថា​ ស្ទើរ​តែ​លែង​មានត្បូង​ដែល​មាន​តម្លៃ​នៅ​ក្នុង​ទឹកដីប​ប៉ៃលិន​នេះ​ទៀត​ហើយ​ក៏ដោយ ​ក៏​ខេត្ត​ប៉ៃ​លិនត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ជា​ច្រើន​ប្រភេទ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។

លោក​ វ៉ន វុទ្ធី ​មាន​ប្រសាសន៍​ថា ​លោក​នៅ​តែ​ជឿ​ថា ភ្នំ​យ៉ាត​នេះ​គឺ​នៅ​តែ​ជា​ជម្រក​នៃ​ត្បូង​ដ៏​មាន​តម្លៃ​ជា​ច្រើន​នៅ​ឡើយ ​ដោយ​កន្លង​មក​ ​មាន​ការ​និយាយ​តៗគ្នា​ថា ​មាន​អ្នក​ស្រុក​មួយ​ចំនួន​ហើយ​ដែល​ធ្លាប់​រើស​បាន​ត្បូងដែល​មាន​តម្លៃ​នៅ​តាម​ជើង​ភ្នំ​នេះ។

«ចុះ​បើ​មាត់​មួយ​មាត់​ពីរ​អញ្ចឹង​ ចេះ​តែ​រើស​ទៅ។ យើង​គិត​មើល ​ឲ្យ​តែ​មាន​ភ្លៀង​ តាម​ថ្នល់​ក៏​មាន​មនុស្ស​រើស​ដែរ។​ អញ្ចឹង​ តង​អី​ហ្នឹង​មិន​ដែល​សល់​ទេ។»

ដូនជី​ មៀច ផាន អាយុ​៦១​ឆ្នាំ​ ដែល​បាន​ស្នាក់​នៅ​ក្នុង​វត្ត​ភ្នំ​យ៉ាត​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​នេះ​អស់​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ​ មាន​ប្រសាសន៍​ថា ​ឲ្យ​តែ​ក្រោយ​ពេល​មាន​ភ្លៀង​ធំ​ម្តង​ៗ អ្នក​ស្រុក​ច្រើន​ត្រៀប​ត្រា​ ពេល​ខ្លះ​រហូត​ដល់​រាប់​រយ​នាក់បាន​នាំ​គ្នា​ដើរ​ឈ្ងោក​ៗ​រក​ត្បូង​នៅ​តាម​ជើង​និង​ចង្កេះ​ភ្នំ​នេះ ​ដោយ​ពួកគេ​ជឿ​ថា ​ភ្នំ​នេះ​នៅ​បង្កប់​ទៅ​ដោយ​ត្បូង​ដែល​មាន​តម្លៃ​ច្រើន​ជាង​គេ​នៅ​ក្នុង​ខេត្ត​នេះ។

«ទម្លាប់​គាត់​តាំង​ពី​ដើម​អញ្ចឹង​មក ​ព្រោះ​តំបន់​ប៉ៃលិន​ គេ​ថា​បើ​ដើរ​ឲ្យ​ឈ្ងោក​មើល​ក្រោម​ កុំ​មើល​លើ ព្រោះ​ដី​ត្បូង។ ជួនកាល​អ្នក​មាន​និស្ស័យ​ទៅ ​មិន​បាច់​ភ្លៀងក៏គេ​រើស​បាន​ដែរ។»

ប៉ុន្តែ ​ជំនឿ​របស់​អ្នក​ស្រុក​ដែល​ថា​ នៅ​លើ​ភ្នំ​យ៉ាត​នេះ ​នៅ​មាន​ត្បូង​ដែល​មាន​តម្លៃ​ច្រើន​នៅឡើយ​នេះ​ បាន​ទាក់​ទាញ​ឲ្យ​មាន​សកម្មភាព​លួច​ជីក​គាស់​កកាយ​ដី​ភ្នំ ដើម្បី​ស្វែង​រក​ត្បូង​ដែល​មាន​តម្លៃ​ទាំង​នោះ។

ដូនជី ​ប្រាក់​ កែម ​វ័យ​៦៤ឆ្នាំ​ ជា​អ្នក​ថែរក្សា​វត្ត​ភ្នំ​យ៉ាត​ម្នាក់​ទៀត ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​សកម្មភាព​លួច​ជីក​កកាយ​ដី​ភ្នំ​ពី​សំណាក់​ជន​ល្មើសគឺ​ធ្វើ​ឡើង​តែ​នៅ​ពេល​យប់​ស្ងាត់​ប៉ុណ្ណោះ។

«យប់​ៗ​ វា​ចេះ​តែ​សម្ងំ​ជីក។ វា​លួច​ជីក​ដាក់​ការ៉ុង​យក​ទៅ​រែង​ទឹក​ ជួនកាល​ក៏​បាន ​ជួន​ទៅ​ក៏​អត់​ទៅ។»

សកម្មភាព​លួច​ជីក​គាស់​កកាយ​ដី​ភ្នំ​ដើម្បី​ស្វែង​រក​ត្បូង​នេះ ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សំណាក់​អ្នក​ថែ​រក្សា​វត្ត​និង​ភ្នំ​យ៉ាត​នេះ ។ វត្ត​និង​ភ្នំ​យ៉ាត​នេះ​ ជា​កន្លែង​សក្ការ​បូជា​របស់​អ្នក​ស្រុក​ផង ​និង​ជា​ទី​រមណីយ​ដ្ឋាន​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ខេត្ត​ប៉ៃលិន​នេះ​ផង។

ដូនជី​ មៀច ផាន​ មាន​ប្រសាសន៍​បញ្ជាក់​ពី​ក្តី​ព្រួយ​បារម្ភ​ថា បើ​សកម្មភាព​លួច​ជីក​គាស់​កកាយ​ដី​ភ្នំ​នេះ​នៅ​តែ​បន្ត​ទៀត​នោះ​ នោះ​ទី​កន្លែង​គោរព​បូជា​និង​ជា​តំបន់​ទេសចរណ៍​នេះ អាច​នឹង​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន។

«បើ​គាត់​នៅ​តែ​ខំ​ប្រព្រឹត្ត​អញ្ចឹង​ ខ្លាច​បាត់​បង់​ដែរ​ហ្នឹង​ណា៎ចៅ។»

ឆ្លើយ​តប​នឹង​កង្វល់​នេះ ​លោក​ម៉ី មគ្គ ​អភិបាល​រង​ខេត្ត​ប៉ៃ​លិន ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ការពារ​ប្រចាំ​ការ​នៅ​លើ​ភ្នំ​នេះ​រួច​ហើយ​ ដើម្បី​ទប់ស្កាត់​សកម្មភាព​លួច​ជីក​គាស់​កកាយ​ដី​ភ្នំ​នេះ។

«គាស់​កាយ​យ៉ាង​ម៉ិច​កើត ​សមត្ថកិច្ច​តាម​មើល ​ហើយ​គេ​អនុវត្ត​ច្បាប់​។ អ្នក​ប៉ៃលិន គឺ​គោរព​អនុវត្ត​ច្បាប់​ណាស់​ទោះ​បី​មាន​នៅ​ភ្នំ​ខៀវ ភ្នំ​អី​ក៏​ដោយ​ គេ​មិន​ទៅ​ឡើង​ជីក​ទេ។»

លោក ម៉ី មគ្គ ​មាន​ប្រសាសន៍​បន្ថែម​ថា ​ចំណែក​អ្នក​ដើរ​រើស​ត្បូង​តាម​ជើង​និង​ចង្កេះ​ភ្នំ​យ៉ាត​នេះ​ក៏​លែង​សូវ​សម្បូរ​ដូច​ពេល​មុន​ទៀតហើយ​ ដោយ​ ពួក​គេ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ទៅ​លើ​ការងារ​ស្រែ​ចំការ​របស់​ពួកគេ​ជា​ជាង​ការ​ផ្សង​សំណាង​ដើរ​រើស​ត្បូង​បែបនេះ​ហើយ នា​ពេល​បច្ចុប្បន្ន​នេះ៕

XS
SM
MD
LG