ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ខុមហ្រ្វែលបានអះអាងថា នៅក្នុងអំឡុងពេលនេះកម្ពុជាមិនទាន់មានសមភាពយេនឌ័រនៃការផ្តល់អំណាចខាងនយោបាយសម្រាប់ស្ត្រីនៅឡើយទេ។
ស្ដ្រីនៅក្នុងប្រទេសកម្ពុជា នៅតែមានឱកាសតិចតួចនៅឡើយក្នុងការចូលប្រឡូកក្នុងឆាក នយោបាយ នេះបើយោងទៅតាមរបាយការណ៍ផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល។
មូលហេតុដោយសារតែគោលនយោបាយយេនឌ័រ និងការផ្តល់អំណាចនយោបាយដល់ស្រ្តីនៅក្នុងប្រទេសមិនទាន់បានទូលំទូលាយ។
រដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ២០១៥ មន្រ្តីជាប់ឆ្នោតជាស្រ្តីនៅថ្នាក់ជាតិយ៉ាងតិច៣០ភាគរយនិងថ្នាក់ឃុំសង្កាត់២៥ភាគរយ។ ក៏ប៉ុន្តែយោងតាមរបាយការណ៍របស់ខុមហ្រ្វែលដដែលបានឲ្យដឹងដែរថា កម្ពុជាមិនទាន់មានសមភាពយេនឌ័រនៃការផ្តល់អំណាចខាងនយោបាយទេ ពិសេសភាពជាអ្នកតំណាងអ្នកបោះឆ្នោតជាប់ឆ្នោត ថ្វីបើអ្នកចុះឈ្មោះបោះឆ្នោតជាស្ត្រីមាន៥៣ភាគរយ ក៏ដោយ។ ជាក់ស្ដែងតំណាងរាស្រ្តស្រ្តីមានចំនួនតែ២២ភាគរយសម្រាប់អាណត្តិទី៤ ក្នុងចំណោម តំណាងរាស្ដ្រសរុបចំនួន១២៣រូប។ ស្រ្តីដែលកំពុងតែបម្រើការក្នុងក្រុមបឹ្រក្សាឃុំ សង្កាត់មាន ចំនួន២០ភាគរយសម្រាប់អាណត្តិទី២។
របាយការណ៍នេះដែលបានធ្វើការសិក្សាទៅក្នុងស្រុកចំនួន១០នៃខេត្តចំនួន៥ គឺខេត្តកំពង់ធំ កំពង់ចាម កំពង់ឆ្នាំ តាកែវ និងខេត្តព្រះវិហារ។
របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា អ្នកនយោបាយកម្ពុជាភាគច្រើនគឺជាបុរស រីឯស្រ្តីវិញមានឱកាសតិចតួចក្នុងការចូលរួមក្នុងឆាកនយោបាយ។ ផ្នែកខ្លះនៃបញ្ហានេះកើតឡើង ដោយសារទំនៀមទម្លាប់អភិរក្សនិយមនិងវប្បធម៌ ដែលត្រូវបានគេសន្មត់និងផ្តល់តំលៃស្រ្តីទាប ជាងបុរសនៅគ្រប់វិស័យក្នុងសង្គម។ ជាងនេះទៅទៀតភាពក្រីក្រ អវិជ្ជា ការរើសអើង ខ្វះការលើកទឹកចិត្ត និងឱកាស និងអវត្តមាននូវគោលនយោបាយជាក់លាក់ក្នុងការលើកកម្ពស់និង ការផ្តល់ឱកាសដល់ស្រ្តី គឺជាបច្ច័យដែលក្លាយជាឧបសគ្គសម្រាប់ស្រ្តីក្នុងការទទួលបាននូវសមភាព និងផលចំណាយពីការចូលរួមក្នុងវិស័យនយោបាយ និងកិច្ចការសង្គម។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល បានមានប្រសាសន៍ថា នៅមិនទាន់មានការចែងគោលនយោបាយជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ដើម្បីជំរុញការលើកស្ទួយស្ដ្រីក្នុងនយោបាយនៅឡើយទេ។
លោកបានសម្តែងការព្រួយបារម្ភថា បើសិននៅតែធ្វើបែបនេះបន្តទៀត ចំនួនស្ត្រីនៅក្នុងឆាកនយោបាយនឹងមានការថយចុះ។
«យើងអត់មានគោលនយោបាយ អត់មានច្បាប់និយាយពីការលើកស្ទួយស្រ្តីនៅក្នុងកិច្ចការនយោបាយឲ្យបានច្បាស់លាស់ ហើយនៅថ្នាក់មូលដ្ឋាន នៅក្រុមប្រឹក្សាឃុំ សង្កាត់ យើងអត់មានគោលនយោបាយយេនឌ័រ ដើម្បីពិនិត្យមើលអំពីភាពលើកស្ទួយនៃបុរស ស្រ្តីឲ្យស្មើគ្នាទេ។ យើងអត់មានគោលនយោបាយនេះនៅថ្នាក់មូលដ្ឋានគឺជាបញ្ហាដែរ ហើយដែលធ្វើឲ្យយើងមានការព្រួយបារម្ភអំពីចីរភាពពីកំណើននៃចំនួនស្រ្តីនៅក្នុងកិច្ចការនយោបាយនេះ»។
របាយការណ៍របស់អង្គការខុមហ្វ្រែលបានបន្ថែមថា គណបក្សសំខាន់ៗដែលមានអាសនៈ នៅក្នុងសភាចង់ឲ្យមានគោលនយោបាយយេនឌ័រសម្រាប់ឲ្យស្រ្តីនិងបុរសបានចូលរួមក្នុងកិច្ចការនយោបាយស្មើគ្នា។ គណបក្សខ្លះបានលើកឡើងថា ការផ្តល់អំណាចនយោបាយខាងយេនឌ័រ មានចែងនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សខ្លួន ឬនៅក្នុងកម្មវិធីនយោបាយ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គណបក្សទាំងនេះពុំទាន់មានគោលនយោបាយ ឬផែនការ សកម្មភាពជាលាយលក្ខណ៍អក្សរឲ្យបានច្បាស់លាស់ទាក់ទិននឹងយេនឌ័រក្នុងកិច្ចការរបស់គណបក្សនៅឡើយដែរ។
ទោះបីជាយ៉ាងណាក៏ដោយ លោកជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ទាំងរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ព្យាយាមជំរុញ និងលើកទឹកចិត្តដល់ស្រ្តីក្នុងការចូលរួមក្នុងឆាកនយោបាយ ដោយមានការផ្តល់ចំណេះដឹងទៅដល់គ្រប់មូលដ្ឋានដើម្បីកសាងសមត្ថភាពស្រ្តីឲ្យបានល្អប្រសើរជាងនេះ ងាយស្រួលក្នុងការចូលរួមនៅក្នុងឆាកនយោបាយ។ លោកបានទទួលស្គាល់ថា ចំនួនស្រ្តីនៅក្នុងឆាកនយោបាយនៅមានចំនួនទាបនៅឡើយ ពីព្រោះបញ្ហាសំខាន់គឺទំនៀមទម្លាប់ប្រពៃណី ការចេះដឹងរបស់ស្រ្តីនៅមានកម្រិត នៅឡើយ ដែលជាឧបសគ្គដ៏ធំសម្រាប់ស្រ្តីនៅក្នុងកិច្ចការងារនេះ។
«អំពាវនាវដល់នារីទាំងឡាយ សូមធ្វើយ៉ាងណាបង្កើនគុណភាព បង្កើនសមត្ថភាពរបស់ខ្លួនឲ្យ បានកាន់តែច្រើនឡើង ល្អប្រសើរឡើង ដើម្បីចូលរួមក្នុងការកសាងប្រទេសជាតិនិងស្តារប្រទេស ជាតិឲ្យបានទាន់ពេលវេលា»។
ជាមួយគ្នានេះដែរ លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា វត្តមានរបស់ស្រ្តីចូលរួមក្នុងការងារនយោបាយដែលមានចំនួនទាបនោះ គឺមិនមែនជាកំហុសរបស់គណបក្សនយោបាយនិមួយៗនោះទេ គឺជាកំហុសទាំងអស់គ្នា ពីព្រោះកត្តាទំនៀមទម្លាប់ ចំណេះដឹង ជីវភាពដែលធ្វើឲ្យស្រ្តីរុញរាក្នុងការចូលប្រឡូកក្នុងឆាកនយោបាយ។
«ទោះបីយើងខំលើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងឆាកនយោបាយច្រើនយ៉ាងណាក៏ដោយគឺយើង នៅតែមិនអាចទទួលលទ្ធផលបានជាទីពេញចិត្តរបស់យើងដដែល។ បញ្ហានេះមិនមែនកំហុស របស់គណបក្សនយោបាយណាមួយ ឬក៏កំហុសរបស់ក្រុមណាមួយទេ គឺជាចំណុចខ្វះខាតរបស់យើងទាំងអស់គ្នា របស់សង្គមខ្មែរយើងទាំងអស់គ្នា ដោយសារទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីយូរណាស់ហើយថា ស្រ្តីគាត់មិនសូវចង់ចេញមុខ»។
ផ្ទុយទៅវិញលោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៉ីបានឲ្យដឹងដែរថា ភាពក្រីក្រនិងការគំរាមកំហែង បំភិតបំភ័យគឺជាកក្តាសំខាន់ក្នុងការរារាំងមិនឲ្យស្រ្តីចូលរួមក្នុងឆាកនយោបាយ។
«ក៏ប៉ុន្តែភាពក្រីក្រសព្វថ្ងៃវានៅតែជាបញ្ហាចំពោះប្រជាពលរដ្ឋ។ សព្វថ្ងៃ វានៅតែមានការគំរាម កំហែង បំភិតបំភ័យដែលធ្វើឲ្យស្រ្តីរបស់យើងមានការខ្លាចរអា។ ភាគច្រើនគាត់មិនចង់ចូលរួមនៅក្នុងឆាកនយោបាយទេ ដោយសារមានការភ័យខ្លាច។ កត្តាទាំងពីរនេះហើយដែលខ្ញុំយល់ឃើញថា មិនទាន់បានជំរុញ និងលើកទឹកចិត្តស្រ្តីឲ្យបានចូលរួមក្នុងកិច្ចការនយោបាយឲ្យបាន ច្រើនទេ។ ទាល់តែយើងជំនះបញ្ហាទាំងពីរនេះ ទើបយើងអាចធ្វើឲ្យស្រ្តីចូលរួមក្នុងឆាកនយោ បាយឲ្យបានច្រើន»។
ទោះជាយ៉ាងណារបាយការណ៍របស់អង្គការខុមហ្វ្រែលបានរកឃើញថា ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការរំលោភបំពាន អំពើហិង្សាក្នុងគ្រួសារ ហើយស្ត្រីអាចដោះស្រាយបញ្ហាស្រ្តី និងកុមារមានប្រសិទ្ធិភាពជាងបុរស៕