ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេត បានចាប់ផ្ដើមពិនិត្យទៅលើភាពអាចទទួលយកបាននូវបណ្តឹងរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង ០០២។ សំណុំរឿងនេះគ្រោងនឹងបើកសវនាការនៅឆ្នាំក្រោយ។
សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនកំពុងតែពិនិត្យបញ្ចប់នូវភាពអាចទទួលយកបាននូវជនរងគ្រោះប្រមាណជា៤០០០នាក់ដែលបានសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០២ ខណៈដែលសំណុំរឿងនេះនឹងយកទៅជំនុំជម្រះនៅដើមឆ្នាំ២០១១ខាងមុខ។
មន្ដ្រីសាលាក្ដីខ្មែរក្រហមអះអាងថា ការសម្រេចអំពីការទទួលស្គាល់ដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះ នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងសប្ដាហ៍ក្រោយនេះ។
ដើមបណ្ដឹងរដ្ឋប្បវេណីគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងដំណើរការកាត់ទោសដោយសាលាក្ដីពិសេស ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិនេះ។ ក្រុមអង្គការសង្គមស៊ីវិលធ្លាប់បានទាមទារ នាពេលកន្លងមកថា ដើមបណ្ដឹងដែលសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី គួរតែត្រូវសាលាក្ដីទទួលយកឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេត លោកយូ ប៊ុនឡេង និង លោកម៉ាកសែល ឡឺម៉ុងបានលើកឡើងថា ការចូលរួមរបស់ជនរងគ្រោះនៅក្នុងនីតិវិធីតុលាការ គឺជាចំណុចកណ្ដាលរបស់សាលាក្ដីខ្មែរក្រហម។
សហចៅក្រមស៊ើបអង្កេតទាំងពីរបញ្ជាក់ថា ខ្លួននឹងចេញដីកាសម្រេចទៅលើការទទួលយកជាដើម បណ្ដឹងរដ្ឋប្បវេណីរបស់ជនរងគ្រោះសម្រាប់ខេត្តក្រុងទាំង២៤ និងសម្រាប់ជនរងគ្រោះដែលកំពុងស្នាក់នៅឯបរទេសផងដែរ។
លោកឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរក្រហម មានប្រសាសន៍ថា គេអាចដឹងពីសេចក្ដីសម្រេចរបស់សហចៅក្រមស៊ើបអង្កេតលើបញ្ហានេះ នៅសប្ដាហ៍ក្រោយ។
«យើងនឹងដឹងនៅក្នុងអំឡុងសប្ដាហ៍ក្រោយ កាលណាមានសេចក្ដីសម្រេចអំពីការទទួលស្គាល់ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីនោះ»។
នៅក្នុងពេលនេះមានជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន៣៩៨៨នាក់បានដាក់ពាក្យសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០២។ សំណុំរឿងនេះមានជនជាប់ចោទនួន ជា ខៀវ សំផន អៀង សារី អៀង ធិរិទ្ធ និងអាចមានឌុច អតីតប្រធានគុកទួលស្លែងផងដែរ។ កាលពីថ្ងៃទី ២៥ និងថ្ងៃទី២៦ ខែសីហានេះ សហចៅក្រមស៊ើបអង្កេតបានសម្រេចទទួលស្គាល់ជនរងគ្រោះចំនួន៥៨នាក់ជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងខេត្តកែប ខេត្តរតនគិរី មណ្ឌលគិរី និងខេត្ត ឧត្តរមានជ័យ។
សហចៅក្រមស៊ើបអង្កេតរំពឹងថា ខ្លួនមានពេលរហូតទៅដល់តំណាក់កាលបញ្ជូនដីកាបញ្ជូនរឿងទៅជំនុំជម្រះទៅកាន់អង្គជំនុំជម្រះសាលាដំបូងដើម្បីធ្វើការសម្រេចទទួលយកជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីឲ្យបានច្រើនបំផុត។ ការបញ្ជូនរឿងទៅជំនុំជម្រះគឺគ្រោងធ្វើនៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ។ ក្រុមមន្ដ្រីសង្គមស៊ីវិលធ្លាប់បានលើកឡើងថា ការចូលរួមកាន់តែច្រើនរបស់ជនរងគ្រោះក្នុងដំណើរការកាត់ទោសនឹងធ្វើឲ្យការកាត់ទោសកាន់តែមានសារៈសំខាន់៕