ប្រទេសកម្ពុជាបានចោទប្រកាន់កងទ័ពថៃ អំពីការបាញ់ផ្លោងគ្រាប់មីនចង្កោម មកលើទឹកដីកម្ពុជា នៅ ក្នុងពេលវាយប្រយុទ្ធគ្នាកាលពីថ្ងៃច័ន្ទ។ ប៉ុន្តែកងទ័ពថៃបានបដិសេធការចោទប្រកាន់នេះ។ ក្នុងពេល ជាមួយគ្នានេះ ប្រទេសកម្ពុជាបានបដិសេធសំណើសុំចរចាទ្វេភាគីរបស់ប្រទេសថៃដើម្បីបញ្ជប់ការ ខ្វែងគំនិតគ្នា។
លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានថ្លែងនៅពុធនេះថា ក្រុមអ្នកជំនាញការដោះមីននិងគ្រាប់មិនទាន់ផ្ទុះ កំពុងស្រាវជ្រាវរកសំណល់នៃការបាញ់ផ្លោងគ្រាប់មីនចង្កោមរបស់កងទ័ពថៃ ចូលមកក្នុងទឹកដីកម្ពុជា នៅក្នុងការវាយប្រយុទ្ធចុងក្រោយបំផុតរវាងកងទ័ពកម្ពុជានិង កងទ័ពថៃកាលពីថ្ងៃច័ន្ទ។
លោកហេង រតនា អគ្គលេខធិការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានថ្លែងប្រាប់ វីអូអេ ថាប្រទេសកម្ពុជាបានរកឃើញភស្តុតាងសំណល់នៃការបាញ់ផ្លោងគ្រាប់មីនចង្កោម ដែលបានផ្ទុកនៅក្នុងគ្រាប់១៥៥មីល្លីម៉ែត្ររបស់កងទ័ពថៃ។
«យើងកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតអំពីការបាញ់ផ្លោងគ្រាប់១០៥មីល្លីម៉ែត្រនិង១៥៥មីល្លីម៉ែត្ររបស់កងទ័ពថៃ ដែលមានផ្ទុកដោយមីនចង្កោម។ យើងបានរកឃើញខ្លះហើយ។ យើងមានភស្តុតាងជាក់ស្តែង និងឃើញគ្រាប់ cluster នៅរាយប៉ាយនៅតំបន់មួយចំនួន ដូចជា តំបន់ស្វាយជ្រុំជាដើម និងតំបន់មួយចំនួនទៀត។ ប៉ុន្តែដោយសារស្ថានភាពយោធានៅតានតឹងនៅឡើយយើងអត់ទាន់មានលទ្ធភាព ពិនិត្យនៅកន្លែងច្រើនប៉ុន្មានទេ ហើយតាមការបញ្ជាក់នេះថា យើងឃើញថាគ្រាប់មីនចង្កោម ដែលប្រើប្រាស់នេះ ដែលហៅថាគ្រាប់ cluster នេះ គឺជាប្រភេទគ្រាប់ M៤២ និង M៤៦ ដែលផ្ទុកក្នុងគ្រាប់ផ្លោងប្រភេទ១៥៥មីល្លីម៉ែត្រ ហើយយើងកំពុងបន្តធ្វើការកិច្ចការនេះតទៅទៀត។ យើងធ្វើការស្រាវជ្រាវ នៅតំបន់ស្វាយជ្រុំនិងតំបន់សាងែម ដែលយើងសហការជាមួយកងយោធពលខេមរភូមិន្ទនិងកងប៉ូលីសរបស់យើង គឺតំបន់ខ្លះមានចម្ងាយប្រមាណ ៥គីឡូវម៉ែត្រ និងតំបន់ខ្លះទៀត មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា»។
លោកហេង រតនា បានបញ្ជាក់ថាផលប៉ះពាល់សំខាន់របស់គ្រាប់ cluster ឬ គ្រាប់មីនចង្កោមនេះ នៅ លើដី នឹងបន្តឱ្យមានគ្រោះថ្នាក់ដល់មនុស្សសត្វនិងសម្ភារៈផ្សេងៗ ជាពិសេសបើរថយន្តបើកជាន់និងបើមនុស្សប៉ះពាល់វា វាផ្ទុះធ្វើឱ្យមានគ្រោះថ្នាក់។ ដូច្នេះដីទាំងអស់នោះ នឹងប្រឈមនឹងការគំរាមគំហែងដោយគ្រោះថ្នាក់ដោយមីនចង្កោមនេះ។
លោកហេង រតនា បានបន្តថាមន្ត្រីដោះមីន CMAC ចំនួន៣៥នាក់កំពុងបើកយុទ្ធនាការអប់រំជនភៀស ខ្លួនខ្មែរ ដែលបានរត់ចេញពីតំបន់ប្រយុទ្ធគ្នានៅក្បែរប្រាសាទព្រះវិហារ ឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃ មីនចង្កោមដើម្បីបញ្ចៀសគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងនៅពេលត្រឡប់ទៅផ្ទះសម្បែងវិញ។
លោកវរសេនីយ៍ឯក Chinnakaj Rattanajitti អ្នកនាំពាក្យកងទ័ពជើងគោកថៃប្រចាំតំបន់ព្រំដែន បាន បដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថាកងទ័ពថៃមិនបានបាញ់ផ្លោងគ្រាប់មីនចង្កោមនេះទេ។
នៅថ្ងៃពុធនេះ ប្រទេសកម្ពុជាបានបដិសេធសំណើរបស់ប្រទេសថៃសុំឱ្យមានការចរចាទ្វេភាគី ដើម្បី បញ្ជប់ការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទព្រះវិហារ។
លោក Prasas Prasavinitchai ឯកអគ្គរាជទូតថៃប្រចាំនៅក្នុងទីក្រុងភ្នំពេញ បានប្រគល់សំណើសុំចរចាទ្វេភាគីរបស់លោកកាស៊ីត ភិរម្យ (Kasit Pirumya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃជូនលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីល្ងាចថ្ងៃអង្គារ។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង មិនបានឆ្លើយតបចំពោះសំណើរបស់លោករដ្ឋមន្ត្រីការបរទេសថៃ Kasit Pirumya នេះទេ ពីព្រោះបញ្ហានេះកំពុងស្ថិតនៅក្នុងដៃរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
«ប្រទេសកម្ពុជាស្វាគមន៍យន្តការអាស៊ាន និងអង្គការសហប្រជាជាតិ ដែលអាចដោះស្រាយបញ្ហា នេះបាន។ ជំហរកម្ពុជាបានបង្ហាញច្បាស់ថា ការចរចាទ្វេភាគីនេះបានកើតមានពីរឆ្នាំហើយ តែវាមិនអាច ទៅមុខរួច ពីព្រោះកម្ពុជាមានឆន្ទៈដោះស្រាយតាមរយៈទ្វេភាគី ប៉ុន្តែភាគីថៃមិនមានឆន្ទៈពិតប្រាកដ»។
កាលពីថ្ងៃច័ន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើសុំឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជាបន្ទាន់ ដើម្បីបញ្ឈប់ការឈ្លានពានរបស់ប្រទេសថៃចូលមកក្នុងទឹកដីកម្ពុជានៅក្បែរ ប្រាសាទព្រះវិហារ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការវាយប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងថៃ ដោយបានអំពាវនាវឱ្យមានបទឈប់បាញ់គ្នា និងទទូច ដល់ភាគីទាំងពីរឱ្យដោះស្រាយស្ថានភាពដោយសន្តិវិធី៕