ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវីល​ត្រៀម​ពិភាក្សា​ម៉ត់ចត់​លើ​ច្បាប់​គ្រប់​គ្រង​អង្គការ


មន្ត្រី​រដ្ឋាភិបាល​និងមន្ត្រី​អង្គការ​អន្តរជាតិ​ជួបប្រជុំ។
មន្ត្រី​រដ្ឋាភិបាល​និងមន្ត្រី​អង្គការ​អន្តរជាតិ​ជួបប្រជុំ។

ភ្នំពេញ៖ អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​កម្ពុជា​បាន​សម្តែង​ការខ្វាយខ្វល់​អំពី​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​នៅក្នុង​សេចក្តី​ព្រាងច្បាប់​សម្រាប់​គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​និយាយថា​ច្បាប់នេះ​បង្កើត​ជា​ឧបសគ្គ​ចម្បង​នៅក្នុង​ការចុះបញ្ជី​និង​ការអនុវត្ត​សកម្មភាព​របស់​ពួកគេ។

តំណាង​ក្រសួង​មហាផ្ទៃ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​ជួប​ប្រជុំគ្នា​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ទស្សនៈ យោបល់​លើ​សេចក្តី​ព្រាងច្បាប់​អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល​នៅ​សប្តាហ៍​ក្រោយ​នេះខណៈ​ ដែល​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​រិះគន់​ចំណុច​អវិជ្ជមាន​ជាច្រើននៅក្នុងច្បាប់នេះ​ដោយអំពាវ នាវ​ឱ្យ​មានការកែប្រែ​មាត្រា​មួយ​ចំនួន​នៃច្បាប់នេះ។

ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា​ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​បច្ចុប្បន្ន​នឹង​រឹត​បន្តឹង​ដល់​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​នេះ​ពីព្រោះ​វា​បង្កើត​ជា​ឧបសគ្គ​ចម្បង​នៅក្នុង​ការចុះបញ្ជី​និង​ការអនុវត្ត​សកម្មភាព​របស់​ពួកគេ។ សេចក្តី​ថ្លែងការណ៍​រួមនេះ​ បាន​បន្ត​ថា​ផល​វិបាក​ដែល​កើតចេញ​ពីច្បាប់​នេះ​គឺ​បាន​ធ្វើឱ្យ​ថយចុះ​នូវ​ការផ្តល់​មូលនិធិ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​សំខាន់ៗ​ជាច្រើន​ដែល​បាននិង​កំពុង​អនុវត្ត​ដោយ​សហកា​រជាមួយ​រាជរដ្ឋាភិបាល​នៅពេល​បច្ចុប្បន្ន​ហើយ​កាត់បន្ថយ​ប្រភព​មូលនិធិ​ដែល​គ្រោង​នឹង​ផ្តល់​ឱ្យ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​យូរ​អង្វែង​ផង​ដែរ។

សេចក្តី​ថ្លែងការណ៍​រួមនេះ​បាន​បន្ថែមថា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​និង​អន្តរជាតិ​ទាំងអស់​ មាន​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​អំពី​ផលវិបាក​ដែល​អាចនឹង​កើតមាន​ឡើង​នៅពេល​ដែល​ច្បាប់នេះ​ត្រូវ បាន​អនុម័ត​និង​ចូល​ជាធរមាន​ប្រសិន​បើគ្មាន​ការកែប្រែ​នោះ​ទេ។

លោក​យ៉ង់ គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​បាន​ថ្លែង​ប្រាប់​ វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​នៅថ្ងៃ​ពុធនេះ​ថា​ច្បាប់​នេះ​អាច​បង្ក​ឧបសគ្គ​ដល់​ការចូល​រួម​របស់​ប្រជា​ពលរដ្ឋ ​អង្គការ​ និង​សមាគម​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​គោលនយោបាយ​របស់​រដ្ឋាភិបាល។

«ច្បាប់​នេះ​បាន​ដាក់​កាតព្វកិច្ច​ស្មុគស្មាញ​និង​បង្ក​ការលំបាក​ជាច្រើន​ដល់​អង្គការ​សង្គម​ស៊ីវិល។ ​ជា រួម​ ច្បាប់​នេះ​ហាក់​បី​ជា​ច្បាប់​មា​នចេតនា​គ្រប់គ្រង​ទៅលើ​អង្គការ​មិនមែន​រដ្ឋាភិបាល​ប៉ុន្តែ​វា​មិនមែន​ ជា​ច្បាប់​ដែល​ការពារ​ផលប្រយោជន៍​និង​ផ្តល់​សេរីភាព​ទៅ​ដល់​ជនស៊ីវិល​ឱ្យ​ធ្វើ​សកម្មភាព​ឱ្យ​បាន ទូលំ​ទូលាយ​ទេ។ ​យើង​ឃើញ​ថា​ វា​ជាកង្វល់​មួយ​ហើយ។ យើង​មើល​ឃើញ​មាន​ចំណុច​ដែល​គួរឱ្យ​ មាន​ការសង្ស័យ​សម្រាប់​ការអនុវត្ត​ច្រើន»។

លោក​ធន សារាយ ​ប្រធាន​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) ​បាន​ថ្លែងថា​ មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​នេះ​រំលោភ​រដ្ឋធម្មនុញ្ញ​ពីព្រោះ​វា​រារាំង​និង​បង្ក​ការលំបាក​ជាច្រើន​ដល់​ការបង្កើត​អង្គការ​និង​សមាគម​មិនមែន​រដ្ឋាភិបាល​របស់​ប្រជាពលរដ្ឋ។

«ចំណុច​មួយចំនួន​នៅក្នុង​សេចក្តី​ព្រាងច្បាប់​អង្គការ​គឺជា​ក្តី​ព្រួយបារម្ភ​របស់​អង្គការ​សង្គមស៊ីវិល​និង​សហគមន៍​ ដូចជា​ ការចុះបញ្ជី​មាន​លក្ខណៈ​ស្មុគស្មាញ​និង​ការបង់​អាករ​ដែល​មិនបាន​កំណត់​ជាមុន​ អាច​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុងការ​ចងក្រង​ជា​សហគមន៍​នៅតាម​ភូមិ​ឃុំនានា​ដែល​លោក​ធ្លាប់​ធ្វើជា​ប្រពៃ ណី​ក្នុង​ការងារ​សង្គម​ច្រើន​ណាស់​ហើយ​បើសិន​បង្ខំ​ឱ្យ​មាន​ការចុះបញ្ជី​ដែល​ត្រូវការ​ទាមទារ​លក្ខន្តិក​និង​គោលការណ៍​ច្រើន​សន្ធឹក​សន្ធាប់​សហគមន៍​នៅ​មូលដ្ឋាន​ប្រាកដ​ជា​មិនអាច​ធ្វើសកម្មភាព​បានទេ ​ហើយ​នេះ​ជាសិទ្ធិ​ក្នុងការ​បង្កើត​សហគមន៍-សមាគម​ នេះ​ជាសិទ្ធិ​មូលដ្ឋាន​មួយ​ដែល​បាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ»។

លោក​អ៊ូរ វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ថ្លែង​ថា​ច្បាប់​ខ្មែរ​នេះ​គឺ​មិនមែន​ជា​ច្បាប់ ដែល​អាក្រក់​ជាងគេ​នៅក្នុង​ពិភពលោក​ទេ​ហើយ​ក៏​មិនមែន​ជាច្បាប់​ល្អ​ជាងគេ​នៅក្នុង​ពិភពលោក​ដែរ ​ហើយ​ច្បាប់​នេះ​មាន​លក្ខណៈ​កណ្តាល។ ប៉ុន្តែ​ច្បាប់​នេះ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ដែល​យើង ព្រួយ​បារម្ភ។

«ការវិភាគ​របស់​ខ្ញុំ​គឺ​ប្រហែល​ជា​អង្គការ​មួយភាគបី​នៃ​អង្គការ​ដែល​មាន​ឈ្មោះ​រួចស្រាប់​ក្នុង​ពេល បច្ចុប្បន្ន​នឹង​ប្រហែល​ជាបាត់​ឈ្មោះ​និង​មិនអាច​ចុះឈ្មោះ​បាន​ដោយសារ​ទីមួយ​អង្គការ​មួយចំនួន​គ្មាន​សកម្មភាព​ទាល់​តែ​សោះ​និង​ទីពីរ​អង្គការ​មួយចំនួន​ទៀត​អត់មាន​លទ្ធភាព​ក្នុង​ការចុះឈ្មោះ​តាម​នីតិវិធី​ដែល​បាន​ចែងនៅ​ក្នុង​ច្បាប់​នេះ។ ដូច្នេះ​យើង​ដឹងថា​ប្រហែល​ជា​មាន​អង្គការ​តិចជាង​មុន​បន្ទាប់ ពី​ច្បាប់​នេះ​ចេញ»។

សេចក្តី​ថ្លែងការណ៍​រួម​បាន​បញ្ជាក់​ថា​ចំណុច​សំខាន់​ដែល​យើងខ្ញុំ​មាន​ការព្រួយបារម្ភគឺៈ​ទី១​ការប៉ះ ពាល់​ដល់​សិទ្ធិ​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​ ទី២​-ភាពស្មុគស្មាញ​លើ​លក្ខខណ្ឌ​នៃការ​ចុះបញ្ជី​ និង​កាតព្វកិច្ច​មិន​ចាំបាច់​នៃ​ការបញ្ជូន​ របាយការណ៍​និង​សវនកម្ម ​និង​ទីបី-​ភាព​មិនច្បាស់លាស់​នៃ​អត្ថន័យ​របស់​ពាក្យពេចន៍​ដែល​ប្រើ ប្រាស់​នៅ​ក្នុងច្បាប់។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែងថា​យើង​នឹង​ទទួលយក​ អនុសាសន៍​ល្អ​ពីអង្គការ​មិនមែន​រដ្ឋាភិបាល​សម្រាប់​យកមក​ធ្វើឱ្យ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​និង​សមាគម មិនមែន​រដ្ឋាភិបាល​នេះ​ឲ្យ​កាន់តែ​ប្រសើរ។ ប៉ុន្តែ​អនុសាសន៍​របស់​អង្គការ​សង្គមស៊ីវិល​ត្រូវតែ​បម្រើ​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជា ​និង​ប្រជាពលរដ្ឋ​ខ្មែរ៕

XS
SM
MD
LG