ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញមានផែនការសន្តិសុខគ្រប់គ្រងផ្ទះជួលច្រើនរាប់ពាន់ខ្នងក្នុងគោលបំណងពង្រឹងការងារសន្តិសុខស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋកម្មគ្រប់ប្រភេទ។ ម្ចាស់ផ្ទះជួលនិងអ្នកជួលផ្ទះត្រូវបំពេញលក្ខខណ្ឌ ដែលមាននៅក្នុងវិធានការសន្តិសុខនេះ។ ម្ចាស់ផ្ទះជួលបានស្វាគមន៍វិធានការសន្តិសុខនេះ។
អាជ្ញាធររាជធានីភ្នំពេញបានផ្តួចផ្តើមគំនិតបង្កើតវិធានការសន្តិសុខដ៏មានសារៈសំខាន់ថ្មីមួយ សម្រាប់គ្រប់គ្រងផ្ទះជួលច្រើនរាប់រយខ្នងនៅក្នុងទីក្រុងនេះ ដើម្បីទប់ស្កាត់អំពើឧក្រិដ្ឋកម្មគ្រប់ប្រភេទ។
វិធានការសន្តិសុខនេះបានកើតមានឡើង បន្ទាប់ពីការពិភាក្សារវាងក្រុមអភិបាល ប៉ូលិស និងកងរាជ អាវុធហត្ថក្នុងខណ្ឌ ព្រមទាំងមេប៉ូលិស និងបញ្ជាការកងរាជអាវុធហត្ថក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ ដើម្បីគ្រប់គ្រងផ្ទះជួលទាំងអស់។
វិធានការសន្តិសុខទាំងនេះរួមមាន ទីមួយ- បង្កើតយន្តការនៅតាមមូលដ្ឋានដើម្បីឱ្យម្ចាស់ផ្ទះជួលទាំងអស់ក្នុងរាជធានី ត្រូវសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្ម។ ទីពីរ- រាល់ម្ចាស់ផ្ទះជួលទាំងអស់ ក្នុងករណីដែលមិនបានស្នាក់នៅក្នុងតំបន់ផ្ទះជួលរបស់ខ្លួន ត្រូវបង្កើតបន្ទប់រដ្ឋបាលដោយមានអ្នកប្រចាំការផងដើម្បីរាយការណ៍ជាប្រចាំទៅមេភូមិ និងប៉ូលិសមណ្ឌល អំពីចំនួនភ្ញៀវដែលចេញចូលស្នាក់នៅ។ ទីបី- គ្រប់អ្នកជួលផ្ទះត្រូវតែមានរូបថត និងឯកសារសាវតាច្បាស់លាស់ ទើបអនុញ្ញាតជូន។ ទីបួន- ក្នុងករណីមិនគោរពតាមលក្ខខណ្ឌខាងលើ អាជីវកម្មជួលផ្ទះនឹងត្រូវបិទ។ ទីប្រាំ- រាល់ការជួលផ្ទះទាំងអស់ អាជ្ញាធរមូលដ្ឋានត្រូវធ្វើរបាយការណ៍ផ្ញើជូនសាលារាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍របស់អាជ្ញាធររាជធានីភ្នំពេញបានបញ្ជាក់ថា វិធានការទាំងនេះសំដៅពង្រឹង សន្តិសុខមូលដ្ឋាន និងទប់ស្កាត់អំពើឧក្រិដ្ឋកម្មគ្រប់ប្រភេទទាន់ពេលវេលា ដែលតែងតែបានកើតមាននៅតំបន់ផ្ទះជួលទាំងនោះ។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា កន្លងមកសាលារាជធានីបានសង្កេតឃើញមានភាពស្មុគស្មាញ និងភាពខ្វះចន្លោះនៃការគ្រប់គ្រងផ្ទះជួល ទើបពួកជនខិលខូចអាចឆ្លៀតឱកាសប្រព្រឹត្តបទល្មើសបានជាច្រើនរូបភាព ដូចជា អំពើពេស្យាចារ សេពគ្រឿងញៀន ល្បែងស៊ីសង៘ និងឈានទៅប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ និងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ។
អាជ្ញាធររាជធានីភ្នំពេញបានប៉ាន់ស្មានជាបឋមថា ផ្ទះជួលចំនួនពី២០០០០ទៅ៤០០០០បន្ទប់កំពុង ប្រកបអាជីវកម្ម។
លោកអំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ(Licadho) បានថ្លែងថា វិធានការសន្តិសុខនេះគឺជារឿងល្អប្រសើរសម្រាប់អាជ្ញាធរប៉ូលិសងាយស្រួលគ្រប់គ្រង និងទប់ស្កាត់បទល្មើសផ្សេងៗ ប៉ុន្តែវាអាចធ្វើឱ្យប៉ះពាល់ដល់មុខរបរជួលផ្ទះនេះ។
«នេះជាការងាយស្រួលគ្រប់គ្រងរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ ឬការបង្ក្រាបបទល្មើសឧក្រិដ្ឋផ្សេងៗ ដូចជាគ្រឿងញៀន និងជួញដូរមនុស្ស ប៉ុន្តែវាមានផលវិបាក ជះឥទ្ធិពលដល់ផ្ទះជួល»។
លោកជួន ម៉ៅ ម្ចាស់ផ្ទះជួលនៅក្នុងខណ្ឌមានជ័យ បាននិយាយថា លោកមិនជំទាស់នឹងវិធានការសន្តិសុខរបស់អាជ្ញាធរនេះទេ។ លោកត្រូវការសុវត្ថិភាព និងសន្តិសុខសម្រាប់អ្នកជួលទាំងអស់។ វិធានការសន្តិសុខនេះមិនតឹងរឹងសម្រាប់ម្ចាស់ជួលផ្ទះ និងអ្នកជួលផ្ទះត្រឹមត្រូវ និងស្លូតត្រង់ ដូចជាកម្មកររោងចក្រកាត់នោះទេ៕